ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​កម្ពុជា អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​«សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»


រូបឯកសារ៖ អាគារ​រដ្ឋសភា​កម្ពុជា ដែល​មាន​ទីតាំង​​ក្នុង​រាជធានី​ភ្នំពេញ នៃព្រះរាជាណាចក្រ​កម្ពុជា។
រូបឯកសារ៖ អាគារ​រដ្ឋសភា​កម្ពុជា ដែល​មាន​ទីតាំង​​ក្នុង​រាជធានី​ភ្នំពេញ នៃព្រះរាជាណាចក្រ​កម្ពុជា។

រដ្ឋ​សភា​ដែល​មាន​តំណាងរាស្ត្រ​ទាំងអស់​មក​ពី​គណ​បក្ស​ប្រជា​ជនកម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ បាន​សម្រេច​អនុ​ម័តលើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ ដោយ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​ សម្រាប់​ឥស្សរ​ជន​នយោ​បាយ​ដែល​ធ្វើ​ជា​ប្រធាន​ស្ថាប័ន​កំពូលៗ​ចំនួន​៤​របស់​ជាតិ។​

សេច​ក្តី​ព្រាង​នេះ​ កំណត់ឥស្សរ​ជន​នយោបាយ​ ដែល​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​ ប្រធាន​ព្រឹទ្ធសភា​ នាយក​រដ្ឋ​មន្ត្រី​ និងប្រធាន​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ ត្រូវ​តែ​មាន​ «សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»​។

​រដ្ឋ​សភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ ដោយ​សំឡេង​១១១​លើ​១១១​។ សេចក្តី​ព្រាង​វិសោធនកម្ម​នេះ​ សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតីនៃ​ស្ថាប័ន​ជាតិ។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់រដ្ឋសភា។

សេចក្តីព្រាង​ដែល​ត្រូវបាន​អនុម័ត​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធ​សភា និង​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​តាម​នីតិ​វិធី​នៃ​ការ​រៀប​ចំ​ច្បាប់ មុន​ពេល​ទូល​ថ្វាយព្រះ​មហា​ក្សត្រ​ ឡាយ​ព្រះ​ហត្ថ​លេខា ដើម្បី​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។​

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយពី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក​ ឡេង ប៉េង​ឡុង បាន​នៅឡើយ​ទេ​។

លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​សមាជិក​សភា​មណ្ឌល​កំពង់ស្ពឺ ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​នៅថ្ងៃ​ចន្ទថា​ ​វិសោធន​កម្ម​នេះ គឺសម្រាប់​«​ផល​ប្រយោជន៍​ជាតិ​ និង​សន្ដិ​សុខជាតិ» ដែល​មិន​ឲ្យ​បរទេស​ណាមួ​យជះ​ឥទ្ធិ​ពល​លើ​ការ​សម្រេច​ចិត្ត​របស់កម្ពុជា។ ​

លោក​សរសេរ​ថា​៖ «ការ​ចែង​ក្នុង​ច្បាប់​កំពូល​របស់​ប្រទេស​យើង​ឲ្យ​បាន​ច្បាស់ ​ដោយ​តម្រូវ​ឲ្យ​តួនាទី​កំពូល​ទាំង៤ ​ដែល​ជា​តួនាទី​មាន​សិទ្ធិ​សម្រេច​ជោគ​វាសនា​ និង​មាគ៌ា​ប្រទេស​ជាតិ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ គឺ​មាន​គោលដៅ​តែមួយ​គត់​ គឺ​ការ​ដាក់​ចិត្ត និង​តាំង​ចិត្ត​បម្រើ​ប្រទេស​ និង​ប្រជាជន​ខ្មែរ​ដោយ​ឥត​លក្ខ​ខណ្ឌ ក្នុង​នោះ​មិន​ឲ្យ​បរទេស​មួយ​ណា​យក​គំនិត​ ឬ​ផល​ប្រយោជន៍​នយោ​បាយ​របស់​ប្រទេស​ផ្សេង​មក​ជះឥទ្ធិពល​ទៅ​លើ​សិទ្ធិ​សម្រេច​ក្នុង​តួនាទី​ទាំង​៤»​។

​លោក​ក៏​បាន​ចោទ​សួរ​ផង​ដែរ​ថា៖ «ហេតុអ្វី​ទៅ​ជា​មាន​ការ​មិនគាំទ្រ ហើយ​មានប្រតិកម្ម និង​ការ​អធិ​ប្បាយ​ផ្សេងៗ​ជា​បន្ត​បន្ទាប់ ហាក់បី​ដូច​ជា​ចង់​ការពារ​រឿង​អនុញ្ញាតឲ្យតួនាទីទាំង៤ មាន​សញ្ជាតិ​លើស​ពីមួយ ដែល​អាច​ឲ្យ​បរទេស​ជះ​ឥទ្ធិ​ពល​មនោគមន៍​វិជ្ជា​របស់​គេ មក​លើ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។ តើ​ពាក្យ​ថា បម្រើ​ប្រទេស​ជាតិ ​ដោយ​ឥត​លក្ខ​ខណ្ឌ​និយាយ​បាន តែ​ធ្វើ​មិន​បាន ​ឬ​យ៉ាង​ណា? តើ​មិន​អាច​លះ​បង់​សញ្ជាតិ​ផ្សេង ដើម្បី​បម្រើ​ប្រជា​ជន​ខ្លួន​ឯង​ដោយ​ឥត​លក្ខ​ខណ្ឌ​ ឬ​យ៉ាង​ណា​»​?

​ចំណែក​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន ដែល​មាន​សញ្ជាតិ​អាមេរិក​ផង​ដែរ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទថា​ ការអនុម័ត​ច្បាប់កំណត់ថ្នាក់​ដឹក​នាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ ​គឺមិន​អាចយក​ជាផ្លូវ​ការ​បាន​នោះ​ទេ​ ដោយ​សារ​តែ​វា​ជា​ការ​សម្រេច​ចិត្ត​ ដោយ​ឯក​បក្ស។ ​លោក​បន្ត​ថា​ ការ​អនុ​ម័ត​ច្បាប់​នេះ​ គឺ​ដើម្បី​គ្រាន់​តែ​ជា​ផល​ប្រយោជន៏​ផ្ទាល់​ខ្លួន​ និង​គំនុំ​ផ្ទាល់​ខ្លួន​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី តែប៉ុណ្ណោះ ហើយ​វាមិន​មែន​ជា​ប្រយោជន៍​របស់​ប្រជាជន​នោះទេ។

លោក​បន្ថែម​ថា​ ការ​កំណត់អាណត្តិនាយក​រដ្ឋ​មន្ត្រី​ត្រឹម​តែ​២​អា​ណត្តិ​ គឺ​ជារឿង​សំខាន់​ជាង។

លោក អ៊ុំ សំអាន អះអាងថា​ លោក​នឹង​បោះ​បង់​សញ្ជាតិ​អា​មេរិក ប្រសិន​បើ​គណបក្ស​របស់​លោក​ឈ្នះ​ការ​បោះ​ឆ្នោត និង​អាច​កាន់​តំណែង​ធំៗ​ណាមួយ​ក្នុង​ជួរ​រដ្ឋា​ភិបាល​។

​លោក​ថ្លែង​ថា៖ «ដើម្បីកុំ​ឲ្យ​ចម្រូង​ចម្រាស​ អាច​មា​នការ​ច្រ​បូក​ច្របល់​ អាច​មា​នបញ្ចេញ​ទ័ព​ ការ​គំរាម​កំ​ហែង​ពី​គណបក្ស​កាន់​អំណាច​[របស់]​លោក​ ហ៊ុន សែន បែប​ហ្នឹង​យើង​លា​លែង​សញ្ជាតិទី២ [សញ្ជាតិ​អាមេរិក]សិន​ទៅ ​[ក្នុងការ​]យើង​អាច​ទៅ​កាន់​តំណែង​ទៅ។ ដល់​ពេល​យើង​កាន់​តំណែង​ហើយ ចាំ​យើងឲ្យ​សភាពិនិត្យ​មើលច្បាប់​ទាំង​ឡាយ ដែល​សភា​ឯក​បក្ស​ ឬ​សភា​ខុស​ច្បាប់​ហ្នឹង ​អនុម័ត​កន្លង​មក​នេះ​ ថា​ត្រូវ​ទុក​ជា​មោឃៈ ​ឬយ៉ាង​ណា»​។

អ្នក​វិភាគ​នយោ​បាយ ​លោក​ សេង​ សារី​ បាន​ប្រាប់​វី​អូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ច្បាប់​សញ្ជាតិ​ខ្មែរ​តែ​មួយនេះ ​មិន​អាក្រក់ទេ ប៉ុន្តែ​វា​គ្រាន់តែកើត​នៅ​ក្នុង​ដំណាក់​កាល​មួយ ​ដែលមាន​ការ​ប្រទាំងប្រទើស​ខាង​ផ្នែក​នយោបាយ ធ្វើ​ឲ្យ​មាន​ការ​យល់​ឃើញ​ពីរផ្សេង​គ្នា​ទៅ​លើ​ច្បាប់​នេះ​តែ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ច្បាប់​នេះ​អាច​នឹង​មាន​ផល​ប្រយោជន៍រយៈ​ពេល​វែង សម្រាប់​អ្នក​នយោ​បាយ​ ​ក្នុងការ​បញ្ជាក់​ភក្តីភាព​ចំពោះ​ជាតិ​។​

លោកបញ្ជាក់​ថា៖ «ក៏​ប៉ុន្តែ​រយៈ​ពេល​វែង​ ខ្ញុំ​គិត​ថាច្បាប់​ហ្នឹង នឹង​មាន​ផល​ប្រយោជន៍។​ ផល​ប្រយោជន៍​ដែ​ល​ជា​ប្រយោល​នោះ​ គឺ​តាំង​ពីការ​កសាងឲ្យ​មាន​ជាតិ​និយម ការ​បង្ហាញ​អំពីភក្តី​ភាព​របស់​អ្នក​នយោ​បាយ​ចំពោះ​ជាតិ។ ដូច​ខ្ញុំ​លើក​ដដែលៗ​ថា ការ​ផ្តល់​នូវ​ចម្លើយ​ ឬការ​ពន្យល់​បែប​នេះ​ មិន​មាន​ន័យ​ថា អ្នក​ដែល​មាន​សញ្ជាតិ២​ហ្នឹង មិន​ស្នេហា​ជាតិ អ្នក​ដែល​មាន​សញ្ជាតិ​មួយ​ហ្នឹង ​ស្នេហា​ជាតិ​ជាង​ទេ​»។

លោក​បន្ត​ថា៖ «អ្វី​ដែល​យើង​ចង់​ផ្តោត​សំខាន់​ យើង​ចង់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ហ្នឹង​ ប្រសិន​បើ​ខ្លួន​ចង់​ធ្វើជា​អ្នក​នយោ​បាយ​ដែល​មាន​ភាព​ភក្តីចំពោះ​ជាតិ​ ពិតប្រាកដ​ហ្នឹង គឺ​មិន​គួរ​មាន​សញ្ជាតិ​២​ទេ ពី​ព្រោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ​[បន្ត]​ទៅ វា​ជា​ស្ថាន​ភាព​មួយ​ ដែល​មិនមែន​យើង​រត់​ទៅ​រក​សញ្ជាតិ​ផ្សេង​ ដោយ​សារ​សង្គ្រាម​អ្វី​នោះទេ​»​។

គួរ​បញ្ជាក់​ថា ​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​កំណត់​សញ្ជាតិ​តែ​មួយ​នេះ កើត​ឡើង​ក្រោយ​មាន​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​ថា ​លោក​ ហ៊ុន សែន ​មាន​សញ្ជាតិ​ស៊ីប​ ដែល​ជា​ប្រទេស​មួយ​នៅ​អឺរ៉ុប។ អត្ថបទ​ព័ត៌មាន​នេះ ​ត្រូវបាន​លោក សម រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ យក​មក​វាយ​ប្រហារ​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ២០២១។

មេដឹក​នាំ​បក្ស​ជំទាស់​លោក​ សម រង្ស៊ី​ បាន​ចោទ លោក ​ហ៊ុន សែន​ ថា ​ជា​ជន​ដែល​«គ្មាន​ភក្តីភាព»​ចំពោះ​ជាតិ​ ដោយ​លើក​ហេតុ​ផល​ថា ​មេដឹក​នាំ​កម្ពុជា​រូប​នេះ​ បាន​ទិញ​សញ្ជាតិ ​និង​លិខិត​ឆ្លងដែន​ពី​ប្រទេស​ស៊ីប។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​លោក សម រង្ស៊ី កាល​ពី​ពេល​កន្លង​ទៅ។

ប៉ុន្តែ​ក្រោយ​មក សារព័ត៌មាន​ The Guardian បាន​កែ​តម្រូវ​អត្ថបទ ត្រង់ចំណុច​សរសេរ​ថា ​លោក ហ៊ុន សែន​ មាន​សញ្ជាតិ​ស៊ីប ប៉ុន្តែ​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​ឲ្យ​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​ ដើម្បី​កំណត់​សញ្ជាតិ​តែ​មួយ​នេះ នៅ​តែ​បន្ត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG