ភ្នំពេញ —
ជនរងគ្រោះដោយសារការបណ្តេញលំនៅដ្ឋានដោយបង្ខំរំពឹងថា រដ្ឋាភិបាលអាណត្តិថ្មីនឹងមានដំណោះស្រាយ និងយកចិត្តទុកដាក់ដល់ពួកគេប្រសើរជាងមុន។
ក្រុមអ្នកភូមិនៃសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ដែលទទួលរងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ កំពុងតែផ្តោតក្តីសង្ឃឹមចុងក្រោយថា រដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ នឹងគិតគូដល់ពួកគេឡើងវិញ។
ការគិតគូដែលពួកគេចង់បានគឺការយកចិត្តទុកដាក់លើពួកគេនិងការផ្តល់តម្លៃដល់ពួកគេប្រសើរជាងមុន។
អ្នកស្រីង៉ែត ឃុន អាយុ៧៣ឆ្នាំ ជាជនរងគ្រោះម្នាក់នៃសហគមន៍បឹងកក់។ អ្នកស្រីកំពុងរស់នៅទីនេះដោយក្រាញននាលទល់នឹងការបណ្តេញចេញដោយបង្ខំ និងមិនមានសំណងសមស្រប។
រដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដីបឹងកក់រយៈពេល៩៩ឆ្នាំដល់ក្រុមហ៊ុន ស៊ូកាគូ អ៊ីនរបស់លោកឧកញ៉ាឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ ប្រជាពលរដ្ឋភាគច្រើននៃសហគមន៍ដែលមានប្រមាណ៤០០០គ្រួសារនេះ បានយល់ព្រមចាកចេញដោយទទួលសំណង ដែលពួកគេនិយាយថា មិនត្រឹមត្រូវតាមតម្លៃដីតាមទីផ្សារសេរី។
រដ្ឋាភិបាលបានកាត់ដីចំនួនជាង១២ហិចតាពីដីវិនិយោគសរុបទំហំជាង១៣៣ហិចតាគឺកាត់ឲ្យទៅប្រជាពលរដ្ឋដែលនៅសេសសល់ជាង១០០០គ្រួសារនៅឆ្នាំ២០១១។ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមានប្រជាពលរដ្ឋជាង៦០គ្រួសារទៀតមិនទាន់ទទួលបានកម្មសិទ្ធិដីរបស់ពួកគេនៅឡើយ។
អ្នកស្រីង៉ែត ឃុនស្ថិតនៅក្នុងចំណោមគ្រួសារដែលមិនបានទទួលដីនេះ។ កំពុងអង្គុយជាមួយពលរដ្ឋសហគមន៍បឹងកក់ដទៃទៀត និងក្រោយពីបានលើកកែវទឹកផឹករួច អ្នកស្រីនិយាយដោយទឹកមុខស្ងួតថា បំណងតែមួយគត់ដែលអ្នកស្រីចង់បានពីរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតនោះគឺចំណែកដីដែលអ្នកស្រីនឹងត្រូវទទួលបាន។
អ្នកស្រីនិយាយថា៖ «ពួកខ្ញុំទៅទាមទារ។ អត់មានសុំអីទេ សុំតែមន្រ្តីអាជ្ញាធរធ្វើម៉េចវាស់ព្រំដី១២,៤៤ហិចតា។ ផ្តល់ប្លង់កម្មសិទ្ធិឲ្យពួកខ្ញុំអស់គឺវាចប់ហើយ។ តែគាត់មិនដោះស្រាយ»។
ទោះជាយ៉ាងណាក្តី ក៏មានប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លីមួយចំនួនទៀតសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងយកចិត្តទុកដាក់លើផ្នែកសុខុមាលភាព បន្ថែមពីការបណ្តេញនេះ។
ជាអតីតអ្នកភូមិបឹងកក់មួយរូប អ្នកស្រីកែវ សារុំ អាយុ៧០ឆ្នាំ កំពុងលក់នំបញ្ចុក និងបបរក្នុងផ្សារមួយនៃភូមិត្រពាំងអញ្ចាញ ខ័ណ្ឌពោធិសែនជ័យ ជាយរាជធានីភ្នំពេញ។ អ្នកស្រីបានទទួលសំណងពីក្រុមហ៊ុនសូកាគូ អ៊ីន ហើយបានស្ម័គ្រចិត្តទៅតាំងលំនៅថ្មីចម្ងាយជាង១០គីឡូម៉ែត្រពីកណ្តាលក្រុងភ្នំពេញ។ ស្រ្តីចំណាស់រូបនេះសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងយកចិត្តទុកដាក់ទៅលើមនុស្សចាស់ និងផ្តល់ជាសេវាសុខភាពជូនរូបគាត់។
អ្នកស្រីថ្លែងថា៖ «សង្ឃឹមក្រែងលោជួយបានខ្លះ ក្រែងលោបានជួយពួកខ្ញុំចាស់ៗ បានទៅរស់នៅសុខស្រួល មិនវេទនាដូចនៅនេះ»។
ក្រៅពីអ្នកសហគមន៍បឹងកក់ និងបុរីកីឡា ក៏មានប្រជាពលរដ្ឋពីតំបន់ផ្សេងទៀតជុំវិញរាជធានីភ្នំពេញ ដែលត្រូវបានបណ្តេញចេញដោយបង្ខំដែរ។ ក្នុងនោះរួមមាន អ្នកភូមិសម្បុកចាប អ្នកបុរីសន្តិភាព និងអ្នកភូមិដីក្រហមជាដើម។
អតីតអ្នកភូមិសម្បុកចាបមួយចំនួនកំពុងរស់នៅក្នុងភូមិអណ្តូង ខណ្ឌពោធិសែនជ័យ ដែលស្ថិតនៅចម្ងាយប្រមាណដប់គីឡូម៉ែត្រពីទីប្រជុំជនក្រុងភ្នំពេញ។
សម្រាប់អ្នកភូមិមួយចំនួននៅទីនេះ ការបណ្តេញចេញពីលំនៅដ្ឋានហាក់ដូចជាសុបិនអាក្រក់ ដែលតាមបន្លាចឲ្យពួកគេបាក់ស្បាតជានិច្ច។
អ្នកស្រីអួន ចន្ថា អាយុ៥៨ឆ្នាំ ជាអ្នកភូមិម្នាក់ក្នុងចំណោមនោះ។
អ្នកស្រីនិយាយថា៖ «បើដាច់អាណត្តិថ្មី បើបានគេជួយទៅត្រេកអរ។ បើគេមិនដេញយើងទៅណា នៅទីណាឲ្យនៅហ្នឹងទៅ។ ខ្លាចតែគេមិនឲ្យនៅទីហ្នឹងទៀត»។
នៅក្នុងភូមិអណ្តូងនេះ មានសាលារៀន និងមណ្ឌលសុខភាពដោយមានការជួយជ្រោមជ្រែងពីសមាគមសាសនាផ្នែកយេស៊ូគ្រីស្ទ។
ប៉ុន្តែក្រុមអ្នកភូមិហាក់ដូចជាមិនបានផ្លាស់ប្តូរពីពិភពក្រីក្រនៅមុនពេលបណ្តេញចេញកាលពីប៉ុន្មានឆ្នាំមកហើយនោះទេ។
អ្នកស្រីកែវ ចាន់ឌី អាយុ២៨ឆ្នាំ ជាអ្នកភូមិម្នាក់ទៀត ហើយលក់បន្លែជាមួយអ្នកស្រីចន្ថាដែរ។ អ្នកស្រីចង់ឲ្យរដ្ឋាភិបាលថ្មីទទួលខុសត្រូវផ្នែកសង្គមកិច្ចសម្រាប់សហគមន៍អ្នកក្រីក្រនេះ។
អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមថា គេជួយគិតគូរផ្ទះសម្បែងពួកខ្ញុំ មានជាផ្ទះត្រឹមត្រូវនឹងគេ។ ខ្ញុំអត់ចង់នៅអញ្ចឹងទេ ចង់មានទឹកភ្លើងប្រើ។ បានប៉ុណ្ណឹង ខ្ញុំសប្បាយចិត្តហើយ»។
ទោះជាយ៉ាងណា អ្នកភូមិសហគមន៍បុរីកីឡា ដែលកំពុងរស់នៅក្រោមដំបូលតង់អស់រយៈកាល១ឆ្នាំ៧ខែមកហើយក្រោយពីការបណ្តេញចេញនោះ នៅតែរក្សាជំហរចង់ផ្លាស់ប្តូររដ្ឋាភិបាលថ្មី។
លោកសៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានពន្យល់ថា ការបណ្តេញចេញដោយបង្ខំនឹងត្រូវបានកាត់បន្ថយនៅអាណត្តិរដ្ឋាភិបាលក្រោយនេះ។ លោកធ្វើការអះអាងដូច្នេះ ដោយយោងលើមូលហេតុនៃតុល្យភាពអំណាចរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចនៅក្នុងសភាជាន់ទាប។
លោកនិយាយថា៖ «ការបណ្តេញចេញនឹងនៅតែមាន ពីព្រោះប្រទេសត្រូវការអភិវឌ្ឍ។ តែនឹងមានការថយចុះ ពីព្រោះក្នុងអាណត្តិក្រោយហ្នឹង រដ្ឋាភិបាលថ្មីមិនអាចជិះសេះលែងដៃដូចអាណត្តិទី៤នោះទេ ពីព្រោះអាណត្តិមុនរដ្ឋាភិបាលគាត់មានដល់ទៅ៩០កៅអី អញ្ចឹងហើយគាត់អាចធ្វើអ្វីស្រេចតែចិត្ត មិនខ្វល់ពីម្ចាស់ឆ្នោតទេ»។
ក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសន្យាចំពោះប្រជាពលរដ្ឋសហគមន៍បុរីកីឡានិងសហគមន៍បឹងកក់ថា នឹងដោះស្រាយបញ្ហាពួកគេ នៅក្រោយការបោះឆ្នោត។
ប៉ុន្តែលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងតាមទូរស័ព្ទថា សាលារាជធានីភ្នំពេញមិនទាន់អាចឆ្លើយតបទៅនឹងស្ថានភាពជម្លោះដីធ្លីរ៉ាំរ៉ៃនេះបានឡើយ ក្នុងពេលនេះ៕