ប្រទេសលាវកំពុងប្រឈមមុខនឹងកំណើនគំនាបសង្កត់ឱ្យពន្យារពេលការកសាងទំនប់វារីអគ្គិសនីមួយមានកម្លាំង២៦មេហ្កាវ៉ាត់នៅលើទន្លេមេគង្គភាគខាងក្រោម ដោយសារមានកង្វល់អំពីផលប៉ះពាល់ខាងបរិស្ថាននិងខាងសង្គម។ ការប្រជុំមួយកាលពីសប្តាហ៍ទីមួយនៃខែកុម្ភៈនៅក្នុងប្រទេសលាវនោះបានគូសបញ្ជាក់អំពីរឿងចម្រូងចម្រាស់ដែលមានតទៅទៀតនៅជុំវិញគម្រោងការនេះ។
ពួករដ្ឋជាសមាជិកនៃអង្គការមិត្តនៃទន្លេមេគង្គខាងក្រោមដែលភាសាអង់គ្លេសហៅថា Friends of the Lower Mekong បានរួមប្រជុំគ្នាជាមួយពួកប្រទេសក្នុងតំបន់កាលពីអាទិត្យទីមួយនៃខែកុម្ភៈ ដែលជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីក្រុមនេះបានត្រូវបង្កើតកាលពីឆ្នាំ២០០៩មក ដោយកំណត់ជំហានថ្មីមួយនៅក្នុងការគាបសង្កត់ខាងការទូតលើរដ្ឋាភិបាលប្រទេសលាវឱ្យពន្យារពេលឬបញ្ឈប់ការកសាងទំនប់វារីអគ្គិសនី Don Sahong។
គម្រោងការស្ថាបនាទំនប់វារីអគ្គិសនីនេះមានប្រាក់៦០០លានដុល្លារនៅក្នុងតំបន់ Siphandone គឺល្បាក់ខោននៅផ្នែកខាងត្បូងនៃប្រទេសលាវ ឋិតនៅចម្ងាយតិចជាង២គ.ម.ពីព្រំដែនខ្មែរ។ ទំនប់វារីអគ្គិសនីនេះអាចផ្តល់ភ្លើងអគ្គិសនីមានតម្លៃសម្រាប់បង្កើនការលូតលាស់នៅក្នុងតំបន់ ក៏ប៉ុន្តែពួកអ្នកការពារបរិស្ថាននិងពួកប្រទេសជិតខាងប្រទេសលាវព្រួយបារម្ភថា វាអាចធ្វើឱ្យខូចខាតប្រព័ន្ធអេកូទ្បូស៊ីដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចិញ្ចឹមមនុស្សរាប់លាននាក់នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍។
ទំនប់វារីអគ្គិសនី Don Sahong ជាទំនប់វារីអគ្គិសនីទីពីរដែលបានត្រូវស្នើឱ្យស្ថាបនានៅលើផ្នែកខាងក្រោមនៃទន្លេមេគង្គ បន្ទាប់ពីទំនប់វារីអគ្គិសនី Xayaburi ដែលមានតម្លៃ៣,៨ពាន់លានដុល្លារនៅក្នុងប៉ែកខាងជើងនៃប្រទេសលាវ ហើយទំនប់វារីអគ្គិសនីនេះក៏ជាការផ្តោតការយកចិត្តទុកដាក់មួយនៃការជជែកដេញដោលគ្នាជាសាធារណៈ និងជារឿងចម្រូងចម្រាស់មួយអំពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនេះលើបរិស្ថាន។
រដ្ឋាភិបាលលាវបានយល់ព្រមឱ្យមានរយៈពេល៦ខែសម្រាប់ធ្វើការពិគ្រោះគ្នាក្នុងតំបន់អំពីទំនប់វារីអគ្គិសនី Don Sahong។ ក៏ប៉ុន្តែការពិគ្រោះយោបល់គ្នាទាំងនេះបានចប់កាលពីចុងខែមករា ហើយពួកមន្ត្រីលាវបានបញ្ជាក់ថា ពួកគេប្រុងប្រៀបនឹងចាប់ផ្តើមការកសាងទំនប់វារីអគ្គិសនីនេះក្នុងពេលឆាប់ៗនេះ ទោះណាជាមានកង្វល់ពីក្រុមនានាដែលនិយាយថា គេគួរធ្វើការសិក្សាស្រាវជ្រាវថែមទៀតអំពីទំនប់វារីអគ្គិសនីនេះ។ ការប្រជុំនៃអង្គការមិត្តនៃទន្លេមេគង្គខាងក្រោមដែលមានប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ សហភាពអឺរ៉ុប ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកនិងស.រ.អា.ជាសមាជិកនោះ បានផ្តោតទៅលើបញ្ហាប្រភពទឹក សេចក្តីត្រូវការថាមពល និងសន្តិសុខម្ហូបអាហារ។ ការប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងក្រុង Pakse នាប៉ែកខាងត្បូងនៃប្រទេសលាវ។
លោក Carl Thayer ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់នៅឯសាកលវិទ្យាល័យNew South Wales ក្នុងប្រទេស អូស្ត្រាលី។ លោកបាននិយាយថា ការប្រជុំដែលដឹកនាំដោយស.រ.អា.នេះ ហាក់ដូចជាមានគោលដៅបញ្ជូនសារមួយឱ្យប្រទេសលាវពិចារណាជាថ្មីអំពីការស្ថាបនាទំនប់វារីអគ្គិសនី Don Sahong។
«ខ្ញុំយល់ថា អង្គការមិត្តនៃទន្លេមេគង្គ និងការចាត់ចែងខាងការទូតត្រូវដាក់សម្ពាធលើប្រទេសលាវ ពីព្រោះទំនប់វារីអគ្គិសនី Don Sahong មិនអស់សោហ៊ុយច្រើនដូចទំនប់វារីអគ្គិសនី Xayaburi ទេ។ វាជាស្រាបៀរថោក ហើយផលប៉ះពាល់របស់វាមានភាពធំធេង។ ដូច្នេះប្រទេសលាវមានភាពងាយស្រួលជាងមុនក្នុងការបោះបង់អ្វីដែលតូចហើយផ្តោតការយកចិត្តទុកដាក់លើប្រាក់ច្រើនវិញ ប្រសិនបើការនេះក្លាយទៅជាបញ្ហានយោបាយធំមួយ»។
លោក Thayer និយាយថា ប្រទេសកម្ពុជានិងប្រទេសវៀតណាមបានបញ្ចុះបញ្ចូលយ៉ាងខ្លាំងយូរយាមកហើយឱ្យមានការពិចារណាជាថ្មីអំពីគម្រោងការកសាងទំនប់វារីអគ្គិសនីនេះ ដោយសារវាមានផលប៉ះពាល់មិនល្អលើការនេសាទត្រី និងលំហូរទឹក។
ពួកអ្នកវិទ្យាសាស្ត្រនិយាយថា ទំនប់វារីអគ្គិសនីនេះអាចរាំងខ្ទប់ខ្សែទន្លេដោយរារាំងការផ្លាស់ប្តូរកន្លែងត្រីរស់នៅក្នុងរដូវប្រាំងនិងគំរាមកំហែងដល់ត្រីផ្សោត Irrawaddy។
លោក Sim Sorya នាយកវិទ្យាស្ថានខ្មែរនៃលទ្ធិប្រជាធិបតេយ្យមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និយាយថា គេត្រូវការឱ្យមានការចូលរួមរបស់អន្តរជាតិក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនេះ ពីព្រោះទំនប់វារីអគ្គិសនីនេះនឹងមានផលប៉ះពាល់លើទន្លេមេគង្គដោយសារទន្លេនេះហូរកាត់ប្រទេសឯទៀតៗ។
«ការកសាងទំនប់វារីអគ្គិសនីមួយមិនមែនជាបញ្ហារបស់ប្រទេសតែមួយទេ។ ការស្ថាបនានេះមានទាក់ទិននឹងតំបន់ ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស ទាក់ទិននឹងបញ្ហាបរិស្ថាន បញ្ហាសេដ្ឋកិច្ច និងបញ្ហាវប្បធ៌ម។ ដូច្នេះជាការយល់ឃើញល្អដែលឱ្យមានការបញ្ចូលយោបល់អន្តរជាតិ ទោះណាជាមតិរបស់អាមេរិកាំងឬអឺរ៉ុប ឬអាស៊ីក៏ដោយ។ វាមិនបញ្ហាទេ ដរាបណាលោកអ្នកមានការបញ្ចូលយោបល់ច្រើនជាងមុន និងមានរចនាសម្ព័ន្ធខាងនយោបាយ និងខាងច្បាប់នៅទីនោះ នៅពេលមានការស្ថាបនាទំនប់វារីអគ្គិសនីនេះ»។
ក៏ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុនកសាងទំនប់វារីអគ្គិសនីនេះគឺក្រុមហ៊ុន Mega First Corp មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី បានបដិសេធកង្វល់ដែលលើកទ្បើងដោយក្រុមអ្នកការពារបរិស្ថាន ដោយមានរួមបញ្ចូលទាំងការព្រួយបារម្ភដោយប្រទេសវៀតណាមដែលថា ទំនប់វារីអគ្គិសនីនេះអាចធ្វើឱ្យអាក្រក់ជាងមុននូវស្ថានភាពដីប្រៃដែលកើនខ្លាំងទ្បើងៗនៅក្នុងតំបន់ដីសណ្តនៃទន្លេមេគង្គ។
អ្នកស្រី Pianporn Deetes ជាអ្នកសម្របសម្រួលយុទ្ធនាការនៅក្នុងប្រទេសថៃនៃអង្គការទន្លេអន្តរជាតិហៅជាភាសាអង់គ្លេសថា International Rivers ដែលជាក្រុមការពារបរិស្ថានមានមូលដ្ឋាននៅក្នុងស.រ.អា.។ អ្នកស្រីនិយាយថា វាហាក់ដូចជាដំណើរការពិគ្រោះយោបល់ ដែលមើលការខុសត្រូវដោយអង្គការអន្តររដ្ឋាភិបាលគឺគណៈកម្មការទន្លេមេគង្គនោះ បានបរាជ័យទៅហើយ ហើយដែលកាត់បន្ថយឱកាសសម្រាប់ប្រទេសមានផលប៉ះពាល់ទាំងអស់បន្តសារជំទាស់នឹងការកសាងទំនប់វារីអគ្គិសនីនេះ។
«ទោះណាជារដ្ឋាភិបាលបីទៀតមិនយល់ព្រមជាមួយគម្រោងការស្ថាបនាទំនប់វារីអគ្គិសនីនេះក៏ដោយ ក៏រដ្ឋាភិបាលប្រទេសលាវនៅតែនិយាយទទូចថា ខ្លួនមានសិទ្ធិខាងអធិបតេយ្យភាពលើការអភិវឌ្ឍគម្រោងការនេះ។ ហើយអ្វីដែលមានសារៈសំខាន់ខ្លាំងនោះគឺផលប៉ះពាល់ឆ្លងការព្រំដែនមិនបានត្រូវគេអើពើទេ។ ដូច្នេះតើនរណាជាអ្នកបង់ខាត? ពួកអ្នកបង់ខាតគឺប្រជារាស្ត្ររាប់លាននាក់ដែលជីវភាពរបស់ពួកគេអាស្រ័យភាគច្រើនទៅលើប្រភពធនធាននៃទន្លេមេគង្គ»។
អង្គការមិត្តនៃទន្លេមេគង្គខាងក្រោមបាននិយាយថា ការផ្តើមគំនិតថ្មីៗកំពុងធ្វើឡើងដើម្បីឧបត្ថម្ភផ្ចុងផ្តើមថាមពលប្រកបដោយចីរភាព ដោយមានរួមបញ្ចូលប្រភពជាជម្រើសផ្សេងៗនិងការផ្តល់ប្រាក់កាសដល់ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់លើសហគមន៍ និងបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍថាមពលនៅទូទាំងប្រទេសលាវផងដែរ។
ប្រែសម្រួលដោយលោកឈឹម សុមេធ