គ្រួសាររបស់សកម្មជនដីធ្លីសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំងអះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីដាក់ពន្ធនាគារពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា ជារឿងអយុត្តិធម៌ និងជាផែនការគិតទុកជាមុន។ ភរិយារបស់សកម្មជនរូបនោះ បានស្នើឲ្យតុលាការស៊ើបអង្កេតឲ្យបានច្បាស់ ដើម្បីផ្តល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រី។
លោក រាជ សីម៉ា អាយុ៤១ឆ្នាំ ជាសកម្មជនសហគមន៍ឡពាងដែលតែងតែចេញមុខក្នុងការតវ៉ារឿងទំនាស់ដីធ្លីក្នុងសហគមន៍ ដែលអូសបន្លាយប្រមាណ១០ឆ្នាំមកហើយ។ លោកត្រូវបានសមត្ថកិច្ចហៅសួរនាំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ពីដំណើររឿងបង្ករបួសស្នាម និងហិង្សាលើអ្នកភូមិម្នាក់ ហើយនៅថ្ងៃបន្ទាប់លោក ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ រង់ចាំការកាត់ទោស។ នេះបើតាមអ្នកស្រី នាក់ កេង អាយុ៣៧ឆ្នាំជាភរិយារបស់សកម្មជនសហគមន៍ឡពាងរូបនេះ។
អ្នកស្រី កេង យល់ថា ការចាប់ខ្លួនសា្វមីជារឿង«អយុត្តិធម៌ណាស់» ដោយអ្នកស្រីនិយាយការពារស្វាមីរបស់អ្នកស្រីថា គាត់មិនបានបង្ករបួសស្នាម និងមិនបានធ្វើដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតឡើយ។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «គេដួលម៉ូតូខ្លួនគេ ហើយគេចោទមកសោះ ប៉ូលិសសាលាស្រុក គាត់អត់មានកត់កំណត់ហេតុឲ្យបានច្បាស់លាស់សិន មុននឹងបញ្ជូនប្តីខ្ញុំទៅឃុំខ្លួនអ៊ីចឹងទៅណា៎ ដូចអយុត្តិធម៌ត្រង់ហ្នឹងតែម្តង»។
អ្នកស្រី នាក់ កេង ចង់ឲ្យតុលាការស្វែងរកយុត្តិធម៌សម្រាប់ស្វាមី និងសាកសួរពីមូលហេតុនៃរឿងឲ្យបានច្បាស់លាស់ ខណៈអ្នកស្រីគិតថា រឿងនេះមានការរៀបចំពីភាគីម្ខាងទៀត ដើម្បីចាប់ខ្លួនស្វាមីរបស់អ្នកស្រីដាក់ពន្ធនាគារ។
អ្នកស្រីបន្ថែមថា៖ «គេត្រៀមចិត្តក្នុងការចាប់គាត់តាំងពីយូរ ប៉ុន្តែវាគ្មានភស្តុតាងអី។ ដល់អ៊ីចឹងគេរៀបគម្រោងធ្វើដើម្បីចាប់ខ្លួនគាត់»។
ចំណែកអ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង ក្នុងខេត្តកំពង់ឆ្នាំង លើកឡើងថាការចាប់ខ្លួនលោក រាជ សីម៉ា គឺជារឿងអយុត្តិធម៌ពីព្រោះអាជ្ញាធរ មិនបានមកសួរសាក្សីដែលឃើញហេតុការណ៍នេះទេ ស្រាប់តែកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។
