ពលករចំណាកស្រុក៖ ឥណទានផ្តល់ឱ្យពលករស្វែងរកការងារនៅក្រៅប្រទេសអាចបង្កើនសុវត្ថិភាពសម្រាប់ពលករ
កាលពីខែសីហា ធនាគារអេស៊ីលីដាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងការងារ ដោយផ្តល់ឥណទានរហូតដល់២០លានរៀលដល់ពលករដែលខ្វះធនធានហិរញ្ញវត្ថុសម្រាប់ចំណាយលើការចេញទៅបំពេញការងារនៅក្រៅប្រទេស ក្នុងអត្រាការប្រាក់ ៨.៥% ក្នុងមួយឆ្នាំ ដោយមិនតម្រូវឱ្យមានទ្រព្យធានា ប៉ុន្តែត្រូវមានកិច្ចសន្យាការងារជាមួយនិយោជកនៅក្រៅប្រទេស និងអ្នកចូលរួមខ្ចីដែលជាសមាជិកគ្រួសារ។ លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ឥណទាននេះអាចជួយសម្រាលបន្ទុកកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ និងបង្កើនសុវត្ថិភាពការងារសម្រាប់ពលករបានមួយផ្នែក៕