ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មរតក​របស់​សម្តេចឪ​ និង​ផល​ប៉ះពាល់​សម្រាប់​កម្ពុជា


លោកស្រី​ ជា​ វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ​ និង​លោក​ សុខ ទូច​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ ពិភាក្សា​អំពី​មរតក​សម្តេចឪ​ចំពោះ​ស្ថានភាព​នយោបាយ​និង​ស្ថេរភាព​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។ (លឹម សុធី, វីអូអេ)
លោកស្រី​ ជា​ វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ​ និង​លោក​ សុខ ទូច​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ ពិភាក្សា​អំពី​មរតក​សម្តេចឪ​ចំពោះ​ស្ថានភាព​នយោបាយ​និង​ស្ថេរភាព​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។ (លឹម សុធី, វីអូអេ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ ក្រុម​អ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្ទេចខ្ទាំ​ដោយសារ​ខ្មែរ​ បែកបាក់​ពី​អតីតកាល​ ដោយ​អំពាវនាវ​ថា​ ត្រូវ​ធ្វើ​តាម​មរតក​នៃ​ការ​ផ្សះផ្សា​ជាតិ​ ដែល​សម្តេចឪ​បាន​បន្សល់​ទុក​ឲ្យ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ សុខ ទូច​សាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​ វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

លោក​ថ្លែង​ថា៖ «អញ្ចឹង​ព្រះបាទ​ នរោត្តម ​សីហនុ ហ្នឹង​ លោក​បាន​ទុក​(ឲ្យ​រួច)​ហើយ។ ហើយ​ លោក​បាន​ទាមទារ​ឯករាជ្យ​មក​វិញ ​ផ្សះផ្សា​ខ្មែរ​ហ្នឹង​ ពីព្រោះ​លោក​ដឹង​ថា​ ខ្មែរ​បែក​បាក់​គ្នា​ហ្នឹង​គឺ​មាន​តែ​បេ៥២​ទម្លាក់​ មាន​តែ​ត្បូង​ចប​វ៉ៃ​ក្បាល​ខ្មែរ ​មាន​តែ​សម្រក់​ទឹកភ្នែក​ សម្រែក​បាត់​កូន​បាត់​ឪពុក។​ នេះ​ហើយ​ដែល​យើង​ឃើញ​ទាំង​អស់​គ្នា»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ ​គឺ​យោង​ទៅ​លើ​សង្រ្គាម​ព្រាត់ប្រាស់​ពី​អតីតកាល​ និង​ការ​ កាប់​សម្លាប់​សម័យ​ខ្មែរក្រហម​ជា​ដើម​ ពេល​ភាគី​ខ្មែរ​មិន​ត្រូវ​គ្នា។​

មេដឹកនាំ​គណបក្ស​ សម ​រង្ស៉ី ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​តុលាការ​បាន​កាត់ទោស​ឲ្យ​ជាប់​គុក​ជាង​១០​ឆ្នាំ​ទាក់ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បដិសេធ​ការ​ធ្វើ​សំណើ​ទៅ​កាន់​ ព្រះមហាក្សត្រ​ដើម្បី​លើកលែង​ទោស​ដល់​លោក​ សម រង្ស៉ី ​ដោយ​អះអាង​ថា​ជា​ បញ្ហា​តុលាការ។​ លោក សម រង្ស៉ី​ បាន​ព្រមាន​ឲ្យ​ដឹង​ជា​ច្រើន​លើក​ថា​ កម្ពុជា​នឹង​ មាន​បញ្ហា​វិបត្តិ​សង្គម​ប្រសិន​បើ​លោក​មិន​អាច​ចូលរួម​បោះឆ្នោត​បាន។

វាគ្មិន​ម្នាក់​ទៀត​ គឺ​លោកស្រី​ ជា វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ​ដែល​អំពាវនាវ​ឲ្យ​មាន​ ការ​បង្រួមបង្រួម​រវាង​អ្នក​នយោបាយ​ខ្មែរ​ បាន​អះអាង​ថា​ ប្រជាធិបតេយ្យ​ដែល​ ប្រជាពលរដ្ឋ​ផ្តល់​អំណាច​ជូន​តាម​រយៈការ​បោះឆ្នោត​គួរ​តែ​ជា​វិធី​ល្អ។

លោកស្រី​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ម្ល៉ោះ​ហើយ ​ខ្ញុំ​យល់​ឃើញ​ថា​នៅ​ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​កាន់​ទុក្ខ​ព្រះ​មហាវីរក្សត្រ​ហ្នឹង ​ពេល​ហ្នឹង​អាច​បន្ទន់​ចិត្ត​អ្នកដឹកនាំ​នយោបាយ។ សម្តេច​ នាយករដ្ឋមន្ត្រី​ លោក​មាន​ការ​ពិចារណា​ លោក​មាន​សេចក្តី​យោគយល់​អនុគ្រោះ​ដូច​ថា ដើរ​តាម​គន្លង​របស់​ព្រះ​

មហាវីរក្សត្រ​ដូច​ថា​ លោក​ចង់​ឃើញ​ឲ្យ​ប្រទេស​ខ្មែរ​មាន​ការ​រួមរួម​គ្នា​ឲ្យ​ប្រទេស​ខ្មែរ​មាន​ឯកភាពជាតិ​នឹង​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហាជាតិ​រួមគ្នា។​ ម្ល៉ោះ​ហើយ​ខ្ញុំ​គ្រាន់តែ​ថា ​សង្ឃឹម​ថា​ការ​ដែល​បាត់បង់​ ព្រះមហាវីរក្សត្រ​ហ្នឹង​ជួយ​ជា​កត្តា​មួយ​ដើម្បី​ជំរុញ​ឲ្យ​អ្នកដឹកនាំ​យើង​ទាំងអស់​លោក​មាន​ចិត្ត​សន្តោស​ អនុគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​យើង​ឈាន​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ដែល​មាន​ជា​វិជ្ជមាន»៕

តើ​អ្នក​គិត​ថា​ស្ថានភាព​នយោបាយ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ​ក្រោយ​ការ​ចូល​ទី​វង្គត​របស់​ព្រះបាទ​ នរោត្តម សីហនុ?

អត្ថបទ​ទាក់ទង

XS
SM
MD
LG