អ្នកស្រីដែលអះអាងថា បានឃើញហេតុការណ៍នេះ ប្រាប់វីអូអេថា វាជាជម្លោះវាយតប់គ្នានឹងដៃ ដោយមិនមានបង្ករបួសស្នាមអ្វីធ្ងន់ធ្ងរឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «ប្រតាយប្រតប់គ្នា ទាញគ្នាចុះឡើង វាតែងតែប៉ះពាល់ហើយ ហើយឈ្មោះ សុខ ហ្នឹង ក៏ត្រូវដៃទទេទេ គ្រាន់តែគ្រវាសចុះ គ្រវាសឡើង ក៏ត្រូវ២ដៃទៅហើយខ្លួនគាត់អត់មានរបួសឈាមអីទេ។ ម៉ូតូគាត់ ក៏អត់មានខូចខាតអីដែរ។ ពេលដែលគាត់ចេញពីផ្ទះមានទំនាស់ហ្នឹង ជាផ្ទះរបស់ក្មួយខ្ញុំឈ្មោះ សេង ដែលឈ្មោះ សុខ ហ្នឹងមកបង្កបញ្ហា។ ហើយដល់ពេលចេញទៅ ឈ្មោះសុខ អត់មានបែកដៃ បែកជើង មុតដៃមុតជើងអីទេ។ ម៉ូតូក៏អត់មានការខូចខាតអីដែរ។ ដល់ពេលទៅឃើញប៉ូលិសផ្ញើរូបថតឲ្យមើល ឃើញថា របួសជើង៤ [ទៅ]១០ថ្នេរ ចោទថា រាជ សីម៉ា ហ្នឹងអ្នកកាប់ ហើយគាត់មានកាប់ណា៎។ តាមពិតគាត់របួសស្នាមដោយសារតែគាត់ដួលម៉ូតូ»។
អ្នកស្រី អ៊ុំ សុភីមើលឃើញថា ករណីនេះ អាចជាគម្រោងផែនការរៀបចំរបស់ក្រុមបទល្មើសនេសាទក្នុងសហគមន៍ ដែលធ្លាប់មានទំនាស់ជាមួយលោក រាជ សីម៉ា។
អ្នកស្រីមានប្រសាសន៍ថា៖ «គាត់[ឈ្មោះ សុខ]ទៅផឹកស៊ីជាមួយអ្នកធ្លាប់ដែលធ្វើបទល្មើស អ្នកដែល រាជ សីម៉ា ហ្នឹងណា៎។ អូនចាំទេ? កាលខែមួយ ឬខែពីរហ្នឹងនោះ[ដែល]ខ្ញុំភ្លេចខែទៅដែលគេកោះហៅទៅតុលាការទៅ អ៊ីចឹងគាត់ឈ្មោះសុខហ្នឹងគាត់ទៅផឹកស៊ីជាមួយក្រុមហ្នឹង មកបង្កជម្លោះ បង្កបញ្ហា។ អ៊ីចឹងបងគិតថា អាចនេះជាគម្រោងផែនការរៀបចំរបស់គេ»។
វីអូអេមិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងទៀតដែលគេស្គាល់ថា ឈ្មោះសុខបាននៅឡើយទេ។
លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងប្រាប់វីអូអេនៅថ្ងៃអង្គារថា សំណុំរឿងរបស់លោក រាជ សីម៉ា ត្រូវបានបញ្ជូនទៅតុលាការរួចរាល់ហើយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ពីបទហិង្សាដោយចេតនា។ ហើយលោកបដិសេធមិនអត្ថាធិប្បាយអ្វីបន្ថែមទៀតទេ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា បាននៅឡើយទេ។
លោក សៅ ភារៈ មន្ត្រីសិទ្ធិមនុស្សម្នាក់របស់អង្គការលីកាដូ ប្រចាំខេត្តកំពង់ឆ្នាំង ថ្លែងថា លោកនឹងចុះប្រមូលព័ត៌មានបន្ថែមជុំវិញករណីនេះ។
លោកថ្លែងថា៖ «ពួកខ្ញុំនឹងពិចារណាក្នុងរឿងហ្នឹង ដើម្បីផ្តល់មេធាវី ប៉ុន្តែដល់ពេលជំហានដំបូងនេះ តាមក្រុមគ្រួសារគាត់គឺថា វាជារឿងឯកជន»។
លោក រាជ សីម៉ា ធ្លាប់ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ក្នុងរឿងដីធ្លី ប៉ុន្តែលោកមិនត្រូវបានចាប់ខ្លួនមកឃុំក្នុងពន្ធនាគារឡើយ។អ្នកភូមិ ក៏បានប្តឹងទាស់នឹងសេចក្តីសម្រេចនេះផងដែរ។ នេះ បើយោងតាមអ្នកស្រីអ៊ុំ សុភី តំណាងសហគមន៍ឡពាង។
គួរបញ្ជាក់ថា សហគមន៍ឡពាង បានជាប់នៅក្នុងជម្លោះដីធ្លីអស់រយៈពេលជិត១០ឆ្នាំមកហើយជាមួយក្រុមហ៊ុន KDC ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម៕