ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភពលោក​ចូលរូម​មរណៈទុក្ខ​ព្រះសព​សម្តេច​ឪ


សម្តេចព្រះ​នរោត្តម​ សីហនុ
សម្តេចព្រះ​នរោត្តម​ សីហនុ

​លោក​បាន​ គី​មូ​ន​ ​សង្ឃឹមថា​ «​កេរដំណែល​នៃ​អតីត​ព្រះ​មហា​ក​ក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​ជឿនលឿន​ទៅ​មុខ​ទៀត​នូវ​ដំណើរការ​ផ្សះផ្សារ​ជាតិ​រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​យុត្តិធម៌»។​

ភ្នំពេញ៖ ពិភពលោក​បាន​បន្ត​ចូល​រួម​មរណៈទុក្ខ​ព្រះ​សព​នៃ​សម្តេចព្រះ​នរោត្តម​ សីហនុ រហូត​មក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ។
លោក​បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​ការ​ចូលរួម​មរណៈទុក្ខ «យ៉ាង​ជ្រាលជ្រៅ» ដល់​ការ​សោយ​ទិវង្គ​តរបស់​ព្រះ​មហា​វីរក្សត្រ​ដោយ​បាន​រំលឹក​ពី​ព្រះរាជ​បូជនីយកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​និង​កេរដំណែល​របស់​ព្រះ​អង្គ «ក្នុង​ព្រះ​នាម​ជា​មេដឹកនាំ​បង្រួប​ប្រ​ងួ​ម​ជាតិ​មួយ​អង្គ​ដែល​ទទួល​ការ​គោរព​បំផុត​ដោយ​ប្រជាជាតិ​កម្ពុជា​និង​សហគមន៍​អន្តរជាតិ»។
​លោក​បាន​ គី​មូ​ន​ បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នកនាំពាក្យ​របស់​លោក​កាលពី​រាត្រី​ថ្ងៃ​ច​ន្ទ​ថា​ រូប​លោក​សង្ឃឹមថា​ «​កេរដំណែល​នៃ​អតីត​ព្រះ​មហា​ក​ក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​ជឿនលឿន​ទៅ​មុខ​ទៀត​នូវ​ដំណើរការ​ផ្សះផ្សារ​ជាតិ​រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​យុត្តិធម៌»។​
កាលពី​ម្សិលមិញ​សហរដ្ឋ​អាមេរិក​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​របស់​ខ្លួន​លោកស្រី​ វិចថូរា​ នូឡិនដ៍ (Victoria​ Nuland)​ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​នូវ​ការ​បាត់បង់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នេះ​ដែរ។
នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ លោក ហ្វ្រង់ស្វ័រ​ អូឡង់ដ៍ បាន​សរសេរ​ក្នុង​លិខិត​មួយ​ថ្វាយ​ព្រះ​មហា​ក្ស​ត្រ​នរោត្តម សីហមុនី ដោយ​សម្ដែង«ទុក្ខ​ក្រៀម​ក្រំ​បំផុត» ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេច​នរោត្តម​ សីហនុ»។
លោក​ប្រធានាធិបតី​បារាំង​ចាត់​ទុក​សម្តេច​ឪ​ថា​ជា «បុគ្គល​ដ៏​ឆ្នើម» តំណាង​ឲ្យ​ជោគវាសនា​កម្ពុជា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នៃ​សតវត្ស​ទី​២០។
«សម្រាប់​មនុស្ស​ភាគច្រើន ព្រះ​អង្គ​គឺជា​និមិត្តរូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើកតម្កើង​សមភាព និង​ការពារ​អធិបតេយ្យភាព​នៃ​ប្រជាជាតិ​នានា»។ លោក​ហ្វ្រង់ស័្វរ​ បាន​សង្កត់​ធ្ងន់​លើ​វីរភាព​របស់​អតីត​ព្រះមហាក្សត្រ​ដែល​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង។
​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ី​ដូច​ជា​ចិន​ សិង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ការ​សោយទិវង្គត​នៃ​សម្តេចព្រះ​មហា​វីរក្សត្រ​នរោត្តម​ សីហ​នុ​ ដែរ។
ក្រៅពី​ឆាក​ជីវិត​ដែល​បែងចែក​រវាង​នយោបាយ​និង​ការ​គ្រងរាជ្យ​ អតីត​ព្រះមហាក្សត្រ​បាន​សាង​ស្នា​ព្រះហ​ស្ថ​ដែល​នឹង​ស្ថិត​នៅ​ជា​អមត​ក្នុង​ប្រជាជាតិ​ខ្មែរ​គឺ​ការ​ដណ្តើម​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣។ បារាំង​ត្រួតត្រា​កម្ពុជា​អស់​រយៈពេល​៩០​ឆ្នាំ។
នៅ​ក្នុង​ព្រះរាជ​សង្កថា ជា​សាធារណៈ​ជា​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ឆ្នាំ​២០០៣​គឺ​ខួប​ទី​៥០​ឆ្នាំ​នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ សម្តេចឪ​បាន​ផ្តែផ្តាំ​ឲ្យ​ប្រជាជាតិ​ខ្មែរ​មាន​មោទនភាព​សម្រាប់​ជាតិ​របស់​ខ្លួន។
«អតីតកាល​យើង​មាន​សម័យ​ខ្លះ​យើង​បាន​ពើប​ប្រទះ​ការ​លំបាក​ច្រើន​ដែរ ប៉ុន្តែ​សម័យ​ខ្លះ​យើង​បាន​ជា​កំពូល​មួយ​ក្នុង​ពិភពលោក។ ដូច្នេះ​យើង​ដែល​ជា​ខ្មែរ​គ្រប់​រូប​ហើយ​គ្រប់​សម័យ​តទៅ​អនាគត ដរាប​តទៅ​ត្រូវ​តែ​មាន​មោទនភាព​ សប្បាយចិត្ត​ ពេញចិត្ត​ចំពោះ​ជាតិ​សាសន៍​ខ្មែរ​យើង»។
ដោយឡែក​លោក ដាហ្គ្រស ប្រឌឺរិក (Douglas​ Broderick) អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​បញ្ជាក់​ពី «ការ​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ» ចំពោះ​ទិវង្គត​នេះ។ លោក​បាន​សរសេរ​ក្នុង​សារ​រំលែក​ទុក្ខ​កាលពី​ថ្ងៃ​ច​ន្ទ​ថា​សម្តេច​ឪ «ជា​តួអង្គ​គន្លឺះ​នៃ​ការ​តស៊ូ» របស់​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ​ហើយ​ព្រះ​អង្គ«គឺ​ជា​អ្នក​តស៊ូ​មតិ​យ៉ាង​ពិតប្រាកដ​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា»។
នៅ​ក្នុង​សារលិខិត​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម​ សីហ​មុនី​ និង​សម្តេច​ព្រះ​មហាក្សត្រី​នរោត្តម​ មុនីនាថ​ សីហ​នុ​ លោក​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​លើក​សរសើរ​អតីត​ព្រះមហាក្សត្រ​គឺជា​តួអង្គ«មហាក្សត្រ​ដ៏​មហា​ឆ្នើម​គ្មាន​គូ​ប្រដូច»។
លោកនាយក​រដ្ឋមន្ដ្រី​បាន​រំលឹក​ពី​គុណសម្បត្តិ​របស់​សម្តេច​នរោត្តម​ សីហនុ សម្រាប់​ឯករាជ្យ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ។ លោក​ហ៊ុន​ សែន សរសេរ​ថា​ ថ្វីបើ​សម្តេច​ឪសោយ​ទិវង្គត​ក្តី «ក៏​គំរូ​ដ៏​ឆ្នើម​របស់​ព្រះ​អង្គ​នៅ​តែ​ស្ថិត​ក្នុង​មនសិការ» របស់​លោក​ជានិច្ច និង​ជន​រួម​ជាតិ​ខ្មែរ​ជានិច្ច៕
XS
SM
MD
LG