ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើការចរចានៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុងប៉ារីសជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មួយថ្ងៃបន្ទាប់ពីលោកបានជួបកងទ័ពអ៊ុយក្រែនដែលបារាំងកំពុងបណ្តុះបណ្តាលនៅលើទឹកដីរបស់ខ្លួនដើម្បីប្រយុទ្ធការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមលោកប្រធានាធិបតី Macron។
ជំនួបនៅម៉ោង ១៣០០ សាកល (ត្រូវនឹងម៉ោង៧យប់ម៉ោងនៅកម្ពុជា) ក្នុងអំឡុងនៃដំណើរទស្សនកិច្ចលើកទី៥ដោយលោកប្រធានាធិបតី Zelensky ទៅកាន់ទីក្រុងប៉ារីសចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក នឹងក្លាយជាការបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់បារាំងដល់រដ្ឋាភិបាលក្រុងកៀវនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ដំណើរទស្សនកិច្ចនេះ នឹងកើតមានលើងបន្ទាប់ពីលោកប្រធានាធិបតី Macron ធ្វើដំណើរទស្សនកិច្ចមិនប្រក្រតីមួយទៅកាន់បន្ទាយយោធាមួយកន្លែងក្នុងតំបន់ខាងកើតប្រទេសបារាំង ដែលទីកន្លែងពិតប្រាកដរបស់បន្ទាយនោះមិនត្រូវបានបញ្ចេញឱ្យដឹង ដើម្បីជួបផ្នែកមួយនៃកងពលតូចរបស់កងទ័ពអ៊ុយក្រែនដែលបារាំងកំពុងបណ្តុះបណ្តាល។
ទាហានបារាំងកំពុងបណ្តុះបណ្តាលនៅលើទឹកដីបារាំងនូវទាហាន២ពាន់៣រយនាក់មកពីកងពលតូចដែលមានឈ្មោះថា Anne Of Kiyv យកឈ្មោះតាមម្ចាស់ក្សត្រីមួយអង្គដែលប្រសូតនៅរាជធានីកៀវហើយដែលបានរៀបអភិសេកជាមួយព្រះមហាក្សត្រ Henri I របស់បារាំងនៅក្នុងសតវត្សរ៍ទី១១។
លោកវរសេនីយ៍ឯកបារាំង Paul ដែលមិនបានផ្តល់នាមត្រកូលរបស់លោកបានប្រាប់រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ដែលបានអមដំណើរលោកប្រធានាធិបតី Macronថា៖ «ការហ្វឹកហាត់នេះកំពុងដំណើរការយ៉ាងល្អ។ ទាហានអ៊ុយក្រែនកំពុងរៀនចេះឆាប់ជាងអ្វីដែលយើងបានគិតទៅទៀត»។
លោកប្រធានាធិបតី Macron បានប្រាប់កងទ័ពថា៖ «លោក អ្នកក៏បានធ្វើឱ្យមានការរីកចម្រើនយ៉ាងច្រើនតាមរយៈសកម្មភាពនិងការតស៊ូរបស់អស់លោក»។
លោកប្រធានាធិបតី Macron ក៏បានប្រកាសកាលពីខែមិថុនាពីការផ្តល់យន្តហោះចម្បាំងធុន Mirage 2000-5 ដោយមិនមានចំនួនជាក់លាក់ ដល់អ៊ុយក្រែនដែរ។ អ្នកបើកបរយន្តហោះនិងជាងមេកានិកនឹងត្រូវបានបណ្តុះបណ្តាលរួចហើយអំពីយន្តហោះដែលនឹងត្រូវផ្ទេរទៅឱ្យនោះ។
បារាំងបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនទាំងអស់ជាង១ម៉ឺន៥ពាន់នាក់នៅក្នុងវិស័យផ្សេងៗជាច្រើន៕
វេទិកាបញ្ចេញមតិ