តុលាការតួកគីមួយបានកាត់ទោសមនុស្សចំនួន១៥១នាក់ដាក់ពន្ធនាគារកាលពីថ្ងៃព្រហស្បហតិ៍ នៅក្នុងសវនាការមួយ ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦ ប្រឆាំងនឹងលោកប្រធានាធិបតី Recep Tayyip Erdogan។ ក្នុងចំណោមជនសង្ស័យដែលត្រូវបានកាត់ទោសទាំងនោះក៏មានមន្ត្រីយោធាជាន់ខ្ពស់ចំនួន១៧នាក់ផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី តុលាការតួកគីមួយក្នុងទីក្រុង អង់ការ៉ា បានកាត់ទោសមនុស្សចំនួន១២៨នាក់ដាក់ពន្ធនាគារអស់មួយជីវិតដោយតម្រូវឲ្យធ្វើការងារធ្ងន់ៗ និងបានកាត់ទោសមនុស្ស២៣នាក់ដាក់ពន្ធនាគារដែរ តែមិនតម្រូវឲ្យធ្វើការងារធ្ងន់ៗអ្វីនោះទេ។ ពួកគេត្រូវបានចោទប្រកាន់ថាបានចូលរួមប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦ ដែលបានបង្កឲ្យមនុស្ស២០០នាក់ស្លាប់និងមនុស្សជាង២ពាន់នាក់ទៀតរងរបួស។
បុគ្គលិកសំខាន់បំផុតដែលត្រូវបានកាត់ទោសនោះគឺលោក Akin Ozturk ដែលជាមេបញ្ជាការកងទ័ពផ្លូវអាកាសនិងលោក Ali Yazici ដែលជាជំនួយការរបស់ប្រធានាធិបតី។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ កងកម្លាំងរបស់យោធាតួកគីបានប្រមូលផ្ដុំគ្នានៅតាមទីក្រុងមួយចំនួននៅទូទាំងប្រទេស ដើម្បីព្យាយាមទម្លាក់លោកប្រធានាធិបតី Erdogan ចេញពីតំណែង។ រដ្ឋប្រហារនោះត្រូវបានបង្ក្រាបដោយកងទ័ពតួកគីក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ហើយអ្នកចូលរួមជាច្រើនបានយល់ព្រមប្រគល់ខ្លួន៕