ព្រះបរមរាជវាំងនៃប្រទេសម៉ាឡេស៊ីបានផ្អាករាល់ការប្រជុំទាំងអស់រយ:ពេលពីរសប្ដាហ៍ចាប់ពីថ្ងៃពុធនេះតទៅ ដោយសារការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីប្រចាំព្រះបរមរាជវាំងមួយរូប។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ករណីនេះក៏ទំនងជាបណ្ដាលឲ្យមានការផ្អាកការសម្រេចលើសំណើសុំបង្កើតរដ្ឋាភិបាលថ្មីរបស់មេដឹកនាំគណបក្សប្រឆាំងលោកAnwar Ibrahim ផងដែរ។
លោក Anwar បានចូលគាល់ព្រះមហាក្សត្រ Al-Sultan Abdullah កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីព្យាយាមទូលបង្ហាញថា លោកមានសំឡេងគាំទ្រភាគច្រើនគ្រប់គ្រាន់នៅក្នុងរដ្ឋសភាសម្រាប់បង្កើតរដ្ឋាភិបាលថ្មីមួយបាន។ ករណីនេះបង្កឲ្យមានជម្លោះនយោបាយថ្មី ក្នុងពេលប៉ុន្មានខែក្រោយមក បន្ទាប់ពីលោក Muhyiddin Yassin បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។
ព្រះមហាក្សត្របានគ្រោងជួបជាមួយមេដឹកនាំគណបក្សនយោបាយចម្បងៗ ដើម្បីផ្ទៀតផ្ទាត់ការអះអាងរបស់លោក Anwar ប៉ុន្តែការផ្អាកការប្រជុំរយៈពេល ២ សប្ដាហ៍នេះ បានចូលជាធរមាននៅថ្ងៃពុធនេះក្នុងរាជធានីគូឡាឡាំពួរ និងរដ្ឋ Selangor ដែលនៅជិតខាង ជាហេតុធ្វើឲ្យគម្រោងជួបប្រជុំនោះមិនបានដំណើរការទៅមុខ។
លោក Ahmad Fadil Shamsuddin មន្ត្រីមើលការខុសត្រូវប្រចាំព្រះមរមរាជវាំង បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ព្រះរាជវាំងនឹងកំណត់ថ្ងៃថ្មីដើម្បីជួបប្រជុំជាមួយមេដឹកនាំគណបក្សនយោបាយចម្បងៗទាំងនោះ នៅក្រោយពេលនៃការផ្អាក ២ សប្ដាហ៍នេះ។
កាលពីថ្ងៃច័ន្ទ លោក Anwar បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា លោកបានដាក់បង្ហាញឯកសារទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ជាក់ថា លោកមានការគាំទ្រពីសមាជិករដ្ឋសភាជាង ១២០ រូប ក្នុងចំណោមសមាជិករដ្ឋសភាសរុបចំនួន ២២២ រូប។
ប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៦៦០ ករណី និងករណីស្លាប់ថ្មីចំនួន ៤ នាក់ កាលពីថ្ងៃអង្គារ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៦.៨៨០ នាក់ និងចំនួនអ្នកស្លាប់សរុបកើនដល់ ១៦៣ នាក់៕