ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​រកា​ដែល​ឆ្លង​មេរោគអេដស៍​ ​នៅ​តែ​ទាមទារ​យុត្តិធម៌​និង​សំណង​ជំងឺ​ចិត្ត


អ្នកស្រី​ សាយ សៅ​ ​ដែល​កំពុង​ផ្ទុក​​​មេរោគ​អេដស៍​ ទទូច​ឲ្យ​មានការ​សង​ជំងឺចិត្ត​ ពី​លោក យ៉ែម​ ជ្រិន​ អតីត​គ្រូពេទ្យ​ប្រចាំ​ភូមិរកា នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។ (ហ៊ុល​ រស្មី/VOA)
អ្នកស្រី​ សាយ សៅ​ ​ដែល​កំពុង​ផ្ទុក​​​មេរោគ​អេដស៍​ ទទូច​ឲ្យ​មានការ​សង​ជំងឺចិត្ត​ ពី​លោក យ៉ែម​ ជ្រិន​ អតីត​គ្រូពេទ្យ​ប្រចាំ​ភូមិរកា នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។ (ហ៊ុល​ រស្មី/VOA)

លោក​ ​ហេង​ លុយ​ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ ​បាន​ប្រាប់​ VOA ​ថា​ ជនរងគ្រោះ​ពុំ​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ សុំ​ឲ្យ​តុលាការ​អនុវត្ត​សាល​ក្រម​ ដើម្បី​ទូទាត់​សំណង​នេះ​ទេ។

លោក​ លឿម​ ​ឡោម​ វ័យ​៥២​ ឆ្នាំ​ ស្ថិត​នៅ​ក្នុង​ចំណោម​ ប្រជាពលរដ្ឋ២៩២នាក់​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​បាន​ឆ្លង​មេរោគ​អេដស៍ កាល​ពី​ពីរ​ឆ្នាំ​មុន​ នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏​កម្រ​មាន​ នៅ​ក្នុង​ភូមិ​និង​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង។

ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​ លោក​ ​ឡោម​ វ័យ បាន​ប្រែ​ក្លាយ​ខ្លួន​ ជា​អ្នក​ស្ម័គ្រ​ចិត្ត​ ធ្វើ​ការ​ជួយ​អ្នក​ឆ្លង​មេរោគ​អេដស៍​ដូច​រូប​លោកឲ្យ​ទទួល​ការ​ព្យាបាល​ ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ចម្លង​មេរោគ​អេដស៍​នោះ​ ហើយ​លោក​ក៏​កំពុង​ទាម​ទារ​សំណង​ពី​គ្រូពេទ្យ ​យ៉ែម ជ្រិន​ ដែល​អ្នក​ភូមិ​រកា​ចោទ​ថា​ ​បាន​បង្ក​ការ​ឆ្លង​នេះ​ តាម​រយៈ​ការ​ប្រើ​ម្ជុលចាក់​ថ្នាំ​រួមគ្នា។​

អង្គុយ​នៅ​ក្នុង​មណ្ឌល​ពុទ្ធ​សាសនា​ដើម្បី​ការ​អភិវឌ្ឍ​ ស្ថិត​ក្នុង​វត្ត​រកា​រស្មី​នៅ​ឃុំ​រកា​ លោក លឿម​ ឡោម ​បាន​ប្រាប់​ VOA​ ​ថា​ ​អ្នក​ភូមិ​មួយ​ចំនួន និង​រូប​លោក​ នៅ​ពុំ​ទាន់​ទទួល​បាន​សំណង​ជំងឺ​ចិត្ត ពី​ការ​ឆ្លង​មេរោគ​អេដស៍​ ​ដែល​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នោះ​ឡើយ។

«ខ្ញុំ​អត់​បាន​នៅ​ឡើយ។ ខ្ញុំ​កាត់​យក​ធុន​ទាប​ ក្នុង​ម្នាក់​ខ្ញុំ​ គ្រួសារ​ខ្ញុំ​ អត់​ទាន់​[គិត​]​ផង។​ ខ្ញុំ​ម្នាក់​ខ្ញុំ​ ខ្ញុំ​និយាយ​ធុន​ទាប​ណា៎​ វ៉ៃ​ធុន​តិច​ណាស់​ក៏​ ចូល​ម៉ឺន​ដុល្លារ​ហើយ។ ខ្ញុំ​និយាយ​អញ្ចឹង ខ្ញុំ​ចុះ​មក​វិញ​ ខ្ញុំ​ចង់​និយាយ​ពី​ចិត្ត​ខ្លួន​ខ្ញុំ​ ស្រាប់​ វា​ច្រើន​ណាស់។ ខ្ញុំ​យក​តែ​៤,០០០​ដុល្លារ​ទេ​ ខ្លួន​ខ្ញុំ​មួយ»។

