ការប៉ះទង្គិចគ្នាមួយឈុតរវាងបាតុករជាច្រើនរយនាក់ដែលទាមទារឱ្យបើកសួនប្រជាធិបតេយ្យឡើងវិញនិងកងសន្តិសុខខណ្ឌដូនពេញនៅក្បែរទីនោះកាលពីព្រឹកថ្ងៃអង្គារនេះ បានធ្វើឱ្យមនុស្សប្រមាណ៥០នាក់រងរបួសធ្ងន់និងស្រាល។ អំពើហិង្សានេះបាននាំឱ្យមានការឃាត់ខ្លួនអ្នកតំណាងរាស្រ្តជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិចំនួនបួនរូប។ (សូមចុចមើលរូបភាពត្រង់នេះ)
មានសន្តិសុខរហូតដល់៣៧នាក់បានរងរបួស ហើយក្នុងចំណោមអ្នករងរបួសធ្ងន់២២នាក់មាន២នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នេះបើតាមលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ ចំណែកឯខាងបាតុករវិញបានរងរបួសចំនួន១៤នាក់ដែរ។
ការប៉ះទង្គិចគ្នាដ៏ហិង្សានេះ កើតឡើងខណៈពេលដែលក្រុមបាតុករដែលដឹកនាំដោយអ្នកតំណាងរាស្ដ្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិបានទាមទារនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យដើម្បីឱ្យរដ្ឋាភិបាលបើកទីលានសម្រាប់ការធ្វើបាតុកម្មនេះឡើងវិញ។
ទីលាននេះត្រូវបិទចាប់តាំងពីខែមករា ឆ្នាំ២០១៤នេះមកម្ល៉េះក្រោយពីរដ្ឋាភិបាលបានបោសសម្អាតក្រុមអ្នកគាំទ្រគណបក្សប្រឆាំងដែលធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅទីនេះ។
មានការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នពីសំណាក់កងកម្លាំងសន្តិសុខប្រដាប់ដោយខែល ដំបង និងកាំភ្លើង ជាច្រើនរយនាក់ ហើយការប៉ះទង្គិចនេះបានបញ្ចប់ដោយការបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ពីកងកម្លាំងសន្តិសុខនៅទីនោះ។
បាតុករម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះបានរៀបរាប់ក្រោយពីការប៉ះទង្គិចនេះថាពួកខ្លួនវាយទៅលើក្រុមកងសន្តិសុខនេះ ដើម្បីតបតទៅនឹងអំពើហិង្សាពីសំណាក់ក្រុមកងសន្តិសុខប៉ុណ្ណោះ។
«ដំបូងខាងសង្គ្រោះជាតិយកបដាទៅដាក់ជាមួយលោក រៀល ខេមរិន្ទ្រ ពួកវាចាប់ទាញហើយ
លោកខេមរិន្ទ្រដើរទៅខាងនោះ ពួកវាដេញវាយខាងសង្គ្រោះជាតិហើយឆក់គេទៀត ធ្វើឱ្យសង្គ្រោះជាតិមានកំហឹងកើតឡើងក៏រុញគ្នា ហើយប៉ះគ្នានៅទីនេះ។ ខ្ញុំឃើញប៉ះច្រើនគ្នា ប៉ុន្តែខ្ញុំឃើញសន្តិសុខដួលពីរនាក់ ប៉ុន្តែខាងប្រជាពលរដ្ឋយើងក៏មានប៉ះត្រូវច្រើននាក់ដែរ»។
ក្រោយការប៉ះទង្គិចនេះ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សផ្សេងទៀតបានស្រែកតាមឧគ្ឃោសនស័ព្ទអំពីការទាមទាររបស់ខ្លួននិងអំពាវនាវឱ្យអ្នកគាំទ្រខ្លួនជៀសវាងការប្រើអំពើហិង្សា មុនរំសាយការជួបជុំរបស់ខ្លួន។
«ក្នុងនាមយើងជាតំណាងរាស្ត្រជាប់ឆ្នោត យើងបានបំពេញតួនាទីរបស់យើងហើយ ជាថ្មីម្តងទៀត យើងមកនេះដើម្បីឱ្យមានការដោះលែងទីលានប្រជាធិបតេយ្យវិញ ហើយយើងនឹងបញ្ចូនសារនេះទៅកាន់ក្រសួងមហាផ្ទៃ»។
ក្រោយពីរំសាយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបីរូបត្រូវបានឃាត់ខ្លួននៅហ្នឹងកន្លែង គឺលោកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ និងលោក កែវ ភិរម្យ។ មន្ត្រីបក្សប្រឆាំងទាំងបីរូប ត្រូវបញ្ជូនយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកហូរ វ៉ាន់ តំណាងរាស្ដ្រមួយរូបទៀតក៏ត្រូវបានឃាត់ខ្លួនដែរនៅពេលរសៀលនេះ ដោយអះអាងថាបានជាប់ពាក់ព័ន្ធនឹងអំពើហិង្សានេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិបានទាមទារឱ្យមានការដោះលែងតំណាងរាស្ត្ររបស់ខ្លួន ដោយឥតលក្ខខណ្ឌ។
ដោយឡែក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្កោលទោសចំពោះអំពើហិង្សានេះ និងទម្លាក់ទំនួលខុសត្រូវលើគណបក្សសង្គ្រោះជាតិ។
«សាលារាជធានីភ្នំពេញសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដែលប្រើអំពើហិង្សាយ៉ាងដំណំពីសំណាក់យុវជនគណបក្សសង្គ្រោះជាតិ ដែលបានវាយប្រហារមកលើកងសណ្ដាប់ធ្នាប់របស់អាជ្ញាធរខណ្ឌដូនពេញ»។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថាករណីរកឃើញមានការជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលមានវត្តមាននៅទីនោះនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ យល់ថាអំពើហិង្សានេះឆ្លុះបញ្ចាំងពីការគុំគួនរវាងបាតុករនិងកងសន្ដិសុខ ប៉ុន្តែអះអាងថាការឃាត់ខ្លួនតំណាងគណបក្សសង្គ្រោះជាតិជាការមិនត្រឹមត្រូវនោះឡើយ។
«នេះជាការបណ្ដុះផ្នត់គំនិតដែលចងកំហឹងកន្លងមក អញ្ចឹងហើយគុំគ្នា។ ដល់លើកនេះឱ្យតែមានឱកាសវាយទៅវាយមក។ នេះហើយដែលបង្កើតវប្បធម៌ហិង្សា។ ក្នុងនាមយើងជាសង្គមស៊ីវិល
យើងចង់ឱ្យទាំងសងខាងជម្រុះចោលនូវការប្រើប្រាស់អំពើហិង្សា វាអត់ចំណេញទេ។ ខ្ញុំគិតថាវាអត់ត្រូវឃាត់ខ្លួនពួកគាត់ទេ។ ទីមួយពួកគាត់ជាតំណាងរាស្ត្រ។ ទីពីរសិទ្ធិរបស់គាត់ក្នុងការទាមទារទីលានប្រជាធិបតេយ្យឡើងវិញជាសិទ្ធិស្របច្បាប់របស់គាត់។ ការប៉ះទង្គិចនៅថ្ងៃនេះយើងឃើញថាគ្មាននរណាគ្រប់គ្រងនរណាបានទេ សូម្បីតែសន្ដិសុខក៏មិនអាចគ្រប់គ្រងសន្តិសុខខ្លួនឯងបានដែរ»។
អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិនិងសង្គមស៊ីវិលធ្លាប់បានទទូចជាច្រើនលើកច្រើនសារឱ្យមានការបើកទីលានប្រជាធិបតេយ្យនេះដូចធម្មតាវិញ ប៉ុន្តែរដ្ឋាភិបាលបានទាត់ចោលសំណើនេះ៕