អាជ្ញាធរក្នុងប្រទេសម៉ាឡេស៊ីបាននិយាយថា ពួកគេចាប់បានមនុស្សបីនាក់ ទាក់ទិននឹងការបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីខែមុន នៅក្នុងរាជធានីបាងកកនៃប្រទេសថៃ។
លោក Khalid Abu Bakar ប្រធានកងកម្លាំងប៉ូលិសជាតិនៃប្រទេសម៉ាឡេស៊ីបានប្រកាសអំពីការចាប់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ និងជនជាតិម៉ាឡេស៊ីពីរនាក់ ដែលក្នុងនោះមានម្នាក់ជាស្ត្រី។ លោកបានប្រកាសអំពីការចាប់ខ្លួននេះ នៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងគួឡាឡាំពួរនៅថ្ងៃចន្ទនេះ ហើយបានថ្លែងថា ម៉ាឡេស៊ីគ្មានផែនការបញ្ជូនជនទាំងបីនាក់នេះទៅប្រទេសថៃទេ។
លោក Bakar បាននិយាយថា កងកម្លាំងប៉ូលិសរបស់លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ក្នុងការស៊ើបអង្កេតអំពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៧ ខែសីហា នៅកន្លែងទីសក្ការបូជា Erawan នៅក្នុងរាជធានីនៃប្រទេសថៃ ដែលបានបណ្តាលឱ្យមនុស្ស២០នាក់ស្លាប់ និងធ្វើឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួស ភាគច្រើនជាអ្នកទេសចរជនជាតិចិន។
របាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបាននិយាយដោយចំហ អំពីលទ្ធភាពនៃទំនាក់ទំនងរវាងការបំផ្ទុះគ្រាប់បែកនេះជាមួយនឹងការបញ្ជូនជនជាតិភាគតិចអំបូរ Uighur ជាង១០០នាក់ឱ្យវិលត្រឡប់ទៅប្រទេសចិនវិញ ដោយអាជ្ញាធរថៃ។
ជនជាតិនេះជាអ្នកកាន់សាសនាឥស្លាម និយាយភាសាតួកគី មកពីតំបន់ដាច់ស្រយាល Xinjiangក្នុងប្រទេសចិន។ ក្រុមជនអំបូរ Uighurបានត្អូញត្អែរដោយចំហអំពីការសង្កត់ខាងផ្នែកវប្បធម៌ សាសនា និងការគាបសង្កត់ផ្នែកសេដ្ឋកិច្ចនៅក្រោមការគ្រប់គ្រងរបស់ចិន៕