ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កីឡាករ​ប្រដាល់​អាមេរិក​លោក Mayweather បង្ហាញ​ការ​គាំទ្រ​ចំពោះ​បក្ស​កាន់​អំណាច​នៅ​ស៊ីមបាវ៉េ


អតីត​អ្នក​ប្រដាល់​ជើង​ឯក​អាមេរិកាំង​លោក Floyd Mayweather ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Robert Gabriel Mugabe នៅ​រដ្ឋធានី​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣។
អតីត​អ្នក​ប្រដាល់​ជើង​ឯក​អាមេរិកាំង​លោក Floyd Mayweather ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Robert Gabriel Mugabe នៅ​រដ្ឋធានី​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣។

កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា យន្តហោះ​ឯកជន​ពណ៌​ស​របស់​លោក Floyd Mayweather Jr. បាន​ចុះ​ចត​នៅ​ប្រទេស​ស៊ីមបាវ៉េ ដែល​នៅ​ទី​នោះ​លោក​ត្រូវ​បាន​ស្វាគមន៍​និង​បាន​ចូលរួម​រាំ​តាម​ចង្វាក់​ភ្លេង​ស្គរ​របស់​អាហ្វ្រិក។

អតីត​អ្នក​ប្រដាល់​ជើង​ឯក​អាមេរិកាំង​រូប​នេះ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​រង់ចាំ​រូប​លោក​ថា លោក​មាន​ក្តី​រំភើប​ក្នុង​ការ​មក​ដល់​ប្រទេស​ស៊ីមបាវ៉េ​និង​ជា​ថ្មី​ម្ដង​ទៀត​មក​ដល់​ទ្វីប​អាហ្វ្រិក បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​លើក​ដំបូង​ទៅ​កាន់​ប្រទេស​នីហ្សេរីយ៉ា​កាលពី​មួយ​ឆ្នាំ​មុន​មក។

លោក​បាន​ថ្លែង​ថា៖ «វា​គឺ​ជា​រឿង​ប្រសើរ​ដែល​បាន​វិល​ត្រឡប់​មក​កាន់​ទ្វីប​អាហ្វ្រិក​វិញ។ ទី​នេះ​ជា​មាតុភូមិ ជា​កន្លែង​ស្រស់ស្អាត មាន​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់...។ ពួកគេ​បាន​ស្វាគមន៍​ខ្ញុំ​ដោយក្តី​សោមនស្ស»។

ដូច​នៅ​នីហ្សេរីយ៉ា​ដែរ ដំណើរ​ទស្សនកិច្ច​របស់​លោក Mayweather ទៅ​កាន់​ប្រទេស​ស៊ីមបាវ៉េ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​កីឡា​ប្រដាល់។

ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ​មិនមែន​មិន​មាន​ភាព​ចម្រូងចម្រាស​នោះ​ទេ។

លោក Mayweather បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា សម្រាប់​គណបក្ស​កាន់​អំណាច Zanu PF ដែល​ក្រុម​អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​គណបក្ស​នេះ​ថា​បាន​ប្រើ​ប្រាស់​យុទ្ធវិធី​ផ្តាច់ការ​ប្រឆាំង​នឹង​គូ​បដិបក្ខ​និង​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​លើ​សេដ្ឋកិច្ច​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា។

អតីត​កីឡាករ​ប្រដាល់​វ័យ ៤៦ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក Scott Sakupwanya ដែល​ជា​អ្នក​ជំនួញ​មាស​ដ៏​ចម្រូងចម្រាស​ម្នាក់​ដែល​កំពុង​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ជា​តំណាងរាស្រ្ត​របស់​គណបក្ស Zanu PF នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​សីហា​ខាង​មុខ​នេះ។

កាលពី​ខែ​មេសា លោក Sakupwanya ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​វីដេអូ​ឯកសារ​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Al Jazeera មួយ​ដែល​មាន​ចំណងជើង​ថា «ក្រុម​ជន​អន្ធពាល​ជួញដូរ​មាស (The Gold Mafia)»។ វីដេអូ​នេះ​បាន​បង្ហាញ​អំពី​ក្រុម​រត់​ពន្ធ​មាស​និង​ក្រុម​លាង​លុយ​កខ្វក់​ដែល​ពាក់ព័ន្ធ​នឹង​មន្រ្តី​កំពូលៗ។

វីដេអូ​ឯកសារ​នេះ​បាន​ឱ្យ​ឈ្មោះ​លោក Sakupwanya ថា​ជា «ឈ្មួញ​ជួញដូរ​មាស​ដ៏​ធំ​បំផុត» នៅ​ស៊ីមបាវ៉េ។ លោក Sakupwanya មិន​បាន​ឆ្លើយតប​ទៅ​នឹង​វីដេអូ​ឯកសារ​នេះ​ទេ។

ធនាគារ​កណ្តាល​ស៊ីមបាវ៉េ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​បុរស ៤ នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​វីដេអូ​ឯកសារ​នេះ ហើយ​រដ្ឋាភិបាល​ស៊ីមបាវ៉េ​បាន​បញ្ជាក់​ថា​ខ្លួន​កំពុង​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​នេះ។

លោក Sakupwanya បាន​ស្វាគមន៍​លោក Mayweather មក​កាន់​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណបក្ស Zanu PF នៅ​តំបន់ Mabvuku ដែល​ជា​តំបន់​ជាយ​រដ្ឋធានី​ហារ៉ារ៉េ។ នៅ​ទី​នោះ លោក Sakupwanya កំពុង​ប្រជែង​យក​តំណែង​ជា​តំណាងរាស្រ្ត។

លោក Sakupwanya ថ្លែង​ដូច្នេះ​ថា៖ «លោក [Mayweather] សប្បាយ​ចិត្ត​ដែល​បាន​មក​ទី​នេះ ហើយ​លោក​ចង់​មក​ម្ដង​ទៀត។ លោក​បាន​ប្រាប់​ខ្ញុំ​ថា ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក​មិន​ដឹង​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ទី​នេះ​នោះ​ទេ។ លោក​ថែម​ទាំង​មិន​បាន​នាំ​យក​ក្រុម​សន្តិសុខ​របស់​លោក​មក​ផង​ដែរ ពីព្រោះ​លោក​ដឹង​ថា [ស៊ីមបាវ៉េ] គឺ​ជា​ប្រទេស​មាន​សន្តិភាព។ លោក​បាន​និយាយ​ថា ករណី​នេះ​បាន​បង្ហាញ​ថា ជន​បរទេស​មិន​គួរ​និយាយ​ពណ៌នា​អំពី​ស៊ីមបាវ៉េ​មុន​ពេល​ពួកគេ​មក​ដល់​ទី​នេះ​ទេ ហើយ​ពួកគេ​គួរតែ​បញ្ចៀស​ពី​រឿង​នយោបាយ​នៅ​កន្លែង​ណា​ដែល​មិន​ចាំបាច់»។

លោក Sakupwanya បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​កាលពី​ឆ្នាំ ២០២០ នៅ​ពេល​ដែល​រូបថត​របស់​លោក​ត្រូវ​បាន​លេច​ឡើង​តាម​បណ្តាញ​សង្គម​អនឡាញ ដែល​បង្ហាញ​អំពី​រូប​លោក​ថត​ជាមួយ​នឹង​ដុំ​មាស​ជា​ច្រើន​និង​លុយ​រាប់​លាន​ដុល្លារ។

សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ​ខ្លះ​បាន​រិះគន់​លោក Sakupwanya ចំពោះ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាមួយ​នឹង​លោក Mayweather ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​អ្នក​ចូលចិត្ត​សម្ញែង​ទ្រព្យ​សម្បតិ្ត ខណៈ​ពលរដ្ឋ​ស៊ីមបាវ៉េ​ភាគ​ច្រើន​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

អ្នក​រិះគន់​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក Tendai Biti ដែល​ជា​អនុ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្តូរ (Citizens Coalition for Change) ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង​នៅ​ស៊ីមបាវ៉េ។

លោក Biti ថ្លែង​ដូច្នេះ​ថា៖ «វា​ជា​រឿង​អាក្រក់ ជា​រឿង​អសីលធម៌ ហើយ​វា​បង្ហាញ​ពី​អាទិភាព​មិន​ត្រឹមត្រូវ​របស់​គណបក្ស Zanu PF។ ខ្ញុំ​សង្ឃឹម​ថា ពលរដ្ឋ​នៅ​តំបន់ Mabvuku មាន​ការ​យល់​ដឹង​ច្បាស់​អំពី​រឿង​នេះ ហើយ​នឹង​បោះឆ្នោត​ឱ្យ​បេក្ខជន​ត្រឹមត្រូវ​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ ២០២៣ នេះ»។

លោក Biti បាន​បន្ថែម​ថា លោក Mayweather គួរតែ​មាន​ភាព​អាម៉ាស់​នៅ​ក្នុង​ការ​ប្រឡូក​ជាមួយ​នឹង​បណ្តាញ​ក្រុម​ជន​ដែល​ពាក់ព័ន្ធ​នឹង​លំហូរ​លុយ​ខុស​ច្បាប់។

នៅ​ពេល VOA ព្យាយាម​ទាក់ទង ក្រុម​ការងារ​ផ្នែក​ផ្សព្វផ្សាយ​ឱ្យ​លោក Mayweather និង​លោក Sakupwanya បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ណា​មួយ​លើ​បញ្ហា​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG