មេដឹកនាំប្រឆាំងដ៏យូរលង់របស់ម៉ាឡេស៊ីគឺលោក Anwar Ibrahim ត្រូវបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ ដែលជាព្រឹត្តិកាណ៍បញ្ចប់នូវដំណើរជីវិតនយោបាយរយៈពេល៣ទសវត្សរ៍ ពីអ្នកជំនួយការរបស់មេដឹកនាំជើងចាស់លោក Mahathir Mohamad ជាមេដឹកនាំបាតុកម្ម មកជាអ្នកជាប់ពន្ធនាគារពីបទរួមភេទជាមួយមនុស្សមានភេទដូចគ្នា និងជាមេដឹកនាំគណបក្សប្រឆាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Reuters។
ការតែងតាំងរបស់គាត់បានបញ្ចប់រយៈពេលប្រាំថ្ងៃនៃវិបត្តិក្រោយការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែអាចនាំឱ្យមានអស្ថិរភាពថ្មីជាមួយគូប្រជែងរបស់គាត់គឺអតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin ដែលជំរុញឱ្យគាត់បង្ហាញសំឡេងភាគច្រើនរបស់គាត់នៅក្នុងសភា។ អ្នកទាំងពីរមិនបានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ប៉ុន្តែព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រ Al-Sultan Abdullah បានតែងតាំងលោក Anwar បន្ទាប់ពីបានពិភាក្សាជាមួយសមាជិកសភាជាច្រើនរូប។
លោក Anwar ចូលកាន់តំណែងក្នុងពេលដ៏លំបាកមួយ៖ សេដ្ឋកិច្ចកំពុងធ្លាក់ចុះ ហើយប្រទេសនេះត្រូវបែកបាក់ បន្ទាប់ពីការបោះឆ្នោតដ៏តឹងតែងមួយ ដែលបានធ្វើឱ្យសម្ពន្ធភាពចម្រើននិយមរបស់លោក Anwar ទល់នឹងសម្ពន្ធភាពមូស្លីមរបស់លោក Muhyiddin ដែលមានជនជាតិម៉ាឡេអភិរក្សនិយមភាគច្រើន។
ទីផ្សារបានកើនឡើងនៅពេលបញ្ចប់ភាពជាប់គាំងនយោបាយ។ រូបិយបណ្ណរីងហ្គីត (ringgit) បានប្រកាសថ្ងៃល្អបំផុតរបស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ ហើយភាគហ៊ុនបានកើនឡើង៣%។
លោក Anwar អាយុ៧៥ ឆ្នាំត្រូវបានបដិសេធហើយម្តងហើយម្តងទៀត មិនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី បើទោះបីជាលោកទទួលបានសំឡេងអាចទទួលបានតំណែងនេះជាច្រើនឆ្នាំមកហើយក៏ដោយ គឺគាត់ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍១៩៩០ និងជានាយករដ្ឋមន្ត្រីរង់ចាំផ្លូវការនៅឆ្នាំ២០១៨។
នៅអំឡុងពេលនោះ គាត់បានជាប់គុកជិតមួយទសវត្សរ៍ពីបទសេពសន្ថវៈជាមួយអ្នកមានភេទដូចគ្នា និងអំពើពុករលួយដែលគាត់និយាយថា ជាការចោទប្រកាន់មកពីហេតុផលនយោបាយក្នុងគោលបំណងបញ្ចប់អាជីពរបស់គាត់។
ភាពមិនច្បាស់លាស់នៃការបោះឆ្នោតបានគំរាមកំហែងអូសបន្លាយអស្ថិរភាពនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះដែលមាននាយករដ្ឋមន្ត្រីបីនាក់ក្នុងរយៈពេល៣ឆ្នាំ និងនាំឱ្យមានហានិភ័យដែលពន្យារពេលការសម្រេចចិត្តផ្នែកគោលនយោបាយដែលត្រូវការដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