ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​គិតគូរ​បង្កើត​ច្បាប់​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា


រូបឯកសារ៖ បាតុករ​ម្នាក់​បាន​បិទពាក់ស្លោកនៅលើ​មាត់​របស់​ខ្លួន នៅ​ក្នុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​រើសអើង​លើ​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​មុខ​រដ្ឋ​សភាជាតិ កាល​ពី​ថ្ងៃសុក្រ ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
រូបឯកសារ៖ បាតុករ​ម្នាក់​បាន​បិទពាក់ស្លោកនៅលើ​មាត់​របស់​ខ្លួន នៅ​ក្នុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​រើសអើង​លើ​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​មុខ​រដ្ឋ​សភាជាតិ កាល​ពី​ថ្ងៃសុក្រ ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ការ​ស្ទាបស្ទង់​មតិ​ថ្នាក់​ជាតិ​ឆ្នាំ​២០១២​មួយ ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​បុរស​ចំនួន​៦៣ភាគរយ​យល់​ថា ​កាល​ណា​កូន​ប្រុស​របស់​ពួក​គេ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ​នោះ​គ្រួសារ​របស់​ពួក​គេ​នឹង​ទទួល​ភាព​អាម៉ាស់​មុខ។

នៅ​ប្រទេស​កម្ពុជា ​សកម្មភាព​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​«‍អំពើ​ខុស​ច្បាប់»​ទេ ​បើ​តាម​ច្បាប់។ ក៏​ប៉ុន្តែ ​ការ​ស្រាវជ្រាវ​ឆ្នាំ​២០១៤ ​របស់​ទីភ្នាក់ងារ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់ថា ​(USAID) ​បាន​រកឃើញ​ថា​ «‍ច្បាប់​ និង​គោលការណ៍​នានា​មិន​អើពើ​នឹង​សហគមន៍​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឡើយ»។ ដូចគ្នា​នឹង​ប្រទេស​ឯទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​រើសអើង​ និង​ការ​រំលោភបំពាន​ខាង​ផ្លូវ​ចិត្ត រូបរាង​កាយ ​និង​ខាង​ផ្លូវ​ភេទ។

លោក ស៊ុ្រន ស៊្រន ស្ថាបនិក​អង្គការ​អនាគត​កម្ពុជា​អាស៊ាន​ និង​ជា​សកម្មជន​ម្នាក់​ដែល​បាន​ចាប់​ផ្តើម​ចលនា​ការពារ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ២០០៦​មក​ បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​ញឹកញាប់​ត្រូវ​បាន​រង​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត​ ខាង​ផ្លូវភេទ ​និង​លើ​រូបរាង​កាយ ​ដោយ​ក្រុម​គ្រួសារ​របស់​ពួកគេ ​មិត្ត​ភក្តិ ​និង​អ្នក​រួមការងារ​ជាមួយ​គ្នា។ លោក​បាន​លើក​ឡើង​ដូច្នេះ​ នៅ​ក្នុង​បទ​សម្ភាន៍​ជាមួយ​ VOA​ អំពី​កិច្ចពិភាក្សា​ស្តីពី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ថ្នាក់​ជាតិ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃអង្គារ​ ទី១៦ ​ខែ​កុម្ភៈ ​កន្លង​ទៅ​នេះ។

លោក​ថា៖​‍«‍គោល​បំណង​នៃ​កិច្ច​ពិភាក្សា​នេះ​គឺ​ដើម្បី​ពាំនាំ​សំឡេង​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​តាម​សហគមន៍​ ដែល​យើង​អញ្ជើញ​មក​ពី​១៨​ខេត្ត​ក្រុង ​ដែល​ពួក​គេ​ជា​សកម្មជន​សិទ្ធិមនុស្ស​ ជាពិសេ​ស​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​និង​អ្នក​ដែល​ប្តូរ​ភេទ​ ដោយសារតែ​ពួក​គេ​ទទួល​រងអំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​រូបរាង​កាយ ​និង​សតិអារម្មណ៍។ គោល​បំណង​ទី២ គឺសុំ​ស្វែង​រក​ការ​គាំទ្រ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ​ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត»។

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ​ករណី​អំពើ​ហិង្សា​មក​លើ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​កម្ពុជា ​ដោយសារ​តែ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ យុវជន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​មាន​អាយុ​ចន្លោះ​១៦ឆ្នាំ​ ទៅ​១៨ឆ្នាំ កាន់​តែ​បើក​ចំហរ​អំពី​ការ​ប្តូរ​ភេទ​របស់​ពួកគេ ​ហើយ​ក្លាយ​ជា​មនុស្ស​ភេទ​ទីបី ​ដែល​ត្រូវបាន​គេ​ស្គាល់ ​និង​ហៅ​ថា​ក្រុម​មនុស្ស​ខ្ទើយ។

វាលគ្មីន​ចូលរួម​ពិភាក្សា​អំពី​ស្ថានភាព​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​ស្តីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​មាន​តំណាង​ពី​ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃអង្គារ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​អនាគត​យុវជន​កម្ពុជា​អាស៊ាន)
វាលគ្មីន​ចូលរួម​ពិភាក្សា​អំពី​ស្ថានភាព​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​ស្តីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​មាន​តំណាង​ពី​ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃអង្គារ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​អនាគត​យុវជន​កម្ពុជា​អាស៊ាន)

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ភាគច្រើន​បាន​បាត់បង់​ឱកាស​សិក្សា​ឲ្យ​ចប់ចុង​ចប់​ដើម ដោយ​សារ​តែ​ការ​រើសអើង​ដែល​កើត​មាន​នៅ​ក្នុង​ថ្នាក់រៀន និង​សាលារៀន។ សកម្មជន ​ស៊្រុន ស៊្រន ​ក៏​បាន​បញ្ជាក់​ថា ការ​រើសអើង​ក៏​កើត​មាន​ឡើង ​នៅ​តាម​កន្លែង​ធ្វើការ​ ហើយ​ជាទូទៅ ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​ភាគច្រើន​អាច​ប្រឈម​នឹង​បញ្ហា​ជំងឺឆ្លង​ ដូចជា​ជំងឺ​អេសដ៍ ​និង​មេរោគ​អេសដ៍​ជាដើម។

ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​រកឃើញ​ថា ​ការ​ក្លាយ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​អាច​នាំ​ភាព​អាម៉ាស់មុខ ភាព​ភ័យ​ខ្លាច ​និង​ការ​ធ្វើ​ខុស​ មក​ឲ្យ​ទាំង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ការ​ស្ទាបស្ទង់​មតិ​ថ្នាក់​ជាតិ​ឆ្នាំ​២០១២​មួយ ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​បុរស​ចំនួន​៦៣ភាគរយ​យល់​ថា ​កាល​ណា​កូន​ប្រុស​របស់​ពួក​គេ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ​នោះ​គ្រួសារ​របស់​ពួក​គេ​នឹង​ទទួល​ភាព​អាម៉ាស់​មុខ។ សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​វិញ ពួក​គេ​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស ​ហើយ​អាម៉ាស់មុខ​ ហើយ​ភ័យខ្លាច ​ការណ៍​ដែល​ពួក​គេ​គឺជា​មនុស្ស​ភេទ​ទីបី ​ហើយ​តែងតែ​ព្យាយាម​បិទបាំង​ពី​ភេទ​ពិត​របស់​ខ្លួន។

យ៉ាង​ណា​មិញ ​ការ​ស្រាវជ្រាវ​ឆ្នាំ​២០១៤​ របស់​ USAID​ ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ថា សាសនា​ព្រះពុទ្ធ​និកាយ​ហិនយាន​របស់​កម្ពុជា​ បាន​បង្កើត​ឲ្យ​មាន​ភាព​អត់ឱន​ដល់​ការ​ក្លាយ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ បន្ថែម​លើ​នេះ ការ​ស្រាវជ្រាវ​នោះ​ក៏​បាន​ឲ្យ​ដឹង​ថា ៦៥ភាគរយ​នៃ​បុរស​ដែល​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​នេះ​បាន​គាំទ្រ​ឲ្យ​បាន​ការ​បង្កើត​ច្បាប់​ការពារ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា។

លោក ស៊្រុន ស៊្រន ​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នេះ ​បាន​រំឭក​ថា បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ មាន​សំណាង​ជាង​ប្រទេស​ឯ​ទៀត​ ដែល​ការណ៍​ក្លាយ​ជា​មនុស្ស​ភេទ​ទីបី​ត្រូវបាន​ចាត់​ទុក​ជា​អំពើ​ខុស​ច្បាប់។

លោក​ថា៖​«‍បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តែ​ម្តង ​យើង​មាន​លក្ខណៈ​ធូរស្រាល​ជាង​គេ ​បើ​ប្រៀបធៀប​នឹង​សិង្ហបុរី ​ម៉ាឡេស៊ី ​ភូមា ​ដែ​ល​មាន​ច្បាប់​ដាក់​ទោស ​ហើយ​ដូចជា​ប្រទេស​ប៊ុ្រយណេ ​គឺ​ដាក់​ទោស​ប្រហារ​ជីវិត​តែ​ម្តង។ ជនជាតិ​ខ្មែរ​យើង​គឺជា​ជនជាតិ​ដែល​មាន​សំណាង ​ដែល​វប្បធម៌​ប្រពៃណី​របស់​យើង​មិន​តឹងរ៉ឹង ​ដូចជា​ប្រទេសជិត​ខាង​ដែល​កាន់​សាសនា​អ៊ីស្លាម​នោះ​ទេ»។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​សារព័ត៌មាន​កម្ពុជា ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​ស្តីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​អនាគត​យុវជន​កម្ពុជា​អាស៊ាន)
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​សារព័ត៌មាន​កម្ពុជា ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​ស្តីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​អនាគត​យុវជន​កម្ពុជា​អាស៊ាន)

នៅ​កម្ពុជា​គេ​ឃើញ​មាន អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើការ​អប់រំ និង​បញ្ជ្រាប​ការ​គោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ការ​គាំទ្រ​មួយ​កម្រិត​ធំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អន្តរជាតិ​ជា​ច្រើន។ លោក ស៊្រុន ស៊្រន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ថ្នាក់​ជាតិ​នោះ ​មាន​ការ​បេ្តជ្ញាចិត្ត​គាំទ្រ ​និង​ផ្តល់​ជំនួយ​ជា​ច្រើន​ពី​រដ្ឋាភិបាល ​និង​អង្គការ​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត។

លោក​ថា៖​«‍ផ្នែក​រដ្ឋាភិបាល​កាល​ពី​ម្សិល​មិញ​ហ្នឹង ​គឺ​ឯកឧត្តម ខៀវ កាញារិទ្ធ​ បាន​ប្រកាស​មិន​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​ ឬ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​ផ្សេងៗ ក្នុង​រូបភាព​ណា​ក៏​ដោយ មិន​ឲ្យ​មាន​ការ​រើស​អើង។ ក្រសួង​កិច្ចការ​នារី​បាន​ដាក់​ផែនការ​សកម្មភាព​ការពារ​សិទ្ធិ​ស្ត្រី​ទូទៅ​ប្រទេស រួម​ទាំង​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ»។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា លទ្ធភាព​ក្នុង​ការ​ព្រាង​ច្បាប់​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​អាច​ទៅ​រួច។ លោក​ថា៖​«‍ក្រសួង​មហា​ផ្ទៃ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុងការ​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​មិន​មាន​ការ​រើសអើង គាត់​គួរ​តែ​មាន​សិទ្ធិ​បោះឆ្នោត គាត់​គួរ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​សកម្មភាព​ក្នុង​សង្គម​ផ្សេងៗ។ ជាពិសេស​ គាត់​អាច​រៀប​អាពាហ៍ពិពាហ៍​បាន។ គ្រាន់​តែ​ថា ទាក់ទង​នឹង​ច្បាប់​អាពាហ៍ពិពាហ៍​ហ្នឹង​ខាង​ក្រសួង​នៅ​ធ្វើការងារ​បន្ត​ទៀត ​ពីព្រោះ​វា​ទាក់ទង​នឹង​ការងារ​នៅ​សភា»។

បើ​សិន​ជា​ការ​ព្រាង​ច្បាប់​នេះ​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​មែន​នោះ ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជាប្រទេស​ដំបូង​គេ​បង្អស់ ​ដែល​អនុម័ត​ច្បាប់​ការងារ​សិទ្ធិ​របស់​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ដែល​ទំនង​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ប៉ុន្តែ លោក ស៊ុ្រន ស៊្រន ថា ដើម្បី​សម្រេច​បាន​លទ្ធផល​នេះ មាន​កិច្ចការ​ជា​ច្រើន​ដែល​អង្គការ​របស់​លោក ក៏​ដូចជា​អង្គការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​បន្ត​ទៀត៕

XS
SM
MD
LG