នៅពេលដែលប្រទេសជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាននឹងជួបប្រជុំគ្នានៅក្នុងប្រទេសសិង្ហបុរីនៅពាក់កណ្ដាលខែនេះ បញ្ហាចម្បងមួយគឺថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបយ៉ាងដូចម្ដេចចំពោះការកើនឡើងនូវឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសចិន។
កាលពីខែតុលាកន្លងទៅនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានគូសបញ្ជាក់នូវគោលនយោបាយខ្លាំងក្លាជាងមុនមួយ។
លោក Mike Pence បានបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកចង់បានទំនាក់ទំនងដែលផ្អែកលើយុត្តិធម៌ ភាពទៅវិញទៅមក និងការគោរពអធិបតេយ្យគ្នា ហើយសហរដ្ឋអាមេរិកបានចាត់វិធានការយ៉ាងមុតមាំ និងឆាប់រហ័សដើម្បីសម្រេចនូវគោលបំណងនេះ»។
អតីតប្រធានាធិបតីអាមេរិកលោក Barack Obama បានប្រកាន់យកគោលនយោបាយ «ឆ្ពោះទៅកាន់ទ្វីបអាស៊ី» ដែលជាយុទ្ធសាស្ត្រធ្វើឲ្យផលប្រយោជន៍របស់សហរដ្ឋអាមេរិកមានតុល្យភាពឡើងវិញរវាងទ្វីបអឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងទ្វីបអាស៊ី ដោយផ្ដោតលើទ្វីបអាស៊ីដែលរដ្ឋបាលរបស់លោកមើលឃើញថាមានសារៈសំខាន់សម្រាប់អនាគតរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក DonaldTrump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅកាត់ថា TPP ដែលជាចំណុចសំខាន់នៃយុទ្ធសាស្ត្រនោះ។ ការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់ទិន្នផលសេដ្ឋកិច្ចពិភពលោកប្រហែល ៤០ ភាគរយ។ រដ្ឋបាលរបស់លោក Trump បានជំនួសយុទ្ធសាស្ត្ររបស់លោក Barack Obama ដោយយុទ្ធសាស្ត្រមួយដែលគេស្គាល់ថា «តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
លោក March Mealy នៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិកអាស៊ាន បាននិយាយថា៖ «ឥឡូវនេះពួកគេអនុវត្តនូវគោលនយោបាយមួយផ្សេងពីនេះ ដែលប្រហែលជាផ្ដោតលើការធ្វើពាណិជ្ជកម្ម និងការដោះដូរទំនិញបន្ថែមជាងមុន។ ខ្ញុំគិតថា ភាពខុសគ្នាទីពីរដែលយើងឃើញនៅក្នុងយុទ្ធសាស្ត្រថ្មីនេះគឺគោលនយោបាយពាណិជ្ជកម្ម។ រដ្ឋបាលរបស់លោក Trump បច្ចុប្បន្នបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ខ្លួនចង់បាននូវគោលនយោបាយពាណិជ្ជកម្មទ្វេភាគី»។
បញ្ហាសមុទ្រចិនខាងត្បូងនៅតែជាក្ដីបារម្ភសម្រាប់បណ្ដាប្រទេសអាស៊ាន ដែលបណ្ដាប្រទេសទាំងនោះយល់ថា មហិច្ឆតាពង្រីកទឹកដីរបស់ចិនត្រូវបានគេមើលឃើញថាជាការគំរាមកំហែង។ អ្នកវិភាគអាមេរិកាំងនានាបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែជាកម្លាំងដែលអាចពឹងពាក់បានមួយទាក់ទិននឹងជម្លោះដែនដីនេះ។
លោក Vikram Singh នៃវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិក (US Insitute of Peace) បានបញ្ជាក់ដូច្នេះថា៖
«ការណ៍ដែលសហរដ្ឋអាមេរិកនៅតែប្រឡូកខ្លួននៅក្នុងរឿងនេះ ការណ៍ដែលរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកទៅចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិដទៃទៀតនៅក្នុងតំបន់ គឺមានន័យថា សហរដ្ឋអាមេរិកនៅតែបន្តវត្តមានល្បាតត្រួតពិនិត្យរបស់ខ្លួនដដែល»។
សហរដ្ឋអាមេរិកនិងចិនគឺជាគូប្រជែងនឹងគ្នាជាយូរមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែគោលនយោបាយរបស់លោកប្រធានាធិបតី Trump ចំពោះភាពខុសគ្នាផ្នែកពាណិជ្ជកម្ម និងសន្តិសុខបានធ្វើឲ្យប្រទេសមួយចំនួនព្រួយបារម្ភអំពីអ្វីដែលអាចនឹងកើតមាននៅពេលអនាគត។
លោក Bonnie Glaser នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS បាននិយាយដូច្នេះថា៖
«បណ្ដាប្រទេសទាំងនោះចង់មានទំនាក់ទំនងល្អជាមួយប្រទេសចិន ចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។ ខ្ញុំគិតថា ប្រទេសខ្លះមានការភ័យខ្លាចបន្តិចបន្តួចថា រដ្ឋបាលរបស់លោក Trump ពិតជាត្រូវការពួកគេ ដោយបង្ខំឲ្យពួកគេជ្រើសរើសយកមួយក្នុងចំណោមប្រទេសចិន ឬក៏សហរដ្ឋអាមេរិក។ ហើយខ្ញុំគិតថា គ្មានប្រទេសណាមួយនៅក្នុងតំបន់មានអារម្មណ៍សុខស្រួលចំពោះរឿងនេះទេ»។ សហរដ្ឋអាមេរិកក៏ត្រូវប្រកួតប្រជែងជាមួយគម្រោងផ្ដួចផ្ដើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិនផងដែរ។
គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនេះគឺជាយុទ្ធសាស្ត្រវិនិយោគជាសកលរបស់ចិន ដែលឥឡូវនេះមានថវិកាវិនិយោគចំនួន ១ លានលានដុល្លារអាមេរិក ដោយមានផែនការមហិច្ឆតាសម្រាប់ការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍។ កន្លងមក រដ្ឋបាលរបស់លោក Trump បានបង្កើតទីភ្នាក់ងារថ្មីមួយដែលមានទឹកប្រាក់ ៦០ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ការផ្ដល់ប្រាក់កម្ចីឯកជនសម្រាប់គម្រោងនានានៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។
លោកអនុប្រធានាធិបតី Mike Pence ត្រូវបានគេរំពឹងថានឹងបង្ហាញពីភស្តុតាងនៃការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលលោកជួបជាមួយនឹងមេដឹកនាំនានានៅក្នុងកិច្ចប្រជុំនៅប្រទេសសិង្ហបុរីក្នុងសប្ដាហ៍នេះ៕
ប្រែសម្រួលដោយ ហេង រស្មី