ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត


រូបភាព​ផ្តល់​ឲ្យ​កាលពី​ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩​នេះ​បង្ហាញ​ពី​ការ​ខូចខាត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កន្លែង​ចម្រាញ់​ប្រេង​ ក្នុង​ក្រុង Buqyaq ប្រទេស​អារ៉ាប៊ី​សាអូឌីត។
រូបភាព​ផ្តល់​ឲ្យ​កាលពី​ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩​នេះ​បង្ហាញ​ពី​ការ​ខូចខាត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កន្លែង​ចម្រាញ់​ប្រេង​ ក្នុង​ក្រុង Buqyaq ប្រទេស​អារ៉ាប៊ី​សាអូឌីត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក «ត្រៀម​ខ្លួន​រួចរាល់​ហើយ» ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដ៏​ខ្លាំងក្លា​លើ​តំបន់​ប្រេង​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​កន្លែង​ចម្រាញ់​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «មាន​មូលហេតុ​ដែល​ជឿ​ថា យើង​ស្គាល់​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ»។ លោក​បាន​បន្ថែម​ថា លោក​កំពុង​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចំពោះ​ថា​តើ​ប្រទេស​នេះ​ជឿ​ថា​នរណា​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​នេះ និង​ថា​តើ «យើង​នឹង​ចាត់​វិធានការ​បន្ត​ទៅ​មុខ​ផ្អែក​លើ​លក្ខខណ្ឌ​អ្វី​ខ្លះ»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​សរសេរ​នៅ​លើ Twitter ថា៖ «ប្រទេស​អ៊ីរ៉ង់​ឥឡូវ​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ពិភពលោក» ដោយ​ច្រានចោល​ការ​អះអាង​របស់​ពួក​ឧទ្ទាម Houthi នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​ថា​ពួកគេ​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ដោយ​ប្រើ​យន្តហោះ​ដ្រូន។

អ៊ីរ៉ង់​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា​ខ្លួន​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​នេះ គឺ​ជា «ការ​កុហក​ទាំង​ស្រុង»។

លោក Trump ក៏​បាន​ប្រកាស​ផង​ដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​ប្រេង​ពី​កន្លែង​ផ្ទុក​ប្រេង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ប្រសិនបើ​ចាំបាច់ «ក្នុង​ចំនួន​មួយ​ដែល​នឹង​កំណត់​នៅ​ពេល​ខាង​មុខ» ដែល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ប្រេង។

ការ​វាយ​ប្រហារ​លើ​រោងចក្រ Abqaiq នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​លើ​តំបន់​ប្រេង Khurais មុន​ពេល​ថ្ងៃ​រះ​កាល​ពី​ថ្ងៃ​សៅរ៍ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ដ៏​ខ្លាំងក្លា។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា គ្មាន​នរណា​ម្នាក់​បាន​ស្លាប់ ឬ​ក៏​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ទេ៕

XS
SM
MD
LG