នាយករដ្ឋមន្ត្រីលីបង់បានអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងបារាំងជួយពន្លឿនការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីលីបង់ បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាបានចូលជាធរមានជិតមួយខែកន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
សហរដ្ឋអាមេរិកនិងបារាំងរួមជាមួយនឹងលីបង់ អ៊ីស្រាអែល និងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិគឺជាសមាជិកនៅក្នុងគណៈកម្មាធិការដែលមានភារកិច្ចរក្សាការទាក់ទងរវាងភាគីទាំងអស់និងធានាមិនឲ្យមានការរំលោភណាមួយលើបទឈប់បាញ់។
នៅក្នុងផ្នែកមួយនៃបទឈប់បាញ់នេះ កងទ័ពលីបង់និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនឹងឈរជើងនៅក្នុងប្រទេសភាគខាងត្បូង នៅពេលដែលកងទ័ពអ៊ីស្រាអែលដកចេញក្នុងរយៈពេល ៦០ ថ្ងៃ។
នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati បាននិយាយនៅក្នុងក្រុង Khiam ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ភាគខាងត្បូងនៃប្រទេសលីបង់ថា៖ «ដើម្បីឲ្យកងទ័ពអាចសម្រេចបានទាំងស្រុងនូវបេសកកម្មរបស់ខ្លួន គណៈកម្មាធិការនេះត្រូវតែ...ដាក់សម្ពាធលើអ៊ីស្រាអែលដែលជាសត្រូវបញ្ឈប់រាល់ការរំលោភបំពានទាំងអស់លើបទឈប់បាញ់នេះ»។
លោកបានបន្ថែមថា៖ «វាជាការចាំបាច់ដែលត្រូវដាក់សម្ពាធលើភាគីនៃបទឈប់បាញ់នេះ ដែលនោះគឺបារាំងនិងអាមេរិក ឲ្យពន្លឿនដំណើរការនេះមុនពេលដែលរយៈពេល ៦០ ថ្ងៃនៃបទឈប់បាញ់នេះឈានដល់ទីបញ្ចប់»។
បទឈប់បាញ់នៅភាគខាងត្បូងលីបង់នេះបានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពីមានអរិភាពឆ្លងព្រំដែនរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាអស់រយៈពេលជាងមួយឆ្នាំមក ដែលអរិភាពនេះបានចាប់ផ្ដើមនៅពេលដែលសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាបានផ្ទុះឡើង៕
លីបង់ជំរុញអាមេរិកនិងបារាំងឲ្យជួយពន្លឿនការដកទ័ពរបស់អ៊ីស្រាអែល

ទីក្រុងបេរូត ប្រទេសលីបង់ —