ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ​ធ្វើ​ឲ្យ​កុមារ​កម្ពុជា​​ស្លាប់​ដោយ​លង់​ទឹក​ច្រើន


អ្នកស្រី សេត ស្រីមុំ អង្គុយមើលរូបថតរបស់កូនស្រីទាំងពីរដែលស្លាប់ដោយសារលង់ទឹក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី សេត ស្រីមុំ អង្គុយមើលរូបថតរបស់កូនស្រីទាំងពីរដែលស្លាប់ដោយសារលង់ទឹក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ជារឿយៗ​អ្នកស្រី ​សេត ស្រីមុំ ​ ស្រ្តី​មេម៉ាយ​កូន​បនាក់​ រស់​នៅ​ស្រុក​បាទី ​ខេត្ត​តាកែវ តែង​តែ​យក​កូនៗទៅ​តាម​ខ្លួនដើម្បី​ទិញ​អេតចាយ​។ ​កាលពី​៦​ខែមុន​ អ្នកស្រី​បាន​សម្រេច​ចិត្ត​ទុក​កូន​តូចៗ​ចំនួន​២​នាក់​នៅ​ផ្ទះ​ឲ្យ​ម្តាយ​ជួយ​មើល​ដើម្បី​ទៅទិញ​អេតចាយ​ពី​អ្នករុះរើ​ផ្ទះ​មួយ​នៅ​ក្បែរ​នោះ​ ដោយ​អ្នកស្រីបារម្ភ​ថា​ដែក​ស័ង្កសី​ធ្លាក់​លើ​កូន។

ពេល​នោះ ​គឺជា​លើក​ចុងក្រោយ​ដែល​អ្នកស្រី​បាន​ឃើញ​មុខ​កូនស្រី​ទាំងពីរ​រូប​របស់​អ្នកស្រី ដោយ​សារ​ពួកគេ​លង់​ស្រះ​ទឹក​ក្បែរ​ផ្ទះ។

អ្នកស្រី ​សេត ស្រីមុំ ​មាន​ប្រសាសន៍​ថា៖​ «មិន​បាន​មួយ​ម៉ោង​ទេ រួច​ទៅ​ខ្ញុំ​នឹក​ឃើញ​ថា​ទិញ​តែ​មួយ​កន្លែង​អញ្ចឹង ខ្ញុំ​ថា​រហ័ស​បាន​មកវិញ។ ខ្ញុំ​រៀបចំ​ដាក់​លើ​រ៉ឺម៉ក ប្អូន​ខ្ញុំ​រត់​ទៅ​ហៅ​ថា​កូន​លង់​ទឹក ខ្ញុំ​ទន់​ខ្លួន​អស់ ខ្ញុំ​ទម្លាក់​ចោល ខ្ញុំ​ប្រញាប់​រត់​មក»។

កំពុង​អង្គុយ​នៅ​ខាង​មុខ​ផ្ទះទំហំ​ប្រមាណ​ជា​៣​ម៉ែត្រ គុណ​៤​ម៉ែត្រ ​ដែល​មាន​ព្យួរ​រូប​ថត​កូន​តូចៗ​ទាំង​ពីរ​របស់​អ្នកស្រី​ស្ទើរ​តែ​ពេញ​ពាក់​កណ្តាល​ជញ្ជាំង​ផ្ទះ អ្នកស្រី ​សេត ស្រីមុំ​ និយាយ​ថា កូនស្រី​របស់​អ្នកស្រី​ទាំងពីរ​ អាយុ ២​ឆ្នាំ​កន្លះ និង​បី​ឆ្នាំ​កន្លះ។ស្រ្តី​វ័យ៣០ឆ្នាំ​ប្លាយរូប​នេះ​បន្ត​ថា ស្រះ​ទឹក​ដែលកូន​ស្រី​របស់​អ្នកស្រី​ទាំង​ពីរ​លង់​នោះ ​មាន​ជម្រៅ​ជាង​ពីរ​ម៉ែត្រ​ និង​មាន​ចម្ងាយ​ប្រមាណជា​៧០០​ម៉ែត្រពី​ផ្ទះ​អ្នកស្រី​ ប៉ុន្តែមិនមាន​របង​ហ៊ុំ​ព័ទ្ធ​ការពារ​នោះ​ទេ​។

