ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​ព័ត៌មាន​អនឡាញ​​ក្នុង​ស្រុក​មួយ​ទទួល​បាន​អាជ្ញាបណ្ណ​ឡើង​វិញ ក្រោយ​អន្តរាគមន៍​របស់​រដ្ឋ​មន្ត្រី​ព័ត៌មាន​


រូបឯកសារ៖ លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្លែង​អំពី​ចំណាត់​ការ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​នៅកម្ពុជា​នៅក្នុង​សន្និសីទ​សារព័តមាន​ នៅថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧។​ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្លែង​អំពី​ចំណាត់​ការ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​នៅកម្ពុជា​នៅក្នុង​សន្និសីទ​សារព័តមាន​ នៅថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧។​ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​ព័ត៌មាន​សម្រេច​បន្ត​អាជ្ញាបណ្ណ​អាជីវកម្ម​ដល់​ចាងហ្វាង​គេហ​ទំព័រព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ (Cambodia Today)​ ក្រោយ​ពី​លោក​បាន​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​កាន់ក្រសួង​ព័ត៌មាន និង​ទាក់ទង​ជាមួយ​រដ្ឋមន្រ្តី​លោក ខៀវ កាញារីទ្ធ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ចាងហ្វាង​គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​នេះ។

ចាងហ្វាង​គេហ​ទំព័រ​កម្ពុជា​ថ្ងៃ​នេះ​ លោក​ ទូច​ យុទ្ធា ​បានប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន​លោក​ខៀវ កាញារីទ្ធ ​យល់​ស្រប​តាមសារ​ឆ្លើយឆ្លង​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ​ចំពោះ​ការ​បន្ត​អាជ្ញា​បណ្ណ​ដល់​អង្គភាព​ព័ត៌មាន​របស់​លោក​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ​បន្ទាប់​ពីស្ថាប័ន​របស់​លោក​បានដាក់​សំណើ​បែប​បទ​សុំ​អាជ្ញាបណ្ណ​ទៅ​កាន់ក្រសួង​ព័ត៌មាន​។

លោក ទូច យុទ្ធា ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី បាន​និយាយថា ការ​ទទួល​បាន​អាជ្ញាបណ្ណ​ឡើង​វិញ​នេះ​នឹង​ជួយ​ឱ្យ​អង្គភាព​លោក​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម។ ​

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ស្វាគមន៍​នឹង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ក្នុង​ការ​សម្រេច​អនុ​ញ្ញាត​បន្ត​សុពលភាព​អាជ្ញាបណ្ណ​គេហទំព័រ​កម្ពុជា​ថ្ងៃនេះ​របស់​ខ្ញុំ​ឱ្យ​ដំណើរការ​ឡើង​វិញ​ជា​ធម្មតា ដើម្បី​បម្រើ​ដូចជា​ផ្តល់​ព័ត៌មាន​ពិត​ ឥតលម្អៀង ជូន​ទៅ​ដល់​ថ្នាក់​ដឹកនាំ​ដើម្បី​សម្រេច​ចិត្ត​ និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រសួង​ មន្ទីរ ទាក់ទិន​នឹង​បញ្ហា​មិន​ប្រក្រតី ដែល​កើត​មាន​នៅ​តាម​បណ្តា​រាជធានី ​ខេត្ត​ ទាំង​ ២៥ ទូទាំង​ប្រទេស​កម្ពុជា​»។

ដំណាល​គ្នា​នេះ​ដែរ លោក​ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​ពិចារណា​ផ្តល់អាជ្ញាបណ្ណ​សាជាថ្មី​ដល់​អង្គភាព​សារព័ត៌មាន​ចំនួន​ពីរ​ទៀត​រួ​មមាន​ អង្គភាព​សារ​ព័ត៌មាន​ Bayongtimes (www.bayongtimes.com) និង​អង្គភាព​សារ​ព័ត៌មាន​ KCTV​ ដែល​ក្រសួង​ព័ត៌មាន​សម្រេច​មិន​បន្ត​អាជ្ញាបណ្ណ​កាល​ពី​ពេល​មុន​មកនោះ​។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​មីនា អង្គភាព​សារ​ព័ត៌មាន​ចំនួន ​៣ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សម្រេច​មិន​បន្ត​អាជ្ញា​បណ្ណ​អាជីវកម្ម​នោះ​ រួមមាន​ អង្គភាព​សារ​ព័ត៌មាន​ Bayongtimes ​អង្គភាព​សារព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ​ (www.cambodiatoday.news) ​និង​អង្គភាព​សារ​ព័ត៌មាន​ KCTV។ ​នេះ​បើ​តាម​លិខិត​របស់​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ សុខ ប្រសិទ្ធ។

បើ​តាម​ការ​បញ្ជាក់លោក​ ទូច​ យុទ្ធា​ ចាងហ្វាង​គេហ​ទំព័រ​កម្ពុជា​ថ្ងៃ​នេះ​ លិខិត​របស់​លោក ​សុខ ប្រសិទ្ធ​ កើត​មាន​ឡើង​ ក្រោយ​ពេល​អង្គភាព​ព័ត៌មាន​របស់​លោក​ចេញ​ផ្សាយ​ព័ត៌មាន​មួយ ​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ដេញ​ថ្លៃ​ផ្គត់​ផ្គង់​សម្ភារៈ​ការិយាល័យ​នៅ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ដែល​មន្ត្រី​រាជការ​ក្រសួង​នេះ ត្រូវ​បានសង្ស័យ​ថា​ បាន​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

វីអេអូ​បាន​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ នៅ​ថ្ងៃ​សុក្រ​នេះ តែ​មន្ត្រីនាំពាក្យ​រូបនោះ​ បាន​បង្វែរ​សំណួរ​ទៅ​កាន់អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន​និង​សោត​ទស្សន៍ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ផុស សុវណ្ណ។ វីអូអេក៏មិន​ទាន់អាច​ទាក់​ទងលោក​ផុស សុវណ្ណ​បានដែរ​ ដោយសារ​ទូរសព្ទលោក​រោទិ៍តែគ្មាន​អ្នកទទួល។ ​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (CamboJa)​ លោក​ ណុប វី​ ចាត់​ទុកការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​អង្គភាព​សារព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ​ជា​ «សញ្ញា​ល្អ» មួយ ដែល​ឆ្លុះ​បញ្ចាំង​ថា សំណូមពរ​របស់​អង្គការ​និង​ស្ថាប័ន​គាំពារ​សេរីភាព​សារព័ត៌មាន​ធ្វើ​ឡើងអំឡុងពេល​ទិវា​សេរីភាព​សារព័ត៌មាន​កន្លង​ទៅ​នេះ​គឺ មាន​ប្រសិទ្ធភាព។

លោក​បាន​ថ្លែង​ថា៖ «អ៊ីចឹង​ការ​ផ្តល់​អាជ្ញាបណ្ណ​មួយ​ដែល​ក្រសួង​បាន​ធ្វើ​ឡើង​នេះ​គឺជា សញ្ញា​មួយ​ល្អ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា យើង​អាច​ទទួល​យក​យោបល់ ឬ​មួយ​ក៏​ស្វែងយល់​នូវអ្វីដែល​ជា​បញ្ហា​ពិតប្រាកដ​ ដែល​កំពុង​កើត​មាន​ឡើង»។

ស្រប​ពេល​ដូចគ្នា​នេះ លោក ណុប​ វី បាន​ស្នើ​ឱ្យ​រដ្ឋាភិបាលផ្តល់​អាជ្ញាបណ្ណ​ដល់​អង្គភាព​ព័ត៌មាន​យ៉ាង​ហោច​ណាស់៧ ទៀត​ កាល​ពី​ឆ្នាំ ២០២១ គួប​ផ្សំ​នឹង​អង្គភាព​សារ​ព័ត៌មាន​ចំនួន​២ នា​ឆ្នាំនេះ​ ដែល​ក្រសួងព័ត៌មាន​សម្រេចមិន​បាន​ផ្តល់​ ឬ​បន្ត​អាជ្ញាបណ្ណ។

អ្នក​ជំនាញ​ផ្នែក​សេរីភាព​សារព័ត៌មាន​ខាង​លើ​ក៏​បាន​លើកឡើង​ថា លោក​ចង់​ឃើញ​មាន​ការ​ផ្តល់​តម្លៃ​និង​អំណាច​គ្រប់គ្រាន់​ដល់​អាជ្ញាបណ្ណ​សារព័ត៌មាន និង​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​រូបភាព​ដាក់​សម្ពាធ​ដូចជា ​ការ​គំរាមដក​អាជ្ញាបណ្ណ​ពី​រដ្ឋអំណាចជា​ដើម​មក​លើ​អង្គភាព​សារព័ត៌មាន​ ចំពោះ​ការ​ត្រឹម​តែ​អនុវត្ត​តាម​វិជ្ជាជីវៈ​របស់​ពួកគេ។​

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​១៤៤ ​ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​សាកល​ឆ្នាំ​២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២​នេះ​ អង្គការ​នេះ​ឱ្យ​ដឹង​ថា​ ​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៤២​ក្នុង​ចំណោម​១៨០​ប្រទេស។ នេះមាន​ន័យ​ថា​ សេរីភាព​សារព័ត៌​មាន​នៅក្នុងប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយនេះ​ មាន​ប្រសើរឡើងវិញតិច​តួច​ក្នុង​ឆ្នាំ​២០២២នេះ​៕

XS
SM
MD
LG