ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មានសាកល (USAGM) កំពុងធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថា អ្នកសារព័ត៌មានមួយរូបសម្រាប់សេវាផ្សាយទូរទស្សន៍ Marti ដែលផ្សាយព័ត៌មានទៅកាន់ប្រទេសគុយបានោះ បានប្រឌិតអំពីការវាយប្រហារដោយកាំភ្លើងត្បាល់មួយ ក្នុងអំឡុងពេលរាយការណ៍ព័ត៌មានតាមទូរទស្សន៍ពីប្រទេសនីការ៉ាហ្គា។
អ្នកសារព័ត៌មានទូរទស្សន៍ Marti របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មានសាកល (USAGM) ដែលស្ថិតក្រោមការចោទប្រកាន់ពីបទប្រឌិតព័ត៌មានក្លែងក្លាយគឺលោក Tomas Regalado Jr. ដែលជាកូនប្រុសនាយកការិយាល័យផ្សាយព័ត៌មានទៅកាន់ប្រទេសគុយបាគឺលោក Tomas Regalado Sr.។ លោក Regalado ដែលជាឪពុកបានដាក់អាទិភាពឲ្យបង្កើនបទដ្ឋានអ្នកសារព័ត៌មាន បន្ទាប់អង្គភាពដែលផ្គត់ផ្គង់ថវិកាដោយរដ្ឋាភិបាលអាមេរិកមួយនេះ បានផ្សាយព័ត៌មានរើសអើង ដោយបានហៅលោក George Soros ដែលជាអ្នកធ្វើអំពើមនុស្សធម៌សេរីមួយរូប ថាជា «អ្នកកាន់សាសនាជីហ្វដែលមិនជឿទៅលើក្រមសីលធម៌សាសនាជីហ្វ»។
បទចោទប្រកាន់ប្រឌិតរឿងមិនពិត
បណ្តាញផ្សាយព័ត៌មានជាភាសាអេស៉្បាញ CiberCuba និង Cubanos por el Mundo ថ្មីៗនេះបានធ្វើការចោទសួរអំពីសុពលភាពនៃសេចក្តីរាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ Marti ដែលរងការចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបង្ហាញពីលោក Regalado Jr. រាយការណ៍ព័ត៌មានពីដងផ្លូវមួយក្នុងរដ្ឋធានី Managua ក្នុងប្រទេស នីការ៉ាហ្គា នៅពេលដែលមានការផ្ទុះឡើងតូចមួយនៅពីក្រោយលោក។
បណ្តាញផ្សាយព័ត៌មានឯករាជ្យគុយបានានាបានទាញយកវីដេអូដែលហាក់បានបង្ហាញពីការវាយប្រហារដែលត្រូវបានគេប្រឌិតឡើង ដើម្បីធ្វើឲ្យមើលទៅឃើញដូចអ្នកសារព័ត៌មានរងការវាយប្រហារ។ វីដេអូនេះបង្ហាញពីក្រុមបុរសពាក់ស្រោមមុខបាញ់កាំភ្លើងត្បាល់ ហើយអ្នកថតវីដេអូក្រោយមកបានបែរទៅផ្តោតលើលោក Regalado Jr. ខណៈលោកកំពុងរត់ត្រឹកៗទៅមុខ ខណៈមានសំឡេងសើចរបស់អ្នកចូលពាក់ព័ន្ធទាំងអស់ពីក្រោយ។
លោក Regalado Jr. និងអ្នកកាន់ម៉ាស៊ីនថតរបស់ទូរទស្សន៍ Marti ដែលថតសេចក្តីរាយការណ៍ដែលមានការសង្ស័យនេះគឺលោក Rodolfo Hernandez ត្រូវបានព្យួរពីការងារស្របពេលដែលមានការស៊ើបអង្កេតរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មានសាកល (USAGM)។
កាលពីខែធ្នូ លោក Hernandez បានទទួលរង្វាន់ David Burke ដែលជារង្វាន់សារព័ត៌មានល្បីល្បាញមួយរបស់ទីភ្នាក់ងារ USAGM ដោយសារតែលោកបានរាយការណ៍ព័ត៌មានប្រកបដោយ «ការប្តេជ្ញាយ៉ាងអង់អាចក្លាហាន» ពីប្រទេសនីការ៉ាហ្គា និងបណ្តាប្រទេសនៅក្នុងតំបន់។
នាយកប្រតិបត្តិទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មានសាកល (USAGM) លោក John Lansingថ្លែងនៅក្នុងសារអេឡិចត្រូនិចមួយកាលពីថ្ងៃអង្គារថា «លោកប្រកាន់យកបទដ្ឋាននិងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅទីភ្នាក់ងារ USAGM យ៉ាងម៉ត់ចត់»។ លោកក៏បានថ្លែងថា លោករំពឹងថា «បណ្តាញសារព័ត៌មានទាំងអស់ដែលស្ថិតក្រោមទីភ្នាក់ងារ USAGM ប្រកាន់ភ្ជាប់នូវការពិត ភាពយុត្តិធម៌ និងប្រកបដោយការទទួលខុសត្រូវពេលរាយការណ៍ព័ត៌មាន»។
បញ្ហាជឿទុកចិត្ត
លោក Alex Otaola នៃសារព័ត៌មាន Cubanos Por el Mundo ស្ថិតក្នុងចំណោមអ្នកដែលបានបង្ហោះវីដេអូបង្ហាញពីការក្លែងបន្លំនេះដំបូងគេ។ លោកបានថ្លែងថា ប្រសិនឧបទ្ទវហេតុនេះជាការប្រឌិតឡើងនោះ ការបំផ្លើសរបស់បណ្តាញផ្សព្វផ្សាយនេះនឹងបំផ្លាញជំនឿទុកចិត្តទៅលើបណ្តាញផ្សាយព័ត៌មានទាំងអស់ ហើយនិងក្រុមបក្សប្រឆាំងដែលព្យាយាមចង់ផ្តល់ព័ត៌មានដល់ទស្សនិកជននៅក្នុងប្រទេសគុយបា កន្លែងដែលរដ្ឋាភិបាលកុម្មុយនិស្តបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ។
លោក Otaola បានថ្លែងនៅក្នុងកម្មវិធីប្រចាំសប្តាហ៍របស់លោកក្នុងគេហទំព័រ Youtube ដែលមានឈ្មោះថា «Hola Ota-Ola» ថា៖
«ប្រសិនបើគេអាចរកឃើញថា អ្វីដែលពួកគេបានធ្វើនិងមូលហេតុដែលពួកគេធ្វើដូច្នេះក្រោយការស៊ើបអង្កេតហើយគេសន្និដ្ឋានថាវាជាព័ត៌មានក្លែងក្លាយ នោះវានឹងធ្វើឲ្យប៉ះពាល់កិត្តិនាមរបស់មនុស្សគ្រប់គ្នាដែលខិតខំធ្វើកិច្ចការដើម្បីបញ្ចេញសំឡេងរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងដើម្បីសេរីភាពរបស់ប្រទេសគុយបា»។
លោក Regalado Sr. នាយកការិយាល័យផ្សាយព័ត៌មានទៅគុយបាហៅកាត់ថា OCBនិងជាអតីតអភិបាលក្រុង Miami រដ្ឋ Florida បានប្រាប់កាសែត The New York Times ថា លោកបានដកខ្លួនចេញមិនពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតទៅលើកូនប្រុសរបស់លោកនោះទេ ហើយថាលោក គ្រោងនឹងបន្តមុខនាទីជាថ្នាក់ដឹកនាំការិយាល័យនេះដដែល។
កាលពីដើមឆ្នាំ២០១៩ នេះ ទីភ្នាក់ងារ USAGM ដែលមើលការខុសត្រូវបណ្តាញផ្សព្វផ្សាយព័ត៌មានលក្ខណៈអន្តរជាតិដែលឧបត្ថម្ភដោយថវិការបស់ពលរដ្ឋអ្នកបង់ពន្ធរួមមាន សំឡេងសហរដ្ឋអាមេរិក VOA ផងដែរនោះ បានបញ្ជារឲ្យក្រុមអ្នកសារព័ត៌មាននិងអ្នកវិជ្ជាជីវៈជំនាញឯករាជ្យពិនិត្យទៅលើកម្មវិធីរបស់ការិយាល័យ OCB ពាក់ព័ន្ធនឹងភាពអសីលធម៌ គ្មានវិជ្ជាជីវៈ ភាពលំអៀងនិងគ្មានបទដ្ឋានត្រឹមត្រូវ។ ការត្រួតពិនិត្យដិតដល់មួយបានរកឃើញថា មានការប៉ុនប៉ងតិចតួចឬមិនមានការប៉ុនប៉ងក្នុងការផលិតសេចក្តីរាយការណ៍ដែលមានតុល្យភាពនៅទាំងវិទ្យុនិងទូរទស្សន៍ Marti ហើយថា បទដ្ឋានក្នុងការផ្សព្វផ្សាយដោយឥតលំអៀងជាទូទៅត្រូវបានគេប្រងើយកន្តើយ ដោយលំអៀងទៅរកវិធីសាស្ត្រធ្វើផ្សព្ធផ្សាយបែបឃោសនា។
ក្រុមការងាររួមគ្នារវាងទីភ្នាក់ងារ USAGM និង OCB ត្រូវបានបង្កើតឡើងដើម្បីបង្កើនបទដ្ឋានអ្នកសារព័ត៌មាន ក៏ដូចជាដើម្បីជួយធ្វើឲ្យរចនាសម្ព័ន្ធគ្រប់គ្រងកាន់តែប្រសើរជាងមុន។
ដោយមានមូលដ្ឋាននៅក្នុងទីក្រុង Miami ការិយាល័យផ្សាយព័ត៌មានទៅគុយបា OCB គ្រប់គ្រងវិទ្យុ Marti ដែលបង្កើតឡើងក្នុងឆ្នាំ១៩៨៥ និងទូរទស្សន៍ Marti ដែលត្រូវបានបង្កើតឡើង៥ឆ្នាំក្រោយមក។ ក្នុងឆ្នាំ២០១៨ ការិយាល័យ OCB ទទួលបានថវិកាជាង២៩លានដុល្លារពីថវិកាសហព័ន្ធ។ ទូរទស្សន៍ Marti ផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋគុយបាជិត១១ភាគរយ ប៉ុន្តែសេវាទូរទស្សន៍ជាញឹកញាប់ត្រូវបានរារាំងដោយរដ្ឋាភិបាលគុយបា។
ទូរទស្សន៍និងវិទ្យុ Marti ត្រូវបានក្រសួងការបរទេសនិងសភាស្តីបន្ទោសជាយូរមកហើយថាផ្សាយព័ត៌មានមិនត្រឹមត្រូវនិងជាការឃោសនាមិនល្អ។
បញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងលោក Soros ដែលដំបូងឡើយចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០១៨ បានចេញផ្សាយជាសាធារណៈប៉ុន្មានខែក្រោយមក បន្ទាប់ពីអ្នកសរសេរប្លុកម្នាក់បានបញ្ចេញឲ្យឃើញ។ លោក Lansing បានថ្កោលទោសសេចក្តីរាយការណ៍អំពីលោក Soros ថាជាការប៉ះពាល់កិត្តិយសធ្ងន់ធ្ងរ ហើយបុគ្គលិកទូរទស្សន៍ Marti ចំនួន៩នាក់ត្រូវបានបណ្តេញចេញពីការងារ លាលែងពីតំណែង ឬត្រូវព្យួរការងារ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មានដ៏ចម្រូងចម្រាស។
រឿងចម្រូងចម្រាសក្នុងពេលអតីតកាល
ទីភ្នាក់ងារ USAGM ក៏បានប្រឈមនឹងការបំពានក្រមសីលធម៌សារព័ត៌មានធ្ងន់ធ្ងរផ្សេងទៀតផងដែរ។ បុគ្គលិកជាន់ខ្ពស់មួយរូបរបស់ទីភ្នាក់ងារនេះ ថ្មីៗនេះត្រូវបានរកឃើញថាមានទោសពីបទលួចបន្លំថវិការដ្ឋាភិបាលជិត៤ម៉ឺនដុល្លារ ដោយបន្លំបង្កាន់ដៃសណ្ឋាគារនិងរថយន្តតាក់ស៊ី និងឲ្យទីភ្នាក់ងារចេញថវិកាដល់ខ្លួនសម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយពីសៀវភៅនិងការធ្វើដំណើរចុងសប្តាហ៍របស់ខ្លួន។
កាលពីខែតុលាឆ្នាំមុន អ្នកសារព័ត៌មាន១៥នាក់មកពី VOA សេវាភាសា Hausa ត្រូវបានបណ្តេញចេញពីការងារឬត្រូវបានយកមកណែនាំ ដោយសារតែពួកគេទទួលប្រាក់សំណូកពីមន្ត្រីនីហ្សេរីយ៉ាមួយរូប។ ហើយអតីតប្រធានសេវាភាសាចិនរបស់ VOA ត្រូវបានបញ្ឈប់ពីការងារដោយសារតែបានអនុញ្ញាតឲ្យមហាសេដ្ឋីចិនដែលនិរទេ្ទសខ្លួនធ្វើការចោទប្រកាន់ដោយឥតភស្តុតាងប្រឆាំងនឹងក្រុមមន្ត្រីនៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលផ្សាយព័ត៌មានបន្តផ្ទាល់។
ទាំងលោក Lansing នាយកប្រតិបត្តិទីភ្នាក់ងារ USAGM និងលោកស្រី Amanda Bennettនាយក VOA ត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជ្រើសរើសលោក Michael Pack ដែលជាអ្នកផលិតភាពយន្ត អភិរក្សមួយរូប ឲ្យគ្រប់គ្រងទីភ្នាក់ងារ USAGM ប៉ុន្តែព្រឹទ្ធសភាមិនទាន់បោះឆ្នោតទៅលើការតែងតាំងនេះនៅឡើយទេ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា