ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចាប់ខ្លួន​សមាជិក​បក្ស​ប្រឆាំង​និង​មេធាវី​ក្នុង​ប្រទេស​ស៊ីមប៉ាវ៉េ បង្ក​ក្ដីបារម្ភ​ដល់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស


លោក Tapiwa Muchineripi (កាន់ស្បែកជើង) និងលោក Douglas Coltart (កាន់សៀវភៅ) នៃ​ក្រុមមេធាវី​ការពារ​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ មកដល់​តុលាការ Harare Magistrates នៅ​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹង​ការចោទ​ប្រកាន់ពី​បទរារាំង ឬកម្ចាត់​ដំណើរការ​យុត្តិធម៌។ (Columbus Mavhunga/VOA)
លោក Tapiwa Muchineripi (កាន់ស្បែកជើង) និងលោក Douglas Coltart (កាន់សៀវភៅ) នៃ​ក្រុមមេធាវី​ការពារ​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ មកដល់​តុលាការ Harare Magistrates នៅ​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹង​ការចោទ​ប្រកាន់ពី​បទរារាំង ឬកម្ចាត់​ដំណើរការ​យុត្តិធម៌។ (Columbus Mavhunga/VOA)

សមាជិក​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​ស៊ីមបាវ៉េ ​លោក ​Douglas Coltart និង លោក​ Tapiwa Muchineripi បាន​មក​កាន់តុលាការនៅ​ក្នុង​រដ្ឋធានី​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ។

ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃចន្ទ​កន្លង​ទៅ​ បន្ទាប់​ពី​បាន​ស្នើ​សុំ​ប៉ូលិស​កុំ​ឲ្យ​សាកសួរ​កូនក្ដី​ពីរ​រូប​ ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ កូនក្ដី​ទាំងពីរ​នាក់នោះ​ ​ឈ្មោះ Womberaishe Nhende និង​ Sonele Mukhuhlani ដែល​ជា​សមាជិក​គណបក្ស​សម្ព័ន្ធ​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់​ប្ដូរ(Citizens Coalition for Change) បាននិយាយ​ថា ពួក​គេ​គឺ​ជា​ជនរង​គ្រោះ​នៃ​អំពើ​ចាប់​ពង្រត់​ ការ​ធ្វើ​ទារុណកម្ម ​និង​ត្រូវ​បាន​ដាក់ថ្នាំ​ កាល​ពី​ថ្ងៃសៅរ៍ ដោយ​ក្រុម​មួយ​ដែល​គេ​សង្ស័យ​ថា​ជា​ភ្នាក់ងារ​របស់​រដ្ឋ។

លោក Jeremiah Bamu នៃ​ក្រុមមេធាវី​ការពារ​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ បាន​ធានា​មេធាវី​ទាំងពីរ​រូប​នេះ​ឲ្យនៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន​ដោយ​បង់ប្រាក់​ធានា​ចំនួន ១០០ ដុល្លារ​អាមេរិក​ សម្រាប់​ពួកគេ​ម្នាក់ៗ។

លោក​ Bamu ​ថ្លែង​ដូច្នេះ​ថា៖ «យើងបាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ ដោយ​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​ពួកគេ​គឺស្មើ​នឹង​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទៅ​លើ​វិជ្ជាជីវៈ​របស់​ក្រុម​មេធាវី។ អ្វី​ដែល​មេធាវី​ទាំងពីរ​រូប​បាន​ធ្វើ គឺ​ស្រប​ទៅ​តាម​ការ​ផ្ដល់​យោបល់​ពី​បុគ្គលិក​ពេទ្យ​ អំពី​ស្ថានភាព​របស់​កូន​ក្ដី​ពួក​គេ និង​ជំហរ​របស់​កូនក្ដី​ក្នុង​ការ​មិន​ឆ្លើយ​តបទៅ​នឹងការ​សាកសួរ​របស់​ប៉ូលិស។ ដោយ​គ្រាន់តែ​ពាំនាំ​នូវព័ត៌មាន​ដែលគេ​ទទួល​បាន ក៏​ដូច​ជា​ការការពារ​កូនក្តី​ប៉ុណ្ណោះ​ ពួក​គេ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​តែម្ដង ហើយ​បច្ចុប្បន្ន​នេះ​ ពួក​គេ​ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​ទៅ​តាម​ការ​កោះហៅ។ នេះ​ជា​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​ឯករាជ្យភាព​នៃវិជ្ជាជីវៈ​មេធាវី និង​ជា​ការ​វិវត្ត​មួយ​ដែល​យើង​អាច​មើល​ឃើញ​ថា​ ជា​ការ​ធ្វើ​ឲ្យ​មេធាវី​មិន​អាច​បំពេញភារកិច្ច​របស់​ពួក​គេ​បាន»។

លោក Jeremiah Bamu នៃ​ក្រុមមេធាវី​ការពារ​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​តុលាការ Harare Magistrates នៅ​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ (Columbus Mavhunga/VOA)
លោក Jeremiah Bamu នៃ​ក្រុមមេធាវី​ការពារ​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​តុលាការ Harare Magistrates នៅ​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ (Columbus Mavhunga/VOA)

លោក​បន្ត​ថា ​លោក​មេធាវី Coltart និង​លោក​មេធាវី​Muchineripi ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃទី​ ២០ ខែ​តុលា​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្របច្បាប់​នៃ​បទ​ចោទ​លើ​ពួក​គេ​ ពាក់​ព័ន្ធ​នឹង​ការ​រារាំងលើ​បុព្វហេតុ​យុត្តិធម៌។

អ្នកស្រី​ Lucia Masuka នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស ​Amnesty International​ក្នុងប្រទេស​ស៊ីមបាវ៉េ​ ​បាន​និយាយ​ថា​ គ្មាន​បុគ្គល​ណា​ម្នាក់​គួរ​ត្រូវ​បាន​កាត់​ទោស​ដោយ​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​នោះ​ទេ ក្នុង​នោះ​ក៏​រួមមាន​ទាំង​សិទ្ធិ​ក្នុង​ការ​ការពារ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ។

អ្នក​ស្រី​ថ្លែង​ដូច្នេះ​ថា៖ «មនុស្ស​គ្រប់​រូប​ មិន​ថា​ពួក​គេ​មាន​និន្នាការ​នយោបាយ​ទៅ​ខាង​ណា​នោះ​ទេ គួរ​តែ​អាច​ចូលរួម​ក្នុង​សកម្មភាព​ណា​មួយ ​ដែល​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ ដោយ​គ្មាន​ការ​ភ័យខ្លាចការ​ចាប់​ពង្រត់​ ឬ​ការ​ធ្វើ​ទុក​បុកម្នេញ។ អាជ្ញាធរ​ស៊ីមបាវ៉េ ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ដែល​មាន​លក្ខណៈ​អុជអាល​ ដែល​អាច​ញុះញង់​ឲ្យ​មាន​ការ​វាយប្រហារ​ទៅ​លើ​សកម្មជន​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មនុស្ស​ដទៃ​ទៀត។ អាជ្ញាធរ​ត្រូវ​តែ​ធានា​នូវ​បរិយាកាស​សន្តិភាព​នៅ​ក្រោយ​ការ​បោះឆ្នោត​ ដោយ​គោរព​ឲ្យ​បានពេញលេញ​នូវការការពារ​ ក៏​ដូច​ជា​ការ​ធានា​សិទ្ធិ ​និង​សេរីភាព​នៃ​ការជួបជុំ​ដោយ​សន្តិវិធី ​ការ​ចូល​រួម​ជា​សមាគម និង​ការ​បញ្ចេញ​មតិ​ជា​ដើម​ផង​ដែរ»។

វីអូអេបាន​ព្យាយាម​សុំអត្ថាធិប្បាយ​ពី​លោក​ Kazembe Kazembe រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស៊ីមបាវ៉េ​ ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​តប ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ការ​ចាប់​ខ្លួន​មេធាវី​ការពារ​សិទ្ធិមនុស្ស​ទាំងពីរ​រូប​កើត​ឡើង​ពីរ​ថ្ងៃ​ បន្ទាប់​ពី​ប្រធានាធិបតី ស៊ីមបាវ៉េ​ លោក​ Emmerson Mnangagwa បាន​ស្បថ​ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទីពីរ​របស់​លោក​ ដោយ​លោក​បាន​ប្ដេជ្ញា​គោរព​តាម​រដ្ឋធម្មនុញ្ញ​។

លោក​ Mnangagwa បាន​ថ្លែង​ដូចនេះថា៖ «ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំនិង​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​ Zanu PF​ លទ្ធិ​ប្រជាធិបតេយ្យ ​អភិបាលកិច្ច​ នីតិរដ្ឋ និង​នយោបាយ​អត់ធ្មត់ នឹង​ត្រូវ​បាន​ការពារ​ ស្រប​ទៅ​តាម​ស្មារតី​និង​សារ​លិខិត​ ដូចមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ​ដ៏​ពិសិដ្ឋ​និង​ច្បាប់​នានា​របស់​យើង»។

ការ​មិន​អត់ឱននិង​ការ​មិន​អនុវត្ត​នីតិរដ្ឋ​ គឺ​ជា​អ្វីដែល​រដ្ឋាភិបាល​ស៊ីមបាវ៉េ ​បាន​រង​ចោទ​ប្រកាន់​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨០​មក​ នៅ​ពេល​ដែល​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ៕

XS
SM
MD
LG