លោក​ លឿម​ ឡោម​ ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​មណ្ឌល​ពុទ្ធ​សាសនា​ដើម្បី​ការ​អភិវឌ្ឍ និយាយ​ប្រាប់​ VOA អំពី​ការ​ចង់​បាន​សំណង​ជំងឺ​ចិត្ត​ពី​ការ​ឆ្លង​មេរោគ​អេដស៍ ​កាល​ពី​ថ្ងៃ​ទី៨ ខែ​ មិថុនា​ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/​VOA)
លោក​ លឿម​ ឡោម​ ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​មណ្ឌល​ពុទ្ធ​សាសនា​ដើម្បី​ការ​អភិវឌ្ឍ និយាយ​ប្រាប់​ VOA អំពី​ការ​ចង់​បាន​សំណង​ជំងឺ​ចិត្ត​ពី​ការ​ឆ្លង​មេរោគ​អេដស៍ ​កាល​ពី​ថ្ងៃ​ទី៨ ខែ​ មិថុនា​ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/​VOA)

បើ​យោង​ទៅ​តាម​សាលក្រម​ប្រកាស​ដោយ​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​កាល​ពី​ឆ្នាំ​ ២០១៥​ លោក​ យ៉ែម​ ជ្រិន​ ត្រូវ​បាន​ផ្ដន្ទា​ទោស ​«ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៥.០០០.០០០ ​(ប្រាំ​លាន)​ រៀល​ ចូល​ថវិកា​រដ្ឋ ​ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណ​កម្ម​ ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស»។​

សាល​ក្រម​ បាន​បញ្ជាក់ពី​សំណង​សម្រាប់​អ្នក​រងគ្រោះ​ដែល​មាន​ចំនួន​ ជាង​៨០​លាន​រៀល​ ឬ​ ជាង ២ម៉ឺន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ ពី​លោក​ ឡេង​ មុន្នី​នាថ​ អតីត​មន្ត្រី​ពេទ្យ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​តាម​ដាន​សំណុំ​រឿង​ឆ្លង​មេរោគ​អេដស៍​នេះ។

ក៏ប៉ុន្តែ​ លោក​ ​ហេង​ លុយ​ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ ​បាន​ប្រាប់​ VOA ​ថា​ ជនរងគ្រោះ​ពុំ​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ សុំ​ឲ្យ​តុលាការ​អនុវត្ត​សាល​ក្រម​ ដើម្បី​ទូទាត់​សំណង​នេះ​ទេ។

«គាត់​អត់​ដាក់​ពាក្យ​សុំ​អនុវត្តន៍​ ហើយ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​ ឥឡូវ​ដូច​ជា​ គាត់​អត់​ប្ដឹង​តវ៉ា​ទេ​ មិន​ដឹង​សាល​ក្រម»។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​ លោក​ ឯម សុវណ្ណ​ ​មេធាវី​ការ​ពារ​សិទ្ធិ​ឲ្យ​លោក​ យ៉ែម​ ជ្រិន​ ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​សំណង​នេះ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ តែ​ពុំ​មាន​អ្នក​ទទួល។

រីឯ​ អ្នកស្រី​ យិច​ ឈាណាវី​ ចៅ​ក្រម​សាលាដំបូង​ខេត្ត​បាត់​ដំបង​ បដិសេធ​ មិន​ធ្វើ​ការ​អធិប្បាយ។

ដោយ​សារ​តែ​តុលាការ​មិន​ទាន់​បាន​ពិនិត្យ​លើ​នីតិ​វិធី នៃ​ការសង​ជំងឺ​ចិត្ត​សម្រាប់​ជន​រងគ្រោះ លោក​ លឿម​ ឡោម​ ​និយាយ​ថា​ ​លោក​នឹង​ស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់​ ដើម្បី​ទាម​ទារសំណង​នេះ។

លោក​បញ្ជាក់​ថា​ ​ដីស្រែ​របស់​លោក​ មួយ​ចំនួន​ ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក​លក់​ ដើម្បី​ព្យាបាល​ជំងឺ​ នៅ​មុន​ពេល​លោក​ ​មិន​ទាន់​បាន​ដឹង​ថា​ លោក​ ​មាន​ផ្ទុក​មេរោគ​អេដស៍។

«ខ្ញុំ​មើល​ឡើង​អស់​ ឡើង​មិន​ចេះ​តិច។​ ខ្ញុំ​មើល​អស់​ តាំង​ពី​ស្រែ​ តាំង​ពី​គោ​ក្របី​ ខ្ញុំ​មើល​អស់​គ្មាន​សល់​ទេ។​ គិត​ជា​លុយ​ ​លក់​គោ​ ​ជាង​ ​១០​ម៉ឺន​បាត។​ លក់​ស្រែ​ លក់​ជា​ស្រូវ​វិញ​ ច្រើន​ណាស់​ មិន​តិច​ទេ»។​

​អ្នក​ភូមិ​រកា​មួយ​ចំនួន​ទៀត ដែល​រង​គ្រោះ​ដោយ​ការ​ឆ្លង​នៃ​មេរោគ​អេដស៍​នេះ​ ក៏​បានបញ្ជាក់​ពី​ការ​ចង់​បាន​សំណង​នេះ​ដែរ។​

អ្នក​ស្រី​ ​សាយ​ ​សៅ​ ​បាន​ប្រាប់​ VOA​ ​នៅ​ក្នុង​ ​មណ្ឌល​ពុទ្ធ​សាសនា​ដើម្បី​ការ​អភិវឌ្ឍ​ ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ពុំ​មាន​អាជ្ញាធរ​មូលដ្ឋាន​ ឬ​មន្ត្រី​តុលាការ​ ​មក​ប្រាប់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ការ​ឆ្លង​មេ​រោគ​នេះ អំពី​ការ​ទូទាត់​សំណង​ជំងឺ​ចិត្ត​នោះ​ទេ។

អ្នក​ស្រី​និយាយ​ថា​ ​អ្នក​រងគ្រោះ​ផ្សេង​ទៀត​ នឹង​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​មាន​ការ​សង​ជំងឺ​ចិត្ត​ ព្រោះ​អ្នកស្រី​បាន​ចំណាយ​លុយ​ជា​ច្រើន ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ពី​លោក​ ​យ៉ែម​ ជ្រិន។​

«មូលហេតុ​អី​ បាន​ប្ដឹង​ ចូល​ប្ដឹង​តុលាការ​ហ្នឹង​ហើយ​ បាន​អី​ទុក​ជា​អសារបង់​ ឬ​យ៉ាង​ម៉េច?​ ខ្ញុំ​នៅ​ឆ្ងល់​ ត្រង់​ហ្នឹង។​ មក​ប្ដឹង​យូរ​ មក​ពី​ហ្នឹង​មក​ហើយ​ ចេះ​តែ​ស្ងាត់​ឈឹង​ ​ចេះ​តែ​ស្ងាត់​ឈឹង។​ អ្នក​ណា​ ភូមិ​ឃុំ​ ក៏​មិន​ឮ​ ​និយាយ​ស្អី​ណា​ ក៏​មិន​ឮ​និយាយ​ ដូច​ស្ងាត់​ឈឹង​ ឬ​មួយ​តុលាការ​ទុក​ជា​អសារ​បង់​ ឬ​យ៉ាង​ម៉េច?»។​

កាល​ពី​ឆ្នាំ​ ​២០១៤​ ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​រកា​ មាន​ការភ័យ​តក់​ស្លុត​ ​និង​ជ្រួល​ច្របល់​ ​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នេះ។

សព្វ​ថ្ងៃ​នេះ​ ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២៧៦​នាក់​ កំពុង​ទទួល​ការ​ព្យាបាល​ ដោយ​ការ​ប្រើ​ថ្នាំ​ ​បន្ថយ​មេរោគ​អេដស៍​នេះ។

មណ្ឌល​សុខភាព​រកា ​នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង បាន​ក្លាយ​ជា​កន្លែង​ផ្តល់​ថ្នាំ​បន្ថយ​មេរោគ​អេដស៍។​ (ហ៊ុល រស្មី/​VOA)
មណ្ឌល​សុខភាព​រកា ​នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង បាន​ក្លាយ​ជា​កន្លែង​ផ្តល់​ថ្នាំ​បន្ថយ​មេរោគ​អេដស៍។​ (ហ៊ុល រស្មី/​VOA)

