អ្នកស្រី Ada Tembeli ស្ថិតក្នុងចំណោមសហគ្រិនមួយចំនួន ដែលមិនបានរៀនសូត្រក្នុងសាលា ប៉ុន្តែបានរកឃើញវិធីថ្មី និងងាយស្រួលជាងមុនមួយនៅក្នុងការធ្វើអាជីវកម្ម ដោយប្រើកម្មវិធីលើទូរសព្ទដៃ។
អ្នកស្រី Tembeli ដែលជាអ្នកលក់ផ្លែឈើតាមផ្លូវសាធារណៈ បញ្ជាក់ដូច្នេះថា៖ «នេះគឺជាផ្លែឈើដ៏គួរឲ្យចង់ញ៉ាំ។ ខ្ញុំមានលក់ក្រូច ប៉ោម ចេក ម្នាស់។ ថ្ងៃនេះ ខ្ញុំមានលក់ផ្លែឈើស្ទើរតែគ្រប់មុខទាំងអស់ដែលអ្នកត្រូវការ។ ដើម្បីរកកន្លែងខ្ញុំលក់ សូមធ្វើដំណើរទៅដល់ស្ពានទី ៣ អ្នកនឹងឃើញខ្ញុំហើយ»។
អ្នកស្រីបានប្រើទូរសព្ទ smart phone ដើម្បីទាក់ទាញអតិថិជន ដោយបានផ្ញើសារជាសំឡេងជាភាសា Bambara បញ្ជាក់ប្រាប់អំពីទីតាំងនៃកន្លែងលក់ដូររបស់អ្នកស្រី ក៏ដូចជារូបថតនៃផ្លែឈើដែលអ្នកស្រីមានលក់។
អ្នកស្រីថា កម្មវិធីទូសព្ទLenali នេះ គឺងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ដូចជាអ្នកស្រីជាដើម ដែលមិនចេះភាសាបារាំង ដែលជាភាសាដែលគេប្រើនៅក្នុងការទំនាក់ទំនងអាជីវកម្មនៅតំបន់និយាយភាសាបារាំងនៃទ្វីបអាហ្វ្រិក។
អ្នកស្រី Tembeli បញ្ជាក់ដូច្នេះថា៖ «ខ្ញុំដំឡើងកម្មវិធី នេះដោយខ្លួនឯង ដោយសារតែវាមានជាភាសា Bambara ភាសា Soninke និងស្ទើរតែគ្រប់ភាសាទាំងអស់»។
លោក Mamadou Gouro Sidibe ដែលជាអ្នកបង្កើតកម្មវិធី app នេះឡើង គឺជាវិស្វករផ្នែកបច្ចេកវិទ្យាព័ត៌មានមកពីប្រទេសម៉ាលី។ លោកនិយាយថា លោកជួយអ្នកដែលមិនចេះអាន ឬក៏មិនចេះសរសេរអក្សរ ក៏ដូចជាចង់ជួយអ្នកដែលចង់ចែករំលែកព័ត៌មានជាភាសាបារាំង ប៉ុន្តែមិនចេះភាសាបារាំងផងដែរ។
លោក Sidibe លើកឡើងដូច្នេះថា៖ «មនុស្សជាច្រើនឲ្យគេដំឡើងកម្មវិធីនានាឲ្យ ដោយសារតែពួកគេមិនអាចធ្វើដោយខ្លួនឯងបាន។ ដោយសារតែបញ្ហានេះហើយ បានជាយើងបង្កើតការណែនាំជាសំឡេងជាភាសាក្នុងស្រុក ដើម្បីឲ្យប្រជាពលរដ្ឋអាចយល់អំពីអ្វីដែលពួកគេកំពុងធ្វើ»។
លោក Sidibe និយាយថា រឿងសាមញ្ញៗមួយចំនួនដូចជាការបង្កើតទំព័រអំពីប្រវត្តិត្រួសៗជាដើម អាចជាការប្រឈមសម្រាប់មនុស្សមួយចំនួន។
លោក Sidibe ថ្លែងដូច្នេះថា៖ «ប្រសិនបើអ្នកចេះសរសេរអក្សរ អ្នកអាចសរសេរបាន ប៉ុន្តែប្រសិនបើអ្នកមិនចេះវិញ អ្នកអាចនិយាយថតសំឡេងដាក់កម្មវិធីនេះបាន។ បន្ទាប់មក អ្នកអាចបង្ហោះសំឡេងនោះលើគណនីរបស់អ្នកនៃកម្មវិធីនេះ និងអាចបញ្ចេញមតិជាសំឡេងបានផងដែរ។ អ្នកអាចធ្វើអ្វីៗបានច្រើនតាមកម្មវិធីនេះ ដោយមិនចាំបាច់ត្រូវសរសេរអក្សរនោះទេ»។
មុនពេលមានកម្មវិធីនេះ ម្ចាស់អាជីវកម្មខ្នាតតូចភាគច្រើននៅក្នុងប្រទេសម៉ាលីពឹងផ្អែកលើមិត្តភក្ដិ ក្រុមគ្រួសារ និងការនិយាយតៗគ្នា ដើម្បីអាចបន្តអាជីវកម្មទៅមុខបាន។
សម្រាប់លោក Boubacar Sidiki Koita ដែលជាម្ចាស់ហាងលក់ម៉ូតូនៅទីក្រុង Bamako កម្មវិធីនេះបានជួយលោកច្រើន។
លោក Koita បញ្ជាក់ដូច្នេះថា៖ «តាំងពីពេលដែលខ្ញុំប្រើកម្មវិធី Lenali នេះមក អតិថិជនបានកើនឡើង។ ឥឡូវនេះ ខ្ញុំអាចលក់ម៉ូតូបាន ២០ គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែកាលពីមុន ខ្ញុំអាចលក់បានតែ ៥ គ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ»។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាពលរដ្ឋម៉ាលីតែមួយភាគបីប៉ុណ្ណោះដែលចេះអក្សរ។ លោក Sidibe ថា កម្មវិធី ដែលមិនគិតលុយនេះ មានតាំងពីខែមករា ឆ្នាំ ២០១៧ មក។ កម្មវិធី នេះមានអ្នកប្រើប្រាស់ជាង ៧ ម៉ឺន ៣ ពាន់នាក់ និងត្រូវគេរំពឹងថានឹងអាចរកចំណូលបាន នៅពេលដែលអ្នកប្រើប្រាស់កើនដល់ ២ សែននាក់៕
ប្រែសម្រួលដោយ ភី សុភាដា