ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​អាមេរិក​ចូលរួម​ជាមួយ​អ្នកសង្កេតការណ៍​ផ្សេង​ទៀត​បង្ហាញ​ពី​ក្តីបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការបោះឆ្នោត​នៅ​ស៊ីមបាវ៉េ


វត្តមាន​របស់​ប៉ូលិស​យ៉ាងច្រើន​នៅ​ទីក្រុង​ហារ៉ារ៉េ​នៃ​ប្រទេស​ស៊ីមបាវ៉េ ចាប់តាំង​ពី​ល្ងាច​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មុនពេល​ការចេញផ្សាយ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ជាផ្លូវការ​ដែល​ត្រូវបាន​រំពឹង​ថា​នឹង​ចេញ​លទ្ធផល​នៅ​ថ្ងៃចន្ទ។
វត្តមាន​របស់​ប៉ូលិស​យ៉ាងច្រើន​នៅ​ទីក្រុង​ហារ៉ារ៉េ​នៃ​ប្រទេស​ស៊ីមបាវ៉េ ចាប់តាំង​ពី​ល្ងាច​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មុនពេល​ការចេញផ្សាយ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ជាផ្លូវការ​ដែល​ត្រូវបាន​រំពឹង​ថា​នឹង​ចេញ​លទ្ធផល​នៅ​ថ្ងៃចន្ទ។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ហារ៉ារ៉េ​បាន​ចូលរួម​ជាមួយ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ផ្សេង​ទៀត​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បោះឆ្នោត​ជា​សកល​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ដោយ​ថ្លែង​ថា ការ​បោះឆ្នោត​នោះ​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ស៊ីមបាវ៉េ និង​គោលការណ៍​ណែនាំ​សហគមន៍​អភិវឌ្ឍន៍​អាហ្វ្រិក​ខាង​ត្បូង (SADC)។ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Emmerson Mnangagwa និង​គណបក្ស ZANU-PF កាន់​អំណាច​របស់​លោក​បាន​ច្រាន​ចោល​ការ​រិះគន់​លើ​ការ​បោះឆ្នោត​ជា​សកល​ដែល​មាន​ភាព​ចម្រូងចម្រាស។

អ្នកស្រី Rebecca Archer-Knepper អ្នក​នាំ​ពាក្យ​ស្តី​ទី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ហារ៉ារ៉េ​បាន​ប្រាប់ VOA កាលពី​ថ្ងៃសៅរ៍ ទី២៦ ខែសីហា​ថា ការបោះឆ្នោត​ជា​សកល​របស់​ស៊ីមបាវ៉េ​មិន​បាន​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​ជាច្រើន​ ប៉ុន្តែ​អ្នកស្រី​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថាពលរដ្ឋ​ស៊ីមបាវ៉េ​នឹង​បន្ត​រក្សា​សន្តិភាព នៅ​ពេល​ដែល​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត។ អ្នកស្រី Rebecca Archer-Knepper បាន​ថ្លែង​ថា៖ «ខណៈ​ពេល​ថ្ងៃ​បោះឆ្នោត​មាន​សន្តិភាព ដំណើរការ​បោះឆ្នោត​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​គោរព​តាម​ស្តង់ដារ​ថ្នាក់​តំបន់​និង​អន្តរជាតិ​ជាច្រើន។ យើង​ក៏​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ដូច​ក្តីបារម្ភ​របស់​ដោយ​ស្ថាប័ន SADC និង​បេសកកម្ម​សង្កេត​ការ​បោះឆ្នោត​អន្តរជាតិ​ផ្សេង​ទៀត។ សេចក្តី​ថ្លែងការណ៍​បឋម​កាលពី​ថ្ងៃទី២៥ ខែសីហា​របស់​ស្ថាប័ន SADC បាន​កត់​សម្គាល់​ថា​ ការ​បោះឆ្នោត​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​ក្នុង​រដ្ឋធម្មនុញ្ញ​ស៊ីមបាវ៉េ ច្បាប់​បោះឆ្នោតនិង​គោលការណ៍ និង​ការ​ណែនាំ​របស់​ស្ថាប័ន SADC ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ»។