រូបថត​របស់កូនស្រីទាំងពីររបស់អ្នកស្រី សេត ស្រីមុំ ដែលស្លាប់ដោយសារលង់ទឹក ត្រូវព្យួរលើជញ្ជាំងផ្ទះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបថត​របស់កូនស្រីទាំងពីររបស់អ្នកស្រី សេត ស្រីមុំ ដែលស្លាប់ដោយសារលង់ទឹក ត្រូវព្យួរលើជញ្ជាំងផ្ទះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

និយាយ​បណ្តើរ​យក​ដៃជូត​ទឹក​ភ្នែក​ដែល​កំពុង​ស្រក់​បណ្តើរ ​អ្នកស្រី ​សេត ស្រី​មុំ បន្ថែម​ថា អ្នកស្រី​ស្តាយ​ក្រោយ​ដែល​មិន​បាន​ប្រាប់​កូន​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លង់​ទឹក និង​មិន​បាន​មើល​ថែរ​កូន​បាន​ដិត​ដល់។

អ្នកស្រីបន្ត​ថា៖ ​«ដោយសារ​ពេល​ហ្នឹង​ខ្ញុំ​គិត​ថា​ខ្ញុំយក​កូន​ខ្ញុំ​ទៅ​វា​គ្រោះ​ថ្នាក់ ដោយ​សារ​ខ្លាច​ដែក​ ស័ង្កសី​អី​ធ្លាក់​លើ អញ្ចឹង​ខ្ញុំ​គិត​ថា​ខ្ញុំ​ទៅ​សង្វាត​ថ្លឹង​ម្នាក់​ឯង​ឲ្យ​លឿន​ទៅ អាហ្នឹងការពារ​ខ្លាចកុំ​ឲ្យ​ត្រូវ​កូន។ និយាយ​ទៅ​ខ្ញុំ​អត់​នឹក​ស្មាន​ថា​កូន​ខ្ញុំ​ទៅ​ជា​អញ្ចឹង»។​

អ្នកស្រី សេត ស្រីមុំ អង្គុយ​ផ្តល់​សម្ភាសន៍​នៅ​ខាង​មុខ​ផ្ទះ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី សេត ស្រីមុំ អង្គុយ​ផ្តល់​សម្ភាសន៍​នៅ​ខាង​មុខ​ផ្ទះ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី​បន្ថែម​ថា ក្មួយ​ប្រុសស្រី​របស់​អ្នកស្រី​ចំនួន​ពីរ​នាក់​ទៀត ​ដែល​មាន​អាយុ​ចន្លោះ​ពី​៣​ទៅ​៥​ឆ្នាំ ក៏​បាន​លង់​ទឹក​ស្លាប់​ក្នុង​ពេល​ជាមួយ​គ្នានោះ​ដែរ។​

អង្គការ ​និង​អ្នក​ជំនាញ​ដែល​ធ្វើការ​ដើម្បី​ទប់ស្កាត់​ការលង់ទឹក​និយាយ​ថា​ ការ​ស្លាប់​ដោយ​ការលង់​ទឹក​ កើត​ឡើង​ដោយសារ​ការធ្វេស​ប្រហែស កង្វះ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់ កង្វះ​ចំណេះដឹង​ កង្វះ​ជំនាញ​ហែល​ទឹក កុមារ​លេង​ក្នុង​ទឹក​ដោយ​គ្មានអ្នក​មើលថែរ ​កង្វះ​ជំនាញ​សង្គ្រោះ​បឋម ​(CPR) ​និង កង្វះ​គោល​នយោបាយ​ដែល​ផ្តោត​លើ​ការលង់ទឹក។

ក្នុង​ភូមិ​នៅ​តំបន់​ជនបទ​កុមារ​ពីរ ឬ​បី​នាក់​បាត់បង់​ជីវិត​ដោយ​សារ​លង់​ទឹកដែល​ភាគ​ច្រើនកុមារ​ទាំង​នោះ​មាន​អាយុ​ក្រោម​១០​ឆ្នាំ។

កូនស្រី​តូចៗ​ទាំង​ពីរ​របស់​អ្នកស្រី​ សេត ស្រីមុំ គឺ​ជា​កុមារ​រងគ្រោះ​ពីរ​នាក់​ ក្នុង​ចំណោម​កុមារ​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​ដោយសារ​ការ​លង់​ទឹក​ក្នុង​មួយ​ឆ្នាំៗ​នៅ​កម្ពុជា។

ការ​លង់​ទឹក​គឺ​ជា​មូលហេតុ​នាំ​មុខ​គេ​ដែល​បណ្តាល​ឲ្យ​កុមារ​ស្លាប់​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។​ របាយការណ៍​របស់​អង្គការ ​UNICEF​បាន​ឲ្យ​ដឹង​ថា ​កុមារ​ចំនួន​២,២០០​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ​ដោយសារ​ការលង់​ទឹក។​


របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក ​ដែលចេញ​កាល​ពី​ឆ្នាំ​២០១៤បាន​ឲ្យដឹង​ថា ​ជា​រៀង​រាល់​ឆ្នាំ​ មនុស្ស​ប្រមាណ​ជា​៣២២,០០០​នាក់​ បាន​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក។​ របាយការណ៍​នេះ​បន្ត​ថា ​រៀង​រាល់​៩០​វិនាទី​ម្ដង​មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​ក្នុង​ពិភព​លោក។​ របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ថា ​នៅ​កម្ពុជា​ ​មនុស្ស​ចំនួន​បួន​នាក់​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​ជា​រៀង​រាល់​ថ្ងៃ​

ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សុវត្ថិភាព​ពេល​មាន​បញ្ហា ឬ​ហៅ​កាត់​ថា​ Swim ​កម្ពុជា​ និង​អង្គការ Help Code ​ដែល​កំពុង​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​ការ​លង់​ទឹក​នៅ​កម្ពុជា​រក​ឃើញ​ថា ក្នុង​មួយ​ថ្ងៃ​កុមារ​ចំនួន​៦​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជាច្រើន​នាក់​ទៀត​ត្រូវ​រងគ្រោះ​រហូត​ដល់​ពិការ​។

លោក​ Conrad Foote​ ស្ថាបនិក​អង្គការ​ Swim ​កម្ពុជា​ លើក​ឡើង​ថា ការ​លង់​ទឹក​ក៏​បាន​បណ្តាល​ឲ្យ​កុមារ​មួយ​ចំនួន​ត្រូវ​រង​នូវ​ការ​ពិការខួរក្បាល​ ដោយសារ​ខ្វះ​អុក​ស៊ី​ហ្សែន​ក្នុង​ពេល​កំពុង​លង់​ផងដែរ។

«ពួកគេ​មិន​អាច​លេង ​មិនអាច​ទៅ​សាលា​ ​មិនអាច​រៀន មិនអាច​កាន់​អ្វី​បាន ជាច្រើន​ដង ពួកគេ​មិនអាច​សូម្បីតែ​សន្ទនាគ្នា។ ​ពួកគេ​មិនអាច​និយាយ​ទៅ​កាន់​ឪពុកម្តាយ ឬ​ក៏​មិត្ត​ភក្តិ។ ពួកគេ​មិន​អាច​ទំនាក់​ទំនង»។

លោកបន្តថា៖​ «ដូច្នេះ​នៅ​ពេល​នរណា​ម្នាក់​លង់​ទឹក ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ពួកគេ​ត្រូវ​ស្វែង​រក​ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​ផ្លូវ​ដង្ហើម ហើយ​បន្ទាប់​មកគឺការ​ធ្វើ​ចលនា​បេះ​ដូង ដែល​ហៅ​ថា CPR»។

លោក​ Conrad Foote ​បន្ថែមថា ​ការលង់​ទឹក​ភាគច្រើនកើត​ឡើង​ដោយ​សារកង្វះ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់ ​កង្វះ​ចំណេះដឹង ​កង្វះ​ជំនាញ​មើល​ថែរ​កុមារ កង្វះ​ជំនាញ​ហែល​ទឹក កុមារ​លេង​ក្នុង​ទឹក​ដោយ​គ្មានអ្នកមើល​ថែរ ​និង​កង្វះ​ជំនាញ​សង្គ្រោះ​បឋម​ (CPR) ជាដើម​។

លោក​បន្ថែមថា ​តាម​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ ​និង​តួលេខ​ដែល​អង្គការ​របស់​លោកបាន​រក​ឃើញ​អំពីការ​ស្លាប់របស់​កុមារ​ដោយសារ​លង់ទឹក ​ធៀប​នឹង​តួលេខ​នៃ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឃើញ​ថា ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​លង់​ទឹក មាន​ចំនួន​ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរណ៍។​

