ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​  Biden នឹង​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​នៅ​​បារាំង​​ដើម្បី​សំឡឹង​មើល​​ជម្លោះ​ក្នុង​អតីតកាល​​និង​អនាគត


លោកប្រធានាធិបតី Joe Biden ដើរក្បែរឆ្មាំកិត្តិយសបារាំងបន្ទាប់ពីទៅដល់អាកាសយានដ្ឋាន Orly ភាគខាងត្បូងទីក្រុងប៉ារីសថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។
លោកប្រធានាធិបតី Joe Biden ដើរក្បែរឆ្មាំកិត្តិយសបារាំងបន្ទាប់ពីទៅដល់អាកាសយានដ្ឋាន Orly ភាគខាងត្បូងទីក្រុងប៉ារីសថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ទៅដល់​ប្រទស​បារាំងហើយ​កាលពីថ្ងៃ​ពុធ​នេះ​ ដើម្បី​ចូលរួមក្នុង​ទិវា​រម្លឹក​ខួប​ទី​៨០​ឆ្នាំនៃ​ការ​វាយ​លុកចូល​ក្នុង​តំបន់​ Normandy​ ​ក្នុង​ប្រទេស​បារាំង​ ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​ ដោយ​លោក Biden​ នឹង​មាន​គម្រោង​ប្រើប្រាស់ឱកាស​នោះ​ ដើម្បី​បញ្ជាក់​ឡើង​វិញពី​ភាព​ចាំបាច់ដ៏​រឹងមាំ​មួយ​នៃសម្ព័ន្ធភាព​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក នៅ​ចំពោះ​មុខ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​

លោកBiden នឹង​ជួប​ជា​មួយ​ប្រធាធិបតី​អ៊ុយក្រែន និងក្រុម​ទាហាន​ជើងចាស់​អាមេរិកាំង​ ដែល​នៅ​រស់រាន​មាន​ជីវិត នៅ​ក្នុង​ការវាយប្រហារ​ឡើង​ច្រាំង​ក្នុង​ឆ្នាំ​១៩៤៤។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក​ Jake Sullivan។ លោក​បន្ត​ទៀត​ថា​ លោកBiden ក៏​នឹង​ប្រើប្រាស់​ព្រឹត្តិការណ៍​នោះ​ ​ដើម្បី«និយាយពី​ការ​ធ្វើ​ពលិកម្ម​របស់​ក្រុមវីរជន​និងក្រុម​ទាហាន​ជើង​ចាស់​ទាំង​នោះ​កាល​ពី​៨០​ឆ្នាំ​កន្លង​ទៅ ដោយ​ភ្ចាប់ទិដ្ឋភាពសង្គ្រាម​ក្នុង​ទ្វីបអឺរ៉ុប​នា​ពេល​បច្ចុប្បន្ននេះ​ ​និង​ពី​កាតព្វកិច្ច​របស់​យើង​យ៉ាង​ដូច​ម្តេច​ខ្លះ ក្នុង​ការបន្ត​បេសកកម្ម​របស់​ពួក​គេក្នុង​ការ​ប្រយុទ្ធ​ដើម្បី​សេរីភាព»។ ​

លោក​Sullivan ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាននៅ​លើ​យន្តហោះ​ប្រធានាធិបតីAir Force One ​នៅ​តាម​ផ្លូវ​ទៅ​កាន់​ប្រទេស​បារាំង​នោះ​ថា​ លោក​ Biden ក៏​នឹង​ថ្លែង​សុន្ទរកថាមួយ​នៅ​ថ្ងៃ​ស្អែក​នេះនៅក្នុង​តំបន់ Normandy​ ដែលនិយាយ​ពី​ការ​ប្រយុទ្ធ​ដែល​កើត​មាន​ឡើង​រវាងអំណាច​ផ្តាច់ការ​និង​សេរីភាព​ ខណៈ​សម្លឹង​មើលពីលើ​ទី​ចំណោត​កម្ពស់​៣០​ម៉ែត្រ​ ដែលក្រុម​ទាហាន​ល្បាត​ត្រូវ​រត់គេច​លូន​ពី​គ្រាប់កាំភ្លើង​របស់សត្រូវ ដើម្បី​យក​ឈ្នះក្នុង​សម​រភូមិប្រយុទ្ធ​ ដែល​នាំ​ទៅ​ដល់​ការ​រំដោះ​បានប្រទេស​បារាំង​ទាំង​ស្រុង​ និង​ការ​បរាជ័យសាបសូន្យ​របស់ក្រុមណាហ្ស៊ី​អាល្លឺម៉ង់ផង​ដែរ។

​លោក​Biden ក៏​នឹងធ្វើ​ទស្សនកិច្ចផ្លូវ​រដ្ឋមួយ​ ដែល​រៀប​ចំ​ឡើង​ដោយ​ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron ផង​ដែរ​ បន្ថែម​ពី​លើ​ការ​ជួប​ទល់​មុខ​គ្នា​ជា​មួយប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​ពិធី​រម្លឹកខួប​លើក​ទី​៨០​នៃ​សមរភូមិផ្តាច់ព្រ័ត​មួយ​នេះ​ ដែល​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២នោះ៕

អ្នកស្រី​ Patsy Widakuswara ផ្តល់​ព័ត៌មាន​បន្ថែម​ពី​សេតវិមាន

XS
SM
MD
LG