អ្នក​ការទូត​អាមេរិក​រូប​នេះ​បាន​បន្ថែមទៀត​ថា៖ «បេសកកម្ម​ទាំង​នេះ​បាន​លើក​ឡើង​ពី​បញ្ហាតម្លាភាព ឯករាជ្យភាព យុត្តិធម៌ និង​ភាព​ជឿជាក់​នៃ​ដំណើរការ​បោះឆ្នោត ការ​រឹតត្បិត​មិន​សមរម្យ​លើ​សិទ្ធិ​សេរីភាព​ជួប​ប្រជុំ​និង​ប្រមូល​ផ្តុំ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ស៊ីមបាវ៉េ និង​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​គោលការណ៍​ណែនាំ​ក្នុង​តំបន់។ ក៏​មាន​ការ​លើក​ឡើង​ផង​ដែរ​ពី​របាយការណ៍​នៃ​ការ​បំភិតបំភ័យ​អ្នក​បោះឆ្នោត និង​ការ​ដក​សិទ្ធិ​បេក្ខជន​ជា ពិសេស​បេក្ខនារី។ យើង​ក៏​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​សមាជិក​សង្គម​ស៊ីវិល​ដែល​យើង​ជឿ​ថា​ កំពុង​ធ្វើ​ការ​សង្កេតការណ៍​បោះឆ្នោតស្រប​តាម​ច្បាប់ និង​មិន​លម្អៀង»។

កាលពី​ថ្ងៃពុធ ទី២៣ ខែសីហា ប៉ូលិស​បាន​ចាប់​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ចំនួន៣៥ នាក់​ពី​បណ្តាញ​គាំទ្រ​ការ​បោះឆ្នោត​ស៊ីមបាវ៉េ និង​មជ្ឈមណ្ឌល​ធនធាន​បោះឆ្នោត​ទៅ​ឃុំឃាំង​និង​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​រៀបចំ​ផែនការ​ដើម្បី​ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវ​ការ។ ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ធានា២០០ ដុល្លារ​អាមេរិក​កាលពី​ថ្ងៃសុក្រ ទី២៥ ខែសីហា។

មនុស្ស​មួយ​ចំនួន​បាន​បោះឆ្នោត​នៅ​ពេល​យប់ ខណៈដែល​ការបោះឆ្នោត​ត្រូវបាន​ពន្យារពេល​ដល់​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​ត្រូវ​បាន​រំខាន​ដោយ​ការ​ពន្យារ​ពេល​នៅ​ការិយាល័យ​បោះឆ្នោត និង​ការ​ខ្វះខាត​សន្លឹក​ឆ្នោត​នៅ​ក្នុង​តំបន់​ដែល​ក្រុម​ប្រឆាំង​មាន​ការ​គាំទ្រ​ខ្លាំង​ដូចជា​ទីក្រុង Bulawayo និង​ទីក្រុង​ហារ៉ារ៉េ​ជា​ដើម។
មនុស្ស​មួយ​ចំនួន​បាន​បោះឆ្នោត​នៅ​ពេល​យប់ ខណៈដែល​ការបោះឆ្នោត​ត្រូវបាន​ពន្យារពេល​ដល់​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​ត្រូវ​បាន​រំខាន​ដោយ​ការ​ពន្យារ​ពេល​នៅ​ការិយាល័យ​បោះឆ្នោត និង​ការ​ខ្វះខាត​សន្លឹក​ឆ្នោត​នៅ​ក្នុង​តំបន់​ដែល​ក្រុម​ប្រឆាំង​មាន​ការ​គាំទ្រ​ខ្លាំង​ដូចជា​ទីក្រុង Bulawayo និង​ទីក្រុង​ហារ៉ារ៉េ​ជា​ដើម។

អ្នក​សង្កេតការណ៍​បោះឆ្នោត រួម​ទាំង​អ្នក​មក​ពី​ស្ថាប័ន SADC បាន​ថ្កោលទោស​ការ​ចាប់​ខ្លួន ​និង​ការរឹបអូស​កុំព្យូទ័រ​និង​ទូរសព្ទ​ដៃ​របស់​អ្នក​សង្កេតការណ៍​ដោយ​ប៉ូលិស ក៏​ដូចជា​ដំណើរការ​នៃ​ការ​បោះឆ្នោត​សកល។

កាលពី​ល្ងាច​ថ្ងៃសុក្រ ទី២៥ ខែសីហា លោក Christopher Mutsvangwa អ្នក​នាំ​ពាក្យ​គណបក្ស ZANU-PF ដែល​កំពុង​កាន់​អំណាច​បាន​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​របស់​អ្នក​សង្កេតការណ៍​របស់​ស្ថាប័ន SADC ចំពោះ​ការ​បោះឆ្នោត។ លោក Christopher Mutsvangwa បាន​និយាយ​ថា៖ «ឥឡូវ​នេះ បើ​និយាយ​ពី​គោលការណ៍​របស់​ស្ថាប័ន SADC យើង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា គោលការណ៍​ទាំង​នេះ​ជា​ការ​បង្កើត​ឡើង​ដោយ​ប្រទេស​សមាជិក​របស់​ស្ថាប័ន SADC ។ ពួកគេ​មិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បុគ្គល​ជាក់លាក់​ណា​មួយ​ដែល​អាច​ក្លាយ​ជា​ប្រធាន​គណៈប្រតិភូ​នោះ​ទេ។ វា​មិន​មែន​ជា​តូនាទី​របស់​បុគ្គល​ណា​ម្នាក់​ដែល​ដើរ​តួ​ជា​គណៈកម្មាធិការ​ត្រួតពិនិត្យ​រដ្ឋធម្មនុញ្ញ​ស៊ីមបាវ៉េ​នោះ​ទេ។ ដូច្នេះ លោក Nevers Mumba មក​ពី​សំប៊ី យើង​បាន​ទូរស័ព្ទ​ទៅ​លោក​ដើម្បី​ប្រាប់ កុំ​ឱ្យ​ចេះដឹង​ពី​ច្បាប់​ស៊ីមបាវ៉េ»។

លោក Nevers Mumba ដែល​ជា​ប្រធាន​បេសកកម្ម​សង្កេតការណ៍​របស់​ស្ថាប័ន SADC ចំពោះ​ការ​បោះឆ្នោត​របស់​ស៊ីមបាវ៉េ បាន​បញ្ឈប់​ការ​ហៅ​ការ​បោះឆ្នោត​សកល​ថា​ មិន​គួរ​ឱ្យ​ជឿជាក់ នៅ​ពេល​ដែល​លោក​បាន​បង្ហាញ​របាយការណ៍​បឋម​របស់​ប្លុក​ក្នុង​តំបន់​កាលពី​ថ្ងៃសុក្រ ទី២៥ ខែសីហា ប៉ុន្តែ​លោក​បាន​លើក​ឡើង​ពី​ក្តីបារម្ភ។

លោក Nevers Mumba ដែល​ជា​ជនជាតិ​សំប៊ី​បាន​ថ្លែង​ថា ​ថ្លៃ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ចំនួន ២០.០០០ ដុល្លារ​អាមេរិក​ត្រូវ​បាន​រឹតបន្តឹង។ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ពី​ការ​ស្ទាក់ស្ទើរ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ស៊ីមបាវ៉េ​ក្នុង​ការ​ចេញផ្សាយ​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ឱ្យ​គណបក្ស​ប្រឆាំង​ទាន់​ពេលវេលា ​និង​បាន​រិះគន់​ការ​រំខាន​ដល់​ការ​ប្រមូលផ្តុំ​របស់​ក្រុម​ប្រឆាំង​ដោយ​ប៉ូលិស។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស៊ីមបាវ៉េ លោក Ziyambi Ziyambi បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​លោក Mutsvangwa។ លោក Ziyambi Ziyambi បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​បាន​ធ្វើ​សង្រ្គាម​អស់​រយៈពេល​ជាង ១៥ ឆ្នាំ ដូច្នេះ​អ្នក និង​ខ្ញុំ ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​នៅ​ទីនេះ​អាច​កាន់​ប៊ិច​នៅ​ក្នុង​ដៃ​ និង​គូស​សញ្ញា X។ ភាគច្រើន​នៃ​អ្នក​រំខាន​មិន​ដែល​បាន​ជួយ​យើង​ទេ។ វា​ជា​ញើស​ឈាម​របស់​កូន​ប្រុស​ស្រី​ស៊ីមបាវ៉េ។ ដូច្នេះ គោលការណ៍​ជា​មូលដ្ឋាន​តាំងពី​ឆ្នាំ១៩៨០​មក​គឺ​ថា នៅ​ពេល​ដែល​យើង​ទទួល​បាន​ឯករាជ្យ យើង​ប្រាប់​ខ្លួន​យើង យើង​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នេះ យើង​នឹង​មាន​ការ​បោះឆ្នោត​នៅ​ពេល​ណា​មួយ​មក​ដល់។ យើង​បាន​ធ្វើ​តាម​គោលការណ៍​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ អ៊ីចឹង​យើង​ជឿ​ថា អ្នក​ខ្លះ​ដែល​ចង់​បង្រៀន​យើង​ពី​លទ្ធិ​ប្រជាធិបតេយ្យ តាម​ពិត ពួកគេ​អាច​ទទួល​បាន​មេរៀន​ពី​យើង​ទៅ​វិញ​ទេ»។

ប៉ូលិស​ល្បាត​នៅ​តាម​ដង​ផ្លូវ ខណៈ​ការ​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ទូទៅ​បាន​ធ្វើឡើង​ក្នុង​ទីក្រុង​ហារ៉ារ៉េ​នៃ​ប្រទេស​ស៊ីមបាវ៉េ នៅ​ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៣។
ប៉ូលិស​ល្បាត​នៅ​តាម​ដង​ផ្លូវ ខណៈ​ការ​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ទូទៅ​បាន​ធ្វើឡើង​ក្នុង​ទីក្រុង​ហារ៉ារ៉េ​នៃ​ប្រទេស​ស៊ីមបាវ៉េ នៅ​ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៣។

កាលពី​ថ្ងៃសុក្រ ទី២៥ ខែសីហា លោក Alexander Rusero សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៅ​សាកលវិទ្យាល័យ​អាហ្វ្រិក​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​បាន​ស្វាគមន៍​របាយការណ៍​ស្តី​ពី​ការ​បោះឆ្នោត​របស់​ស្ថាប័ន SADC។ លោក Alexander Rusero បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ជា​អកុសល ខ្ញុំ​គិត​ថា គណបក្ស ZANU-PF មិន​ត្រូវ​បាន​ណែនាំ​ត្រឹមត្រូវ​នោះ​ទេ។ មិន​ចាំបាច់​ស្រែក​ដាក់​អ្នក​សង្កេតការណ៍​ទេ ព្រោះ​ពួកគេ​ត្រូវ​ផ្តោត​លើ​ភាព​វិជ្ជមាន។ ភាព​វិជ្ជមាន​ជា​អ្វី​ដែល​ពួកគេ​អាច​ផ្តោត​លើ និង​បន្ទាប់​មក​ពួកគេ​អាច​ធ្វើ​ការ​លើ​ភាព​អវិជ្ជមាន ប៉ុន្តែ​តាម​ពិត​វា​មាន​ទាំង​អស់។ វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ការ​បោះឆ្នោត​នេះ​នឹង​ល្អ​ឥត​ខ្ចោះ១០០% នោះ​ ដោយសារ​ភាព​មិន​ប្រក្រតី។ អ្វី​ដែល​សំខាន់​គឺ​ការ​អបអរសាទរ បើ​ទោះ​ជា​មាន​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ក៏​ដោយ ក៏​នៅ​តែ​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដែល​យើង​លើក​ឡើង​បាន​ដែរ។ ជា​អកុសល នាយកដ្ឋាន​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កំពុង​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សាធារណៈរដ្ឋ​ស៊ីមបាវ៉េ»។

នៅ​ក្នុង​ការ​បោះឆ្នោត​នេះ លោក​ប្រធានាធិបតី Mnangagwa ព្យាយាម​ដើម្បី​ទទួល​បាន​តំណែង​ក្នុង​អាណត្តិ​ទី២ ដោយ​ឈរ​ឈ្មោះ​ទល់​នឹង​បេក្ខជន​ចំនួន ១០ នាក់ រួម​មាន​គូប្រជែង​ដ៏​សំខាន់​មួយ​រូប​គឺ លោក Nelson Chamisa មក​ពី​សម្ព័ន្ធ​ប្រជាជន​ដើម្បី​ការ​ផ្លាស់ប្តូរ។

ការ​បោះឆ្នោត​ត្រូវ​បាន​ពន្យារ​ដល់​ថ្ងៃ​ទី២ នៅ​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​ត្រូវ​បាន​រំខាន​ដោយ​ការ​ពន្យារ​ពេល​នៅ​ការិយាល័យ​បោះឆ្នោត និង​ការ​ខ្វះខាត​សន្លឹក​ឆ្នោត​នៅ​ក្នុង​តំបន់​ដែល​ក្រុម​ប្រឆាំង​មាន​ការ​គាំទ្រ​ខ្លាំង​ដូចជា​ទីក្រុង Bulawayo និង​ទីក្រុង​ហារ៉ារ៉េ​ជា​ដើម។

មាន​វត្តមាន​ប៉ូលិស​យ៉ាង​ច្រើន​នៅ​ទីក្រុង​ហារ៉ារ៉េ ចាប់​តាំង​ពី​យប់​ថ្ងៃ​សុក្រ​មុន​ការ​ចេញ​ផ្សាយ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ជា​ផ្លូវ​ការ​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃចន្ទ​នេះ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG