ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អំពាវនាវ​ឲ្យ​អ.ស.ប​.ស៊ើបអង្កេត​និង​អំពាវនាវ​ឲ្យ​លុបចោល​គម្រោង​ទំនប់​វារី​អគ្គិសនី​មេគង្គ​ទាំង​ពីរ


ភាពយន្ត The Great Gamble on the Mekong ផលិត​ដោយ​អ្នក​កាសែត​ឈ្មោះ Tom Fawthrop។ ភាពយន្ត​នេះ​វិភាគ​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូងចម្រាស។
ភាពយន្ត The Great Gamble on the Mekong ផលិត​ដោយ​អ្នក​កាសែត​ឈ្មោះ Tom Fawthrop។ ភាពយន្ត​នេះ​វិភាគ​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូងចម្រាស។

នៅ​សប្តាហ៍​នេះ ​ក្រុម​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​អំពាវ​នាវ​ឲ្យ​អ.ស.ប.​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សិទ្ធិ​មនុស្ស​លើ​អ្នក​ភូមិ​រស់នៅ​តំបន់​គម្រោង​វារី​អគ្គិសនី​ធំៗ​ពីរ។ អ្នក​ភូមិ​ចង់​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​ចម្រូង​ចម្រាស​ពីរ​នេះ ​ដោយ​លើក​ឡើង​ថា ​ទំនប់​នេះ​ប៉ះពាល់​ការរស់​នៅ​របស់​ពួក​គេ​ធ្ងន់ធ្ងរ។​ ការ​អំពាវនាវ​នេះ​ធ្វើឡើង​មុន​ទស្សនកិច្ច​របស់​អ្នក​តំណាង​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស។​

ក្រុម​សិទ្ធិ​មនុស្សនិយាយ​ថា ​ទំនប់​វារី​អគ្គិសនី​ពីរនេះ​ មួយ​នៅ​ភាគ​ឦសាន មួយ​ទៀត​នៅ​និរតី​ប្រទេស​កម្ពុជា​នឹង​ប៉ះពាល់​ខ្លាំងក្លា​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​បរិស្ថាន។​

អ្នកស្រី ​Ame ​Trandem ​នាយិកា​កម្មវិធី​ប្រចាំ​តំបន់​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ ដែល​ជា​អង្គការ​មិន​រក​កម្រៃ​និយាយ​ថា ​ពួកគេ​ចង់ឲ្យ​អ.ស.ប.​ស៊ើប​អង្កេត​ការ​ប៉ះពាល់​ដល់​មនុស្ស​ដោយសារ​គម្រោង​នេះ។ ​អ្នកស្រី​ប្រាប់​វីអូអេ​តាម ​Skype ​ថា៖​ «យើង​គិត​ថា ​ទំនប់​ពីរ​នេះ​ធ្វើ​ឲ្យ​អន្តរាយ​ ជាពិសេស​ដល់​សហគមន៍​មូលដ្ឋាន​ និង​តំបន់ ​ហើយ​គួរតែ​លុប​ចោល»។​

ទំនប់​មួយ​ទៀត​ដែល​ធំ​ និង​កាន់តែ​នាំ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ​ទំនប់​សេសាន​ក្រោម​២ ​ដែល​ចំណាយ​ទឹក​ប្រាក់​៨០០​លាន​ដុល្លារ។​ ទំនប់​នេះ​គ្រោង​ធ្វើ​នៅ​ទន្លេ​សេសានដែល​ជា​ដៃ​សំខាន់​របស់​ទន្លេ​មេគង្គ ​នៅ​ភាគ​ខាង​ជើង​ជិត​ព្រំដែន​ប្រទេស​ឡាវ។​

ទន្លេ​មេគង្គ​ហូរ​កាត់​ប្រទេស​កម្ពុជា​មុនទៅ​ដល់​សមុទ្រ​នៅភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ​ហើយ​មនុស្ស​៦៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​៤​រស់នៅ​ដោយ​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ។ អ្នក​បរិស្ថាន​និយាយ​ថា​ ទំនប់​សេសាន​ក្រោម២​នឹង​ធ្វើឲ្យ​អន្តរាយ​ត្រី​ទឹកសាប​ក្នុង​តំបន់ដែល​អ្នក​ជំនាញ​ម្នាក់​ប្រមាណ​ថា ​ផល​នេសាទ​ត្រី​ក្នុង​តំបន់​នឹង​ត្រូវធ្លាក់​ចុះ​ជិត​១០% ​គឺ​ប្រមាណ​២០០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ ដោយ​សារ​ទំនប់​នេះ។​

ការ​ប៉ះពាល់​ដល់​អាហារូបត្ថម្ភ​នឹង​មាន​ទំហំ​ធំធេង​ ព្រោះ​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​របស់​ខ្លួន​ពី​ការ​បរិភោគ​ត្រី​ទឹកសាប។​

ទំនប់​សេសាន​ក្រោម២ ​ដែល​អ្នកស្រី ​Trandem ​និយាយ​ថា ​មាន​ការ​ប៉ះពាល់​បំផុត​នៅ​ក្នុង​តំបន់​នេះ​ ក៏​នឹង​បង្ខំ​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​រើ​ផ្ទះ​សម្បែង​ ហើយ​វា​នឹង​រាំង​ស្ទះ​លំហូរ​ដីល្បប់​ដល់​ទៅ​៨%​ក្នុង​ទន្លេ​មេគង្គ។​

អ្នកស្រី ​Trandem ​និយាយ​ថា៖​ «ហើយ​ដី​ល្បប់​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កសិកម្ម ហើយ​វា​ក៏​ជួយមិន​ឲ្យ​ច្រាំង​ទន្លេ​មាន​ការ​ប្រែប្រួល ឬ​បាក់​ច្រើន​ដែរ។ ​ ដូច្នេះ ​នេះ​ក៏​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​សម្រាប់​ប្រទេស​វៀតណាម ​និង​ដី​សណ្តរ​មេគង្គ​ផង​ដែរ។​

តំបន់​នេះ​មាន​បណ្តាញ​ទន្លេ​ ស្ទឹង​ជាច្រើន​ ដែល​ជា​ប្រភព​ចំណី​អាហារ​ផង​ដែរ។​ តំបន់​នេះ​ជា​ឆ្នាំង​បាយ​សម្រាប់​មនុស្ស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​ ទំនប់​ទន្លេ​សេសាន​ក្រោម២​នេះ​នឹង​គំរាម​កំហែង​ឆ្នាំង​បាយ​នេះ»។​

ទំនប់​វារី​អគ្គិសនី​មួយ​ទៀត​គឺ​ទំនប់​ស្ទឹង​ជាយ​អារ៉ែង​ នៅ​ខេត្ត​កោះកុង​ នៅ​ភាគ​និរតី​ប្រទេស​កម្ពុជា។ ប្រសិន​បើ​គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ​បន្ត​ធ្វើ​នោះ ប្រជាជន​ជនជាតិ​ដើម​១៥០០​នាក់​ ដែល​រស់​នៅ​តំបន់​ជ្រលង​ជាយ​អារ៉ែង​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ។ ​ក្រុម​សិទ្ធិ​មនុស្សនិយាយ​ថា ​ទំនប់​នេះ​នឹង​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​នៅ​ក្នុង​តំបន់។​

រដ្ឋាភិបាល​ប្រកាន់​ជំហរ​ថា ​ប្រទេស​កម្ពុជា​ត្រូវ​ការ​បង្កើត​ថាមពល​ច្រើន​ថែម​ទៀត​ ដើម្បី​បំពេញ​តម្រូវ​ការ​ច្រើន​ឡើងៗ ​ហើយ​ថា​ការ​ធ្វើ​ទំនប់​ដោយ​ក្រុមហ៊ុន​ចិន​ ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ និង​ផ្តល់​មូលនិធិ​ដោយ​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ ​គឺ​ជា​ដំណោះស្រាយ​មាន​រឿង​ចម្រូងចម្រាស​ច្រើន។​

រដ្ឋាភិបាល​ក៏បាន​ទទូច​ដែរ​ថា ​ទំនប់​នេះ​ផ្តល់​ផល​ប្រយោជន៍ ​បើ​ទោះ​ជា​មាន​ការ​ប៉ះពាល់​ដល់​សង្គម ​និង​បរិស្ថាន​ក្តី។​

លោក​សៅ សុភាព ​នាយក​ខុទ្ទកាល័យ​នៅ​ក្រសួង​បរិស្ថាន​និយាយ​ថា​ តាម​ការ​យល់ដឹង​របស់​លោក ​មិនមាន​ផែនការ​លុបចោល​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​ដែល​មាន​កម្លាំង​ថាម​ពល​៤០០​មេហ្កាវ៉ាត់​នេះ​ទេ។​ ចំណែក​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ លោក​បាន​បន្ថែម​ថា ​ការ​សិក្សា​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ខាង​បរិស្ថាន​និង​សង្គម​នៅ​កំពុង​ដំណើរ​ការ​នៅ​ឡើយ ​ហើយ​ការ​សម្រេច​ចិត្ត​ថា ​តើ​គម្រោង​នេះ​នឹង​ត្រូវ​បន្ត​ ឬ​ក៏​ត្រូវ​ផ្អាក​នោះ​ នឹង​ធ្វើ​ជា​ក្រោយ។​

«មិន​មាន​ការ​សម្រេច​ចិត្ត​ផ្លូវការ​ក្នុង​ការ​លុប​គម្រោង​នេះ​ចោល​ទេ។​ ឥឡូវ​នេះ​គឺ​យើង​ទុក​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​វាយ​តម្លៃ​អំពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ការ​ប៉ះពាល់​សង្គម។​ ក្រុម​ហ៊ុន​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​នេះ​ជាមុនដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​ច្បាស់​ មុន​សម្រេច​ចិត្ត​ថា ​គម្រោង​នេះ​ត្រូវ​បន្ត​ ឬ​លុប​ចោល»។​

លោក​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​របស់​អង្គការ​វេទិកា​អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា​ (NGO ​Forum on Cambodia) ​ដែល​ជា​ក្រុម​ចម្រុះ​នៃ​អង្គការ​មិន​រក​កម្រៃ។ ​លោក​និយាយ​ថា ​មេរៀន​កើត​ចេញពី​ជម្លោះ​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​គម្រោង​បែប​នេះ ​ត្រូវចាប់​ផ្តើម​ស្តាប់​ប្រជាពលរដ្ឋ​សាមញ្ញ។​

លោក​និយាយ​ថា៖​ «ដំណើរការ​ចូល​រួមពី​ប្រជា​ពលរដ្ឋ​នៅមាន​កម្រិត​តិចតួច​ណាស់​ សម្រាប់​គម្រោង​អភិវឌ្ឍ​ទ្រង់ទ្រាយធំ​ដូចជា​ទំនប់​វារី​អគ្គិសនី សម្បទាន​ដីធ្លី ​និង​សម្បាទាន​រ៉ែ​ជាដើម។ ​ការចែក​រំលែក​ព័ត៌មាន​ក៏​មាន​តិចតួច​ដែរ​ ជាពិសេស​ការចែក​រំលែក​ព័ត៌មាន​ពីថ្នាក់​ជាតិ​មក​ថ្នាក់​សហគមន៍។​ នេះជា​ឫស​គល់នៃ​ការ​យល់​ច្រឡំ​រវាង​សហគមន៍ ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា»។​

កាលពី​ថ្ងៃ​ចន្ទ​ ក្រុម​អង្គការ​មិន​រក​កម្រៃ​ដែល​ពាក់ព័ន្ធ​ បាន​បញ្ជូន​របាយ​ការណ៍​ចំនួន​៤០​ទំព័រ​ទៅ​លោក ​Surya​ Subedi ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​ ដោយ​សរសេរ​អំពី​ការ​រំលោភ​បំពាន​ ដែល​គេ​បាន​ឃើញ​ថា​ កើត​មាន​ទៅ​លើ​ប្រជាជន​ក្នុង​តំបន់​ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​ទំនប់​ទាំង​ពីរ​នេះ។​ គេ​ចង់ឲ្យ​អ.ស.ប.​ស៊ើប​អង្កេត ​និង​ស្វែងរក​ដំណោះ​ស្រាយ​សម្រាប់​ផល​ប៉ះពាល់​នេះ។​

លោក ​Surya Subedi​ ដែល​គ្រោង​ទៅ​ប្រទេស​កម្ពុជា​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល​៩​ថ្ងៃចាប់​ពីថ្ងៃ​ទី១៧​មករា​ បាន​សរសេរ​តាម​អ៊ីម៉េល​ថា ​លោក​មិន​អាច​ធ្វើអត្ថាធិប្បាយ​អំពី​របាយ​ការណ៍​នោះ​ទេ​ លុះត្រា​តែ​លោក​ធ្វើការ​បញ្ជាក់​អំពី​ខ្លឹមសារ​ និង​បាន​ស្តាប់​ភាគី​រដ្ឋាភិបាល​ជា​មុន​សិន។ ​លោក​និយាយ​ថា ​លោក​នឹង​ពិនិត្យ​មើល​ស្ថាន​ការណ៍​នេះ ​ដែល​លើក​ឡើង​អំឡុង​ទស្សន​កិច្ច​របស់​លោក៕​

ប្រែ​សម្រួល​ដោយ ​ពិន ស៊ីសុវណ្ណ​

XS
SM
MD
LG