ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​រាជវង្ស​ស៊ុលតង់​ដោះស្រាយ​វិបត្តិ​ក្រោយ​​ការ​បោះឆ្នោត


ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ Sultan Abdullah Sultan Ahmad Shah គ្រវី​ព្រះហស្ដ​ទៅ​កាន់​ក្រុម​អ្នក​កាសែត ដែល​កំពុង​រង់ចាំ​ព្រះអង្គ​នៅ​ខាង​ក្រៅ​ព្រះ​បរមរាជវាំង​នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ Sultan Abdullah Sultan Ahmad Shah គ្រវី​ព្រះហស្ដ​ទៅ​កាន់​ក្រុម​អ្នក​កាសែត ដែល​កំពុង​រង់ចាំ​ព្រះអង្គ​នៅ​ខាង​ក្រៅ​ព្រះ​បរមរាជវាំង​នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ពុធ​នេះ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ប្រជុំ​ពិសេស​មួយ​របស់​បណ្ដា​ព្រះចៅ​ស៊ុលតង់​នៅ​ម៉ាឡេស៊ី​ដើម្បី​ពិភាក្សា​អំពី​ថា​ តើ​នរណា​ដែល​គួរ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី បន្ទាប់ពី​វិបត្តិ​នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៤។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ព្រះមហាក្សត្រ​គ្រោង​នឹង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី បន្ទាប់ពី​គូ​ប្រជែង​ពីរ​រូប​ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដែល​នោះ​គឺ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Anwar Ibrahim និង​លោក​អតីត​នាយករដ្ឋមន្ត្រី Muhyiddin Yassin មិន​បាន​ទទួល​ការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា ដែល​ជា​ស្ថានការណ៍​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ម៉ាឡេស៊ី។

ភាព​ស្រពិចស្រពិល​ទាក់ទិន​នឹង​ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឱ្យ​មានអស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​កាន់តែ​អូស​បន្លាយ​ទៅ​មុខ​បន្ថែម​ទៀត។ ប្រទេស​ម៉ាឡេស៊ី​មាន​នាយករដ្ឋមន្ត្រី ៣ រូប​រួច​មក​ហើយ​ក្នុង​ពេល ៣ ឆ្នាំ​កន្លង​មក​នេះ ហើយ​ប្រឈម​នឹង​ការ​ពន្យារពេល​លើ​ការ​សម្រេច​ចិត្តអំពី​គោល​នយោបាយ​នានា​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ជំរុញ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។

ក្រុមប្រឹក្សា​រាជវង្ស​ស៊ុលតង់ ដែល​មាន​ព្រះចៅ​ស៊ុលតង់​ទាំង ៩ អង្គ ជា​សមាជិក នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ព្រះរាជវាំង​ម៉ាឡេស៊ី​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ។

ព្រះរាជវាំង​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា៖ «គោល​បំណង​នៃ​ការ​ប្រជុំ​របស់​ក្រុមប្រឹក្សា​រាជវង្ស​ស៊ុលតង់​នេះ​គឺ​ដើម្បី​ឱ្យ​ព្រះមហាក្សត្រ​ទទួល​បាន​មតិ​យោបល់​ពី​ព្រះចៅ​ស៊ុលតង់​ដទៃ​ទៀត ដើម្បី​ឱ្យ​ព្រះអង្គ​អាច​សម្រេច​ព្រះទ័យ​សម្រាប់​សុខមាលភាព​របស់​ប្រជារាស្ត្រ​និង​ប្រទេស»។

ព្រះមហាក្សត្រ Al-Sultan Abdullah Sultan Ahmad Shah កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ជា​សាធារណៈ ខណៈ​ពេល​ដែល​ព្រះអង្គ​កំពុង​ពិចារណា​ថា​ តើ​នរណា​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​នៃ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ទាំង​លោក Anwar និង​ទាំង​លោក Muhyiddin បាន​បរាជ័យ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​តាម​កាល​បរិច្ឆេទ​កំណត់។

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ដែល​សោយរាជ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​អាច​តែងតាំង​នាយករដ្ឋមន្ត្រី​រូប​ណា​ដែល​ព្រះអង្គ​ជឿ​ថា​នឹង​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា៕

XS
SM
MD
LG