អង្គការកម្មវិធីស្បៀងអាហារពិភពលោក និង អង្គការស្បៀងអាហារនិងកសិកម្មបានព្រមានថា សន្តិសុខស្បៀងអាហារនឹងមានសភាពកាន់តែអាក្រក់ បើមិនមានវិធានការភ្លាមៗនោះទេ។
លោក David Orr ជាអ្នកនាំពាក្យថ្នាក់តំបន់របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក។ លោកបម្រើការក្នុងក្រុង Johannesburg។
លោកបាននិយាយថា៖ «វាមានសភាពអាក្រក់ខ្លាំងណាស់។ មានមនុស្សជាង១លាននាក់នៅភាគខាងត្បូងដែលជួបបញ្ហាសន្តិសុខស្បៀងអាហារ និងមិនដឹងថាពួកគេអាចរកអាហារនៅពេលបន្ទាប់នៅកន្លែងណាបាន។ ហើយក្នុងចំណោមនោះ មនុស្ស៨៥០.០០០ស្ថិតក្នុងសភាពខ្វះស្បៀងអាហារធ្ងន់ធ្ងរ។ នេះមានន័យថា ពួកគេមិនត្រូវបានធានាថាទទួលបានអាហារទៀងទាត់»។
លោកនិយាយថា ស្រ្តីពិតជាត្រូវការស្វែងរកអាហារសម្រាប់ចិញ្ចឹមកូនៗរបស់ពួកគេខ្លាំងណាស់។
លោកបានបន្តថា៖ «នៅពេលដែលយើងនៅទីនោះ យើងឃើញម្តាយជាច្រើនបញ្ចុកកូនៗជាមួយនឹងផ្លែដើមដំបងយក្សពណ៌ក្រហមម្យ៉ាង ដែលដុះនៅតាមផ្លូវ។ នេះបញ្ជាក់ថាពួកគេលំបាកកម្រិតណាហើយ។ ពួកគេមិនមានអ្វីឲ្យកូនញ៉ាំទាល់តែសោះ»។
ប្រទេសម៉ាដាហ្គាស្ការងគ្រោះដោយសារបាតុភូតធាតុអាកាស El Nino នាពេលថ្មីៗនេះ ដែលធ្វើឲ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅទ្វីបអាហ្វ្រិកខាងត្បូង។
ប្រទេសម៉ាដាហ្គាហ្កាតាមពិតទៅរងគ្រោះដោយសារគ្រោះរាំងស្ងួតអស់រយៈពេល៣ឆ្នាំជាប់ៗគ្នាមកហើយ ជាពិសេសគឺនៅខាងត្បូងនៃកោះមួយនេះ ដែលមិនត្រឹមតែរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួតទេ ប៉ុន្តែរងគ្រោះដោយសារការវាយប្រហាររបស់សត្វកណ្តូបក្នុងពេលថ្មីៗនេះផងដែរ។ តំបន់នេះនៅដាច់ស្រយាលខ្លាំងណាស់។ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗត្រូវបានទុកឲ្យទ្រុឌទ្រោមចោលអស់ច្រើនឆ្នាំមកហើយ។ ផ្លូវធ្វើដំណើរគឺមានសភាពអាក្រក់ខ្លាំងនៅភាគខាងត្បូង។
ដោយមិនមានផ្លូវងាយស្រួលសម្រាប់ធ្វើដំណើរ កសិករមិនអាចដឹកជញ្ជូនកសិផលរបស់ពួកគេទៅលក់នៅទីផ្សារបាននោះទេ។ អស្ថិរភាពនយោបាយនាពេលថ្មីៗនេះ ក៏បានធ្វើឲ្យសន្តិសុខស្បៀងអាហារមានសភាពកាន់តែធ្ងន់ធ្ងរ ហើយលោក Orr បានហៅស្ថានភាពបែបនេះថា សេដ្ឋកិច្ចអសកម្ម។
អង្គការកម្មវិធីស្បៀងអាហារពិភពលោកកំពុងតែផ្តល់ជំនួយស្បៀងអាហារនៅក្នុងប្រទេសម៉ាដាហ្គាស្កា។ អង្គការនេះក៏កំពុងធ្វើការជាមួយនឹងអង្គការស្បៀងអាហារ និងកសិកម្មដើម្បីជួយកសិករផងដែរ។
អង្គការស្បៀងអាហារ និងកសិកម្មកំពុងផ្តល់ឧបករណ៍នានា និងគ្រាប់ពូជដំឡូងផ្អែម និងដំឡូងមីដែលអាចដុះលូតលាត់ក្នុងពេលគ្រោះរាំងស្ងួត និងឆាប់ធំធាត់លឿន។
ទោះជាយ៉ាងណា ទីភ្នាក់ងារ អ.ស.ប. និយាយសារជាថ្មីម្តងទៀតថាថវិកាគឺជាបញ្ហា។ អង្គការស្បៀងអាហារ និងកសិកម្មនិយាយថា ខ្លួនត្រូវការថវិកាចំនួន ២២លានដុល្លារ ប៉ុន្តែទទួលបានតែ៤លានកន្លះតែប៉ុណ្ណោះសម្រាប់គម្រោងនេះ។ ចំណែកអង្គការកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា ខ្លួនទទួលបានថវិកាចំនួន៣០លានដុល្លារសម្រាប់ប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដោយសារគ្រោះរាំងស្ងួតនៅភាគខាងត្បូងនៃប្រទេសម៉ាដាហ្គាស្កាដែលនឹងមានដំណើរការដល់ខែមីនា។ ប៉ុន្តែទីភ្នាក់ងារនេះនិយាយថា ខ្លួនត្រូវការថវិកាចំនួន៥០លានដុល្លារបន្ថែមទៀត៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