ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ព្រះរាជកិត្តិនាម​និង​ស្នាព្រហស្ថ​ព្រះបាទ​នរោត្តម​ សីហនុ​គ្មាន​អ្នក​ប្រកួត​បាន


រូប​សំណាក​​ព្រះបាទ​នរោត្តម​ សីហនុ​ដែល​មាន​ព្រះនាម​បច្ឆាមរណៈ​ថា​«ព្រះ​បរម​រតនកោដ្ឋ» ក្នុង​ថ្ងៃ​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣។
រូប​សំណាក​​ព្រះបាទ​នរោត្តម​ សីហនុ​ដែល​មាន​ព្រះនាម​បច្ឆាមរណៈ​ថា​«ព្រះ​បរម​រតនកោដ្ឋ» ក្នុង​ថ្ងៃ​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣។

នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ខាងមុខនេះ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ព្រះ​បាទ​នរោត្តម​ សីហនុ​នឹង​យាង​ចូល​ទិវង្គត​បាន​ពីរ​ឆ្នាំ​ហើយ​ ហើយសម្រាប់​អ្នក​នយោបាយ​ខ្មែរ​យល់​ថា​ ពួកគេ​បាន​រៀន​សូត្រច្រើន​ពី​បទពិសោធន៍ការងារ​របស់​ព្រះ​អង្គ​និង​កំពុង​តែ​យក​មក​អនុវត្ត​ក្នុង​ការងារ​នយោបាយប្រទេស​ជាតិ។​

ព្រះបាទ​នរោត្តម​ សីហនុ​ដែល​មាន​ព្រះនាម​បច្ឆាមរណៈ​ថា​«ព្រះ​បរម​រតនកោដ្ឋ» បាន​យាង​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម​៩០ព្រះ​វស្សា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១២។​

ថ្វីបើ​ពេល​នៅ​មាន​ព្រះកាយ​ពល​ព្រះ​អង្គ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា​មាន​ចំណុច​ល្អ​និង​ការ​ប្រឡាក់​ប្រឡូស​ខ្លះ​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហមក្នុងពេលបំពេញ​ព្រះរាជកិច្ច​បម្រើ​មាតុភូមិ​ ក៏​ស្នា​ព្រះហស្ថ​ធំៗ​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​យក​ឯករាជ្យ​ភាព​ជូន​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គ្មាន​គូ​ប្រៀប​បាន​ទេ។​

វីដេអូ៖ ព្រះកោដ្ឋ​ព្រះបរមសព​សម្តេចឪ​ត្រូវ​តម្កល់​ជា​អចិន្ត្រៃយ៍​ក្នុង​ព្រះ​បរមរាជ​វាំង

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រះ​អង្គ​ម្ចាស់ស៊ីសុវត្ថិ ​ធម្មិកោ​ដែល​ជា​អតីត​លេខាធិការ​ផ្ទាល់​និង​ជា​ក្មួយ​របស់​ព្រះ​បាទ​នរោត្តម សីហនុ​បាន​ស្នើ​សុំ​ឱ្យ​ខ្មែរ​គ្រប់​រូប​ចងចាំ​ពី​ឯករាជ្យ​ភាព​នេះ​ជានិច្ច៖

«ចង់​ឆក់​យក​ឱកាស​នេះ​រំលឹក​នូវ​កេរមរតក​ដ៏​សំខាន់​បំផុត​របស់​លោក​គឺ​ឯករាជ្យ​ជាតិ​ឆ្នាំ​១៩៥៣​ហើយ​ឱ្យ​ខ្មែរ​ទាំង​អស់​គ្នា​ជាពិសេស​ខ្មែរ​ជំនាន់​ក្រោយ​ហ្នឹង​ចងចាំ​ថា​ថ្ងៃ​៩​វិច្ឆិកា​ឆ្នាំ​១៩៥៣​ព្រះករុណា​បាន​ទាមទារ​ឯករាជ្យ​ពេញ​លេញ​ បាន​ទទួល​ឯករាជ្យ​ពេញ​លេញ​ពី​សាធារណរដ្ឋ​បារាំងហើយ​យើង​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ការពារ​ឯករាជ្យ​ហ្នឹង​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង»។​

ការគ្រប់​គ្រង​របស់​អាណានិគម​បារាំង​រយៈ​ពេល​៩០​ឆ្នាំ​តាំង​ពី​ឆ្នាំ​១៨៦៣បាន​បញ្ចប់ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៥៣​នៅ​ពេល​ដែល​ព្រះ​បាទ​នរោត្តម​ សីហនុ​ដែល​នៅ​វ័យ​ក្មេង​នៅ​ឡើយ​បាន​ប្រកាស​ឯករាជ្យ​ចេញ​ពី​បារាំង​និង​ដឹកនាំ​នយោបាយ​ក្នុង​ឆាក​ជាតិ​និង​អន្តរជាតិ។ ​

ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​ព្រះ​អង្គ​បាន​ដើរ​តួរ​នាទី​សំខាន់ៗ​ជាច្រើន​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ដូច​ជា​ ជា​មហាក្សត្រ ​ជាព្រះ​អង្គម្ចាស់ ​ជាប្រមុខ​រដ្ឋ ​ប្រមុខ​រដ្ឋ​ដែល​មាន​តែឈ្មោះ​របស់​ខ្មែរក្រហម មេដឹកនាំ​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ការ​ចូល​ឈ្លានពានរបស់​វៀតណាម​ ជា​មហាក្សត្រ​លើក​ទីពីរ​និង​ជា​ក្សត្រ​ចូលនិវត្តន៍។

វីដេអូ៖ ព្រះបរមរូប​សម្តេច​ឪ​នរោត្តម​សីហនុ​ធ្វើ​អស់​ជាង​មួយ​លានដុល្លារ

ទាញ​យក​ពី​តំណភ្ជាប់​ដើម

​លោក​កឹម សុខា អនុប្រធាន​ទីមួយ​នៃ​សភាជាតិ​ដែល​មក​ពីគណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​៖

​«ខ្ញុំ​គិត​ថា​ការ​ដែល​យើ​ងនៅ ​ចងចាំ​នូវ​វីរៈភាព​របស់​អតីត​ព្រះ​មហាក្សត្រ​ហ្នឹង​គឺ​ជា​ចំណុច​សំខាន់​យើង​ទីមួយ​គឺ​រឿង​ឯករាជ្យ​បូរណភាព​ទឹក​ដី​ដែល​លោក​តែង​តែ​រំលឹក​ឡើង។ ទីពីរ​គឺ​រឿង​ការ​បង្រួប​បង្រួម​ជាតិ។​ នេះ​ជា​ចំណុច​សំខាន់​នៅ​ពេល​ណា​ដែល​ដល់​ពេល​បុណ្យ​រំលឹក​ខួប​លោក​ម្តងៗ​អញ្ចឹង​គឺ​ខ្ញុំ​តែងតែ​នឹក​ឃើញ​ស្នាព្រះហស្ថ​របស់​លោក​សំខាន់​ពីរហ្នឹង»។

សម្រាប់​លោក​ឈាង វុន ​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ព័ត៌មាន​នៃ​សភាជាតិ​មើល​ឃើញ​ថាស្មារតី​នៃ​ការ​បង្រួប​បង្រួម​ជាតិ​របស់​អតីត​ព្រះ​មហាវីរៈក្សត្រ​របស់​កម្ពុជា​ជា​អ្វី​ដែល​អ្នក​នយោបាយ​យក​មក​អនុវត្តនៅ​ពេល​បច្ចុប្បន្ន​និង​ការ​ជួប​សន្ទនា​គ្នា​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា៖​

«ឥឡូវ​នេះ​ការងារ​របស់​ព្រះ​ករុណា​ដែល​លោក​បន្សល់​ទុក​ឱ្យ​កូន​ចៅ​មក​ដល់​ឥឡូវ​នេះ​គឺ​ ស្មារតី​ធំជាងគេ​បំផុត​ជាស្មារតី​ជាតិ​គឺ​ការ​បង្រួបបង្រួម​ជាតិ​ការ​ឯកភាព​ជាតិ​ហ្នឹង​ហើយ​។ នេះ​គឺជា​ស្មារតី​ទីមួយ។ ទីពីរ​ស្មារតី​មួយ​ធំ​ទៀត​ដែល​យើង​ត្រូវ​តែ​យក​មក​អនុវត្ត​ដែរ​គឺ​វប្បធម៌​នៃការ​សន្ទនា។ កន្លង​មក​ពេល​ណា​មាន​ការ​អ្វី​ព្រះករុណា​ ហ្លួង​រតនៈកោដ​កាលពី​ហ្លួង​នៅ​គង់​នៅ​ឡើយ​តែង​តែ​អញ្ជើញ​អ្នក​នយោបាយ​ជួប​ជុំ​គ្នា​ដើម្បី​ដោះស្រាយ​ក្រោម​ការ​សម្របសម្រួល​របស់​ព្រះ​អង្គ។ អញ្ចឹង​ហើយ​ស្មារតី​នេះ​យើង​យក​មក​អនុវត្ត​ក្នុង​សភា​អណត្តិ​ទី៥»។​

​អ្នក​នយោបាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ក៏​មិន​ភ្លេច​ដែរ​ពី​គំរូ​របស់​ព្រះ​អង្គក្នុង​ការ​ផ្ទេរ​រាជ្យ​បល្ល័ង្គ​ប្រកប​ដោយ​សន្តិវិធី​មក​ឱ្យ​ព្រះ​រាជបុត្ររបស់​ព្រះ​អង្គ​គឺ​ព្រះបរម​នាថ​ នរោត្តម សីហមុនី ​សោយ​រាជ្យ​បន្ត​ក្នុង​ខែ​តុលា​ឆ្នាំ​២០០៤។​ នេះ​ជា​វិធី​ដោះស្រាយ​មួយ​ដែល​អ្នក​សង្កេតការណ៍​ជាតិនិង​អន្តរជាតិ​យល់​ថា​បាន​ជៀសវាង​វិបត្តិ​រាជ្យ​បល្ល័ង្គ​និង​បង្កភាព​មិន​ច្បាស់​លាស់​លើ​ស្ថាប័ន​កំពូល​របស់​កម្ពុជា។​

លោក​ឈាង វុន​បាន​បន្ថែម​ថា៖ «ជា​កេរដំណែល​របស់ហ្លួង​រតនកោដ្ឋ​ទុក​ជូន​ប្រជាពលរដ្ឋ​នៃ​យើង​កូនចៅ​របស់​ព្រះ​អង្គ​ឱ្យ​យក​ឧទាហរណ៍​តាម​ព្រះ​អង្គ​ក្នុង​ការ​ផ្ទេរ​អំណាច​របស់​ព្រះ​អង្គ​ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​មហាក្សត្រ​មក​អ្នក​បន្ត​តំណែង​គឺ​រៀបចំ​ឱ្យ​ហើយ​។ អញ្ចឹង​ហើយ​នៅ​ក្នុង​បរិបទ​នយោបាយ​ស៊ីវិល​របស់​យើង​វិញ​ខ្ញុំ​យល់​ថា​ថ្នាក់​ដឹកនាំ​របស់​យើង​បាន​សម្រេច​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៩៣​មក​គឺ​របប​សេរី​ប្រជាធិបតេយ្យ​ពហុបក្ស​បាន​ន័យ​ថា​យើង​អនុវត្ត​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​លោក​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ឈ្នះ​ឆ្នោត​គណបក្ស​នោះ​ធ្វើ​ការ​បន្ត​ទៅ​ទៀត​ហើយ​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ត្រូវ​ទទួល​បរាជ័យ​នោះ​គណបក្ស​ដែល​ត្រូវ​បាន​មក​ជំនួស​គឺ​ត្រូវ​ផ្ទេរ​ដោយ​សន្តិភាព»។

លោក​កឹម សុខា​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​យល់​ស្រប​ដែរ​ហើយ​ថា​អ្នក​នយោបាយ​មិន​ត្រូវ​មាន​គំនិត​ថាក្រាញ​អំណាច​ទេ៖

«ការ​ដែល​ផ្ទេរ​អ្នក​កាន់​អំណាច​ផ្ទាល់​វាមាន​ការ​លំបាក​ជាង​ការផ្ទេរ​ព្រះ​មហាក្សត្រ​។ លំបាក​យ៉ាង​ម៉េច? ព្រោះ​អ្នក​មាន​អំណាច​មុន​ច្រើន​តែ​មិន​ចង់​ឱ្យ​អ្នក​ក្រោយ​កាន់​អំណាច​បន្ត​អញ្ចឹង​ហើយ​វប្បធម៌​ហ្នឹង​យើង​ត្រូវ​តែ​ដូរ​កុំ​ឱ្យ​គិត​ថា​អំណាច​ហ្នឹង​ជារបស់​យើង​ម្នាក់ៗ​គឺ​ជា​របស់​ប្រជាពលរដ្ឋ។ ពេល​ណា​ប្រជាពលរដ្ឋ​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ណា​យើង​អ្នក​ដឹកនាំ​ត្រូវ​ផ្ទេរ​ឱ្យ​អ្នក​នោះ​ដោយ​សន្តិវិធី​ដែរ»។​

ព្រះ​បាទ​នរោត្តម​ ​សីហនុ បាន​ធ្វើ​នយោបាយ​អន្តរជាតិ​និង​ចងមិត្ត​ជាច្រើន​ក្នុង​ស្រទាប់​អ្នក​នយោបាយ​ល្បីៗ​មួយ​ចំនួន​ដូច​ជា​លោក​ប្រធានាធិបតី ​ស៊ូកាណូ នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក​នាយករដ្ឋ​មន្ត្រី​ចាវ៉ាហាឡាល់ នេរុ នៃ​ប្រទេស​ឥណ្ឌា​និង​លោក​នាយករដ្ឋមន្ត្រី​ចិន​ ជូ អេនឡាយជាដើម។

បច្ចុប្បន្ន​កម្ពុជា​នៅ​មិន​ទាន់​មាន​អ្នក​នយោបាយ​ដែល​អាច​នឹង​ប្រៀប​ជាមួយ​នឹងព្រះ​មហាវីរៈក្សត្រ​របស់​កម្ពុជា​នៅ​ឡើយ​ក្នុង​ការ​ធ្វើ​នយោបាយ​អន្តរជាតិ។

លោក​ធន់ សារាយ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ផ្តល់​ការ​ពន្យល់​ថា៖

«ឥឡូវ​នេះ​គឺ​ជា​សម័យ​ដែល​គេ​ថា​គ្មាន​វិបត្តិ​សង្គ្រាម​ត្រជាក់​ហើយ​អញ្ចឹង​រឿង​អ្នក​ដឹកនាំ​ដែល​មាន​កិត្យា​នុភាព​ដូច​ព្រះ​អង្គ​ដែល​មាន​ការ​ឈ្លាសវៃ​ មាន​ការ​អាច​ឱ្យ​មានការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​គឺ​នៅ​មាន​កម្រិត។ អញ្ចឹង​ហើយ​ធ្វើ​ឱ្យ​ប្រទេស​យើង​ហាក់ដូច​ជាមាន​កង្វះ​ខាត​ក្នុង​ការ​ធ្វើ​ឱ្យ​តួនាទី​របស់​កម្ពុជា​លេចធ្លោ​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​អន្តរជាតិ​ក៏ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​យើង​បាន​ឃើញ​ថា​យើង​បាន​រក្សា​ស្ថិរភាព​ជាហូរ​ជាហែរ​មក​បាន​ដែរ​នៅ​ក្នុង​សហគមន៍​របស់​យើង​ទោះបី​ជា​យើង​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ម្តង​ជាពីរដង​ក៏ដោយ។ ពេល​បោះឆ្នោត​ម្តងៗ​យើង​មាន​ជម្លោះ​គ្នា​ក៏​ដោយ​ក៏​យើង​នៅ​បាន​រក្សា»។

ថ្ងៃ​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត​បាន​ក្លាយ​ជា​បុណ្យ​ជាតិ​របស់​កម្ពុជា​ដែល​ពលរដ្ឋ​អាច​សម្រាក​បាន​មួយ​ថ្ងៃ​ហើយ​សម្រាប់​កម្មវិធី​នៅ​ ព្រះបរម​រាជវាំង​វិញ​ ព្រះអង្គម្ចាស់​ធម្មិកោ​បាន​បញ្ជាក់​ថានឹង​មាន​ពិធី​បង្សុកូល​មួយ​ថ្វាយ​ដល់​ព្រះ​បរម​រតនកោដ្ឋ​នៅ​ថ្ងៃ​ទី​៣០​និង​៣១​ខែ​តុលា។​

ពលរដ្ឋ​កម្ពុជា​ដែល​បាន​ឆ្លង​កាត់ការរស់​នៅ​ក្នុង​ទសវត្សរ៍​១៩៦០​នៅ​តែ​ចងចាំ​ពី​អនុស្សាវរីយ៍​ដ៏​ល្អ​នាពេល​នោះដោយ​ឡែក​យុវជន​ជំនាន់​ក្រោយ​អាច​នឹង​នៅ​មាន​ក្តី​អាឡោះអាល័យ​ប៉ុន្តែ​ប្រហែល​ជា​នឹង​ផ្តោ​ត​លើ​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​និង​អ្វី​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាងមុខ​របស់​ពួកគេ។ នេះ​បើ​តាម​ការ​សង្កេត​របស់​អ្នក​ជំនាញ​នានា។

ប៉ុន្តែ​ព្រះអង្គ​ម្ចាស់​ធម្មិកោ ​យល់​ថា​នៅ​មាន​កិច្ច​ការ​មួយ​ដែល​អ្នក​នយោបាយ​ខ្មែរ​នៅធ្វើ​មិន​ទាន់​បាន​នោះ​គឺ​ការដែល​អ្ន​ក​នយោបាយ​បាន​និយាយ​ឱ្យ​តែ​រួច​ពីមាត់​ថា​គោរព​តាម​និង​ដង្ហែរ​តាម​គំរូ​របស់​ព្រះ​បរម​រតន​កោដ្ឋប៉ុន្តែ​មិន​អាច​ធ្វើ​តាម​បាន។​

ព្រះ​អង្គ​ម្ចាស់ ធម្មិកោ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​ការ​សោកស្តាយ​។ សោកស្តាយ​កន្លែង​ត្រង់​ថា​ ជា​ពិសេស​អ្នក​នយោបាយ​ដែល​បាន​អះអាង​ថា​រក្សា​កេរមរតក​ព្រះករុណា​ព្រះបរម​រតនកោដ្ឋ​ ពិសេស​ក្នុង​ការ​ខិត​ខំ​កសាង​សន្តិភាព​ឯកភាព​ជាតិ ក្នុងការ​ការពារ​ឯករាជ្យ​និង​បូរណភាព​ទឹក​ដី​រហូត​មក​ដល់​ថ្ងៃ​នេះ​ដូច​ជា​មិន​ទាន់​បាន​ធ្វើ​អ្វី​ឱ្យ​ស្រប​ទៅ​តាម​ពាក្យ​សម្តី​របស់​ខ្លួន​ឯង​ ពាក្យ​សន្យា​របស់​ខ្លួន​ឯង​ទេ។ ខ្ញុំ​មានការ​សោកស្តាយ​ត្រង់​ហ្នឹង»។​

សម្រាប់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ យល់ថា​កម្ពុជា​រាល់​ថ្ងៃ​នៅ​មិន​ទាន់​មាន​ឯករាជ្យភាព​ពេញ​លេញ​នៅ​ឡើយ​ទេ​ហើយ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ទៀត​សោត​ត្រូវ​បាន​ព្រះ​អង្គមើលឃើញថា​មិន​មាន​ភាពអព្យាក្រិត​ដោយ​សារ​តែ​មន្ត្រី​ធំៗ​ក្នុង​ព្រះ​បរម​រាជវាំង​ជាអ្នក​ដែល​ធ្វើការ​បម្រើ​ដល់​គណបក្ស​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។

«ការយល់​ឃើញ​របស់​ខ្ញុំ​គឺ​ស្ថាប័ន​ព្រះមហាក្សត្រ​មិន​អព្យាក្រិត​។ នេះ​ជាការ​សោកស្តាយ​របស់​ខ្ញុំ​មួយ​ដែរ។ មិន​អព្យាក្រិត​ត្រង់​ថា​ជា​ស្ថាប័ន​ឯកបក្ស​ទៅហើយ​សព្វថ្ងៃហ្នឹង។ ព្រះបរម​រាជវាំង​គឺ​ជា​ស្ថាប័ន​មួយ​ឯកបក្ស។ នេះ​ហើយ​ដែល​ខ្ញុំ​មានការ​សោកស្តាយ​ដែរ»។​

ព្រះអង្គ​បាន​ស្នើ​សុំ​ឱ្យ​មានការ​ធ្វើ​ការកែប្រែ​ដើម្បី​ទុក​ឱ្យ​មន្ត្រី​ដែល​ធ្វើ​ការ​នៅ ក្នុង​ព្រះបរម​រាជវាំងជាអ្នក​ដែល​មិន​ត្រូវ​ជា​សមាជិក​នៃ​គណបក្ស​ណាមួយ​ទេ។​

ប៉ុន្តែលោក​ឈាង វុននៃ​គណបក្ស​ប្រជាជន​កម្ពុជាយល់​ថា​ស្ថាប័ន​ព្រះ​មហាក្សត្រ​កាន់​តែ​ត្រូវ​បាន​ពង្រឹង​ជារៀងរាល់​ថ្ងៃ​។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​កាលពីថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ហើយ​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ជិត​មួយ​ឆ្នាំ​ប៉ុន្តែ​បាន​ខិត​ខំ​ស្វែង​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង​ដោយ​មិន​មាន​អន្តរាគមន៍​ជាផ្លូវ​ការ​ណាមួយ​ពី​ព្រះ​មហាក្សត្រ​ដែល​ខុស​ពី​ក្នុង​ពេល​ដែល​ព្រះ​បាទ​សីហនុ​នៅ​មាន​ព្រះ​ជន្ម។

លោក​បណ្ឌិត​សុខ ទូច​ អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា​ព្រះ​មហាក្សត្រ​នាពេល​បច្ចុប្បន្ន​មិន​សូវ​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ​ដូច​ពេល​ដែល​ព្រះ​បិតា​របស់​ព្រះអង្គ​គង់​នៅ​មាន​ព្រះ​ជន្មទេ។

«ព្រះ​មហាក្សត្រ​ដែល​ធ្លាប់​មាន​សក្តានុពល​ក្នុង​ការ​សម្រប​សម្រួល​នយោបាយ​ដូច​កាលពី​២០០៣​ហើយ​ទិដ្ឋភាព​ឆ្នាំ​២០១៣​យើង​ឃើញ​មាន​លក្ខណៈ​ប្លែក​គ្នា​។ ប្លែក​ត្រង់​ថា​កាយពល​របស់​អតីត​ព្រះ​មហាក្សត្រ​លោក​មាន​ការ​សម្រប​សម្រួល​ច្រើន​ហើយ​អ្នក​នយោបាយ​ហាក់​ដូច​ជា​មាន​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​តំរិះ​របស់​ព្រះ​អង្គច្រើន​ក្រោយ​មក​យើង​ឃើញ​ពេល​បច្ចុប្បន្ន​នេះ​ព្រះ​អង្គ​ហាក់​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិពល​ទៅលើ​អ្នក​នយោបាយ​ទេ​ទោះបី​ជា​ព្រះ​អង្គ​គង់​នៅ​ខ្ពស់​ក៏ដោយ​ជាម្លប់​ក៏ដោយ​ប៉ុន្តែអ្នក​នយោបាយ​ហាក់​ដូច​ជា​មិន​មាន​ចំណាប់​អារម្មណ៍​ដូច​ជា​ព្រះបាទ​ឳរបស់​ព្រះ​អង្គ​ទេ»។

រីឯ​ស្នាព្រះហស្ថ​របស់​អតីតព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​សាប​បន្តិចម្តងៗ​តាម​រយៈ​ការ​សាង​សង់​អគា​រថ្មី​ដែល​លប់​លើ​សំណង់​ចាស់​។ ឧទាហរណ៍​ដូច​ជា​ពហុកីឡាដ្ឋាន​អូឡាំពិក​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បណ្ឌិត​សុខ ទូច។

ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​តែ​ដាក់​ជោគ​វាសនា​របស់​ពួកគេ​លើ​អ្នក​នយោបាយ​ជំនាន់​ថ្មី នេះ​កេរដំណែល​ភាគ​ច្រើន​របស់​ព្រះ​មហាវីរៈក្សត្រ​របស់​កម្ពុជា​នៅ​មិន​ទាន់​មាន​អ្វី​មួយ​ដែល​គេ​អាច​ជំនួស​បាន​នៅ​ឡើយ​ទេ៕

XS
SM
MD
LG