​អ្នកស្រី ​ថន ណារី ​រស់នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះ​ឧកញ៉ាតី ខេត្ត​កណ្តាល បាន​បាត់បង់​កូន​ប្រុស​អាយុ​៤ឆ្នាំ​ម្នាក់ ដោយសារ​លង់​ទឹក​ទន្លេ​ដែល​មាន​ចម្ងាយ​២០០​ម៉ែត្រ​ពី​ផ្ទះ។ ស្រ្តី​វ័យ​៣៧ រូប​នេះ​ប្រាប់​វីអូអេ​ថា អ្នកស្រី​បាន​ទុក​កូនបី​នាក់​ឲ្យ​ឪពុកម្តាយ​អ្នកស្រី​ជួយ​មើល ប៉ុន្តែ​កូន​ប្រុស​ទីពីរ​របស់​អ្នកស្រី​បាន​លួច​ចេញ​ពី​ទ្វារ​ខាងក្រោយ​ផ្ទះទៅ​លេង​ទឹក ដែលបណ្តាល​ឲ្យ​លង់​ទឹក នា​រសៀល​ម៉ោង​ពីរ​ថ្ងៃ​ទី​៦ ខែ​ធ្នូ​។ នៅពេល​នោះ​អ្នកស្រី​កំពុង​ធ្វើការ​នៅ​កាស៊ីណូ។

អ្នកស្រី​បន្ថែម​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​ជួល​ជនជាតិ​ចាម​ដើម្បី​ចុះ​ស្រង់ បន្ទាប់ពី​កូនប្រុស​អ្នកស្រី​លិច​ចូល​ទឹក​អស់​រយៈពេលជាង​មួយ​ម៉ោង។

«បើសិន​ជា​ពេល​ត្រឡប់​ក្រោយ​វិញ​គឺ​យើង​អាច​យក​លុយ​ទៅ​ដោះដូរ និង​ទិញ​ជីវិត​បាន គឺ​ត្រូវ​តែ​យក​ហើយ។ ​និយាយ​ទៅ បាត់បង់​កូន​ដូចថា​យើង​ស្រលាញ់​បំផុត ​ពិបាក​ទទួល​យក​ណាស់។​ គ្រាន់តែ​គេ​ប្រាប់​ភ្លាម​មក ខ្ញុំ​ស្មារតី​ស្ទើ​តែ​សន្លប់​បាត់​ទៅ​ហើយ»។

អ្នកស្រី ​ថន ណារី ​លើកឡើង​ថា នៅ​តាម​ភូមិ​ឃុំ​របស់​អ្នកស្រី​មិន​ធ្លាប់​មាន​ការ​អប់រំ​ណែនាំ​អំពី​ការ​ការ​ពារ​ការ​លង់​ទឹក​ពី​មុន​មក​ទេ។ ​អ្នកស្រី​បន្ថែម​ថា អ្នកស្រី​នឹង​នាំ​កូនៗ​ពីរ​នាក់​ទៀត​របស់​អ្នកស្រី​ទៅ​រៀន​ហែល​ទឹក ដើម្បី​ជៀស​វាង​ការ​លង់​ទឹក​ដូច​កូនប្រុស​ទី២​របស់​អ្នកស្រី។

អង្គការ​សុខភាព​ពិភព​លោក​បាន​រក​ឃើញ​ថា ការ​លង់​ទឹក​គឺ​ជាឃាតក​សម្ងាត់​ ដែល​បាន​សម្លាប់​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំច្រើន​ជាង​គេ។

នៅ​តាម​តំបន់​ដែល​មាន​ទឹក​ដូច​ជា​បឹង ​ទន្លេ ព្រែក​ ស្ទឹង​ អូរ ឬ​ស្រះ​ទឹក​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​កម្រ​ឃើញ​មាន​សញ្ញា​ហាម​ឃាត់ ឬ​សញ្ញា​គ្រោះ​ថ្នាក់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ប្រុង​ប្រយ័ត្ន​ពី​ការ​លង់​ទឹក​ណាស់​។ សូម្បី​តែ​របាំង​ការពារ​ជុំ​វិញ​ប្រភព​ទឹក​ទាំង​នោះ ក៏​កម្រ​មាន​ផងដែរ។

