នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad ដែលបានត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីអវត្តមានអស់រយៈពេល១៥ឆ្នាំនោះនិយាយថា ការកាន់អំណាច២០ឆ្នាំដំបូងរបស់លោកជា«ការងាយស្រួលគួរសម»បើប្រៀបធៀបទៅនឹងអ្វីដែលលោកកំពុងប្រឈមនៅពេលឥឡូវនេះ ដែលប្រទេសមានបំណុលយ៉ាងច្រើនដោយមានកេរ្តិ៍ឈ្មោះនៅឆាកអន្តរជាតិពីការពុករលួយ។
លោក Mahathir បានវិលត្រឡប់មកកាន់អំណាចវិញនៅថ្ងៃទី៩ ខែឧសភានៅក្នុងការបោះឆ្នោតដ៏អស្ចារ្យមួយដែលបានឃើញលោករួបរួមជាមួយអតីតគូប្រកួតប្រជែងរបស់លោកដើម្បីផ្តួលនាយករដ្ឋមន្រ្តីគឺ លោក Najib Razak ដែលត្រូវបានរងការចោទប្រកាន់ពីការជួយលួចប្រាក់រាប់ពាន់លានដុល្លារដែលជាការលួចបន្លំក្នុងប្រវត្តិសាស្រ្តមួយមកពីមូលនិធិដ៏ធំបង្អស់មួយ។ លោក Najib បានច្រានចោលការចោទប្រកាន់ទាំងអស់។
លោក Mahathir ដែលមានអាយុ៩២ឆ្នាំបានប្រាប់ VOA នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយថា៖«រយៈពេល២០ឆ្នាំលើកដំបូងរបស់ខ្ញុំជានាយករដ្ឋមន្រ្តីជាការងាយស្រួលគួរសម។ ខ្ញុំបានទទួលកេរ្តិ៍ដំណែលពីប្រព័ន្ធមួយដែលមាននៅទីនោះរួចហើយ។ អ្វីដែលខ្ញុំត្រូវធ្វើគឺដាក់ចេញគំនិតថ្មីដែលយើងអាចធ្វើឲ្យម៉ាឡេស៊ីរីកចម្រើននិងអភិវឌ្ឍន៍។
លោកនិយាយបន្តទៀតថា៖ «ក៏ប៉ុន្តែ ខ្ញុំកំពុងដោះស្រាយបញ្ហាក្នុងប្រទេសដែលត្រូវបានគេបំផ្លាញ។ ហិរញ្ញវត្ថុរបស់ប្រទេសនេះបានត្រូវគេបំផ្លាញ។ ប្រព័ន្ធរបស់រដ្ឋាភិបាលបានត្រូវគេមិនអើពើហើយមិនប្រើប្រាស់ហើយប្រព័ន្ធថ្មីមួយឬប្រព័ន្ធផ្តាច់ការបានត្រូវគេបង្កើតឡើង»។
លោក Najibដែលកាលពីពេលមុនជាសម្ព័ន្ធមិត្តរបស់លោក Mahathir បានធ្វើជានាយករដ្ឋមន្រ្តីពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៨ ហើយកំពុងប្រយុទ្ធប្រឆាំងការចោទប្រកាន់ពីរឿងពុករលួយចាប់តាំងពីឆ្នាំ២០១៥មកនៅពេលដែលប្រាក់រាប់ពាន់លានដុល្លារបានត្រូវគេរាយការណ៍ថា បានបាត់មកពីមូលនិធិវិនិយោគទុនរបស់រដ្ឋនៅក្រោមការត្រួតត្រារបស់លោក។ នៅសប្តាហ៍នេះ ប៉ូលិសបានដឹកវ៉ាលីជាច្រើនដែលពួកគេបាននិយាយថា វ៉ាលីទាំងនោះផ្ទុកទៅដោយគ្រឿងអលង្ការ លុយ និងក្របូបដៃប្រណិតៗរាប់រយចេញពីគេហដ្ឋានរបស់លោក Najib។
ដោយលែងមានកិច្ចការពារពីការិយាល័យរបស់លោកទៀតនោះ លោក Najib បានចំណាយពេលរាប់សិបម៉ោងនៅសប្តាហ៍នេះដើម្បីផ្តល់កសិណសាក្សីនៅមុខគណៈកម្មការប្រឆាំងអំពើពុករលួយ។
លោក Najib បាននិយាយនៅពេលលោកចេញពីការសួរចម្លើយដែលមានរយៈពេល៦ម៉ោងថា «ខ្ញុំបានឆ្លើយសំណួររបស់ពួកគេទាំងអស់ទៅតាមលទ្ធភាពរបស់ខ្ញុំ»។
ការចោទប្រកាន់ពីអំពើពុករលួយបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសពីព្រោះប្រាក់ដែលបាត់ភាគច្រើនជាប្រាក់ខ្ចី។ ក៏ប៉ុន្តែ លោក Mahathir បាននិយាយថា លោកកំពុងធ្វើការជាមួយគណបក្សរបស់លោកដើម្បីសម្រេចថាតើបន្ធូបន្ថយការខូចខាតនោះយ៉ាងដូចម្តេចហើយថា លោកជឿជាក់ថា លោកបានរកឃើញមធ្យោបាយដើម្បីលប់បំបាត់ប្រាក់បំណុលប្រហែល៥០ពាន់លានដុល្លារចេញពីបំណុលជាង២៥០ពាន់លានដុល្លារ។
លោក Mahathir បាននិយាយទៀតថា៖ «រដ្ឋាភិបាលមុនបានបង្កើនការខ្ចីប្រាក់យ៉ាងច្រើនមកពីប្រទេសផ្សេងៗទៀត មកពីធនាគារបរទេស ហើយថែមទាំងមកពីប្រភពក្នុងស្រុក ដូច្នេះបញ្ហាដំបូងដែលយើងចាំបាច់ត្រូវធ្វើគឺធ្វើឲ្យប្រាកដថា យើងអាចបង់ប្រាក់កម្ចី យ៉ាងហោចណាស់ក៏ព្យាយាមកាត់បន្ថយប្រាក់ដើមដែលយើងបានខ្ចីដែរ»។
លោកក៏បានបដិសេធនូវការនិយាយថា លោកមានការស្ទាក់ស្ទើរក្នុងការលុបចោលនូវច្បាប់ព័ត៌មានក្លែងក្លាយដែលមិនមានប្រជាប្រិយភាពយ៉ាងខ្លាំងដែលបានដាក់ឲ្យប្រើដោយលោកNajib មុនពេលបោះឆ្នោត។ ក៏ប៉ុន្តែ លោកបាននិយាយទៀតថា ការត្រួតត្រាខ្លះលើបណ្តាញព័ត៌មានត្រូវតែស្ថិតនៅជាធរមានដើម្បីការពារការញុះញង់ឲ្យមានការតានតឹងខាងជាតិសាសន៍។
បន្ទាប់ពីជំនួបជាមួយលោក Bai Tian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសម៉ាឡេស៊ី លោកMahathirនៅតែប្រកាន់ខ្ជាប់តាមការសន្យារបស់លោកដើម្បីចរចាឡើងវិញនូវកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធដែលលោក Najib បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដែលបានទាក់ទិនទៅនឹងការខ្ចីប្រាក់យ៉ាងច្រើនដោយបានផ្តល់ប្រយោជន៍តិចតួចដល់មូលដ្ឋាន។
ក៏ប៉ុន្តែ លោកMahathirបាននិយាយថា លោកមានទំនុកចិត្តថា ការណ៍នេះអាចធ្វើឲ្យសម្រេចបានដោយមិនប៉ះពាល់ដល់ទំនាក់ទំនងដ៏សំខាន់របស់ប្រទេសទាំង២៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន