ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ស៊ីវិល​អ៊ីរ៉ាក់​រាប់ពាន់​នាក់​កំពុង​ជាប់​នៅ​ក្នុង​ក្រុង Mosul និង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​បំផុត


ប៉ូលិស​សហព័ន្ធ​របស់​អ៊ីរ៉ាក់​ម្នាក់​បាញ់រះ​លើ​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។
ប៉ូលិស​សហព័ន្ធ​របស់​អ៊ីរ៉ាក់​ម្នាក់​បាញ់រះ​លើ​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។

ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​រាប់​រយ​នាក់​នៅ​តែ​ត្រួតត្រា​ផ្នែក​តូច​មួយ​នៃ​ក្រុង Mosul ក្នុង​ប្រទេស​អ៊ីរ៉ាក់ ក៏​ប៉ុន្តែ​ពួក​មេបញ្ជាការ​នៃ​ក្រុម​យោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ ជន​ស៊ីវិល​រាប់ពាន់​នាក់​បាន​ជាប់គាំង​នៅ​ទី​នោះ​ដោយ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ពួក​គេ។​

ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​បង្ខិតបង្ខំ​ពួក​សមាជិក​គ្រួសារ​ពួក​គេឱ្យ​ប្រយុទ្ធ​ដើម្បី​ក្រុង Mosul ដែល​នៅ​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​បង្អស់ ហើយ​ពួក​មេបញ្ជាការ​អ៊ីរ៉ាក់​បាន​និយាយ​ថា​ពួក​ជ្រុល​និយម​បាន​គំរាមកំហែង​ថា​នឹង​បំផ្ទុះ​ពួក​ជន​ស៊ីវិល​ទាំង​ឡាយ​ណា​ដែល​ខិតខំ​ព្យាយាម​រត់គេច​ខ្លួន​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព។

លោក​ឧត្តមសេនីយ៍ឯក Sami al-Aridhi នៃ​សេវាកម្ម​ប្រឆាំង​នឹង​ភេរវកម្ម​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​ថា «ពួក​ស្ត្រី​បាន​រួម​ប្រយុទ្ធ​ជាមួយ​កូនៗ​ពួក​គេ​ដោយ​នៅ​ជិត​ពួក​ជន​សកម្ម​ប្រយុទ្ធ​ទាំង​នេះ»។

លោក​បាន​និយាយ​បន្ថែម​ថា «ការណ៍​នេះ​នាំ​ឱ្យ​យើង​មាន​ការ​រារែក​មិន​ចង់​ប្រើ​ការ​វាយ​ប្រហារ​តាម​អាកាស។ ប្រសិន​បើ​គ្មាន​ការណ៍​នេះ​ទេ យើង​អាច​វាយ​កម្ចាត់​ពួកវា​បាន​ក្នុង​ពេល​តែ​ពីរបី​ម៉ោង»។

ពួក​អ៊ីរ៉ាក់​បាន​និយាយ​ថា ជន​ស៊ីវិល​រាប់ពាន់​នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​ផ្នែក​ក្រុង​ចាស់​នៃ​ក្រុង Mosul ដែល​កាលពី​មុន​មាន​ផ្លូវ​ច្រក​ខ្វាត់ខ្វែង​ចង្អៀត​ក្នុង​ចំណោម​អាគារ​ចាស់ៗ ក៏ប៉ន្តែ​នៅ​ពេល​នេះ​មាន​កម្ទេចកម្ទី​ពាសពេញ។

មន្ត្រី​អ.ស.ប.​ខាង​មនុស្សធម៌​ Lise Grande បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា ​ផ្នែក​តូចៗ​នៃ​ក្រុង​ Mosul ដែល​កាន់កាប់​ដោយ​ពួក​រដ្ឋ​ឥស្លាម​អាច​ជា​ទី​ជម្រក «របស់​ជន​ស៊ីវិល​១ម៉ឺន៥ពាន់​នាក់ ហើយ​អាច​មាន​ច្រើន​នាក់​រហូត​ដល់​២ម៉ឺន​នាក់​ផង​ដែរ»។ ការ​ស្ទង់​ប្រមាណ​តួ​លេខ​នេះ​មិន​បាន​ត្រូវ​បញ្ជាក់​ថា​ ជា​ចំនួន​ពិត ​ដោយ​កង​យោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ឡើយ​ទេ ទោះ​ណា​ជា​លោក​ឧត្តមសេនីយ៍ al-Aridhi បាន​យល់ស្រប​ថា ​ពួក​ជន​ស៊ីវិល​កំពុង​មាន​គ្រោះថ្នាក់​ធំ​ក៏​ដោយ៕

XS
SM
MD
LG