ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ឡាវ​គាំទ្រ​កម្មវិធី​អភិវឌ្ឍក្នុង​ការ​លុប​បំបាត់​អាភៀន


ដំណាំ​អាភៀន​នៅ​ឡាវ​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់បំផុត ២៦.៨០០ ហិចតា ក្នុង​ឆ្នាំ​១៩៩៨ រហូត​ដល់ ១.៨០០​ ហិចតា ឆ្នាំ​២០០៥។
ដំណាំ​អាភៀន​នៅ​ឡាវ​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់បំផុត ២៦.៨០០ ហិចតា ក្នុង​ឆ្នាំ​១៩៩៨ រហូត​ដល់ ១.៨០០​ ហិចតា ឆ្នាំ​២០០៥។

ធនាគារ​អភិវឌ្ឍ​អាស៊ី និង​ម្ចាស់​ជំនួយ​អន្តរជាតិ​ដទៃទៀត​ បាន​និង​កំពុង​ជួយ​ប្រទេស​ឡាវ​លើក​កម្ពស់​គម្រោង​អភិវឌ្ឍន៍ផ្សេងៗ​ជំនួស​ឲ្យ​ផលិតកម្ម​អាភៀន​។ ក្រុម​អ្នក​វិភាគ​ក៏​បា​ន​ចង្អុល​បង្ហាញពី​មុខងារ​របស់​អាភៀន​នៅក្នុង​សង្គម​កុលសម្ព័ន្ធ​ជនជាតិ​ភាគតិចជើង​ភ្នំ ដែល​រួម​មាន​ការ​ប្រើប្រាស់​ជា​ឱសថ ដោយ​ព្រមាន​ថា កម្មវិធី​លុបបំបាត់​អាភៀន​ត្រូវ​មាន​ការ​គាំទ្រ​ពីកិច្ច​ខំប្រឹងប្រែង​ដ៏​ជោគជ័យ​ក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​រ៉ាំរ៉ៃ ។

ប្រទេស​ឡាវ ដែល​កាល​ពី​មុន​ជា​ផ្នែក​មួយ​នៃតំបន់​ត្រីកោណ​មាស ដែល​រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា និង​ថៃ ដែល​តំបន់​នោះ​ជាចំណុច​ក្តៅ​នៃ​ពាណិជ្ជកម្ម​គ្រឿងញៀន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​ចាត់​ទុក​ជា​រឿងរ៉ាវ​ជោគជ័យ​មួយ​នៅ​ក្នុង​ការ​លុបបំបាត់​ដំណាំ​អាភៀន។

ដំណាំ​អាភៀន​នៅ​ឡាវ​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់បំផុត ២៦.៨០០ ហិចតា ក្នុង​ឆ្នាំ​១៩៩៨ រហូត​ដល់ ១.៨០០​ ហិចតា ឆ្នាំ​២០០៥។ នេះ​ដោយ​សារតែ​កម្មវីធី​លុប​បំបាត់​អាភៀន​ដ៏​ខ្លាំងក្លា​មួយ។ ក្នុង​ឆ្នាំ ២០០៦ រដ្ឋាភិបាល​ឡាវបាន​ប្រកាស​ខ្លូន​ថា​ ជា​ប្រទេស​ដែល​គ្មាន​គ្រឿង​ញៀន។

ក្នុង​ការ​ស្ទាបស្ទង់​មតិ​ទាក់ទិន​នឹង​បញ្ហា​អាភៀន​ក្នុង​ឆ្នាំ២០១៤ របស់​ការិយាល័យអ.ស.ប​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ឲ្យ​ដឹងថា ដំណាំ​អាភៀន​នៅ​ប្រទេស​ឡាវ​មាន​ការ​កើន​ឡើង​ដល់​ទៅ​ប្រមាណ ៦២០០ ហិចតា។ ក៏​ប៉ុន្តែ អាភៀន​ដែល​ដាំក្នុងប្រទេស​ឡាវ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ស្រុក ​ខុស​ពី​ប្រទេស​មីយ៉ាន់ម៉ាដែល​បញ្ជូន​អាភៀន​ទៅ​លក់​នៅ​បរទេស ឬ​បំលែង​ជា​ប្រភេទHeroin ដើម្បី​នាំ​ចេញ។

មន្ត្រី​ការិយាល័យ UNODC បាន​បន្ត​ទៀត​ថា ផលិតកម្ម​អាភៀន ការញៀន​អាភៀន និង​ភាពក្រី​ក្រ​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ខ្វះ​ជម្រើស​ក្នុង​របរជីវភាព​។

ប្រធាន​ការិយាល័យ UNODC ប្រចាំ​ប្រទេស​ឡាវ​ លោក Cheikh Ousmane Toure និយាយ​ថា ជា​ទូទៅ​អ្នក​ភូមិ​គ្រាន់​តែដាំ​ថ្នាំ​ជក់​ ឬ​អាភៀន​ដើម្បីសេចក្តី​ត្រូវការ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ជាជាង​ការ​ជូញ​ដូរ​ជា​លក្ខណៈ​អាជីវកម្ម។

«​អ្នក​ដាំអាភៀន​មិន​មែន​ជាមនុស្ស​អាក្រក់​នោះទេ។ ពួកគេ​ជា​ប្រជាជនក្រីក្រ ដែល​ចង់​បញ្ជូន​កូន​ឲ្យ​បាន​ចូល​រៀន។ ពូកគេមិន​មែន​កំពុងតែធ្វើ​អាជីវកម្ម​ជួញដូរ​នោះទេ។ សម្រាប់​ពួក​គាត់​មួយភាគ​ធំ​ អាភៀន​ត្រូវ​បានប្រើ​ប្រាស់​សម្រាប់​តម្រូវការ​ខ្លួនឯង»។

នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ សហគមន៍​ជនជាតិ​ភាគតិច​ Akha Hmong និង Khmu គឺជា​ជនជាតិ​ដែល​និយម​ដាំ​អាភៀន។ នេះ​បើ​យោង​តាម​របាយការណ៍ អ.ស.ប ​ពួកគេ​ក៏​ជា​ក្រុម​ប្រជាជន​ស្ថិត​ក្នុងចំណោម​ខេត្ត​ដែល​ក្រីក្រ​ជាង​គេ​នៃ​ប្រទេស​ឡាវ ដែលក្នុង​នោះមាន​៤០​ភាគរយ​ស្ថិត​ក្រោម​បន្ទាត់​នៃភាព​ក្រី​ក្រ​។ ចំណូល​របស់​មនុស្ស​ម្នាក់ក្នុង​មួយ​ឆ្នាំ​ ទទួល​បានតែ​ប្រមាណ​៣០០ ដុល្លាក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដែល​ផ្ទុយ​ពី​តំបន់​ផ្សេងៗទៀត​ក្នុងប្រទេសឡាវ​ដែល​ប្រាក់ចំណូល​ម្នាក់ៗស្មើ​នឹង​ ១០០០ ដុល្លារ​ក្នុង​មួយឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ជំរុញ​ឲ្យ​បោសសម្អាត​ចម្ការ​ថ្នាំជក់ (អាភៀន)ទាំង​គំហុក​បែប​នេះ​មិន​អាច​កើត​ឡើង​ដោយ​មិន​មាន​ការ​ប៉ះពាល់នោះទេ។ ជារឿយៗ វា​ធ្វើ​ឲ្យ​គ្រួសារ​ក្នុង​សហគមន៍​ជួប​ប្រទះ​នឹង​ភាព​អស់​សង្ឃឹម និង​មិន​ទទួល​ចំណូល​ប្រភពផ្សេងៗ​ទៀត។

កាលពី​ឆ្នាំ​ ២០០៨ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាត់​ឡើង​នូវ​គម្រោង​ជំនួយ​បន្ទាន់​រយៈពេលពីរ​ឆ្នាំ ដើម្បី​បំពេញ​កង្វះខាត​ស្បៀង​ក្នុង​ខេត្ត​ចំនួន​បី។ មន្ត្រី​ UNODC បាន​និយាយ​ថា​ ​បញ្ហា​សេដ្ឋកិច្ច​របស់​សហគមន៍​ដែល​ពឹងផ្អែក​ទៅលើ​ការ​លក់​អាភៀន​ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ជាក់លាក់។

ក៏​ប៉ុន្តែ​កម្មវិធី​អភិវឌ្ឍអន្តរជាតិ ​ដែល​ទ្រទ្រង់​ដោយ​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍអាស៊ី (ADB) សហគមន៍​អ៊ឺរ៉ុប និង​ជំនួយ​ពី​ប្រទេស​ជប៉ុន​សុទ្ធ​ធ្វើ​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​នូវ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ក្នុង​បែប​ផែន​ផ្សេង។

លោកToure នៃ​ការិយាល័យ​ UNODC បាន​និយាយ​ថា​ មាន​កសិករ​ច្រើន​ជាង​មុន​បាន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​ទាំង​នេះ។​

«នៅ​ខេត្ត Oudomxai សព្វ​ថ្ងៃ​នេះ អ្នក​នឹង​ឃើញ​ការងារ​ដែល​រដ្ឋាភិបាលឡាវ​សហការ​ជាមួយ​នឹង​ UNODC រួម​នឹង​ Royal Thai projects ណែនាំ​តិចនិច​ថ្មី​ ប្រភេទ​អាហារ​ថ្មីៗ និង​ ឃើញ​អំពី​បៀប​ដែល​អតីត​គ្រួសារ​អ្នក​ដាំ​អាភៀន​អាច​បង្កើន​ប្រាក់​ចំណូល​បាន»។

ក៏​ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​បាន​ចោទ​សួរ​ទៅ​លើ​គុណ​តម្លៃ​នៃ​ការ​លុប​បំបាត់​ដំណាំ​អាភៀន និង​ទៅលើ​កម្មវិធី​អភិវឌ្ឍ​ផ្សេងៗ ដោយ​លើក​ឡើង​ថា​ ជា​រឿយៗ​អ្នក​ភូមិមិន​មាន​ចំណេះដឹង​គ្រប់គ្រាន់​អំពី​ទិសដៅ​នៃ​កម្មវិធី​ទាំងនោះ​ទេ។

អ្នក​ប្រឹក្សា​ឯករាជ្យ លោក David Mansfield ដែល​បាន​សរសរ​អំពី​អាណត្តិ​សកល​លើ​គោល​នយោបាយ​គ្រប់គ្រង​គ្រឿងញៀន​កាលពី​ឆ្នាំ២០១១ បាន​និយាយ​ថា ការ​លុប​បំបាត់​ដំណាំ​អាភៀន​នឹង​ធ្វើ​ឲ្យ​តម្លៃ​ដំណាំ​អាភៀន​ហាមឃាត់កើនឡើង​ ដែល​ជា​កត្តា​បំផុស​ឲ្យ​មាន​កំណើន​ផលិតកម្ម​ និង​ជម្រុញ​ឲ្យ​មាន​អស្ថេរភាព​កាន់តែ​ខ្លាំង​ឡើង។

នរវិទូ​ជនជាតិ​អាមេរិក​ លោក David Feingold ដែល​មាន​បទ​ពិសោធន៍​សិក្សា​អំពី​អាភៀន​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ជាង៤០​ឆ្នាំ និយាយ​ថា​សហគមន៍​នៅ​តំបន់​ខ្ពង់រាប​ប្រើ​ប្រាស់​អាភៀន​ក្នុង​គោល​បំណង​ជា​ច្រើន​ដូច​ជា​ថ្នាំ​បុរាណ​។ លោក​បន្ថែម​ថា ​មួយ​ឯកតា​អាភៀន​ ដែល​មាន​ចំនួន​ប្រមាណ​១,៦ គីឡូក្រាម កាល​ពី​មុនមក ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​ដោះដូរ។​

«វា​គឺ​ជា​ ថ្នាំសង្កូវ​ដែល​ល្អ​បំផុត​ដែល​ពួកគេ​មានសម្រាប់​ការ​ប្រើ​ជាឱសថ​។ វា​ជា​ជំនួយ​មួយ​ នៅ​ពេល​យើង​ប្រសិន​បើ​យើង​មាន​ជំងឺ​រាគមួល ក្អក ផ្តាសាយ ហើយ​វា​ក៏​ជួយ​បំបាត់​ការ​ចុក​ចាប់​ផង​ដែរ។ វា​មាន​សារៈសំខាន់​ដូចជា​រូបិយ​បណ្ណ​ដូច្នោះ​ដែរ។​ វា​ហាក់​ដូចជា​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​Amercian Express​យ៉ាង​អញ្ចឹង​ ពួកគាត់​មិន​ចាកចេញ​ដោយ​គ្មាន​អាភៀន​នោះ​ឡើយ​ ហើយ​ពួក​គាត់​អាច​កាត់​បន្ថយ​ទំងន់ ​និង​ចំណាយ​ទៅ​លើ​អ្វី​ផ្សេងៗ»។

Feingold បន្ថែម​ទៀតថា ជោគជ័យ និង​បរាជ័យនៃ​កម្មវិធី​អភិវឌ្ឍ​ផ្សេងៗ​គឺស្ថិត​នៅលើទីផ្សារ​នៃ​ដំំណាំ​អាភៀន​ ដែល​ទ្រទ្រង់​ដោយ​តម្រូវការ​ដែល​មាន​ស្ថេរ​ភាព។ ​រាល់​ការ​បរាជ័យ​ណា​មួយ​នឹង​ធ្វើ​ឲ្យ​កសិករ​វិល​ទៅ​រក​ការ​ដាំដុះ​អាភៀន​វិញ។

ទី​ភ្នាក់ងារ​ជំនួយ​អន្តរជាតិ​និយាយ​ថា​ ដើម្បី​រក្សា​ស្ថេរភាពក្នុង​ការកាត់បន្ថយដំណាំ​អាភៀន វា​ត្រូវការ​គោល​នយោបាយលុប​បំបាត់​ភាព​ក្រីក្រ និងការ​ប្រមើល​មើល​ទាំង​មូល​ទៅលើ​ការ​អភិវឌ្ឍ​ដែល​គ្រប​ដណ្តប់​លើ​ផ្នែក​ផ្សេងៗ​ដូចជា ការ​អប់រំ សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​៕

ប្រែសម្រួលដោយ៖ ខាន់ សុគុំមនោ

XS
SM
MD
LG