ទោះបីជា​យ៉ាងណា​លោក​ ហង់ ជួនណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​ច្រាន​ចោល​របាយការណ៍​ដែល​បង្ហាញ​ថា​ ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ស្លាប់​ដោយ​លង់​ទឹក​ជាង​ពីរពាន់​នាក់ ​នៅ​កម្ពុជា​។ លោក​លើក​ឡើង​ថា លោក​ទទួល​បាន​របាយ​ការណ៍កុមារដែល​លង់​ទឹក​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​នៅ​ទូទាំង​ប្រទេស មាន​ចំនួន​ពី៥ ទៅ​៦​នាក់​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។

«ខ្ញុំ​មើល​របាយការណ៍​របស់​ក្រសួង មិនមែន​ថា​មួយ​ថ្ងៃ មាន​របាយ​ការណ៍​ក្មេង​លង់​ទឹក​ហ្នឹង ៤-៥នាក់​ទេ។​ ខ្ញុំ​មិន​ដឹង​ថា​គេ​ទទួល​បាន​តួលេខ​ពី​ណា​ដែរ ខ្ញុំ​អត់​ដឹង​ដែរ ប៉ុន្តែ​អ្វី​ដែល​របាយ​ការណ៍​ខ្ញុំ​ទទួល​ហ្នឹង គឺ​ទទួល​ពី​សាលា​តែ​ម្តង»។

រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ដដែល​បន្ថែម​ថា ក្រសួង​មាន​ការ​ណែនាំ​នាយក​សាលា និង​ឪពុក​ម្តាយឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្មេងតូចៗ​ពីការ​លង់​ទឹក។ យ៉ាងណាក្តី​លោក​ថា ក្រសួង​មាន​ការងារ​អាទិភាព​ជាច្រើន​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ដោះ​ស្រាយ​។

«ជារួម​គឺ​យើង​ឲ្យ​សាលា​ហ្នឹង​គឺ​ផ្សព្វ​ផ្សាយ ផ្សព្វផ្សាយ​ទៅ​ដល់​សិស្ស​នៅ​ក្នុង​សាលា​ហ្នឹង ហាម​ឃាត់​កុំ​ឲ្យ​គាត់​ទៅ​ជិតតំបន់​ណា​ដែល​មាន​ បើ​សិន​គាត់​អត់​ចេះ​ហែល​ទឹក ហាម​ឃាត់​កុំ​ឲ្យ​គាត់​ទៅ​លេង​ទឹក​ផ្តេសផ្តាស។ ទី​២ ត្រូវ​តែ​មាន​គ្នា​ទៅ​ជាមួយ មិន​ត្រូវ​ដើរ​ម្នាក់​ឯង​ទេ»។​

លោក​ លី សូវ៉ាន់ ​អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល​ថ្លែង​ថា ក្រសួង​សុខាភិបាល​ទទួល​បាន​របាយការណ៍នៃ​ការលង់​ទឹក​ចំនួន​១៣​ករណី ក្នុង​នោះ​មាន​១៣​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​កាល​ពី​ឆ្នាំ​២០១៨។ ហើយ​នៅ​ក្នុង​ទឹក​ជំនន់​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩​នេះ ក៏​មាន​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​លង់ទឹក​ផង​ដែរ។

លោក ​លី សូវ៉ាន់ ​មិន​បាន​បញ្ជាក់​អំពី​វិធានការ​បង្ការ និង​ទប់​ស្កាត់​ការ​លង់​ទឹក​ជា​ទូទៅ​នោះទេ ​ប៉ុន្តែ​លោក​ថា ជា​រៀង​រាល់​ពេល​ដល់​រដូវ​វស្សា​ ក្រសួង​សុខាភិបាល​កម្ពុជា​តែង​ប្រកាស​ណែនាំ​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​លង់​ទឹក និង​គ្រោះ​ថ្នាក់​ផ្សេងៗ​។ លោក​បន្ត​ថា ក្រសួង​នឹង​រៀបចំ​យុទ្ធ​សាស្រ្ត​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ការ​លង់​ទឹក​នា​ពេល​ខាងមុខ។

«លង់​ទឹក​ក៏​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែរ ដែល​តម្រូវ​ឲ្យ​ក្រសួង​ដែល​មាន​នាយក​ដ្ឋាន​ទទួល​បន្ទុក​ការងារ​ហ្នឹង នឹង​រៀបចំ​យុទ្ធសាស្រ្ត ក៏​ដូចជា​គោល​នយោបាយ​នានា​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ធ្វើ​ការ​អប់រំ​ប្រជា​ពលរដ្ឋ និង​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា​នៅ​ពេល​ខាង​មុខ​នេះ»។

​កញ្ញា ​Caroline Lukaszyk ​អ្នក​សម្រប​សម្រួល​ទិន្នន័យ​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភព​លោក លើក​ឡើង​ថា​ រដ្ឋាភិបាល​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យមភាគច្រើនមិន​បាន​ស្វែង​យល់​ស៊ី​ជម្រៅ​អំពី​ផល​ប៉ះពាល់​ និង​មិនមានតួលេខ​នៃ​ការ​ស្លាប់​ដោយ​សារ​ការ​លង់ទឹក​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ចាត់​ទុក​ថា ការលង់​ទឹក​មិនមែន​ជា​បញ្ហា​ចម្បង​ដែល​ពួកគេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​។

«នៅ​ពេល​ដែល​ពួក​យើង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​លំដាប់​នៃការ​សម្រេច​ចិត្ត​ថ្នាក់កំពូល ការ​ឆ្លើយ​តប​ដំបូង​បំផុត​របស់​ពួកគេ​គឺថា ការលង់​ទឹក​មិនមែន​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះ​ស្រាយ ពួកគេ​មាន​បញ្ហា​ចម្បង​ផ្សេង​ដែល​ត្រូវ​ធ្វើ»។

អង្គការ​សុខភាព​ពិភព​លោក​បាន​បង្កើត​សកម្មភាព​ចំនួន​១០​ដើម្បី​ការពារ​កុំ​ឲ្យ​លង់​ទឹក។ ​សកម្មភាព​ទាំង​នោះ​រួមមាន​ ដំឡើង​រនាំង​បាំង​ការចូលលេងទឹក បង្រៀន​ក្មេងៗ​ឲ្យ​ចេះ​ហែល​ទឹក និង​ជំនាញ​សង្គ្រោះ​ការ​លង់​ទឹក បណ្តុះ​បណ្តាល​អ្នក​សង្គ្រោះ ​ក្នុង​ការជួយ​សង្គ្រោះ​ពី​ទឹក និង​សង្គ្រោះ​ក្រោយ​ស្រង់​ចេញ​ពី​ទឹក​និង ពង្រឹង​ការយល់​ដឹង​ជា​សាធារណៈ​អំពី​ការលង់​ទឹក។ ​

អង្គការនេះ​បន្តថា​រដ្ឋាភិបាល​គួរបង្កើត​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ តាមរយៈ​ការកំណត់ ​និង​អនុវត្ត​បទ​បញ្ជា​លើ​ការ​ជិះទូក​ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ និង​សាឡាង​ប្រកប​ដោយ​សុវត្ថិភាព​និង​គ្រប់គ្រង​ហានិភ័យ​ទឹក​ជំនន់ ជាដើម។​

លោក​ សួន ស៊ី ​មេភូមិ​ត្រពាំង​ក្រឡាញ់​ ស្រុក​លំពង់ ​ខេត្ត​តាកែវ ​ប្រាប់វីអូអេ​ថា ​ក្នុងរយៈពេល​ប្រាំឆ្នាំ​ចុង​ក្រោយ​នេះ ​ភូមិ​របស់​លោក​ទើប​តែ​មាន​ករណី​លង់​ទឹកតែ​ម្តងគត់​ គឺករណី​ក្មេងៗ​ចំនួន​បួននាក់​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ។​ លោក​បន្តថា ​កន្លង​ទៅ​មាន​មន្រ្តី​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ពី​ការ​បង្ការ និងទប់​ស្កាត់​ការលង់​ទឹក​ ប៉ុន្តែ​លោក​ថា ការ​សង្គ្រោះ​អ្នកលង់​ទឹក មិនទាន់​ត្រឹមត្រូវ​តាម​បច្ចេកទេស​នៅឡើយ។

«ដូចអត់​ដឹង​ទាំងអស់​គ្នា គ្រាន់តែ​វា​លើក​រលាក់​លើក​អី​អញ្ចឹង​ ជួយ​លើក​រលាក់​ជួយ​អី​ទាំង​អស់​គ្នា តែ​គ្រាន់​តែ​ថាអត់​មាន​អ្នក​បច្ចេកទេស​អី​គ្រប់គ្រាន់​ដែរ»។​

