ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំនេះ បានឡើងដល់ចំនួន២៧នាក់ហើយ នៅថ្ងៃពុធនេះ នៅពេលដែលកិច្ចប្រតិបត្តិការបោសសម្អាត បានចាប់ផ្តើម ហើយមនុស្សម្នាធ្វើការវាយតម្លៃការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការធ្លាក់ភ្លៀងយ៉ាងខ្លាំងអស់ជាច្រើនថ្ងៃ បានបណ្តាលឲ្យទឹកឡើងហួសច្រាំងទន្លេកាលពីចុងសប្តាហ៍ បណ្តាលឲ្យលិចទីក្រុង កាត់ផ្តាច់ផ្លូវសំខាន់ៗ ហើយនឹងបង្ខំមនុស្សរាប់ពាន់នាក់ឲ្យរត់ចេញពីផ្ទះសម្បែងរបស់ខ្លួន។
Selangor ដែលជារដ្ឋមានមនុស្សរស់នៅច្រើនបំផុត និងជារដ្ឋដែលមានបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីដែលព័ទ្ធជុំវិញរាជធានីគូឡាឡាំពួ ជាតំបន់មួយដែលរងការប៉ះពាល់ដ៏ខ្លាំងបំផុតមួយ។
មនុស្សជាច្រើននៅក្នុងទីក្រុង Shah Alam ទីរួមរដ្ឋ Selangor ដែលរងប៉ះពាល់ដោយទឹកជំនន់ បាននៅជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ដោយមិនមានម្ហូបអាហារអស់ជាច្រើនថ្ងៃ មុនពេលត្រូវជម្លៀសតាមទូកនៅក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះដ៏ច្របូកច្របល់មួយ។
ទឹកជំនន់ បានស្រកយឺតៗវិញ ហើយពួកអាជ្ញាធរ បាននិយាយថា ដំណើរការនេះ នឹងបង្កើនល្បឿន បន្ទាប់ពីទ្វារទប់ទឹកដែលខូចបានត្រូវជួសជុស។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ បានកើនឡើងទៅដល់២៧នាក់ ដោយ២០នាក់នៅក្នុងរដ្ឋ Selangor និង៧នាក់ទៀតនៅរដ្ឋ Pahang ភាគខាងកើតប្រទេស។
ដោយមានសេចក្តីរាយការណ៍ពីមនុស្សបាត់ខ្លួននៅឡើយ គេរំពឹងថា ចំនួនមនុស្សស្លាប់នឹងកើនឡើងទៀត។
មេដឹកនាំប្រឆាំងលោក Anwar Ibrahim បានជំរុញឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតជាសាធារណៈ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងដល់របៀបឆ្លើយតបចំពោះទឹកជំនន់នេះ៕