លោកប្រធានាធិបតីបារាំង Emmanuel Macron បានសន្យាផ្តល់ទឹកប្រាក់ចំនួនជាង៨៥០លានដុល្លារសម្រាប់គម្រោងថាមពលព្រះអាទិត្យនានាក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចទើបតែរីកលូតលាស់ ខណៈដែលប្រទេសឥណ្ឌានិងបារាំងបានអំពាវនាវឲ្យមានបច្ចេកវិទ្យាថាមពលព្រះអាទិត្យដែលមានតម្លៃសមរម្យសម្រាប់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចទើបតែរីកលូតលាស់ នៅក្នុងសន្និសីទដំបូងបង្អស់របស់សម្ព័ន្ធថាមពលព្រះអាទិត្យអន្តរជាតិដែលហៅកាត់ថា ISA ដែលត្រូវបានប្រារព្ធឡើងក្នុងទីក្រុង ញូវដេលី។
សម្ព័ន្ធមិត្តនេះត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរកាលពីពីរឆ្នាំមុន នៅក្នុងកិច្ចប្រជុំបន្ទាប់បន្សំនៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុទីក្រុងប៉ារីស ដើម្បីបង្កើនការប្រើប្រាស់ថាមពលព្រះអាទិត្យនិងប្រឆាំងនឹងឥទ្ធិពលនៃការផ្លាស់ប្ដូរអាកាសធាតុ។
មេដឹកនាំប្រទេសរាប់សិបដោយរួមទាំងប្រទេសជាច្រើនមកពីទ្វីបអាហ្វ្រិកបានចូលរួមនៅក្នុងកិច្ចប្រជុំនេះក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា ហើយបានសង្កត់ធ្ងន់ទៅលើតម្រូវការនៃការទទួលបានបច្ចេកវិទ្យាថាមពលព្រះអាទិត្យនិងហិរញ្ញវត្ថុដើម្បីដោះស្រាយវិបត្តិខ្វះខាតថាមពលនៅក្នុងប្រទេសរបស់ពួកគេដែលសម្បូរទៅដោយថាមពលព្រះអាទិត្យនោះទេ។
ដោយសន្យាថានឹងផ្តល់ប្រាក់កម្ចីនិងប្រាក់ជំនួយបន្ថែមទៀតសម្រាប់គម្រោងថាមពលព្រះអាទិត្យនានាត្រឹមឆ្នាំ២០២២ លោក Macron បានគូសបញ្ជាក់ទៅលើតម្រូវការនៃការដោះស្រាយឧបសគ្គនានាក្នុងការបង្កើនថាមពលស្អាត។ លោកបានមានប្រសាសន៍ថា «យើងមានផែនដីតែមួយ ហើយយើងរស់នៅជាមួយគ្នា»៕