ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​រៀបចំ​ជា​ថ្មី​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម


សន្និសីទ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ទីពីរ​ Belt and Road Energy Ministerial Conference កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១។
សន្និសីទ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ទីពីរ​ Belt and Road Energy Ministerial Conference កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១។

ថាមពល​ស្អាតជា​ការ​ផ្តោត​ការ​យក​ចិត្តទុកដាក់​ថ្មីរបស់​ប្រទេសចិន​លើ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ហៅ BRI​ ដែល​មាន​គោលដៅស្ថាបនាគម្រោង​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួនពី​អាស៊ីទៅអឺរ៉ុប។

ចំណាត់ការ​ថ្មី​នេះ​ដែល​គិត​ច្រើន​ជាង​មុនអំពី​បរិស្ថានបាន​នាំ​ឱ្យ​មានការយក​ចិត្ត​ទុកដាក់​ពី​ប្រទេសប្រមាណ​៧០​ដែល​នឹង​ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធថ្មីពី​ប្រទេស​ចិន​ដែល​មានសេដ្ឋកិច្ច​ធំ​ក្នុង​អាស៊ី​ជា​ថ្នូរ​នឹង​ការពង្រីក​ពាណិជ្ជកម្ម។

ចំណាត់ការ​ថ្មី​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​៨ឆ្នាំរបស់​ចិន​មាន​ទឹកប្រាក់​១,២​លាន​លាន​ដុល្លារ​មានឡើងនៅ​ក្រោយ​មាន​បញ្ហាក្នុងផ្នែក​ខ្លះនៃ​តំបន់​អឺរ៉ុប​អាស៊ីដែល​កំពុង​អនុវត្ត​គម្រោង​ទាំង​នោះ។

នៅ​ពេល​នេះ​ប្រទេសចិន​ដែល​យក​ចិត្តទុកដាក់​លើបញ្ហា​អាកាស​កខ្វក់​ក្នុង​ប្រទេស​កំពុង​រៀបចំ​BRI​ថ្មី​ដែល​នឹង​ផ្តោតការយកចិត្ត​ទុកដាក់់លើ​គម្រោង​មិន​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ជាង​លើ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ដែល​នាំ​ឱ្យអាកាស​កខ្វក់។​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នេះនឹង​នៅ​តែធ្វើ​ឱ្យ​ចិន​សម្រេច​គោលដៅ​ក្នុង​ការ​ពង្រីកផ្លូវ​ពាណិជ្ជកម្ម​ក្នុង​អឺរ៉ុប​អាស៊ី​តាមរយៈ​កំពង់ផែ​ផ្លូវ​រទេះ​ភ្លើងនិង​រោងចក្រ​អគ្គិសនីថ្មីៗ។

រូប​ឯកសារ៖ អ្នក​ធ្វើ​ការនៅកន្លែង​ទទួល​ទំនិញ​ លើក​កុងតឺណ័រមាន​ទំនិញ​កៅស៊ូ​ដែល​នាំ​ចូល​ពី​ប្រទេស​សមាជិក BRI នៅ​ទី​ក្រុង Nantong ខេត្ត Jiangsu ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ អ្នក​ធ្វើ​ការនៅកន្លែង​ទទួល​ទំនិញ​ លើក​កុងតឺណ័រមាន​ទំនិញ​កៅស៊ូ​ដែល​នាំ​ចូល​ពី​ប្រទេស​សមាជិក BRI នៅ​ទី​ក្រុង Nantong ខេត្ត Jiangsu ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩។

គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ទីពីរ​ត្រូវបាន​ប្រកាសក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី១៨ ខែតុលា​ត្រូវ​ចំពេលជា​មួយសន្និសីទស្តី​ពីការ​ប្រែប្រួល​អាកាសធាតុ​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ២០២១​ ហៅ COP26​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​អាទិត្យ​ទី៣១​ខែតុលារហូតដល់​ថ្ងៃទី១២​ខែ​វិច្ឆិកា​ក្នុង​ក្រុង Glasgow​ប្រទេស​ស្កុតឡែន។ ចិន​អាចប្រើវេទិកា​នេះ​ដើម្បីបង្ហាញ​សេចក្តី​លម្អិត​នៃ​ផែនការ​របស់​ខ្លួន។

លោក Rajiv Biswas ជាប្រធានអ្នក​សេដ្ឋកិច្ច​សម្រាប់តំបន់​អាស៊ី-ប៉ាស៊ីហ្វិកនៃ​ក្រុមហ៊ុនស្រាវជ្រាវ​អំពី​ទី​ផ្សារ​IHS Markit។ លោក​បាន​និយាយ​ថា៖ «ការប្តូរ​គោល​នយោបាយ​ចិន​ទៅ​កាន់​BRI មួយដែល​គិត​ពី​បរិស្ថាន​ជាង​មុនឆ្លុះ​បញ្ចាំងឱ្យ​ឃើញការ​ប្តេជ្ញា​របស់​ចិនឱ្យ​សម្រច​ការធ្វើ​កុំឱ្យមាន​ការ​សាយភាយ​ឧស្ម័ន​កាបូនមុន​ឆ្នាំ២០៦០​និងការ​ប្តេជ្ញា​របស់់​ប្រទេស​នេះក្នុង​ការអនុវត្ត​អន្តរកាលបរិដ្ឋានស្អាតនៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន»។

លោក Rajiv Biswas ​បាន​ថ្លែង​ទៀតថា៖ «ម្យ៉ាងទៀត​ការប្តូរគោលនយោបាយ​ចិន​...ក៏​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញអាទិភាព​គោលនយោបាយ​ចំពោះថាមពលកកើត​ជា​ថ្មី​និង​គោល​នយោបាយអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពដោយ​ប្រទេស​ដៃគូភាគ​ច្រើន​ក្នុង​គម្រោង​BRI​របស់​ប្រទេស​ចិន»។

គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន​បាន​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍចាប់តាំង​ពី​ប្រទេស​កាហ្សាក់ស្ថានទៅ​ដល់​ប្រទេស​ទំនើប​ជាង​នេះដូចជា​ប្រទេសព័រទុយហ្គាល់​ជាដើម។ BRI​ក៏បាន​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​ជា​គូប្រជែងរបស់​ចិន​ដែល​គ្មាន​កម្មវិធី​ដូចនេះ​ថយ​កម្លាំង​ចិត្តដែរ។

រូបឯកសារ៖ ​ទំនិញនំ​ធ្វើ​ពី​ផ្លែ​ទុរេន​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅពិធី​បង្ហាញ​ផលិតផល BRI នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០។
រូបឯកសារ៖ ​ទំនិញនំ​ធ្វើ​ពី​ផ្លែ​ទុរេន​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅពិធី​បង្ហាញ​ផលិតផល BRI នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០។

ប្រវត្តិនៃ​ការផ្តោត​ការយក​ចិត្តទុកដាក់​លើផូស៊ីល​ឥន្ធនៈ

ក្រុម​ប្រឹក្សា​ទំនាក់ទំនង​ការបរទេសដែល​ជា​ក្រុម​ស្រាវជ្រាវអាមេរិកាំងបាន​និយាយនៅ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយកាលពីខែមីនា​ឆ្នាំ​២០២១​ថា​ប្រទេស​ចិន​មាន​ប្រវត្តិក្នុង​ការ​ដាក់ទុនច្រើន​ពាន់​លាន​ដុល្លារក្នុងគម្រោង​ផូស៊ីល​ឥន្ធនៈ​ក្នុង​ប្រទេស​ឯ​ទៀតៗ។

ក្រុម​ប្រឹក្សា​ទំនាក់​ទំនងទំនង​ការបរទេស​បាន​ថ្លែង​ថា​ពី​ឆ្នាំ​២០១៤​ដល់​២០១៧​ប្រាក់​កម្ចីខាង​ថាមពល​ប្រមាណ​៩០%ដោយ​ធនាគារចិន​ធំៗ​ឱ្យពួក​ប្រទេសក្នុងគម្រោង ​BRI គឺ​សម្រាប់​គម្រោង​ផូស៊ីល​ឥន្ធនៈ។ ចិនក៏«​មានទាក់ទិន»​ជាមួយ​រោងចក្រអគ្គិសនីប្រើ​ធ្យូងថ្ម​ចំនួន​២៤០នៅ​ឆ្នាំ២០១៦។ ការ​សិក្សា​ស្រាវជ្រាវ​នេះបាន​បន្ថែម​ថា​ប្រាក់កម្ចី​ខា​ង​ថាមពល​៤០%​គឺ​សម្រាប់គម្រោង​ការធ្យូងថ្ម​ដែរ។ ក្រុម​សិក្សា​ស្រាវជ្រាវ​នេះពោល​ថាការវិនិយោគ​ទាំង​នោះ​«ធ្វើ​ឱ្យការ​សន្យាអំពី​ការបន្ធូរបន្ថយការ​ប្រែប្រួល​អាកាសធាតុមាន​ការ​ពិបាកជាងមុន»។

វិទ្យាស្ថានបរិស្ថានសាកលដែលជាមជ្ឈមណ្ឌលស្រាវជ្រាវមានមូលដ្ឋាន​នៅ​ក្រុងប៉េកាំងនិយាយ​ថាអាស៊ីខាងត្បូង​និង​អាស៊ីអាគ្នេយ៍មានគម្រោង​ធំៗខាង​ប្រើ​ធ្យូងថ្ម​គឺ​៨០%​នៃ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម​សុមេធ

XS
SM
MD
LG