វាគឺជាថ្ងៃដែលអ្នកបោះឆ្នោតអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិកទន្ទឹងរង់ចាំ ខណៈដែលពួកគេនាំគ្នាទៅមណ្ឌលបោះឆ្នោតដើម្បីបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី។
អ្នកបោះឆ្នោតនាំគ្នាតម្រង់ជួរយ៉ាងវែងនៅក្នុងរដ្ឋនានា ដូចជានៅក្នុងរដ្ឋ ញូវយ៉ក និងរដ្ឋ Georgia ជាដើម ដែលនេះគឺជាការសាកល្បងទៅលើភាពអត់ធ្មត់របស់ពួកគេ។
ក្រុមមន្ត្រីនិយាយថា អ្នកបោះឆ្នោតត្រូវឈរតម្រង់ជួរយូរ ប៉ុន្តែនេះហាក់ដូចជាមិនមែនដោយសារតែលទ្ធផលនៃការជ្រៀតជ្រែកក្នុងប្រព័ន្ធបោះឆ្នោតអាមេរិកពីបរទេសនោះទេ។ អ្នកស្រី Kirstjen Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកបានថ្លែងថា៖
«ខ្ញុំអាចនិយាយដោយជឿជាក់បានថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីអាមេរិកឆ្នាំ២០១៨នេះ គឺជាការបោះឆ្នោតដ៏មានសុវត្ថិភាពបំផុតនៅក្នុងយុគសម័យទំនើបនេះ»។
ជាច្រើនខែ បន្ទាប់ពីមន្ត្រីស៊ើបការណ៍សម្ងាត់កំពូលរបស់អាមេរិករូបនេះបាននិយាយព្រមានអំពីលទ្ធភាពខ្ពស់នៃជ្រៀតជ្រែករបស់បរទេសចូលក្នុងប្រព័ន្ធបោះឆ្នោតអាមេរិក ឧបករណ៍ត្រួតពិនិត្យជាច្រើនមិនបានរកឃើញសញ្ញាអ្វី ថាមានការសហការគ្នាដើម្បីវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកទេ មិនថាពីសំណាក់រុស្ស៊ី ឬពីប្រទេសណាផ្សេងនោះទេ។
អ្នកស្រី Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកបានថ្លែងបន្តទៀតថា៖
«ខណៈពេលនេះ យើងមិនឃើញមានការចង្អុលបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតរបស់យើង ដែលថា មានការរារាំងដល់ការបោះឆ្នោត ការផ្លាស់ប្ដូរចំនួនសន្លឹកឆ្នោត ឬការមិនទុកចិត្តលើសមត្ថភាពនៃការរាប់សន្លឹកឆ្នោតនោះទេ»។
ការអះអាងនេះមិនបានធ្វើឲ្យអ្នកបោះឆ្នោតស្ងប់ចិត្តទេ ហើយពួកគេត្រូវឈរតម្រង់ជួរអស់រយៈពេលរាប់ម៉ោង។ អ្នកស្រី Karen Lewis ដែលជាអ្នកបោះឆ្នោតម្នាក់បាននិយាយថា៖
«ខ្ញុំមិនគិតថា វាកើតឡើងដោយចៃដន្យនោះទេ។ ខ្ញុំគិតថា មានគេមានបំណងធ្វើឲ្យវាទៅជាដូច្នេះ ហើយពេលខ្លះ មានគេចង់រារាំងដល់ការបោះឆ្នោត»។
លោក Jason Carter អតីតសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋខាងគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Georgia និយាយថា៖
«យើងដឹងថា មានអ្នកបោះឆ្នោតខ្លះសុខចិត្តដើរចេញមិនទ្រាំឈរតម្រង់ជួរទេ។ របាយការណ៍នានាបង្ហាញថា មានអ្នកបោះឆ្នោតប្រហែល១០០នាក់ដើរចេញ»។
មន្ត្រីសហព័ន្ធបានបន្ទោសថា បញ្ហាទាំងអស់នេះគឺបណ្តាលមកអ្វីដែលគេចាត់ទុកថា ជាកំហុសបច្ចេកទេស ហើយថា ពួកគេជឿថា មន្ត្រីថ្នាក់រដ្ឋនឹងរៀនពីកំហុសរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីអនុវត្តច្បាប់និងបណ្តាក្រុមហ៊ុនបណ្តាញសង្គមកំពុងតែពិនិត្យមើលលម្អិតទៅលើបញ្ហានានាដែលអាចកើតឡើងនៅក្នុងប្រទេស។
លោក Chris Krebs អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកមានប្រសាសន៍ថា៖
«យើងបានឃើញករណីមួយចំនួន ដែលមានដូចជាការរាយការណ៍មិនពិតទៅលើពេលវេលាបោះឆ្នោតជាដើម»។
បើទោះជាមណ្ឌលបោះឆ្នោតបានបិទទៅហើយ ហើយការបោះឆ្នោតក៏ប្រព្រឹត្តទៅបានចប់សព្វគ្រប់ក៏ដោយ ក៏ការងារនេះនៅមិនទាន់ចប់នៅឡើយទេ។
ក្រុមមន្ត្រីនៃក្រសួងសន្តិសុខមាតុភូមិបារម្ភអំពីឥទ្ធិពលពីប្រតិបត្តិការនានានៅក្រោយការបោះឆ្នោតដែលអាចកើតឡើង ដូចជាការព្យាយាមបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកាំងឲ្យជឿថា សន្លឹកឆ្នោតរបស់ពួកគេមិនត្រូវបានគេរាប់ជាបានការជាដើម៕
ប្រែសម្រួលដោយអ្នកនាង ហុង ចិន្តា