ប្រជា​ពលរដ្ឋទាំង​ក្មេង​ និង​ចាស់ ដែល​បាន​រក​ឃើញ​ថា​ ​មាន​ផ្ទុក​មេរោគ​អេដស៍​នេះ​ ​មាន​ចំនួន​សរុប​ ​២៩២​នាក់​ ​ហើយ​នៅ​ក្នុង​នោះ​ ​១៦​នាក់​បាន​ទទួល​មរណ​ភាព។

អ្នក​ដែល​បាន​ស្លាប់​ មាន​ទាំង​កុមារ​ ​និង​អ្នក​មាន​វ័យ​ចាស់ៗ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ ពី​ អ្នក​ស្រី​ ស៊ីម​ ពៅ​ ​មេឃុំ​ ​រកា។​

អ្នក​ស្រី​បាន​ប្រាប់​ VOA​ នៅ​ក្នុង​សាលា​ឃុំ​រកា​ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​ មុន​នេះ​ថា​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​ នៃ​ការ​ចម្លង​មេ​រោគ​អេដស៍​នេះ​មក​ ​មន្ត្រី​ពាក់​ពន្ធ​នានា​ក្នុង​វិស័យ​សុខាភិបាល ​បាន​ចុះ​មក​ផ្តល់​ការ​ឧបត្ថម្ភផ្នែក​ហិរញ្ញវត្ថុ​ និង​សុខភាព​ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ តែ​មិន​បាន​លើក​ឡើង​ពី​ការ​សង​ជំងឺ​ចិត្ត​នោះ​ទេ។ ​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​ មាន​តែ​ប្រជាពលរដ្ឋ​រងគ្រោះ​ប៉ុណ្ណោះ​ ដែល​អាច​ស​ម្រេច​ថា​ ការ​ផ្ដន្ទា​ទោស​តុលាការ អាច​ទទួល​យក​បាន​ ឬ​យ៉ាងណា​នោះ។​ ​

«​ខ្ញុំ​សំខាន់​ លើ​ប្រជាពលរដ្ឋ។ បើ​គាត់​ទទួល​យ​ក​បាន​ គឺ​គាត់​ទទួល​ បើ​គាត់​ទទួល​យក​មិន​បាន​ សំខាន់​គឺ​លើ​អ្នក​ដែល​គេ​ ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​ហ្នឹង។​ ខ្ញុំ​សំខាន់​ សំខាន់​លើ​គេ​ដែល​ ខាង​តុលាការ​កាត់​ទោស ដែលតាម​របស់​គេ​ ដែល​គេ​ ទង្វើ​របស់​គេ​ធ្វើ»។​

​លោក​ ​យ៉ែម​ ​ជ្រិន​ វ័យ​៥៧​ ឆ្នាំ​ ដែល​បច្ចុប្បន្ន​នេះ​ ​កំពុង​ស្ថិត​ក្នុង​ពន្ធ​នាគារ​ខេត្ត​បាត់​ដំបង ​ត្រូវ​បាន​តុលាការហាមឃាត់​ផង​ដែរ​ ​មិន​ឲ្យ​ប្រកប​វិជ្ជា​ជីវៈ​ឯក​ជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ ​អម​វេជ្ជ​សាស្ត្រ​ និង ​ជំនួយ​វេជ្ជសាស្ត្រ​ជា​ស្ថាពរ។

អ្នកស្រី​ ស៊ីម​ ពៅ​ មេឃុំ​រកា និយាយ​ពី​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​សុខាភិបាល​របស់​រដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិរកា​ ដែល​រងគ្រោះ​ដោយ​ការ​ឆ្លង​មេរោគ​អេដស៍ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។​(ហ៊ុល​ រស្មី/​VOA)
អ្នកស្រី​ ស៊ីម​ ពៅ​ មេឃុំ​រកា និយាយ​ពី​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​សុខាភិបាល​របស់​រដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិរកា​ ដែល​រងគ្រោះ​ដោយ​ការ​ឆ្លង​មេរោគ​អេដស៍ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។​(ហ៊ុល​ រស្មី/​VOA)

នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​ឆ្លង​មេរោគ​អេដស៍​បន្ត​ទាមទារ​សំណង​ពី​លោក​ ​យ៉ែម​ ជ្រិន ​ផ្ទះ​របស់​លោក​ដែល​នៅ​មិន​ឆ្ងាយ​ពី​មណ្ឌល​សុខ​ភាព​ឃុំ​ រកា​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​ឆ្លង​មេរោគ​អេដស៍​នេះ​ ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​រុះ​រើ។

នាង​ ជ្រិន​ រក្សា​ វ័យ​២៧​ឆ្នាំ​ កូន​ស្រី​ម្នាក់​របស់ ​លោក​ ​យ៉ែម​ ​ជ្រិន ថ្លែង​ថា​ ​នាង​មាន​ក្ដីបារម្ភ​អំពី​ការ​ប្ដឹងទារ​សំណង​ជំងឺចិត្ត​ តែ​មិន​អាច​បញ្ជាក់​បាន​ថា​ ​ក្រុម​គ្រួសារ​នាង​ អាច​មាន​លទ្ធភាព​សង​សំណង​ប្រសិន​ បើ​មានការ​ប្ដឹង​ផ្ដល់​ជាថ្មី​ទៀត។

នាង​បន្ថែម​ថា ​បច្ចុប្បន្ន​នេះ​ ក្រុម​គ្រួសារ​នាង​ បាន​ត្រឹម​តែ​ខិតខំ​រក​ប្រាក់​ សម្រាប់​ផ្គត់​ផ្គង់​អាហារ​ដល់​លោក​ ​យ៉ែម​ ​ជ្រិន ​ប៉ុណ្ណោះ។

«រាល់​ថ្ងៃ​ ខំ​តែ​រក​លុយ​ឲ្យ​គាត់ ​ទិញ​អី​ឲ្យ​គាត់​ហូប​ក្នុង​គុក​ ​ឆ្អែតៗ​ប៉ុណ្ណឹង​ឯង​ ​ព្រោះ​អាយុ​គាត់​ គាត់ចាស់​ហើយ»។​

ក្រៅ​ពី​ការ​ទាម​ទា​សំណង​ អ្នក​រងគ្រោះ​ដោយ​ការ​ឆ្លង​មេរោគ​អេដស៍​ បាន​បន្ទោស​ដល់​មន្ត្រី​ពេទ្យ​ឃុំ​រកា​ ដែល​មិន​បាន​ផ្ដល់​សេវា​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដិតដល់​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ផ្ដេកផ្ដួល​ខ្លាំង​លើ​លោក​ យ៉ែម​ ជ្រិន។​

លោក​ ​លឿម​ ​ឡោម​ អ្នក​ស្ម័គ្រ​ចិត្ត​នៃ​មណ្ឌល​ពុទ្ធ​សាសនា​សម្រាប់​ការ​អភិវឌ្ឍ​ បាន​និយាយ​ថា​ មណ្ឌល​សុខភាព​ ​មាន​ភាព​យឺត​យ៉ាវ​ ​នៅ​ក្នុង​ការ​ផ្ដល់​សេវា​ពិនិត្យ​ព្យាបាល​ប្រជា​ពលរដ្ឋ​ ទើប​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ងាក​មក​រក​ការ​ព្យាបាល​ជាមួយ​ លោក​ យ៉ែម​ ជ្រិន។

«ក្នុង​ពេទ្យ​សុខ​ភាព​ ក្នុង​មណ្ឌល​យើង​នេះ​ ឃុំ​រកា​យឺតយ៉ាវ​ ​ដល់​យឺត​យ៉ាវ​ អា​ត្រង់​ថា​ មក​យឺត​យ៉ាវ​មួយៗ​ មក​ចូល​ដល់​ពេទ្យ​ហ្នឹង​សុទ្ធ​តែ​រក​ អ្នកឯង​មាន​ប័ណ្ណ​ក្រី​ក្រ​ បាន​ខ្ញុំ​មិន​ឲ្យ​បង់​ថ្លៃ​ថ្នាំ​អី​អីចឹង។ បើ​អ្នក​ណា​អត់មាន​ទេ​ គឺ​អត់​ទាល់​តែ​បង់​ថ្លៃ​ឲ្យ​ សេវា​ឲ្យ​ទៅ​ បាន​បាន​ថ្នាំលេប»។​

​អ្នក​ស្រី​ សាយ​ សៅ​ ​ដែល​កំពុង​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ ​និយាយ​ថា​ ​អ្នក​ភូមិ​មាន​ការ​លំបាក​ក្នុង​ការ​ជួប​មន្ត្រី​ពេទ្យ​នៅ​ក្នុង​មណ្ឌល​ ​សុខ​ភាព​ ​ឃុំ​ ​រកា​នេះ​ដែរ។​

«ពេល​យើង​មក​ ​ អត់​ជួប​ពេទ្យ។ ពេល​យើង​ទៅ​ ​ពេទ្យ​មក​អីចឹង​ទៅ​ណា៎»។​ ​

​អ្នក​ស្រី​ សឿន​ ​សុផាត់​ ​បុគ្គលិក​ពេទ្យនៃ​មណ្ឌល​សុខភាព​ឃុំ​រកា​ ​បាន​ទទួល​ស្គាល់​ពី​ការ​ឆក​ល្វែង​នៃ​ការ​ផ្លាស់​ប្ដូរ​វេន​របស់​មន្ត្រី​ សម្រាប់​ជួប​អ្នកជំងឺ។

អ្នក​ស្រី​បន្ត​ថា​ មណ្ឌល​សុខភាព​ មិន​មាន​សេវា​ផ្ដល់​ការ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ ដូច​ពេទ្យ​ឯក​ជន​នោះ​ដែរ។​ ​

«ធម្មតា​មណ្ឌល​សុខ​ភាព​ ​គេ​មិន​ឲ្យ​យើង​ចាក់​ថ្នាំ​ឯណា​ លើក​លែង​តែ​វ៉ាក់សាំង​មួយ ​គេ​ឲ្យ​ចាក់។​ អីចឹង​ ជំងឺ​ទូទៅ​ គេ​មិន​ឲ្យ​ចាក់​ថ្នាំ​ទេ​ ហើយ​មាន​តែ​ពេទ្យ​ឯក​ជន​ទៅ​ថ្មើរ​ណា​ ជួប​ថ្មើរ​ហ្នឹង ហើយ​គេ​ចាក់​ថ្នាំ​ ចាក់​អី​អីចឹង។​ អីចឹង​ វា​ខុស​សេវា​គ្នា»។​

អ្នកស្រី​បន្ថែមថា​ មណ្ឌល​សុខភាព​ឃុំ​រកា ពុំ​មាន​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ​ ពោល​គឺ​មាន​តែ​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ទូទៅ​ដែល​មិន​ធ្ងន់​ធ្ងរ​ សេវា​ពន្យារ​កំណើត​ ពិនិត្យ​ផ្ទៃ​ពោះ​ និង​សម្រាល​កូន។

ក្រោយ​ការ​ផ្ទុះ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នេះ​ មណ្ឌលសុខភាព​នេះ ​បាន​ផ្ដល់​ថ្នាំ​កាត់​បន្ថយ​មេរោគ​អេដស៍​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ។

ទោះ​ណា​ជា​ មិន​ទាន់​មាន​ការ​សង​ជំងឺ​ចិត្ត​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​នេះ​ក្ដី​ ​លោក​ ​លឿម​ ​ឡោម​ និង​ អ្នក​ស្រី​ សាយ​ សៅ​ បាន​ខិត​ខំ​ថែទាំ​សុខភាព​ និង​ពុះពារ​រស់​នៅ​ ​ដោយ​ក្ដី​សង្ឃឹម។

លោក​ ​លឿម ឡោម​ និយាយ​ថា​ ការ​មាក់ងាយនិង​ការ​រើស​អើង​មក​លើ​ អ្នក​រង​គ្រោះ​ពី​ការ​ឆ្លង​មេរោគ​នេះ​ ​បាន​បន្ត​ធ្លាក់​ចុះ​ មិន​ដូច​ពេល​ដែល​មាន​ការផ្ទុះឡើង​ភ្លាមៗ​នៃ​ការ​ឆ្លងមេ​រោគ​នេះ​ទេ។​

យ៉ាង​ណា​ក៏ដោយ​ លោក​បាន​ស្នើ​ឲ្យ​សប្បុរសជន​ បន្ត​ឧបត្ថម្ភដល់​ពលរដ្ឋ​រងគ្រោះ​ ដោយ​ហេតុ​ថា​ ពួកគេ​ពុំ​អាច​ធ្វើចំណាក​ស្រុក​ រក​ការ​ងារ​ធ្វើ​បាន​ដូច​អ្នក​សាមញ្ញ​បាន​ឡើយ។

លោក​ លឿម ឡោម និយាយ​ថា​ អ្នក​រង​គ្រោះ​មិន​អាច​ទៅ​ណា​ឆ្ងាយ​ស្រុក​ ក្នុង​រយៈពេល​២​ទៅ៣​ខែ​បាន​ទេ​ ព្រោះ​ត្រូវ​ទទួល​ថ្នាំ​សម្រាប់​ព្យាបាល។​ ​

ទាក់​ទិន​នឹង​ប្រតិបត្តិការ​របស់​មណ្ឌល​សុខភាព​ឃុំ​ រកា​ លោក​លឿម ឡោម​ បាន​បញ្ជាក់​ថា​ មន្ត្រី​ពេទ្យ​របស់​មណ្ឌល​ បាន​ខិតខំ​ពង្រឹង​ផ្តល់សេវា​ថែទាំ​សុខភាព​របស់​ខ្លួន បាន​ល្អ​ប្រសើរ​ជាង​មុន។

លោក​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​រកា​ ឈប់​ទទួល​ការ​ព្យាបាល​ពី​ពេទ្យ​ឯកជន​ដែល​ចុះ​ដល់​ផ្ទះ ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ បាន​ហាម​ឃាត់​មិន​ឲ្យ​គ្រូពេទ្យ​ឯក​ជន​ ដូច​លោក​ យ៉ែម​ ជ្រិន​ ចុះ​ព្យាបាល​ជំងឺ​ដល់​ប្រជា​ពលរដ្ឋ​នោះ។

ហើយ​ប្រជាពលរដ្ឋ​បាន​ងាក​មក​រក​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ ឬ​គ្លីនិក​ព្យាបាល​ជំងឺ​ឯកជន​ដែល​ទុក​ចិត្ត​បាន។

ក្នុង​សំណុំ​រឿង​ការ​ផ្ទុះ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នេះ​ ពុំ​មាន​មន្ត្រី​សុខាភិបាល​ ​រូប​ណា​ចេញ​មុខ​ទទួល​ខុសត្រូវ​ ឬ​សុំ​អភ័យ​ទោស​ជា​សាធារណៈចំពោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​នោះ​ទេ។ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​ពី​អ្នក​ភូមិ​រកា។​

ដោយ​ឡែក​ កម្ពុជា​ធ្លាប់​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​យ៉ាង​ខ្លាំង ​ដែល​មាន​អត្រា​ប្រេវ៉ាឡង់​អ្នក​ផ្ទុក​មេរោគ​អេដស៍​រហូត​ដល់​២,៦ភាគរយ​នៅ​ឆ្នាំ​២០០២​ ប៉ុន្តែ​បាន​ខិតខំ​ទប់​ស្កាត់​ និង​បាន​ទម្លាក់​មក​ដល់​០,៧​ភាគ​រយ​នៅ​ឆ្នាំ​២០១០។

លទ្ធផល​សម្រេច​បាន​នេះ ​គឺ​លឿន​ជាង​គោល​ដៅ​ដែល​ដាក់​នៅ​ក្នុង​ឆ្នាំ​២០០៣​ថា ​នឹង​ទម្លាក់​មក​ត្រឹម​តែ​១,៨​ ​ភាគ​រយ​ ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៥។​

លោក​ Michel ​Sidibe ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ UNAIDS​ បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​របស់​លោក​ដែល​ចេញផ្សាយ​តាម​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ក្នុង​ស្រុក​ The Cambodia Daily កាលពី​ថ្ងៃ​ទី​៨​ មិថុនា​ថា​ ប្រទេស​កម្ពុជា​ បាន​កាត់​បន្ថយ​ ចំនួន​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មីៗ​ មក​ទាប​ជាង​ ១,០០០​នាក់​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ និង​បាន​ផ្ដល់​ការ​ព្យាបាល​មេរោគ​នេះ​ ចំនួន​៧៥​ភាគរយ​នៃ​មនុស្ស​ដែល​កំពុង​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​នៅ​ក្នុង​ប្រទេស៕​

XS
SM
MD
LG