ក្រុមគ្រួសាររបស់សកម្មជនដីធ្លីខេត្តកោះកុងបានទាមទារឱ្យតុលាការដោះលែងសាច់ញាតិរបស់ពួកគេចំនួន៩នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទ«ញុះញង់» កាលពីសប្តាហ៍មុន។
ការចាប់ខ្លួននិងឃុំខ្លួនសកម្មជនក្នុងពន្ធនាគារ កើតឡើងបន្ទាប់ពីពួកគេកំពុងធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគេ ក្នុងរឿងទំនាស់ដីធ្លី កាលពីកន្លងទៅ។
លោក ហង់ វាសនា អាយុ២៣ឆ្នាំ ជាកូនប្រុសរបស់អ្នកស្រី ផាវ ញើង ដែលជាស្ត្រីមេម៉ាយកូន៨នាក់ និងជាសកម្មជនដីធ្លីខេត្តកោះកុងម្នាក់ដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ។
លោកប្រាប់វីអូអេថាកាលពីថ្ងៃទី២៩ ខែមិថុនា តំណាងសហគមន៍ដីធ្លីខេត្តកោះកុងចំនួន១២នាក់ បាននាំគ្នាធ្វើដំណើរពីខេត្តកោះកុង ឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនដីធ្លីចំនួន៣០នាក់ ដែលតុលាការបានចោទប្រកាន់ពីបទផ្សេងៗកាលពីកន្លងទៅ។
ពេលប្រជាសហគមន៍ធ្វើដំណើរដល់ត្រង់ចំណុចបុស្តិ៍អូរជ្រៅ ភូមិអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង អាជ្ញាធរបានឃាត់រថយន្តមិនឱ្យធ្វើដំណើរមកភ្នំពេញបន្តទៀត រួចក៏មានការឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្តកោះកុង និងបញ្ជូនទៅតុលាការ រហូតដល់ចោទប្រកាន់មនុស្សចំនួន៩នាក់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នេះបើតាមលោក ហង់ វាសនា ដែលជាកូនប្រុសរបស់សកម្មជនម្នាក់។
លោកបន្ថែមថា ប្អូនប្រុសរបស់លោកអាយុជាង១ឆ្នាំ ក៏កំពុងជាប់ឃុំជាមួយម្តាយផងដែរ។
លោកថ្លែងថា៖ «៩នាក់មនុស្សធំ ម្នាក់ទៀតគឺក្មេងតូច ដែលជាប្អូនរបស់ខ្ញុំហ្នឹងឯង។ ប្អូនខ្ញុំ គឺអាយុ១ខួប៣ខែ គឺនៅលើដៃរបស់ម៉ាក់គេហ្នឹង។ ឥឡូវ គឺនៅក្នុងពន្ធនាគារហ្នឹងតែម្តង»។
បើតាមលោក ហង់ វាសនា បើសិនប្រជាសហគមន៍ដឹងថា ការឡើងមកសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បែរជាត្រូវបានចោទប្រកាន់បែបនេះ គឺប្រជាសហគមន៍ទំនងមិនធ្វើនោះទេ។ លោកបន្ថែមថាប្រជាសហគមន៍យល់ថារដ្ឋាភិបាលអាចដោះស្រាយបាន ទើបចង់សុំអន្តរាគមន៍។
លោកស្នើឱ្យតុលាការខេត្តកោះកុងដោះលែងម្តាយរបស់លោក និងសកម្មជនដីធ្លីផ្សេងទៀត ព្រោះប្រជាសហគមន៍មិនបានធ្វើអ្វីខុសនោះទេ។
លោកថ្លែងថា៖ «ម៉ាក់ខ្ញុំឈ្មោះ ផាវ ញើង ហ្នឹង ក៏ដូចជាសហគមន៍ផ្សេងៗទៀត ព្រោះយើងអត់មានខុសអីទេ។ យើងគ្រាន់តែទៅដាក់ញត្តិសុំជំនួយពីរដ្ឋាភិបាល...ដោយយើងជឿជាក់លើរដ្ឋាភិបាល ដែលយើងទៅសុំឱ្យគាត់ហ្នឹងដាក់ញត្តិឱ្យសុំលើកលែងអីអស់ហ្នឹង។ បើយើងអត់មានជំនឿ ក៏យើងអត់ទៅដែរ។ ហើយយើងក៏អត់ដឹងដែរថាគេនឹងចាប់អ៊ីចឹង បើយើងដឹង ក៏យើងអត់ហ៊ានទៅដែរ យើងខ្លាចណាស់»។
អ្នកស្រី គិន ចាន់ កូនរបស់អ្នកស្រី សេង លីន ដែលជាសកម្មជនកំពុងជាប់ឃុំក្នុងពន្ធនាគារ ប្រាប់វីអូអេថាការឃុំខ្លួននិងចោទប្រកាន់ប្រជាសហគមន៍បែបនេះ គឺជារឿងអយុត្តិធម៌។
អ្នកស្រីថ្លែងថា៖ «ចង់និយាយថាគាត់ជាប់[ពន្ធនាគារបែបហ្នឹង] អយុត្តិធម៌។ គាត់គ្រាន់តែចង់ឡើងទៅ ឱ្យគេទម្លាក់បទចោទប្រកាន់អ៊ីចឹង»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ឱ្យអាជ្ញាធរដោះលែងគាត់ទាំង៩នាក់ហ្នឹង ព្រោះអីគាត់សុទ្ធតែជាអ្នកឈឺ»។
លោក ស សារ៉ាត អ្នកនាំពាក្យស្នងការនគរបាលខេត្តកោះកុង ប្រាប់វីអូអេនៅថ្ងៃពុធថាប្រជាសហគមន៍ទាំងនោះនៅតែបន្តទាមទារធ្វើដំណើរទៅភ្នំពេញ បើទោះជាមានការហាមឃាត់ក៏ដោយ។
លោកថ្លែងថា៖ «តាមពិត ការងារហ្នឹង គាត់មានបំណងឡើងទៅភ្នំពេញ ហើយអាជ្ញាធរបានធ្វើការហាមឃាត់មិនឱ្យគាត់ទៅ។ ហើយគាត់នៅតែទាមទារថាទៅដល់ទាមទារថាទៅ។ អ៊ីចឹងអាជ្ញាធរក៏សម្រេចអញ្ជើញគាត់មកខេត្ត ដើម្បីធ្វើការសាកសួរអំពីបញ្ហាហ្នឹង។ ដល់សួររឿងហេតុចប់ទៅ ក៏យើងបញ្ជូនទៅតុលាការទៅផុតដៃសមត្ថកិច្ចតាំងពីថ្ងៃហ្នឹង ខ្ញុំដឹងត្រឹមប៉ុននេះ សូមអរគុណ»។
លោក ស សារ៉ាត មិនបានបញ្ជាក់មូលហេតុច្បាស់អំពីការឃាត់រថយន្តប្រជាសហគមន៍ រហូតដល់ចោទប្រកាន់ពួកគេពីបទញុះញង់ ដែលជាបទចោទមួយត្រូវបានក្រុមសិទ្ធិមនុស្សលើកឡើងថាប្រើប្រាស់ ដើម្បីបំបិទសំឡេងក្រុមជំទាស់។
លោកថ្លែងថា៖ «ដូចខ្ញុំជម្រាបជូនលោកខាងលើអ៊ីចឹង មិនមែនជាសមត្ថកិច្ច នឹកឃើញតែឃាត់គាត់ទេ គឺគណៈកម្មការចម្រុះរបស់ខេត្ត ដែលមានការដឹកនាំ ដោយគណៈកម្មការចម្រុះសួរនាំហ្នឹង»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថាការឃាត់រថយន្តពាក់កណ្តាលផ្លូវ រហូតដល់មានការនាំខ្លួននិងចោទប្រកាន់លើសហគមន៍ដីធ្លីបែបនេះ គឺជារឿងមិនទំនង និងជារឿងអយុត្តិធម៌ ព្រោះប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល។
លោកថ្លែងថា៖ «បញ្ហាដើរហើយ បញ្ហាដាក់ញត្តិវាមិនមែនជាបទល្មើសទេ។ អ៊ីចឹងការឃាត់ខ្លួននេះខ្ញុំយល់ថាដូចជាមិនសមហេតុផលទេ ប៉ុន្តែអ្វីដែលអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយល់ឃើញ គឺដោយសារតែគាត់មានបំណងដាក់ញត្តិ វាជិតដល់ពេលដែលឃោសនាបោះឆ្នោត។ អ៊ីចឹងខ្ញុំគិតថាចំណុចនេះ ប្រហែលជាមិនចង់ឱ្យពួកគាត់ហ្នឹង ឡើងមកធ្វើការជួបជុំគ្នា ឬធ្វើការទាមទារ ឬដាក់ញត្តិអ្វីផ្សេងៗ»។
លោក អំ សំអាត បញ្ជាក់ថាតុលាការបានចោទប្រកាន់ប្រជាសហគមន៍ដីធ្លីចំនួន១០នាក់ ពីបទ«ញុះញង់» ប៉ុន្តែស្ត្រីម្នាក់ត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន និងបន្តឃុំឃាំងចំនួន៩នាក់ ដោយមានស្ត្រី៦នាក់ បុរស៣នាក់៕