លោក​ Harald Vervaeche ​អគ្គលេខាធិការ​របស់​សហព័ន្ធ​សង្គ្រោះ​ជីវិត​អន្តរជាតិ​ប្រាប់​ VOA ​ថា ​ការ​ស្លាប់​ដោយ​សារ​ការ​លង់​ទឹកក៏បាន​ ធ្វើឲ្យបាត់​បង់​ចំណូល​ជាតិផងដែរ។​

«រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​ស្លាប់​ដោយសារ​ការ​លង់​ទឹក ដោយសារ​តែ​មនុស្ស​ម្នាក់ៗ​ដែល​ស្លាប់ គឺជា​មនុស្ស​ដែល​មិនមែន​ត្រឹមតែ​អាច​បង្កើត​នូវ​គំនិត​ ការ​អភិវឌ្ឍ ​និង​ពន្ធ​ដល់​រដ្ឋាភិបាល​នីមួយៗ​តែ​ប៉ុណ្ណោះ​ទេ»​។

លោក Harald Vervaecke អគ្គលេខាធិការរបស់សហព័ន្ធសង្គ្រោះជីវិតអន្តរជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងវេទិកាពិភពលោកស្តី​ពី​ការការពារការលង់ទឹក នៅទីក្រុង Durban ប្រទេស​អាហ្វ្រិក​ខាងត្បូង កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក Harald Vervaecke អគ្គលេខាធិការរបស់សហព័ន្ធសង្គ្រោះជីវិតអន្តរជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងវេទិកាពិភពលោកស្តី​ពី​ការការពារការលង់ទឹក នៅទីក្រុង Durban ប្រទេស​អាហ្វ្រិក​ខាងត្បូង កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក​បន្ថែម​ថា៖ ​«ដូច្នេះ​តម្លៃ​នៃ​ជីវិត ​គិត​ជាមធ្យម​គឺ​១.២​លាន​អឺរ៉ូ ​បើតាម​ការ​គណនា​នៅ​អឺរ៉ុប។ ប្រសិន​បើ​មនុស្ស​១០​នាក់​ស្លាប់ នោះ​រដ្ឋាភិបាល​នឹង​បាត់​បង់​ចំនួន​១២​លាន​អឺរ៉ូ ហើយ​បើ​១ពាន់​លាន​នាក់​ស្លាប់ ប្រាកដ​ជា​រដ្ឋាភិបាល​បាត់​បង់​រាប់លាន​»។

ក្នុង​រយៈពេល​ពីរសប្តាហ៍​នៃ​ដើម​ខែ​មករា ឆ្នាំ​២០២០​នេះ មាន​ករណី​លង់​ទឹក​ជាច្រើន​ករណី​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន ដែល​ក្នុង​នោះកុមារ​យ៉ាង​ហោច​ណាស់​១០​នាក់​បាន​ស្លាប់​ដោយសារ​ការ​លង់​ទឹក។ នេះ​មិន​រាប់​បញ្ចូល​ករណីមនុស្ស​ធំ​លង់​ទឹក​ស្លាប់ និង​ករណី​មិន​ត្រូវ​បាន​រាយការណ៍​។ ​ករណី​នោះមាន​ដូចជា កាលថ្ងៃទី​១ ​ខែ​មករា​ ក្មេងស្រី​វ័យ​១៣​ឆ្នាំ​ចំនួន​បីនាក់ ​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូង​ឃ្មុំ។​

​អ្នកស្រី​ សេត ស្រីមុំ​និយាយ​ថា បើ​អាច​ទាញ​ពេល​វេលា​ឲ្យ​ត្រឡប់​ក្រោយ​បាន​ អ្នកស្រី​នឹង​យក​កូន​ទាំងពីរ​របស់​អ្នកស្រី ទៅ​ទិញ​អេតចាយ​ទៅ​ជាមួយ។

​«បើសិន​ជា​ខ្ញុំ​ដឹង​ថា​កូន​ខ្ញុំ​គ្រោះ​ថា្នក់​អញ្ចឹង​ខ្ញុំអត់​ទៅ​ណា​ទេ​ បើ​ខ្ញុំ​នឹក​ឃើញ​ថា​គ្រោះ​ថ្នាក់​អញ្ចឹង​ខ្ញុំ​នឹង​កូន​ខ្ញុំ​ទៅ​តាមខ្ញុំ​ហើយ»៕​

XS
SM
MD
LG