អ្នកសសេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុ បានបរិច្ចាគឯកសារផ្ទាល់ខ្លួនរបស់លោកទៅមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ដើម្បីរក្សាទុកជាឯកសារ ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានិងអ្នកស្រាវជ្រាវបរទេសដើម្បីអាន និងស្រាវជ្រាវ។ លោកបានប្រមូលឯកសារផ្ទាល់ខ្លួននេះរយៈពេលពី២៥ទៅ៣០ឆ្នាំ ក្នុងពេលលោកធ្វើការស្រាវជ្រាវអំពីប្រទេសកម្ពុជា និងនៅប្រទេសផ្សេងទៀត ដូចជាប្រទេសអូស្រ្តាលី ប្រទេសបារាំង ប្រទេសស្វីស និងប្រទេសអង់គ្លេស។
លោក Julio Jeldres អ្នកសសេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុបានក្លាយជាមិត្ដសំឡាញ់ក្នុងការសរសេរឆ្លើយឆ្លងជាមួយអតីតព្រះមហាវីរក្សត្រក្នុងឆ្នាំ១៩៦៧។ នៅពេលក្រោយមក លោកបានជួបព្រះករុណាព្រះបាទនរោត្តមសីហនុជាលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងជើងនៅឆ្នាំ១៩៨១។ មិនយូរប៉ុន្មាន លោកក៏បានក្លាយជាលេខាផ្ទាល់និងបានក្លាយជាប្រធានលេខាធិការដ្ឋានរបស់ព្រះមហាក្សត្រ នៅខណៈពេលដែលព្រះអង្គគង់និរទេសព្រះកាយនៅក្រៅប្រទេស។
ឯកសារដែលលោកបរិច្ចាគទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam នោះ រួមមានវីដេអូ រូបភាព ឯកសារ បទសម្ភាសន៍ កាសែត និងសៀវភៅនានា។
លោក Julio Jeldres បានសរសេរតាមសារអេឡិចត្រូនិចប្រាប់វីអូអេថា ឯកសារទាំងនោះរួមមានឯកសារដែលលោកប្រមូលទុកក្នុងអំឡុងពេលដែលលោកបម្រើការងារជាលេខាជាន់ខ្ពស់របស់អតីតព្រះមហាវីរក្សត្រព្រះវរបិតាពេលព្រះអង្គគង់នៅក្នុងប្រទេសចិន កូរ៉េខាងជើងនិងប្រទេសថៃ រយៈពេល១២ឆ្នាំ។
លោកបាននិយាយថា ឯកសារមួយចំនួននៃឯកសារទាំងនេះ បានដាក់ទៅក្នុងបណ្ណសារនៅប្រទេសបារាំង និងនៅសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី លើកលែងតែកំណត់ហេតុប្រចាំថ្ងៃ និងកំណត់ត្រាផ្ទាល់ខ្លួនរបស់លោក។ ភាគច្រើននៃឯកសារក្នុងបណ្ណសាររបស់លោកត្រូវបានបើកចំហដោយរដ្ឋាភិបាលដែលបានសរសេរ ឬផលិតឯកសារទាំងនេះ។ លោកបានបន្ថែមទៀតថា ឯកសារទាំងនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតនោះទេ។
លោកបានមានប្រសាសន៍នៅក្នុងអ៊ីម៉ែលរបស់លោកថា លោកបានសម្រេចចិត្តបរិច្ចាគបណ្ណសារផ្ទាល់ខ្លួនរបស់លោកទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ព្រោះលោកជឿថា មជ្ឈមណ្ឌលនេះជាស្ថាប័នមួយនៅក្នុងប្រទេសកម្ពុជាដែលមានមធ្យោបាយ និងមានបុគ្គលិកដែលមានការបណ្តុះបណ្តាលដើម្បីធ្វើឲ្យសម្ភារៈទាំងនេះអាចជាប្រយជន៍ដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ ហើយនិងដល់ក្រុមអ្នកស្រាវជ្រាវបរទេស។
លោកឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា មជ្ឈមណ្ឌល DC-Cam របស់លោកបាននិងកំពុងបន្តប្រមូលទុកឯកសារពីក្នុង និងក្រៅប្រទេសសម្រាប់និស្សិត និងក្រុមអ្នកស្រាវជ្រាវ ធ្វើការស្រាវជ្រាវរបស់ពួកគេអំពីប្រវត្តិសាស្ត្រ។
លោកបាននិយាយថា៖ «កាលណាយើងមិនស្គាល់ប្រវត្តិសាស្ត្រយើងឲ្យបានពិតប្រាកដ គឺយើងអត់ស្គាល់ខ្លួនឯងទេ ហើយសង្គមនឹងពើបប្រទះនឹងមហន្តរាយ និងវិបត្តិ ដូចតែយើងធ្លាប់ឆ្លងកាត់តាំងពីដើមមក។ ចង់មិនចង់នៅក្នុងការសិក្សាថ្នាក់ឧត្តមសិក្សាគឺតម្រូវឲ្យមានការសិក្សាស្រាវជ្រាវ។ អញ្ចឹងគេជៀសមិនផុតពីការអានឯកសារនេះទេ ពីព្រោះឯកសារនេះជាផ្នែកមួយក្នុងការវាយតម្លៃសភាពការណ៍ ឬបញ្ជាក់អំពីអតីតកាល ហើយនឹងបច្ចុប្បន្ន ហើយនិងធ្វើការវិភាគទស្សន៍ទាយអំពីសង្គមរបស់យើងទៅថ្ងៃ អនាគត»។
លោកឆាំង យុបានបន្ថែមថា៖ «បទឧក្រិដ្ឋកើតរៀងរាល់ថ្ងៃ អញ្ចឹងយើងត្រូវប្រមូលឯកសារដើម្បីជាមេរៀនប្រវត្តិសាស្ត្រ។ ហើយឯកសារនេះមកដល់កន្លែងយើងខុសៗគ្នា ព្រោះអ្នកដែលមានឯកសារគឺជាបុគ្គល ជាស្ថាប័ន ជារដ្ឋមានយន្តការផ្តល់ឯកសារខុសៗគ្នា។ ឯកសារនេះ យើងបានពីលេខាផ្ទាល់របស់សម្តេចឪដែលបានសុគតទៅហើយ»។
ឯកសារទាំងនេះមាននិយាយអំពីគោលនយោបាយ និងទំនាក់ទំនងការបរទេសរវាងប្រទេសកម្ពុជាជាមួយអាមេរិក ថៃ វៀតណាម ទំនាក់ទំនងកម្ពុជាជាមួយវៀតកុង និងប្រទេសផ្សេងៗទៀត។ ឯកសារអំពីការរំសាយតំបន់អព្យាក្រឹត្យនៅប្រទេសឡាវ និងនៅកម្ពុជា ឯកសារអំពីសន្និសីទហ្សឺណែវអំពីឥណ្ឌូចិន ឯកសារអំពីសំណើអាមេរិកសម្រាប់សកម្មភាពសហប្រជាជាតិឆ្នាំ១៩៥៤ ឯកសារអំពីការរំលោភឈ្លានពាននៅឥណ្ឌូចិនក្នុងឆ្នាំ១៩៥៤ និងខ្សែភាពយន្តដែលផលិតដោយអតីតព្រះករុណាព្រះបាទនរោត្តមសីហនុក៏នៅក្នុងចំណោមឯកសារទាំងនោះដែរ។លោកឆាង យុ បាននិយាយថា ឯកសារភាគច្រើននិយាយអំពីទំនាក់ទំនងនិងការឆ្លើយតបសម្ងាត់របស់មេដឹកនាំនានា។
លោកបាននិយាយថា៖
«មានឯកសារជាច្រើន ហើយជាឯកសារប្រភេទជាន់ខ្ពស់។ មានឯកសារជាទំនាក់ទំនងរវាងទូរលេខសម្ងាត់របស់រដ្ឋ របស់ថ្នាក់ដឹកនាំខ្ពស់ៗនៅជុំវិញពិភពលោក។ ឯកសារនេះមានតម្លៃខ្ពស់ណាស់ ហើយគាត់បានផ្ញើមកជូនយើង»។
លោកឆាំង យុបានថ្លែងថា ឯកសារទាំងនេះនឹងជួយសិស្ស និស្សិត និងអ្នកស្រាវជ្រាវដើម្បីសិក្សាដែលអាចជួយឲ្យគេអាចធ្វើការសម្រេចចិត្តបានល្អនៅក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ឯកសារទាំងអស់នេះអាចបង្ហាញពីការណ៍ពិតនៃព្រឹត្តិការណ៍ដែលបានកើតឡើង ហើយដែលប្រជាជនមិនបានដឹងថា តើថ្នាក់ដឹកនាំបាននិយាយអ្វីកាលពី៣០ឆ្នាំមុន។
លោកនិយាយថា៖ «ដូចជាឯកសារអំពីទំនាក់ទំនងជាមួយចិននៅក្នុងឆ្នាំ១៩៧៨។ ដូចដែលយើងបានដឹងហើយថា ប្រទេសចិនគឺជាប្រទេសមួយដែលមានឥទ្ធិពលខ្លាំងក្នុងសម័យខ្មែរក្រហម។ អញ្ចឹងឯកសារនេះគឺជាឯកសារឆ្នាំ១៩៧៨ ដែលសម្ងាត់ហើយទើបតែបើកទូលាយនៅក្នុងឆ្នាំ២០១១។ អញ្ចឹងបានន័យថា មនុស្សជាច្រើនអត់ទាន់បានឃើញឯកសារនេះនៅឡើយទេ។ ឯកសារនេះទើបបើកចំហកាលពីបួនឆ្នាំមុនទេ។ ក្នុងរយៈពេលបួនឆ្នាំនេះគឺមានមនុស្សតិចណាស់ដែលបានអានឯកសារនេះ ហើយឯកសារនេះនិយាយអំពីទំនាក់ទំនងចិន និងស្រុកខ្មែរយើងក្នុងសម័យខ្មែរក្រហម ក្នុងឆ្នាំ១៩៧៨ ដែលជាឆ្នាំដែលមានរបត់ខ្លាំងអំពីការធ្លាក់ចុះរបស់ខ្មែរក្រហម និងការចូលរបស់វៀតណាមមកក្នុងប្រទេសកម្ពុជា»។
លោកបាននិយាយអំពីឯកសារមួយផ្សេងទៀតថា៖
«ឯកសារមួយនេះនិយាយអំពីគម្រោងការប្រាំឆ្នាំរបស់វៀតណាម ដែលរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានធ្វើការឆ្លើយឆ្លងនៅក្នុងខែមករាថ្ងៃទី១១ឆ្នាំ១៩៧៨ គឺរយៈពេល១១ខែមុនពេលវៀតណាមចូលមកប្រទេសកម្ពុជា។ អានេះនិយាយអំពីគម្រោងការ៥ឆ្នាំរបស់វៀតណាម ហើយបានថតចម្លងទៅប៉េកាំង។ អញ្ចឹងបានន័យថា ប្រទេសមួយបានឆ្លើយឆ្លងទៅប្រទេសមួយទៀត និយាយអំពីប្រទេសមួយទៀត ហើយឯកសារនេះជាឯកសារដែលគេដាក់ថា classified បានន័យថា ជាឯកសារសម្ងាត់ confidential»។
លោកឆាំង យុបានមានប្រសាសន៍ថា និស្សិត និងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិអាចទាញយកប្រយោជន៍ពីឯកសារទាំងនេះសម្រាប់ការស្រាវជ្រាវរបស់ពួកគេ។ ឯកសារទាំងនេះនឹងត្រូវដាក់ឲ្យប្រើជាសាធារណៈបន្ទាប់ពីមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ថតចម្លង និងទុកដាក់ឯកសារទាំងនេះបានត្រឹមត្រូវ៕