ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការងារ​ប្រកាស​ឱ្យ​សហជីព​ដែល​រង​បណ្តឹង​ផ្តល់​របាយការណ៍​ដើម្បី​ដោះស្រាយ​បញ្ចប់​បណ្តឹង​ទាំង​នោះ​​


រូប​ឯកសារ៖ ក្រុមសហជីព​តំណាង​កម្មករ​អង្គុយ​រង់ចាំ​ការប្រជុំ​ដើម្បី​ចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
រូប​ឯកសារ៖ ក្រុមសហជីព​តំណាង​កម្មករ​អង្គុយ​រង់ចាំ​ការប្រជុំ​ដើម្បី​ចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

​អ្នកការពារ​សិទ្ធិកម្មករ​យល់ថា​ ​ការវិវត្តនេះ​ ​មាន​ទំនាក់​ទំនង​ជា​មួយ​​នឹង​ឋានៈ​អនុ​គ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ ​ដែល​បាន​ប្រកាស​ទុក​ពេល​ឲ្យ​កម្ពុជា​១២​ខែ​ដើម្បី​​​​ស្តារ​ឡើង​វិញ​នូវ​ស្ថានភាព​​ការ​គោរព​សិទ្ធិ​មនុស្ស​។

ក្រសួង​ការងារ​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ស្នើ​ដល់​ក្រុមមេដឹកនាំ​សហជីព​ដែល​រង​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​ឲ្យ​ផ្តល់​របាយ​ការណ៍​អំពី​សំណុំ​រឿង​របស់​ពួក​គេ​មក​ក្រសួង​ ​ដើម្បី​ជា​ទុន​សម្រាប់​ឲ្យ​ក្រសួង​ធ្វើការ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ​ក្នុង​ការ​បញ្ចប់​សំណុំ​រឿង​ទាំង​នោះ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​ងារ​ដែល​ ​VOA​ ​ទទួល​បាន។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ធ្វើឡើង ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ជំរុញ​ឲ្យ​តុលាការ​កម្ពុជា​បិទ​បញ្ចប់​រឿង​ក្តី​ប្រឆាំង​នឹងតំណាង​សហជីព​នានា​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៨​ ​ដើម្បី​ឲ្យ​មាន​លំហ​សេរីភាព​នៃ​ការ​បំពេញ​ការងារ​សម្រាប់​សហជីព​ពេញ​លេញ។

សេចក្តី​ជូន​ដំណឹង​រស់​ក្រសួង​ការងារ​ ចុះ​នៅ​ថ្ងៃទី​២៩​ខែ​វិច្ឆិកាឆ្នាំ​២០១៨​នេះ​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​បងប្អូន​កម្មករ​និយោជិត​ កាលពី​ថ្ងៃ​ទី​៧​ និង​ថ្ងៃ​ទី​២៨ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សូម​ជម្រាប​ជូន​អង្គការ​វិជ្ជា​ជីវៈ​ ជាពិសេស​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​អស់​ដែល​កំពុង​មាន​ករណី​បណ្តឹង​នៅ​តុលាការ​ ឲ្យ​បាន​ជ្រាប​ថា​ ​ដើម្បី​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​ ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្នែក​ច្បាប់នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​ សំដៅ​ឈាន​ទៅ​ដល់​ការ​ពន្លឿន​ និង​បញ្ចប់​សំណុំរឿង​ឲ្យបាន​ឆាប់​រហ័ស​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ សូម​អង្គការ​វិជ្ជាជីវៈ​ ជាពិសេស ថ្នាក់​ដឹកនាំ​សហជីព ​ផ្តល់​របាយ​ការណ៍​អំពី​សំណុំ​រឿង​របស់​ខ្លួន​មក​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឲ្យ​បាន​មុន​ថ្ងៃទី១០​ខែ​ធ្នូ​ឆ្នាំ​២០១៨»។

កាលពី​ថ្ងៃពុធ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សហជីព​ទាំង​អស់​ដែល​កំពុង​មាន​វិវាទ​នៅ​តុលាការ​ ​ត្រូវ​បញ្ជូន​សំណើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់​នា​ចុង​ឆ្នាំ​២០១៨​នេះ។​

លោក​ ហ៊ុន សែន​ ​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ​ធ្វើ​ការ​ជា​មួយ​ក្រសួង​យុត្តិធម៌​ដើម្បី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​បន្ត​ជាមួយ​តុលាការ​ ​ក្នុង​ការ​បញ្ចប់​សំណុំ​រឿង​ទាំង​នោះ​ ​កុំ​ឲ្យ​ឈាន​ចូល​ដល់​ឆ្នាំ​២០១៩។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ដែល​រង​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​ជាច្រើន​បណ្តឹង​នោះ​ យល់​ថា​ ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការ​ងារគឺ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ ​ដែល​បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​ ​ឈាន​ដល់​ការ​បញ្ចប់​រឿង​ក្តី​របស់​លោក​ ​និង​មេដឹកនាំ​សហជីព​ដទៃ​ទៀត។​

លោក​សង្ឃឹម​ថា​ ​ ​ក្រសួង​ការងារ​ និង​ក្រសួង​យុត្តិធម៌នឹង​បង្កើន​ការ​ខិត​ខំពិនិត្យ​លើ​សំណុំ​រឿង​របស់​ក្រុម​មេដឹក​នាំ​សហជីព​ ដើម្បី​បញ្ចប់​រាល់​សំណុំ​រឿង​ទាំងអស់​នោះ។

«ប្រសិន​ជា​ក្រសួង​ការងារ​ និង​ក្រសួង​យុត្តិធម៌​ដុត​ដៃ​ ដុត​ជើង​ធ្វើ​ការ​ងារ​ហ្នឹង​ រឿង​ការងារប្រហែល​ចប់​ នៅ​ក្នុង​ឆ្នាំ​នេះបាន​ច្រើន ហើយ​អា​សេសសល់​អី​អាចនៅ​ឆ្នាំ​ក្រោយបាន​ទៀត​អ៊ីចឹង។ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ ក៏​ខ្ញុំ​ចង់​ចប់​ឲ្យ​បាន​លឿន​ដែរ​ ក្នុង​សំណុំ​រឿង​ហ្នឹង។​ បើ​សិន​ជា​អាច ​ក្រសួងធ្វើ​បាន​ចប់​ឆ្នាំ​ហ្នឹង​ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​ល្អមួយ​សម្រាប់​ខាង​សហជីព​ផង​ដែរ​ បាទ»។​

មេដឹកនាំ​សហជីព​រូប​នេះបាន​ឲ្យដឹង​ទៀត​ថា​ ការ​ព្យាយាម​របស់​រដ្ឋាភិបាល​កម្ពុជា​ ​បញ្ចប់​សំណុំ​រឿង​ទាំង​ឡាយ​របស់​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​នៅ​តុលាការ​ក៏​បាន​បង្ហាញ​ការ​វិវត្ត​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ទំនង​ជា​ចង់រក្សា​ទុក​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប។​

«អា​ហ្នឹង​វា​អាច​បង្ហាញ​ទៅ​សហគមន៍​អឺរ៉ុប​ថា​ វា​មាន​ការ​វិវត្ត។​ ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ហ្នឹង​ជាប់​ជាមួយ​នឹង​ការ​ពង្រឹង​លក្ខ​ខណ្ឌ​ការងារ​នេះ​ឯង»។​

កាលពី​ដើម​ខែតុលា សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

លោក ឃុន ថារ៉ូ​ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្សហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិ​បាលក្នុង​ការ​ដោះស្រាយ​សំណុំ​រឿង​របស់​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​នៅ​តុលាការ​នេះផ្សារ​ភ្ជាប់និង​អាច​រក្សា​ឲ្យ​បាន​នូវ​កម្ម​វិធី​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​ ​ដែល​គេ​ស្គាល់​ថា​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ​ឬ​ហៅ​ថា​ ​EBA។​

«វា ​វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​ចំណុច​មួយ​ហ្នឹង​ដែរ​ ពីព្រោះ​ថា​ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​ ក៏​ដូច​ជាដំណោះ​ស្រាយ​ ដែល​ចេញ​ដោយ​សភា​សហភាព​អឺរ៉ុប​ហ្នឹងគឺ​និយាយ​ច្បាស់​ ទាក់ទង​ទៅ​នឹង​ចំណុច​ទី​មួយ​ នៅ​ក្នុង​ដំណោះ​ស្រាយ​ផ្សេងៗ​ទៀត​ ដែល​សហភាព​អឺរ៉ុប​ចង់​មើល​ឃើញ​ហ្នឹង​គឺទាក់​ទង​ទៅ​នឹងសិទ្ធិ​មនុស្ស​ ហើយ​និង​ផ្សារ​ភ្ជាប់​ជាមួយ​នឹងលក្ខខណ្ឌ​ការងារ ​សិទ្ធិ​ការងាររបស់​កម្មករនិយោជិត​ហ្នឹង»។​

ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន​ រួមមាន​លោក​វន់ ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា ​IDEA ​និង​លោក​ប៉ាវ ស៊ីណា ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ​ពួកគេ​កំពុង​រៀប​ចំ​ដាក់​របាយ​ការណ៍​ស្តី​អំពី​សំណុំ​រឿង​នៅ​តុលាការ​ ជូន​ទៅ​ក្រសួង​ការងារ។​ ចំណែក​លោក​អាត់ ធន់បាន​ឲ្យ​ដឹង​ថា ​ លោក​បាន​ដាក់​សំណើ​ដោះ​ស្រាយ​សំណុំ​រឿង​របស់​ក្រុម​មេដឹកនាំ​សហជីព​ទៅក្រសួង​ការងារ ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តាំង​ពីមុន​ពិធី​បុណ្យ​អុំទូក។​ លោក​ថា​ សហជីព​លោក​មាន​ករណី​ប្តឹង​ផ្តល់​ជិត១០០​ករណី​ ដែល​ការ​ប្តឹង​ផ្តល់​ទាំង​នោះធ្វើឡើងដោយក្រុមហ៊ុន​ចំនួន​៥០។​

សហភាព​អឺរ៉ុប​បាន​សម្រេចទុក​ពេល​១២​ខែ​ឲ្យ​កម្ពុជា​ស្តារ​ស្ថាន​ភាព​ប្រជាធិបតេយ្យ​ឡើង​វិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ពន្ធ​ ​ដែល​នឹង​មិន​ឲ្យ​កម្ពុជា​ជាប់​ពន្ធ​មានទឹក​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG