ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​បឹងកក់​និង​បុរីកីឡា​បាន​​បន្ត​ធ្វើ​បាតុកម្ម​ចូល​ដល់​ថ្ងៃ​ទី​ពីរ​


អ្នកស្រី​ទេព វន្នី សកម្មជន​ការពារសិទ្ធិ​លំនៅដ្ឋាន​នៅ​ចំកណ្តាលក្រុម​​ត្រូវប៉ូលិស​ដែលព្យាយាម​នាំ​អ្នកស្រី​ចេញ​ពីកន្លែង​តវ៉ា។
អ្នកស្រី​ទេព វន្នី សកម្មជន​ការពារសិទ្ធិ​លំនៅដ្ឋាន​នៅ​ចំកណ្តាលក្រុម​​ត្រូវប៉ូលិស​ដែលព្យាយាម​នាំ​អ្នកស្រី​ចេញ​ពីកន្លែង​តវ៉ា។
ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​ និង​បុរីកីឡា​បានបន្ត​ធ្វើ​បាតុកម្ម​របស់​ខ្លួន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ និង​អាជ្ញាធរ​អនុវត្ត​តាម​កិច្ច​សន្យា​របស់​ពួកគេ​ ដោយ​ដើរ​ដង្ហែសំដៅ​ទៅ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋ​មន្ត្រី​ដើម្បី​ស្នើ​សូម​អន្តរាគមន៍ ​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​ប៉ូលិស។​

ខណៈ​ដែល​ការ​តវ៉ា​នៅមុខសាលា​រាជធានី​ភ្នំពេញ​ពុំ​មាន​លទ្ធផល​ ក្រុម​បាតុករ​ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​សហគមន៍​បឹកកក់​ និង​បុរី​កីឡា ​នៅរសៀល​ថ្ងៃ​អង្គារ​នេះ ​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដែល​ពួកគេ​បាន​រង់ចាំ​ជាច្រើន​ឆ្នាំ​មក​ហើយ។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្រេច​កាលពី​ឆ្នាំ​២០១១​កាត់​ដី​ជាង​១២ ហិចតា​ពី​តំបន់​ជម្លោះ​ពី​ក្រុម​ហ៊ុន​ស៊ូកាគូ​អ៊ីន​របស់​លោកឧកញ៉ា ឡៅ ម៉េងឃីន​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ចែក​ជូន​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។​

ក៏ប៉ុន្តែ​រហូតមក​ទល់ពេល​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​មិនទាន់​បាន​ផ្តល់​បណ្ណ​កម្ម​សិទ្ធិ​ដល់​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ចំនួន​៦៣​គ្រួសារ​ទៀតដែល​ជា​មូលហេតុ​នៃ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់។​

នៅតាម​ផ្លូវ​មក​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ក្រុម​បាតុករ​សរុប​ប្រហែល​១០០នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ ត្រូវ​បាន​រារាំង​និង​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយកង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​កន្លែង​ មុន​នឹង​ទៅ​ដល់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ នៅផ្នែកខាង​កើត​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ហ្វូង​បាតុករ​បាន​ស្រែក​ទទួចឱ្យ​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី។

ក្នុង​បាតុកម្ម​នេះ ​អ្នក​ស្រី​ទេព វនី្ន ​សកម្មជនដី​ធ្លី​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​តំបន់​បឹងកក់​ បាន​ទទួច​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ដាក់​សម្ពាធ​លើមន្ត្រី​ថ្នាក់​ក្រោម​និង​ក្រុមហ៊ុន​ ឱ្យ​អនុវត្តតាម​អនុក្រឹត្យដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រូប​លោក​ផ្ទាល់។​

អ្នកស្រី​និយាយថា៖ ​«មាន​អារម្មណ៍​ថា ​ប្រទេស​កម្ពុជា​គ្មាន​ថ្នាក់​ដឹកនាំ​ គ្មាន​ស្ថាប័ន​អ្វី​ទាំង​អស់​ ព្រោះ​ពេល​ពលរដ្ឋ​រងគ្រោះ​ទៅ​រក​ស្ថាប័ន​ពាក់​ព័ន្ធ​គឺ​គ្មាន​ចំណាត់​ការ​និង​ដំណោះ​ស្រាយ។ ​ចំណែក​ឯ​តុលាការ​វិញ​ មាន​តែ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ពល​រដ្ឋ​រង​គ្រោះ​តាម​ការ​បញ្ជា​របស់​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន។​ ចំណែក​ឯ​រដ្ឋាភិបាល​វិញ ​អនុក្រិត្យ​របស់​គាត់​ ដែល​ជា​អាយុ​ជីវិត​របស់​ពួកខ្ញុំ​នៅ​តំបន់​បឹងកក់ ​ បែរ​ជា​ត្រូវ​មន្ត្រី​ថ្នាក់​ក្រោម​យក​ទៅ​ជាន់​ឈ្លី​នឹង​បាត​ជើង ​ធ្វើ​ឱ្យ​នាយករដ្ឋ​មន្ត្រី​អាប់​មុខ​អាប់​មាត់»។​

សាលា​រាជធានីភ្នំពេញ​បាន​សន្យា​ថា​ នឹង​ផ្តល់​បណ្ណកម្ម​សិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​នៅ​មុន​ពេល​បោះឆ្នោត​នៅខែ​នេះ។​ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា ​រហូត​មក​ទល់​ពេល​នេះ​សាលា​រាជធានីភ្នំពេញ​នៅតែ​មិន​ទាន់​បាន​អើពើ​អំពី​បញ្ហា​នេះ​ទេ។​

កាល​ពីម្សិល​មិញ​ អាជ្ញាធរ​បាន​ធ្វើ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ហ្វូង​បាតុករ​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​របួស​ធ្ងន់ ​និង​ម្នាក់​ទៀត​រលូត​កូន។​

ពួក​បាតុករ​ថ្លែង​ថា​ ពួកគេ​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ទាល់​តែទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ។​

លោកសៀ ភិរម្យ ​នាយក​លេខាធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ថ្លែង​ថា ​ប្រសិន​បើ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​សម្រាប់​ពលរដ្ឋ​រងគ្រោះនោះ​ទេ​ វា​អាច​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​លោក​ហ៊ុន សែន​មុន​ការ​បោះ​ឆ្នោត​នៅ​ខែ​នេះ។​

លោក​និយាយថា៖ ​«ប្រសិន​បើ​អាជ្ញាធរ ​ឬ​ក្រុមហ៊ុន​មិន​ព្រម​អនុវត្ត​តាម​អនុក្រឹត្យ​របស់​នាយក​រដ្ឋ​មន្ត្រី​ទេ​ ខ្ញុំ​គិត​ថា​ ការ​តវ៉ា​របស់​អ្នក​បឹងកក់​និង​បុរីកីឡា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច»។​

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិចបាន​ព្យាយាម​ទាក់ទង​លោក​ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលារាជ​ធានីភ្នំពេញ​ ប៉ុន្តែទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយគ្មាន​អ្នក​ទទួល៕
XS
SM
MD
LG