ជាង ៥០ ភាគរយ នៃអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុុងប្រទេសកម្ពុជា បានជួបប្រទះការមាក់ងាយនៅកន្លែងធ្វើការរបស់ពួកគេ ដោយសារនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ ២០២០។
ការចេញផ្សាយរបាយការណ៍នេះបានធ្វើឡើង នៅចំទិវាអន្តរជាតិប្រឆាំងការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ៥៤% នៃអ្នកចូលរួមក្នុងការសិក្សា បានរាយការណ៍អំពីបទពិសោធន៍របស់ពួកគេ អំពីបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការបាក់ទឹកចិត្តដោយសារការរើសអើងនៅកន្លែងធ្វើការ ពីព្រោះតែការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទរបស់ពួកគេ។
ម្នាក់ក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា ៥ នាក់ ដែលត្រូវបានសម្ភាស និយាយថា ពួកគេត្រូវបាននយោជកបដិសេធមិនផ្តល់ការងារឲ្យពួកគេ ដោយសារនិន្នាការភេទរបស់ពួកគេ។
ភាគច្រើននៃអ្នកស្រឡាញ់ភេទដូចគ្នា ទទួលរងផលប៉ះពាល់អវិជ្ជមានកាន់តែធ្ងន់ធ្ងរឡើង ដោយសារការផាត់ចេញពីសង្គមនិងការប្រមាថមាក់ងាយផងដែរ។ នេះបើយោងតាមរបាយការណ៍ដដែល។
កម្ពុជាមិនទាន់មានច្បាប់ទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិយាយនៅក្នុងសារមួយដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០ ថា ទោះជាកម្ពុជាមិនទាន់មានច្បាប់នេះក៏ពិតមែន តែកម្ពុជាក៏មិនបានដាក់ទោសទណ្ឌឬពិន័យលើអ្នកស្រឡាញ់ភេទដូចគ្នាដែរ៕