ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ហាម​ឃាត់​ការនាំចេញ​ទឹកដោះ​ម្តាយ


រូបឯកសារ៖ ស្រ្តី​ជា​ម្តាយ​ប្រមាណ១៧០ នាក់​ បំបៅដោះ​កូន​ អំឡុងពេល​​យុទ្ធនាការ​បំបៅដោះ​ជា​ក្រុម​មួយ ខាង​ក្នុង​មន្ទីរ​ទាហាន​ ក្នុង​ក្រុង Taguig ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី០២ ខែ​សីហា ឆ្នាំ​២០១៤។
រូបឯកសារ៖ ស្រ្តី​ជា​ម្តាយ​ប្រមាណ១៧០ នាក់​ បំបៅដោះ​កូន​ អំឡុងពេល​​យុទ្ធនាការ​បំបៅដោះ​ជា​ក្រុម​មួយ ខាង​ក្នុង​មន្ទីរ​ទាហាន​ ក្នុង​ក្រុង Taguig ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី០២ ខែ​សីហា ឆ្នាំ​២០១៤។

«ត្រូវចាត់ការ​ទប់ស្កាត់​បន្ទាន់​ចំពោះការ​​ប្រមូល​ទិញ និងនាំចេញ​ទឹកដោះម្តាយ​ពីកម្ពុជា។ បើទោះ​ជាកម្ពុជា​ក្រលំបាក​យ៉ាងណា​ ក៏មិន​ដល់​កម្រិត​លក់​ទឹកដោះម្តាយដែរ»។

រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​ ទោះបី​ប្រទេស​កម្ពុជា​ក្រយ៉ាង​ណាក្តី ក៏មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​នាំចេញ​ ទឹកដោះម្តាយ​ទៅក្រៅប្រទេស​បាន​នោះឡើយ។ ការថ្លែងបែបនេះ​ ធ្វើ​ឡើង​ បន្ទាប់​ពីការ​នាំចេញ​ទឹកដោះម្តាយនេះ​ ត្រូវ​គេដឹង​ថា​ បានធ្វើ​ឡើងដោយ​សម្ងាត់​ក្នុង​រយៈ​ពេល​ប្រមាណ​បីឆ្នាំ​មកហើយ​។

រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​អង្គារនេះ​ បាន​ចេញលិខិត​ច្រាន​ចោល​សំណើ​របស់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយដែល​ចង់​នាំចេញ​ទឹកដោះម្តាយ​ពីប្រទេស​កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក នេះបើ​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី​២៨​ ខែមិនា​នេះ។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ច្រានចោល​ការនាំ​ចេញ​ទឹកដោះ​ម្តាយនេះ​ ហើយការ​ចេញ​លិខិតនេះធ្វើ​ឡើង​នៅ​ស្របពេល​ដែល​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង​មិន​ដែល​បាន​ចេញ​លិខិត​អនុញ្ញាត​ ឲ្យមានការ​នាំ​ចេញ​ទឹកម្តាយ​ពីប្រទេស​កម្ពុជា​ទៅ​ក្រៅប្រទេស​នោះទេ។​

ក្នុង​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះហត្ថលេខា​ដោយ​ លោក​រដ្ឋលេខាធិការ​ ង៉ោ​ ហុងលី​ បាន​បដិសេធ​សំណើរបស់​ក្រុម​ហ៊ុន​ គុណមាតា ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ហៅថា​ Ambrosia Labs Co., ltd។ លិខិត​នោះ​បានបញ្ជាក់​ក្នុង​ន័យដើមថា៖

«ត្រូវចាត់ការ​ទប់ស្កាត់​បន្ទាន់​ចំពោះការប្រមូល​ទិញ និងនាំចេញ​ទឹកដោះម្តាយ​ពីកម្ពុជា។ បើទោះ​ជាកម្ពុជា​ក្រលំបាក​យ៉ាងណា​ ក៏មិន​ដល់​កម្រិត​លក់​ទឹកដោះម្តាយដែរ»។

លោក ​លី សុវណ្ណ​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់​ VOA តាមបណ្តាញ​សង្គម​ហ្វេស​ប៊ុក​ នៅ​ថ្ងៃ​អង្គារនេះ​ថា​ ក្រសួង​មិនដែល​ចេញ​លិខិត​ផ្លូវការ​ឲ្យមានការ​ប្រមូល​ទឹកដោះ​មនុស្ស​ ដោយសារ​តែ​ការណ៍​នេះ ត្រូវ​តែ​ទទួលបានការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ក្រម​សីលធម៌​ជាតិ។ លោក​ថា​ ក្រសួង​ផ្សេងទៀត​ បានអនុញ្ញត​ឲ្យ​មានការប្រមូល​ និង​នាំចេញ​ទឹកដោះ​មនុស្ស​នេះ​ ដោយគ្មាន​ការ​អនុញ្ញាតពី​ក្រសួង​សុខាភិបាល។​ តែ​លោក​មិនបាន​បញ្ចេញ​ឈ្មោះអំពី​ក្រសួង​ណាមួយ​នោះទេ។​

