កាលពីថ្ងៃសុក្រទី៣ ខែធ្នូ ក្រោយពីការប្រសិទ្ធិពរដោយព្រះសង្ឃព្រះពុទ្ធសនា នាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh បានជិះរទេះភ្លើងទីមួយតាមផ្លូវដែកកសាងដោយប្រទេសចិន មានតម្លៃ៥,៩ ពាន់ លានដុល្លារ ដែលភ្ជាប់ប្រទេសឡាវសំបូរភ្នំ និងមិនជាប់នឹងសមុទ្រទៅនឹងផ្នែកខាងត្បូងនៃប្រទេសចិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនពាណិជ្ជកម្ម។
រដ្ឋាភិបាលប្រទេសទាំងពីរ បានសរសើរផ្លូវដែកមានប្រវែង១.០៣៥ គីឡូម៉ែត្រនេះ ពីរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ ទៅកាន់ក្រុង Kunming នាតំបន់និរតីក្រីក្រនៃប្រទេសចិនថា ជាការជំរុញការលូតលាស់សេដ្ឋកិច្ច។ តែផ្លូវរទេះភ្លើងនេះ បន្សល់បំណុលដែលពួកអ្នកជំនាញបរទេសព្រមានថា ប្រទេសឡាវដែលមានប្រជារាស្ត្រ៧លាននាក់នៅចន្លោះប្រទេសចិន ប្រទេសវៀតណាម និងប្រទេសថៃ ប្រហែលតស៊ូដើម្បីសង។
ផ្លួវដែកនេះ ជាគម្រោងការមួយក្នុងបណ្តាគម្រោងការរាប់រយនៃការផ្តើមគំនិតផ្លូវក្រវាត់ពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីស្ថាបនាកំពង់ផែ ផ្លូវរទេះភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធឯទៀតៗនៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសក្រីក្រស្វាគមន៍ការផ្តើមគំនិតនេះ តែប្រទេសខ្លះត្អូញត្អែរថាពួកគេជំពាក់ប្រាក់ធនាគារចិនជាច្រើន។
ទីភ្នាក់ងារសារព័ត៌មានឡាវបានរាយការណ៍ថា រទេះភ្លើងទីមួយ បានបើកចេញពីក្រុងវៀងចន្ទន៍ បន្ទាប់ពីពិធីសម្ពោធធ្វើឡើងដោយប្រធានាធិបតីចិន Xi Jinping និងសមភាគីឡាវរបស់លោក គឺលោក Thongloun Sisoulith តាមការភ្ជាប់វីដេអូពីរដ្ឋធានីនៃប្រទេសទាំងពីរ។
បើតាមទីភ្នាក់ងារព័ត៌មានឡាវថា កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែធ្នូ ព្រះសង្ឃឡាវ គ្រងចីពរលឿង បានធ្វើពិធីមួយសម្រាប់ផ្លូវដែកនេះ។
នៅពេលនេះ ផ្លូវដែកនេះ មានកំណត់ដឹកតែទំនិញឆ្លងកាត់ព្រំដែនដោយសារមានការហាមមិនឱ្យដឹកអ្នកដំណើរដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា។
ផ្លូវដែករវាងក្រុងវៀងចន្ទន៍ និងក្រុង Kunming នេះ ជាការភ្ជាប់ជាមួយបណ្តាញផ្លូវរទេះភ្លើងមួយក្នុងពេលអនាគតដែលភ្ជាប់ប្រទេសចិនជាមួយប្រទេសថៃ ប្រទេសវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងសិង្ហបូរី។ ការណ៍នេះ នឹងនាំឱ្យប៉ែកខាងត្បូងនៃប្រទេសចិន មានការចូលទាក់ទងច្រើនជាងមុនជាមួយកំពង់ផែ និងផ្សារនាំទំនិញចេញក្រៅប្រទេស។
ពួកអ្នកម៉ៅការចិន កំពុងកសាងផ្លូវរទេះភ្លើងលឿនមួយខ្សែពីរាជធានីបាងកកនៃប្រទេសថៃ ទៅកាន់ព្រំដែនឡាវ។ ការស្ថាបនាផ្លូវដែកនេះ នឹងចប់សព្វគ្រប់នៅឆ្នាំ២០២៨ ហើយនឹងបន្សល់ទុកចន្លោះមួយរវាងព្រំដែន និងផ្លូវដែកទៅប្រទេសចិន។
ការខ្ចីប្រាក់មាន៦០%នៃវិនិយោគផ្លូវដែក។ ពួកអ្នកជំនាញបរទេសនិយាយថា នេះជាការខ្ចីប្រាក់ច្រើនមិនធម្មតាសម្រាប់គម្រោងការហេដ្ឋារចនាសម្ព័ន្ធ ហើយបង្កើនការប្រថុយប្រថានថា ផ្លូវដែកនេះ មិនមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់សងប្រាក់បំណុល។
ប្រទេសឡាវ ជាប្រទេសមួយមានសេដ្ឋកិច្ចលូតលាស់លឿនក្នុងពិភពលោកកាលពីទសវត្សរ៍មុន តែនៅតែជាប្រទេសក្រីក្រ។ ទិន្នផលសេដ្ឋកិច្ចជាមធ្យមភាគនៃប្រទេសនេះក្នុងមនុស្សម្នាក់ៗ បានកើនឡើងជាងពីរដងចាប់ពីឆ្នាំ២០១០មក តែនៅនឹងចំនួន២៦០០ដុល្លារ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