ភ្នំពេញ —
ក្រោយពីបានចុះទៅដល់កន្លែងកើតហេតុ កាលពីថ្ងៃច័ន្ទ ក្រុមអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺបានប្រញាប់ប្រញាល់ក្នុងការសន្និដ្ឋានថា ពួកគេមិនបានរកឃើញកន្លែងដុតសាកសពដែលសង្ស័យថា ជាសពជនរងគ្រោះម្នាក់អាយុ១៦ឆ្នាំដែលបានបាត់ខ្លួនកាលពីជាងបួនខែមុននោះទេ។
លោកសម សាមួន ស្នងការរងប៉ូលិសខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោកបានកោះហៅសាក្សីចំនួន២នាក់ ដែលបានឃើញហេតុការណ៍ហើយបានចុះទៅដល់កន្លែងកើតហេតុ តែគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា ជាកន្លែងដុតសាកសពទេ។ តែផ្ទុយទៅវិញ លោកអះអាងថា មានអ្នកដែលមិនដឹងរឿងអ្វីសោះទៅបំផ្លើសរឿងមិនពិតអំពីការដុតសាកសពនេះ។
លោកមានប្រសាសន៍ថា ក្រោយពីបានចុះទៅដល់កន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញថា មានស្នាមភ្លើងឆេះព្រៃ ដែលអាចកើតឡើងដោយសារមានអ្នកដុតព្រៃ ឬក៏បានឆេះដោយគ្រាប់កាំភ្លើង ពីព្រោះកន្លែងនោះជាកន្លែងសមយុទ្ធរបស់យោធា។
លោកនិយាយថា៖ «នៅទីនោះគឺជាតំបន់យោធា។ យោធាគេបាញ់គ្រាប់ពិតនៅទីនោះ រាល់ថ្ងៃ អញ្ចឹងទេ វាអាចបាញ់ហ្នឹង វាអាចឆេះទីមួយ។ ទីពី ធម្មតាទេនៅព្រៃ គេអាចដើរមើល។ ខែប្រាំង វាអាចឆេះព្រៃ។ វាបានបន្សល់ទុកកន្លែងហ្នឹងហើយ»។
កាលពីចុងសប្តាហ៍មុន មន្ត្រីគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពង់ស្ពឺ បានអះអាងថា មានក្មេងឃ្វាលគោម្នាក់បានប្រទះឃើញកន្លែងដុតសាកសពដ៏អាថ៌កំបាំងមួយកន្លែងក្បែរជើងភ្នំម្រះព្រៅ នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
មន្ត្រីគណបក្សសង្គ្រោះជាតិបានយកវត្ថុតាង ដែលរួមមានលលាដ៍ក្បាល និងឆ្អឹងដែលនៅសេសសល់ពីការដុតឆេះ មកកាន់ទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ។ ក្រោយមកបានប្រគល់វត្ថុតាងទាំងនេះទៅឲ្យមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដើម្បីធ្វើកោសល្យវិច័យ។
មន្ត្រីគណបក្សសង្គ្រោះជាតិបានសង្ស័យថា កាកសំណល់ដែលបានរកឃើញនោះទំនងជាសពរបស់លោកខឹម សុផាត អាយុ១៦ឆ្នាំ ដែលបានបាត់ខ្លួនកាលពីដើមខែមករា ក្រោយពីមានការបង្ក្រាបដោយបង្ហូរឈាមមួយនៅសួនឧស្សាហកម្មកាណាឌីយ៉ា ពេលកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ធ្វើការតវ៉ាដំឡើងប្រាក់ខែឲ្យបានដល់១៦០។
អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺបានកោះហៅមនុស្សចំនួនពីរនាក់មកសាកសួរអំពីកន្លែងដុតសាកសពនោះតែពួកគេបានបដិសេធថា ជារឿងមិនពិតទៅវិញ។
លោកកែវ ពិសី ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោកនិយាយថា៖ «កុំតេ [ទូរស័ព្ទ]មករកខ្ញុំ។ ខ្ញុំមិនមែនកូនចៅលោកឯងទេ។ មកនិយាយរឿងអ្វី សួរពីរឿងអ្វីទៀត»។
លោកទី មុន្និន ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ ដែលបានចុះទៅដល់កន្លែងកើតហេតុ មានប្រសាសន៍ប្រាប់វីអូអេថា នៅកន្លែងកើតហេតុលោកមិនទាន់កំណត់ថា ជាកន្លែងដុតសាកសព ឬក៏យ៉ាងណាទេ។
លោកបានបញ្ជាក់ថា ក្រោយពីការស៊ើបអង្កេតជាបឋម និងការសាកសួរទៅលើសាក្សីផ្សេងៗលោកមិនអាចសន្និដ្ឋានភ្លាមៗបានទេ លុះត្រាតែមានការធ្វើកោសល្យវិច័យជាមុនសិន។
លោកនី ចរិយ៉ា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ទោះបីជាកន្លែងកើតហេតុជាកន្លែងដុតឬមិនបានដុតសាកសពក្តី វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺគេបានរកឃើញកាកសំណល់របស់សាកសព។
លោកបានបញ្ជាក់ថា នេះបង្ហាញឲ្យឃើញថា កន្លែងនោះប្រាកដជាមានបទឧក្រិដ្ឋអ្វីមួយកើតឡើង។ អាជ្ញាធរត្រូវតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ មិនត្រូវប្រញាប់សន្និដ្ឋានពេកនោះទេ។
លោកនិយាយថា៖ «នៅពេលដែលរកឃើញសំណល់របស់សាកសពអញ្ចឹង យើងអត់ព្រមធ្វើការស៊ើបអង្កេត គិតតែពីរឿងសម្លុតប្រជាជនកុំឲ្យនិយាយរឿងហ្នឹង។ អាហ្នឹងដែលធ្វើឲ្យគេមានការសង្ស័យថា អាចមានពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ច ឬក៏ក្រុមណាមួយដែលមានលក្ខណៈជាប្រព័ន្ធ បើសិនជាយើងធ្វើរបៀបនេះ»។
កាលពីដើមខែមករា កងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានបាញ់បង្ក្រាបយ៉ាងបង្ហូរឈាមទៅលើការតវ៉ារបស់ក្រុមកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា។ យ៉ាងតិចមានមនុស្សប្រមាណ៨នាក់ត្រូវបានសម្លាប់ ជាបន្តបន្ទាប់នៅក្នុងការបាញ់បង្ក្រាបនៅស្ពានក្បាលថ្នល់ គល់ស្ពានស្ទឹងមានជ័យ និងសួនឧស្សាកម្មកាណាឌីយ៉ា ព្រមទាំងរងរបួសជាច្រើននាក់ផ្សេងទៀត៕