ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Macron ដាក់​ផែនការ​លើក​តម្កើង​ភាសា​បារាំង​នៅ​ទូទាំង​ពិភពលោក


ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​សុន្ទរកថា​អំពី​ការ​បង្ហាញ​យុទ្ធសាស្ត្រ​របស់​លោក​ក្នុងការ​លើក​តម្កើង​ភាសា​បារាំង នៅ​វិទ្យាស្ថាន​បារាំង ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២០ មីនា ២០១៨។
ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​សុន្ទរកថា​អំពី​ការ​បង្ហាញ​យុទ្ធសាស្ត្រ​របស់​លោក​ក្នុងការ​លើក​តម្កើង​ភាសា​បារាំង នៅ​វិទ្យាស្ថាន​បារាំង ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២០ មីនា ២០១៨។

នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រធានាធិបតី​បារាំង លោក Emmanuel Macron ​បាន​លើក​ឡើង​ដោយ​សង្ខេប​នូវ​ផែនការ​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ប្រែ​ក្លាយ​ភាសា​បារាំង​ទៅ​ជា​ភាសា​អន្តរជាតិ​ថ្នាក់​កំពូល​មួយ​តាម​រយៈ​មធ្យោបាយ​នៃ​ការ​អប់រំ សារព័ត៌មាន​ និង​សិល្បៈ។

លោក Marcron បាន​ទាក់​ទង​ជាមួយ​ក្រុម​អ្នក​រិះ​គន់​អំពី​ផែនការ​ផ្នែក​ភាសា​របស់​លោក ដោយ​បញ្ជាក់​ថា​ ភាសា​បារាំង​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​និង​ជួយ​ដល់​អភិវឌ្ឍ​ភាសា​ដទៃ​ទៀត រួម​មាន​ទាំង​ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ផង​ដែរ។

នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​មួយ​នៅ​ឯ​វិទ្យាស្ថាន​បារាំង​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី​២០ ខែ​មីនា ប្រធានាធិបតី​ បារាំង​លោក Emmanuel Macron ​បាន​និយាយ​ថា ប្រទេស​បារាំង​មាន​បំណង​បើក​វិទ្យាស្ថាន​ភាសា​បារាំង​ចំនួន​១០​នៅ​ក្រៅ​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៩​ត​ទៅ ហើយ​នឹង​បង្កើន​ទ្វេ​ដង​នូវ​ចំនួន​សិស្ស​ដែល​ទៅ​រៀន​នៅ​វិទ្យាល័យ​បារាំងនៅ​ក្រៅ​ប្រទេស​ ក៏​ដូច​ជា​ចំនួន​សិស្ស​បរទេស​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង។​

លោក Macron បាន​ថ្លែង​ថា លោក​ក៏​បាន​ប្រកាស​បង្កើត​មជ្ឈមណ្ឌល​ក្រុម​និយាយ​ភាសា​បារាំង​មួយ នៅ​ឯ​វិមាន​មួយ​នៅ​ខាង​ក្រៅ​ក្រុង​ប៉ារីស​ ជា​ទី​ដែល​ភាសា​បារាំង​ត្រូវ​បាន​ប្រកាស​ថា​ជា​ភាសា​ផ្លូវ​ការ​របស់​ប្រទេស​បារាំង​កាល​ពី​សតវត្សរ៍​ទី​១៦។ ផែនការ​ផ្សេង​ទៀត​រួម​មាន​ការ​គាំទ្រ​និង​ការ​បង្កើត​ឧស្សាហម្ម​បែប​វប្បធម៌​និងការ​ច្នៃ​ប្រឌិត​នៅ​ក្នុង​តំបន់​ដែល​និយាយ​ភាសា​បារាំង​ក្នុង​ទ្វីប​អាហ្វ្រិក​និង​តំបន់​ការ៉ាអ៊ីប ក៏​ដូច​ជា​ផែនការ​ផ្តល់​មូល​និធិ​សម្រាប់​ការ​ផលិត​ភាពយន្ត​រួម​គ្នា ជាមួយ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​កើត។ លោក​ក៏​បានថ្លែង​ដែរ​ថា ជន​ភៀស​ខ្លួន​នៅ​ប្រទេស​បារាំង​ត្រូវ​តែ​ទទួល​បាន​សិក្សា​ផ្នែក​ភាសា​បារាំង​បាន​ច្រើន​ជាង​មុន។

លោក Macron បាន​ថ្លែង​ថា ភាសា​បារាំង​ត្រូវ​បាន​ទៅ​ដល់​មនុស្ស​ថ្មី និង​វាយ​លុកសារ​ជា​ថ្មី​ទៅ​លើ​វិស័យ​នានា​រួម​មាន​វិស័យ​ជំនួញ​និង​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ភាសា​អង់គ្លេស។​

នា​ពេល​បច្ចុប្បន្ន​នេះ ភាសា​បារាំង​ឈរ​លំដាប់​ថ្នាក់​ទី​៦​នៅ​លើ​ពិភពលោក បើ​គិត​ទៅ​លើ​ចំនួន​អ្នក​និយាយ​ភាសា​នេះ ដែល​ស្ថិត​នៅ​លំដាប់​ក្រោម​ភាសា​ចិន អង់គ្លេស និង​ភាសា​អេស្ប៉ាញ។ ប៉ុន្តែ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​និយាយ​ភាសា​បារាំង​នឹង​កើន​ចំនួន​បី​ដង​រហូត​ដល់​ទៅ​៧០០​លាន​នាក់​នៅ​ឆ្នាំ​២០៥០ ដែល​ភាគ​ច្រើន​នៃ​ចំនួន​នេះ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

ការ​ជំរុញ​ទឹក​ចិត្ត​របស់​លោក​ Macron ក្នុង​ការ​លើក​តម្កើង​ភាសា​បារាំង​នេះ​ ក៏​បាន​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ផង​ដែរ​ ជា​ពិសេស​ពី​សំណាក់​អ្នក​និពន្ធនិង​បញ្ញវ័ន្ត​ ដែល​ជឿ​ជាក់​ថា​ ការ​ជំរុញ​ទឹក​ចិត្ត​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​ដាក់​អាណានិគម​បែប​ថ្មី។ លោក​ទទួល​ស្គាល់​ពាក្យ​រិះគន់​ទាំង​នេះ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក ខណៈ​ដែល​លោក​ពណ៌នា​ភាសា​បារាំង​ថា​ធា្លប់​ជា​ភាសា​មួយ​ដែលមាន​ភាព​ទូលំទូលាយ​និង​បើក​ចំហ ហើយ​មាន​ការ​រីកចម្រើន​ខ្លាំង​ដូច​ភាសា​ដទៃ​ទៀត។

លោក Macron ថ្លែង​ថា​ក្រុម​និយាយ​ភាសា​បារាំង​ត្រូវ​តែ​ទទួល​ស្គាល់​ភាសា​ផ្សេង​ទៀត។ មិន​ត្រឹម​តែ​ភាសា​ពី​តំបន់​អឺរ៉ុប​ទេ តែ​ភាសា​ដែល​ងាយ​នឹង​បាត់​បង់​និង​ភាសា​ត្រូវ​បាន​គេ​ទុក​ចោល ហើយ​ត្រូវ​ការពារ​ភាសា​នៅ​តំបន់​អាហ្វ្រិក​នានា​ដូច​ជា​គ្រាម​ភាសា Wolof, Lingala, Basa និង Creole ជា​ដើម៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG