លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រីប្រទេសថៃ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញញនេះថា ជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួន ទាក់ទិននឹងការដាក់គ្រាប់បែកនៅទីសក្ការៈហិណ្ឌូក្នុងទីក្រុងបាងកក កាលពី ពីរសប្តាហ៍កន្លងទៅនេះ។
ការដាក់គ្រាប់បែកកាលពីថ្ងៃទី ១៧ ខែសីហា នៅទីសក្ការៈ Erawan នៅទីក្រុងបាងកក បានសម្លាប់មនុស្សចំនួន ២០នាក់ ហើយមនុស្សជាង ១០០ នាក់ទៀតបានរងរបួស ដែលភាគច្រើនជាភ្ញៀវទេសចរណ៍មកពីតំបន់អាស៊ី។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងបាងកក លោកនាយករដ្ឋមន្ត្រីថៃ បានរៀបរាប់អំពីជនសង្ស័យ និងការចាប់ខ្លួនជនសង្ស័យនោះ នៅខេត្ត Sa Kaeo ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា។
«ជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួនហើយនៅក្នុងខេត្ត Sa Kaeo។ ប៉ូលិសបានដាក់កន្លែងត្រួតពិនិត្យជាច្រើន។ នៅពេលដែលប៉ូលិស ឃើញនរណាម្នាក់ដែលគួរឲ្យសង្ស័យ ពួកគេចាំបាច់ត្រូវចាប់ខ្លួនអ្នកនោះ។ ហើយបុរសម្នាក់នេះ មានភិនភាគស្រដៀងនឹងបុរសដែលប៉ូលិសកំពុងតាមចាប់ខ្លួន។ ពួកយើងត្រូវតែធ្វើតេស្តជាច្រើនដូចជា ការពិនិត្យស្នាមក្រយ៉ៅដៃ និងការពិនិត្យ DNA ជាដើម។ បើសិនជា ជនដែលយើងចាប់បាននោះ ជាជនសង្ស័យនោះ មានន័យថា យើងចាប់បានជនសង្ស័យនោះហើយ។ ជនសង្ស័យទំនងជាព្យាយាមឆ្លងដែននៅតំបន់ព្រំដែន ក្នុងទឹកដីរបស់ប្រទេសថៃ ដើម្បីគេចខ្លួន។ ពួកយើងកំពុងតែធ្វើការស៊ើបអង្កេត»។
ជនសង្ស័យទី២ ដែលត្រូវយកទៅឃុំនោះ ត្រូវបានចាប់ខ្លួននៅវេលាថ្ងៃត្រង់ កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ដែលជនសង្ស័យរូបនោះ បានព្យាយាមឆ្លងព្រំដែនចូលប្រទេសកម្ពុជា ហើយឥឡូវនេះកំពុងត្រូវបានសួរចម្លើយពីសំណាក់យោធានៅរាជធានី បាងកក។
អ្នកនាំពាក្យប៉ូលិសជាតិ លោកឧត្តមសេនីយ៍ឯក Prawut Thavornsiri បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកថា ពួកគេប្រាកដថា ជនសង្ស័យរូបនេះពិតជាមានជាប់ពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មនេះមែន។
«នៅជំហានដំបូង ភស្តុតាងទាំងអស់បានគូសបញ្ជាក់ថា ជនសង្ស័យទី២នេះ គឺជាជនសង្ស័យដ៏សំខាន់មួយ នៅក្រុមតែមួយជាមួយនឹងជនសង្ស័យដែលត្រូវបានចាប់ខ្លួនដំបូងនោះ។ ហើយជនសង្ស័យទី២នេះ ជាអ្នកដែលយកគ្រាប់បែកទៅដាក់នៅកន្លែងដែលបានផ្ទុះនោះ គឺទាំងពីរកន្លែង។ ទាំងអស់នេះហើយ ដែលធ្វើឲ្យយើងប្រាកដក្នុងចិត្ត ហើយធ្វើការស៊ើបអង្កេតបន្ថែមទៀតដើម្បីរកព័ត៌មាន និងរកសាក្សីដើម្បីបញ្ជាក់។ ពួកគេបានប្រើភស្តុតាងតាមផ្លូវច្បាប់ រួមមាន ស្នាមក្រយ៉ៅដៃ DNA និងរូបភាព។ ឥឡូវនេះពួកយើងជឿជាក់ថា ជនសង្ស័យរូបនេះគឺជា ជនសង្ស័យដ៏សំខាន់មួយរូប»។
ភិនភាគរបស់ជនសង្ស័យនេះគឺស្រដៀងគ្នា ទៅនឹងបុរសពាក់អាវពណ៌លឿង ដែលត្រូវថតបានតាមរយៈ កាមេរ៉ាសន្តិសុខ ដោយទុកកាបូបស្ពាយ នៅទីសក្ការៈនោះមុនពេលដែលមានការផ្ទុះឡើង៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា