នៅខាងក្រៅហាងកែសម្ភស្សមួយនៅភាគខាងកើតទីក្រុងម៉ូស៊ូលកាលពីពាក់កណ្ដាលខែមិថុនា អ្នកស្រី Umm Safaa បានពន្យល់ហេតុផលដែលអ្នកស្រីមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ថតរូបរបស់អ្នកស្រី ស្របពេលដែលកូនស្រីអ្នកស្រីកំពុងកែសម្ភស្សដល់ភ្ញៀវរបស់នាង។
អ្នកស្រីពន្យល់ថា៖ «នៅពេលពួកសកម្មជនរដ្ឋឥស្លាមឃើញអ្វីមួយល្អតាមកញ្ចក់ទូរទស្សន៍ ពួកគេនឹងបំផ្ទុះគ្រាប់បែកនៅទីនេះ។ អ្នកមើលចុះនៅភោជនីយដ្ឋាន My Beautiful Lady មើលចុះហាងលក់ទឹកអប់នោះ»។
កាលពីប៉ុន្មានខែកន្លងទៅ ក្រុមសកម្មប្រយុទ្ធបានវាយប្រហារហាងជំនួញទាំងពីរខាងលើ នៅពេលហាងទាំងនោះត្រូវបានផ្សាយក្នុងសារព័ត៌មានដែលជាសញ្ញាបញ្ជាក់ថា ទីក្រុងម៉ូស៊ូលត្រលប់មកវិញហើយ ក្រោយពេលក្រុងនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឥស្លាមអស់រយៈពេល៣ឆ្នាំ។ យ៉ាងហោចណាស់មានមនុស្ស២៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ ប៉ុន្តែពលរដ្ឋក្នុងតំបន់និយាយថា ចំនួនអ្នកស្លាប់មានច្រើនជាងនេះឆ្ងាយណាស់។
កាលពីថ្ងៃសុក្រកន្លងទៅ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះចំផ្សារដែលមានមនុស្សកកកុញ នៅភាគខាងកើតនៃក្រុងម៉ូស៊ូល នៅខណៈពេលដែលកងកម្លាំងអ៊ីរ៉ាក់នៅភាគខាងលិចក្រុងម៉ូស៊ូលបានវាយប្រហារលើមូលដ្ឋានចុងក្រោយរបស់ក្រុមរដ្ឋឥស្លាម។ គ្មានព័ត៌មានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់ ឬរងរបួសទេនៅពេលនោះ ប៉ុន្តែនេះជាថ្ងៃសាមញ្ញទៅហើយនៅក្រុងម៉ូស៊ូល ដែលអំពើហិង្សាកើតឡើងឥតស្រាកស្រាន្ត។
នៅពេលដែលកងទ័ពអ៊ីរ៉ាក់ត្រៀមខ្លួនយកឈ្នះសមរភូមិវាយដណ្ដើមយកក្រុងម៉ូស៊ូលក្នុងប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ ពលរដ្ឋក្នុងមូលដ្ឋាននេះមានការបារម្ភថា នៅពេលដែលសង្គ្រាមផុតរលត់ទៅ ការសាងសង់តែហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ដើម្បីបញ្ចប់អំពើឃោរឃៅជ្រុលនិយមជាងមួយទសវត្សរ៍ ហើយអាចកសាងសន្តិភាពយូរអង្វែងឡើយ។
ការវាយប្រហាររបស់ជនជ្រុលនិយមជាញឹកញាប់នៅក្រុងម៉ូស៊ូលចាប់ពីឆ្នាំ២០០៤មក នាំឲ្យមានការគ្រប់គ្រងដ៏តឹងរ៉ឹង ដែលជាលទ្ធផលបានធ្វើឲ្យគ្មានទំនុកចិត្តពីពលរដ្ឋលើយោធា។ នេះបើតាមសម្តីអ្នកស្រី Zainab អាយុ ៤០ឆ្នាំ ដែលស្ថិតនៅក្នុងផ្ទះររបស់អ្នកស្រីនៅភាគខាងកើតនៃក្រុងម៉ូស៊ូល។ នៅពេលក្រុមរដ្ឋឥស្លាមបានកាន់កាប់ទីនេះ មានការរើបម្រាស់តិចតួច ស្ទើរតែគ្មាន ក្នុងចំណោមក្រុមគ្រួសារដែលរស់នៅក្នុងទីក្រុងនេះ។
