ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​នឹង​​លើក​លែង​ទោស​ដល់​មេដឹកនាំ​ក្រុម​ប្រឆាំង


រូបឯកសារ៖ អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង លោក Anwar Ibrahim ត្រូវ​បាន​យក​មក​តុលាការ​នៅ​ទីក្រុង​គូឡាឡាំពួ កាល​ពីឆ្នាំ​២០១៧។
រូបឯកសារ៖ អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង លោក Anwar Ibrahim ត្រូវ​បាន​យក​មក​តុលាការ​នៅ​ទីក្រុង​គូឡាឡាំពួ កាល​ពីឆ្នាំ​២០១៧។

នាយក​រដ្ឋមន្ត្រី​ទើប​ទទួល​តំណែង​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​និយាយ​ថាលោកធ្វើ​តាម​ការ​សន្យា​នៅ​ពេល​ឃោសនា​បោះឆ្នោត​ដែល​ថា​ នឹង​លើក​លែង​ទោស​ឱ្យលោក​ Anwar Ibrahim ​មេដឹកនាំ​ក្រុម​ប្រឆាំង។​

លោក​ Mahathir Mohamad ​បា​ន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រនេះ​ថា៖ «យើង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​សមស្រប​ដើម្បី​ឱ្យ​មាន​ការ​លើក​លែង​ទោស​ Datuk Sri Anwar»​ ដោយ​លោក​បាន​ប្រើ​ងារ​កិត្តិយស​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ី។

លោក ​Mahathir ​បាន​មាន​ប្រសាសន៍​ថា​ ព្រះរាជា​«បាន​បញ្ជាក់​ថា​ព្រះ​អង្គ​ចង់​លើក​លែង​ទោស»​លោក​ Anwar។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថាលោក ​Anwar​ «គួរ​ត្រូវ​ដោះ​លែង​ជា​បន្ទាន់​នៅ​ពេល​លោក​បាន​ទទួល​ការ​លើក​លែង​ទោស»។

មេដឹកនាំ​ក្រុម​ប្រឆាំង​រូប​នេះ​បាន​ជាប់​ពន្ធនាគារ​ពី​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​បាន​សេព​កាម​ជា​មួយ​មនុស្ស​ប្រុស​ដូច​គ្នា។​ ការ​ចោទ​ប្រកាន់​ទាំង​នេះត្រូវ​បាន​គេបរិហារ​រិះគន់​ជា​ទូទៅ​ថា​ មាន​ទាក់​ទិន​នឹង​នយោបាយ។​

លោក​ Anwar ​បាន​បម្រើការ​ជា​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៅ​ក្នុង​រដ្ឋាភិបាល​លោក ​Mahathir ​ហើយ​គេ​យល់​ឃើញ​ថា ​លោក​ជា​អ្នក​បន្ត​តំណែង​ពី​លោក​ Mahathir ​រហូត​ដល់​ពេល​លោក​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ​១៩៩៩។​

លោក ​Mahathir​ ដែល​ជា​អតីត​មេដឹកនាំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទី​៧​នៃ​ប្រទេស​នេះ​នៅ​ក្រោយ​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ ដែល​បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ទៅ​ជា​មេដឹកនាំ​ជាប់​ឆ្នោត​ចាស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក៕

XS
SM
MD
LG