បេសកកម្មរុករកនិងជួយសង្គ្រោះមួយ កំពុងធ្វើឡើងដើម្បីស្វែងរកជនជាតិឥណ្ឌូណេស៊ី ២៥នាក់ ដែលកំពុងបាត់ខ្លួន បន្ទាប់ពីការលិចទូកនៅផ្ទៃទឹកម៉ាឡេស៊ី កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១១នាក់ ដែលក្នុងចំណោមនោះ ត្រូវបានគេសង្ស័យថាជាជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ។ នេះ បើតាមអាជ្ញាធរដែនសមុទ្រ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Reuters។
មានសេចក្តីរាយការណ៍ថា មនុស្ស១៤នាក់ មានសុវត្ថិភាពក្នុងចំណោមមនុស្សដែលត្រូវគេប៉ាន់ស្មានប្រមាណ៥០នាក់ ដែលបានស្ថិតនៅលើទូកនោះ។ ទូកដែលពួកគេកំពុងជិះនោះ បានក្រឡាប់នៅផ្ទៃទឹក នៅពេលដែលមានអាកាសធាតុដ៏អាក្រក់នៅក្នុងរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី នៅម៉ោងប្រមាណ ៤:៣០នាទីព្រឹកម៉ោងក្នុងស្រុក។
អ្នកនៅរស់រានមានជីវិតនិងទូករបស់គេ ត្រូវបានរកឃើញនូវក្នុងតំបន់ឆ្នេរសមុទ្រ Tanjung Balau។ នេះ បើតាមការឲ្យដឹងរបស់ទីភ្នាក់ងារពង្រឹងច្បាប់ដែនសមុទ្រម៉ាឡេស៊ី។
លោកអនុសេនីយឯក Simon Templer Lo Ak Tusa នាយករងប្រតិបត្តិការដែនសមុទ្រ Johor បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទូកនោះ ត្រូវបានគេជឿថា ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ហើយបានក្រឡាប់ដោយសាររលកធំៗ។
ទីភ្នាក់ងារព័ត៌មាន MMEA បានរាយការណ៍ថា ជនចំណាកស្រុកទាំងអស់ដែលមានការទាក់ទិន ជាជនជាតិឥណ្ឌូណេស៊ី។ ស្ថានកុងស៊ុលឥណ្ឌូណេស៊ីនៅក្នុងរដ្ឋ Johor បានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា តំណាងរបស់ខ្លួន បានស្ថិតនៅទីកន្លែងនោះដើម្បីជួយកំណត់អត្តសញ្ញាណ ហើយនឹងរៀបចំចាត់ចែងសាកសពរបស់ជនរងគ្រោះ។
តាម Anis Hidayah នៃអង្គការ Migrant CARE ដែលជាអង្គការក្រៅរដ្ឋាភិបាល មានទីតាំងក្នុងរដ្ឋធានីហ្សាការតា បានប្រាប់ឲ្យដឹងថា មានជនជាតិឥណ្ឌូណេស៊ីពីចន្លោះ១សែននាក់ ទៅ២សែននាក់ បានធ្វើដំណើរខុសច្បាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជារៀងរាល់ឆ្នាំ។ ពួកគេភាគច្រើន បានត្រូវជ្រើសរើសដោយពួកជនអន្ធពាលជួញដូរមនុស្ស ហើយត្រូវបានគេកេងផលប្រយោជន៍ នៅពេលដែលពួកគេបានទៅដល់ម៉ាឡេស៊ី៕