អ្នកស្រីនិយាយថា៖ «អ្វីៗមានភាពប្រសើរឡើងពេលនេះ។ ពួកយោធាអត់រុកគួនពួកយើងទៀតទេ»។
ដោយសារតែគ្រឿងសង្ហារឹមស្ទើរតែទាំងអស់ត្រូវបានអ្នកស្រីលក់ដើម្បីយកប្រាក់ទិញអាហារក្នុងពេលដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួករដ្ឋឥស្លាម នៅពេលនេះអ្នកស្រីនៅសល់តែកៅអីជ័រពណ៌លឿងតែមួយគត់សម្រាប់ភ្ញៀវ។ អ្នកស្រីនិយាយថា ទំនាក់ទំនងដែលមានភាពប្រសើរឡើងរវាងយោងធានិងសាធារណជន នឹងជួយបណ្ដេញភាពជ្រុលនិយមទាំងនោះចេញ ប៉ុន្តែមិនមែនមានន័យថា ជម្លោះត្រូវបានបញ្ចប់នោះទេ។
អ្នកស្រី Zainab បន្តថា៖ «យើងមានការបារម្ភខ្លាចក្រែងពួករដ្ឋឥស្លាមដណ្ដើមយកទៅគ្រប់គ្រងវិញក្នុងពេលប៉ុន្មានឆ្នាំខាងមុន។ មុនពេលពួកគេដកថយ ពួកគេបានសសេរនៅលើជញ្ជាំងអាគារថា យើងនឹងមានចំនួនកាន់តែច្រើននិងរឹងមាំជាងមុន ហើយយើងនឹងត្រលប់មកវិញ»។
ចំណាប់ខ្មាំង
ស្របពេលដែលក្រុងម៉ូស៊ូលភាគខាងកើតកំពុងប្រឹងប្រែងស្តារខ្លួនឡើងវិញក្នុងពេលការវាយប្រយុទ្ធនៅតែបន្ត តំបន់ភាគច្រើននៅខាងលិចគឺជាផ្ទៃដីទំនេរ ដែលមានសាកសពមនុស្សត្រូវបានគេកប់នៅក្នុងសួនច្បារ និងនៅក្រោមកម្ទេចថ្ម។ យុទ្ធជនរដ្ឋឥស្លាមដែលស្លាប់បានស្អុយរលួយនៅលើដងផ្លូវខណៈពេលដែលក្រុមគ្រួសារជាច្រើនបានរត់គេចខ្លួនពីទីនេះ និងមានអ្នកទទួលរងការស្រេកឃ្លាន ហើយជាញឹកញាប់មានរបួសដោយសារការវាយប្រយុទ្ធគ្នាដែលនៅតែកើតមានជាបន្តបន្ទាប់នៅតំបន់ទីក្រុងចាស់។
ជនស៊ីវិលរហូតដល់ទៅ ១សែននាក់ដែលជាប់គាំងនៅខាងក្នុងនៃទីក្រុងនេះត្រូវបានគេហៅថាជាចំណាប់ខ្មាំង ដោយសារតែពួករដ្ឋឥស្លាមបានប្រើប្រាស់ពួកគេជាខែលមនុស្សក្នុងសមរភូមិ។
យុវជនអាយុ១៦ឆ្នាំ មានឈ្មោះថា Mohammad កំពុងអង្គុយលើកន្ទេលរឹងមួយក្នុងជំរំជនភៀសខ្លួនមួយនៅខាងក្រៅក្រុងនេះ បីថ្ងៃក្រោយពេលគ្រួសាររបស់គាត់បានរត់គេចខ្លួន។ គាត់និយាយថា៖ «ការវាយប្រហារតាមអាកាសបាន់បាញ់ចំផ្ទះរបស់យើង ប៉ុន្តែពួកយើងបានលាក់ខ្លួននៅខាងក្រោមដំបូលដែលបានបាក់ធ្លាក់»។ ជើងរបស់គាត់ដែលនៅសល់តែម្ខាងមានរុំបង់ និងមានកំណកឈាមស្ងួតច្រើនកន្លែងនៅលើកំភួនជើងរបស់គាត់។ ចំណែកជើងម្ខាងទៀតរបស់គាត់បានបាត់បង់ដោយសារតែការវាយប្រហារដោយកាំភ្លើងត្បាល់កាលពីខែមីនា។
Mohammad និយាយថា៖ «នៅពេលកងកម្លាំងអ៊ីរ៉ាក់ចូលមកជិតដល់ផ្ទះបាក់បែករបស់គាត់ ពួកគេស្រែកថា ចេញទៅៗ!»។ Mohammad និយាយថាពួកគេបានជំរុញឲ្យក្រុមគ្រួសារទាំងនោះរត់ទៅរកទីមានសុវត្ថិភាពនៅខាងក្រោយខ្សែត្រៀមរបស់កងទ័ពអ៊ីរ៉ាក់។ ឪពុករបស់គាត់បានរត់យ៉ាងលឿននៅលើដំបូលផ្ទះអ្នកជិតខាងដោយមាន Mohammad ឱបករពីក្រោយផងដែរ។
Mohammad បានបន្ថែមដោយពន្យល់ពីមូលហេតុដែលឪពុករបស់គាត់មិនមានវត្តមានក្នុងជំរំថា៖ «ឪពុកម្តាយខ្ញុំនឹងត្រឡប់មកទីនេះពេលក្រោយ។ ពួកគាត់ត្រឡប់ទៅវិញដើម្បីរកសាកសពអ៊ុំខ្ញុំ និងបងប្អូនជីដូនមួយខ្ញុំ»។ ឈ្មោះ Ahmed ដែលជាបងប្អូនជីដូនមួយរបស់គាត់មានអាយុទើបតែ១ឆ្នាំប៉ុណ្ណោះ។
ខណៈពេលដែលមនុស្សម្នាកំពុងរត់គេចចេញពីក្រុងចាស់ដែលមានចំនួនរហូតដល់រាប់ពាន់នោះ វានៅតែមិនច្បាស់ថាតើវាត្រូវការពេលវេលាយូរប៉ុណ្ណារហូតដល់ការវាយប្រយុទ្ធគ្នាបានបញ្ចប់នោះ។ នេះបើតាមសម្តីរបស់ឧត្តមសេនីយ៍ត្រី Mohammad al-Khodary អ្នកនាំពាក្យក្រសួងការពារប្រទសអ៊ីរ៉ាក់ នៅក្នុងមន្ទីរពេទ្យក្នុងទីវាលនៅខាងក្រៅតំបន់វាយប្រយុទ្ធគ្នា។
លោក al-Khodary និយាយថា៖ «ពួកអ្នកកាសែតនៅតែសួរយើងថាតើពេលណាយើងបានជ័យជម្នះ។ ប៉ុន្តែការជួយចំណាប់ខ្មាំងដែលជាប់ខាងក្នុងគឺជារឿងសំខាន់ជាងការវាយយកបានតំបន់នេះ»។
គិតត្រឹមល្ងាចថ្ងៃសុក្រកន្លងទៅ ជនស៊ីវិលដែលរបងរបួសនិងស្លាប់ជាច្រើននាក់ត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យដោយឡាន Humvees។ ក្រុមទាហានបាននិយាយថា អ្នកដាក់គ្រាប់បែកអត្តឃាតបានគេចខ្លួនចេញ ដោយតែងខ្លួនជាជនភៀសខ្លួន។ ក្រុមគ្រួសារជាច្រើនក៏ត្រូវបានរងគ្រោះដោយការវាយប្រហារតាមអាកាស ការបាញ់ដោយកាំភ្លើងត្បាល់ និងការបាញ់ស៊ីបរបស់ពួករដ្ឋឥស្លាម។
ឧត្តមសេនីយ៍ឯក Ma'an Zaid Ibrhahim ថ្លែងថា៖ «មានគ្រួសារជាច្រើនដែលកំពុងជាប់គាំងនៅក្នុងដៃរបស់ពួករដ្ឋឥស្លាម។ ព្រះនឹងជួយពួកគេ យើងនឹងរំដោះពួកគេទាំងអស់»។
ការវិវត្តទៅមុខ
សម្រាប់កងយោធាអ៊ីរ៉ាក់វិញ ការវិវត្តទៅមុខទៀតបន្ទាប់ពីការដូលរលំនៃក្រុងម៉ូស៊ូល គឺស្មើរនឹងការបន្តទៅកាន់តំបន់ផ្សេងទៀតក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឥស្លាម ដែលរួមមានទីក្រុង Tal Afar ដែលជាទីក្រុងមានទីតាំងនៅប្រហែលចន្លោះកណ្ដាលពីក្រុងម៉ូស៊ូល ទៅព្រំដែនស៊ីរី។
តែចំពោះពលរដ្ឋនៃក្រុងម៉ូស៊ូលវិញ ការបន្តដំណើរទៅមុខរបស់ពួកគេគឺការកសាងឡើងវិញនូវសង្កាត់របស់ពួកគេ ហេដ្ឋារចនាសម្ព័ន្ធទឹកនិងភ្លើង ជំនួញ ផ្លូវផ្នល់ និងជីវិតរស់នៅរបស់ពួកគេ។
នៅក្រុងម៉ូស៊ូលភាគខាងកើត ការសាងសង់បានចាប់ផ្តើមហើយ។ សាកសពនៃយុទ្ធជនរដ្ឋឥស្លាមដែលបរាជ័យត្រូវបានគេបោសសម្អាត ឬកប់ចោល។ រណ្ដៅកើតចេញពីការវាយប្រហារតាមអាកាសត្រូវបានលប់ដីឲ្យស្អាតឡើងវិញ។ ប្រព័ន្ធទឹកម៉ាស៊ីននិងភ្លើងអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញនៅក្នុងតំបន់ជាច្រើន។
ទោះយ៉ាងណា ក្រោយពេលមានការបំផ្លិចបំផ្លាញអស់យ៉ាងច្រើននេះ ដំណើរការសាងសង់ឡើងវិញមានសភាពយឺតយ៉ាវ និងត្រូវការចំណាយច្រើនជាងអ្វីដែលរដ្ឋាភិបាលក្នុងក្រុងនេះមានលទ្ធភាព នេះបើយោងតាមលោក Ahmed Saleh al-Jabouri ជំនួយការនាយកសាលាក្រុងម៉ូស៊ូល។
លោក Ahmed Saleh al-Jabouri បានថ្លែងពន្យល់នៅការិយាល័យរបស់លោកនៅក្រុងម៉ូស៊ូលដែលអតីតជាបញ្ជាការដ្ឋនារបស់រដ្ឋឥស្លាមថា៖ «យើងមិនដឹងច្បាស់ថាតើយើងត្រូវចំណាយប៉ុន្មានទេ ពីព្រោះការខូចខាតនេះវាធំធេងណាស់។ ឧទាហរណ៍ ឡានបំផ្ទុះគ្រាប់បែកមួយគ្រឿងអាចបំផ្លាញសង្កាត់ទាំងមូលបាន»។
លោកបន្ថែមថា ការស្តារជីវភាពឡើងវិញ នឹងតម្រូវឲ្យមានមិនត្រឹមតែផ្លូវថ្នល់ប៉ុណ្ណោះទេ។ អ្នកបម្រើការក្នុងជួររដ្ឋាភិបាលក្នុងក្រុងម៉ូស៊ូលរំពឹងថានឹងទទួលបានប្រាក់ខែពីរដ្ឋាភិបាលក្រុងបាកដាដ ក្រោយពេលពួកគេត្រូវបានកាត់ផ្ដាច់អស់រយៈពេលបីឆ្នាំមុន គឺពេលដែលពួករដ្ឋឥស្លាមបានកាន់កាប់ទីនេះ ហើយមានតែអ្នកបម្រើការក្នុងរដ្ឋាភិបាលតែពីរបីក្រុមប៉ុណ្ណោះ ដែលបានចាប់ផ្តើមទទួលប្រាក់ខែឡើងវិញ។
នៅឯវិទ្យាល័យមួយដែលនៅជិតនោះ ក្រុមគ្រូបង្រៀននិយាយថា ការខ្វះប្រាក់ខែនឹងធ្វើឲ្យរាំងស្ទះកាន់តែខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដែលមនុស្សភាគច្រើនគេបានគិតឃើញ។ គ្រូបង្រៀនភាគច្រើនមិនបានទទួលប្រាក់កម្រៃទេ ចាប់តាំងពីសាលារៀនត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីខែមករា ដែលការណ៍នេះបានធ្វើឲ្យប្រព័ន្ធអប់រំដែលខូចខាតស្រាប់នេះមានតែគ្រូស្ម័គ្រចិត្តដែលមានជីវភាពដុនដាបយ៉ាងខ្លាំងប៉ុណ្ណោះ។ នេះបើយោងតាមលោក Ode Ghanem នាយកវិទ្យាល័យនេះ។
លោកបានថ្លែងថា៖ «ស្ថានភាពរបស់យើងនឹងធ្វើឲ្យសូម្បីតែដុំថ្មក៏ចេះយំដែរ។ តែយើងមិនយល់ថាហេតុអ្វីបានជាមេដឹកនាំពួកយើងមិនចេះយំដូច្នេះ»៕
ប្រែសម្រួលដោយ នៀម ឆេង