លោក​បា​ន​បន្ថែមក្នុងន័យដើមថា៖​

«គោលនយោបាយ​របស់​ក្រសួង​សុខាភិបាល​គឺ​ លើក​ទឹកចិត្ត​ឲ្យម្តាយ​ផ្គត់ផ្គង់​ទឹកដោះ​ទៅកូនៗ​របស់​ពួកគេ​ ដើម្បី​ឲ្យ​កូន​ទាំងនោះ​មាន​សុខភាព​ល្អ ជាជាង​ការ​ប្រើ​ម្សៅទឹកដោះ​ ឬក៏ការ​លក់ដូរ​ទឹកដោះនោះ»។

ក្រុម​អ្នកធ្វើការ​ងារ​លើ​សិទ្ធិ​ស្រ្តី​ ដើម្បី​ការអភិវឌ្ឍនៅ​ប្រទេសកម្ពុជា​ បានគាំទ្រ​ចំពោះវិធានការ​របស់​រដ្ឋាភិបាល​ ដែល​បាន​សម្រេច​បិទចោល​សេវា​ នាំចេញទឹកដោះម្តាយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​លាក់​លៀម​ អស់រយៈពីរ​ ទៅបីឆ្នាំមកហើយ។​ ពួកគេថ្លែង​ថា​ សេវាកម្មនាំចេញ​ ទឹកដោះ​ម្តាយ​នេះ​ គឺជា​ការរំលោភ​សិទ្ធិ​របស់​កុមារយ៉ាង​ធ្ងន់​ធ្ងរក្នុង​ការ​រស់​រាន​មាន​ជីវិត និង​ការលូត​លាស់​បញ្ញាស្មារតី​ដោយការ​បៅទឹកដោះ​ម្តាយ​។

អ្នកស្រី​ រស់​ សុភាព​ នាយិកាប្រតិបត្តិនៃ​អង្គការ​យេនឌ័រ​ និ​ងអភិវឌ្ឍ​ន៍ដើម្បី​កម្ពុជា​ ហៅកាត់​ថា​ (GADC) ​មានប្រសាសន៍ថា៖​

«​នៅក្នុង​វិទ្យាសាស្ត្រ​គេបាន​និយាយថា​ ទឹកដោះហ្នឹង​ជួយ​ដល់​ កុមារ​ច្រើន​ទាំង​ពីការ​ការ​ពារ​ជំងឺ​ តាំង​ពីការ​ធ្វើ​ឲ្យ​សារពាង្គកាយ​របស់កុមារ​ហ្នឹងរីកធំធាត់​ ហើយ​អាចជួយ​ឲ្យមាន​បញ្ញា​ទៀត​។ អញ្ចឹង​បើ​សិន​ជា ប្រជាជន​យើង​ស្រ្តីយើង​លក់​ទឹកដោះ​ ហើយ​កូន​របស់ខ្លួន​អត់មាន​អី​សម្រាប់​ចិញ្ចឹម​ជីវិតហ្នឹង​ ថ្ងៃ​អនាគត​ យើង​អត់​ដឹង​ថា​ តើប្រជាពលរដ្ឋខ្មែរ​យើង​ហ្នឹង​ នឹង​ជួបវិបត្តិ​អី​ អំពីផ្នែក​ការអភិវឌ្ឍ​ធនធាន​ម​នុស្ស​ហ្នឹង​ មា​ន​វិបត្តិ​អី​ធ្ងន់ធ្ងរ​ដែរ​ឬអត់? អាហ្នឹង​គឺ​ជា​សំណួរ​របស់​យើង​។ យើង​គួរពិចារណា​ទៅលើ​បញ្ហា​ហ្នឹង​។ ហើយ​ខ្ញុំ​ពិតជាគាំទ្រ​ចំពោះ​ការច្រានចោល​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ជំនួញ​បែប​ហ្នឹង»។

អ្នកស្រី​បានបន្ថែមថា​ សេវាកម្ម​លក់​ទឹកដោះ​នេះ​ ទំនង​ជាត្រូវបាន​បិទនៅ​ក្នុងប្រទេស​ផ្សេង​ទៀត​ ទើប​សេវានេះ​ បាន​មក​ដល់​ប្រទេស​កម្ពុជា ជាទី​ដែលមាន​ស្ត្រី​ក្រីក្រ​ជាច្រើន​ដែល​រង​សម្ពាធ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។

«ខ្ញុំគិត​ថា​ នៅប្រទេស​កម្ពុជា​មិនមែន​ជា ប្រទេស​ទីមួយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ហ្នឹង​ទេ​ ប្រហែល​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ហ្នឹង​គេបាន​បិទ​ ទើបរឿង​ហ្នឹង​មកដល់​ស្រុក​ខ្មែរ​។ ហើយយើង​មើល​ស្ត្រី​ដែល​ផ្តល់នូវ​ទឹកដោះហ្នឹង​គឺ​ជាស្រ្តីដែលគាត់​ សេដ្ឋកិច្ច​គាត់​ក្រីក្រ​ ហើយ​ស្ថានភាពនៃ​ការ​អប់រំ​គាត់​ហ្នឹង​នៅ​មាន​កម្រិត​ដែរអញ្ចឹងហ្អា៎»។​

VOA ព្យាយាម​សុំការ​អធិប្បាយ​ពី​តំណាងរបស់​ក្រុម​ហ៊ុន​ ប៉ុន្តែ​មិន​ទាន់​ទទួលបាន​នៅឡើយ​ ដោយ​សារ​តាមទិន្នន័យ​ឯកសារ​របស់​ក្រុម​ហ៊ុន​ ដែល​ចុះក្នុង​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម​ ក្រុមហ៊ុន​មិនមាន​លេខ​ទូរសព្ទនោះទេ។​ ឯកសារ​ដែល​បង្ហោះ​លើគេហទំព័រក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យដឹង​ថា​ គោលបំណង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុននេះ​ គឺ​ផ្តោតលើ​សេវា​ ផ្តល់​អាហារ​ ភេសជ្ជៈ និង​ថ្នាំជក់​ជាដើម។​

លោក​ស្រី​ Debora Comini ប្រធាន​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ ហៅកាត់​ថា​ (UNICEF) នៅប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាមរយៈសារអេឡិចត្រូនិក​ ឬ email ​នៅ​ថ្ងៃ​អង្គារ​នេះ​ ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការហាមឃាត់​មិន​ឲ្យ​មាន​ការនាំចេញ​ទឹកដោះ​ម្តាយ​នេះ​ នឹងជួយ​ស្រ្តីក្រីក្រ​កម្ពុជា​ឲ្យ​គេចផុតពី​ការ​កេងប្រវ័ញ្ច​ដោយ​ការលក់​ទឹក​ដោះ​របស់​ពួកគេ។

លោកស្រី​ បាន​សរសេរក្នុង​ន័យដើមថា​៖

«​មូលនិធិ​ UNICEF​ គាំទ្រ​ការចាត់​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​លើ​ទឹក​ដោះ​របស់​ពលរដ្ឋ​កម្ពុជា​ ដើម្បី​ការ​ប្រើប្រាស់​នៅ​ក្រៅប្រទេស។ ការ​សម្រិត​យក​ទឹកដោះម្តាយ​មិនគួរ​ណាត្រូវបានធ្វើ​ឡើង​ ដោយការ​កេងប្រវ័ញ្ច​លើស្រ្តី​កម្ពុជា​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ សម្រាប់​គោល​បំណង​អាជីវកម្ម​នោះទេ។ ទឹកដោះម្តាយ​ត្រូវបាន​ចាត់ទុកថា​ ជា​ជាលិការបស់​មនុស្ស​ គឺ​ដូច​ជា​ឈាម​ ​ហេតុដូចនេះ​ ការ​ធ្វើ​អាជីវកម្មលើទឹកដោះម្តាយ​នេះ​ មិនត្រូវ​ទទួល​បាន​ការគាំទ្រ​នោះ»។

លោក​ស្រី​ បន្ត​ថា​ ការ​សម្រិត​យកទឹក​ដោះម្តាយ​ អាចត្រូវបាន​ធ្វើ​ឡើង​ដោយការ​ប្រុងប្រយ័ត្ន​ ក្នុង​ករណីជួយ​ដល់​ទារក​ដែល​ប្រឈម​នឹង​ការ​រងគ្រោះខ្លាំងនៅក្នុង​ប្រទេស ប៉ុន្តែមិន​មែន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​នោះទេ​៕

រាយការណ៍បន្ថែមពីលោក​ ស៊ុន ណារិន

XS
SM
MD
LG